ម្រោងពង្រឹងតួនាទីរបស់សហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា (CF-FLEGT)

ម្រោងពង្រឹងតួនាទីរបស់សហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា (CF-FLEGT)

១- សេចក្តីផ្តើម អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (ហៅកាត់ថា «អង្គការ FAO») បានផ្តល់ជំនួយ​ដល់ មជ្ឍមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (ហៅកាត់ថា RECOFTC) ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានស្រាវ​ជ្រាវ​ព្រៃឈើ និងសត្វព្រៃដើម្បីអនុវត្តនូវគម្រោងស្តីពី «ការពង្រឹងតួនាទីរបស់សហគមន៍ព្រៃឈើ ក្នុងការចូលរួម​អនុវត្ត​​ច្បាប់ព្រៃឈើ អភិបាលកិច្ច និងធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា (CF-FLEGT)» ។​ គម្រោងនេះ​មាន​ថវិកា​​សរុប​ចំនួន ១៣៤ ០៨៥.០០ ដុល្លាសហរដ្ឋអាមេរិក (មួយរយសាមសិបបួនពាន់ប៉ែតសិប​ប្រាំ​ដុល្លា​​សហរដ្ឋ​អា​មេរិក) សម្រាប់រយៈពេលមួយឆ្នាំ ។

 

២- គោលបំណង គម្រោងនេះមានគោលបំណងបង្កើនសមត្ថភាពដល់សមាជិកសហគមន៍ព្រៃឈើ ក្នុងការចូលរួមពង្រឹង​ការ​​​អនុវត្ត​ច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ ស្របតាមកម្មវិធីព្រៃ​ឈើ​ជាតិ​របស់រាជរដ្ឋាភិបាលកម្ពុជា ។ លទ្ធផលរំពឹងទុករបស់គម្រោង៖


លទ្ធផលរំពឹងទុកទី១: ស្ថានភាពនៃការអនុវត្តជាក់ស្តែង និងភាពប្រឈមនានាសម្រាប់សហគមន៍ ក្នុងការចូលរួម អនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មព្រៃឈើ នឹងត្រូវបានធ្វើការសិក្សា​ ។


លទ្ធផលរំពឹងទុកទី២: ការសំយោគបាននូវបទពិសោធន៍ស្តីពីការចូលរួមរបស់សហគមន៍ ក្នុងការអនុវត្តច្បាប់ព្រៃ ឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ នៅក្នុងខេត្តកំពង់ស្ពឺ ។


លទ្ធផលរំពឹងទុកទី៣: តាមរយៈការអនុវត្តសាកល្បង CF-FLEGT និងការពិភាក្សាជាមួយអ្នកពាក់ពន្ធ័ ក្រប​ខណ្ឌប្រតិបត្តិមួយសម្រាប់ការរៀបចំកែសម្រួលប្រកាសស្តីពីគោលការណ៍អំពីសហគមន៍ព្រៃឈើ នឹងត្រូវ​បាន​​រៀប​ចំ ។


លទ្ធផលរំពឹងទុកទី៤: រៀបចំនូវប្រពន្ធ័តាមដានត្រួតពិនិត្យ និងវាយតំលៃ ។

 

៣-លទ្ធផលគម្រោង


លទ្ធផលទី១: ការសិក្សាពីស្ថានភាពនៃការអនុវត្តជាក់ស្តែង និងភាពប្រឈមនានាសម្រាប់សហគមន៍ ក្នុងការ​ចូល​រួម​អនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលព្រៃឈើ ។


សកម្មភាព ១.១- ការរៀបចំក្រុមការងារ​ពង្រឹងតួនាទីរបស់សហគមន៍ព្រៃឈើ ក្នុងការចូលរួម​អនុវត្ត​​ច្បាប់ព្រៃឈើ អភិបាលកិច្ច និងធ្វើពាណិជ្ជកម្ម (CF-FLEGT Task Force​) ។

គម្រោងនឹងរៀបចំក្រុមការងារពង្រឹងតួនាទីរបស់សហគមន៍ព្រៃឈើ ក្នុងការចូលរួម​អនុវត្ត​​ច្បាប់ព្រៃឈើ អភិ​​​បាល​កិច្ច និងធ្វើពាណិជ្ជកម្ម (CF-FLEGT Task Force​) ។​ ដើម្បី​ផ្តល់​យោបល់​បច្ចេកទេស ទាក់ទងការ​សិក្សា​អំពី តួនាទីរបស់សហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្ត​​ច្បាប់ព្រៃឈើ អភិ​បាលកិច្ច និងធ្វើពាណិជ្ជកម្ម ផ្តល់​យោ​​បល់​​លើសកម្មភាពនៃការអនុវត្តសាកល្បង (លទ្ធផលរំពឹងទុកទី២ របស់គម្រោង) ពិនិត្យ និង​លើក​សំណើរ​សម្រាប់​​ក្របខណ្ឌ័ប្រតិបត្តិ ដើម្បីរៀបចំកែសម្រួលប្រកាសស្តីពីគោលការណ៍អំពីសហគមន៍ព្រៃ​ឈើ (លទ្ធ​ផល​រំពឹងទុកទី៣របស់គម្រោង) ។ ក្រុមការងារនេះ នឹងមានតំណាងមកពីនាយកដ្ឋាន​បច្ចេក​ទេស​ពាក់​ពន្ធ័​​​របស់ រដ្ឋ បាលព្រៃឈើ ដូចជា នាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់ នាយកដ្ឋានព្រៃឈើ និង​សហគមន៍​ព្រៃឈើ នាយកដ្ឋានសត្វព្រៃ និងជីវចំរុះ និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ សត្វព្រៃ ដើម្បី ចូលរួម​ក្នុងក្រុម ការងារណែនាំគម្រោង មន្រ្តីមកពីខណ្ឌរដ្ឋបាលព្រៃឈើ និងមន្រ្តីរបស់អង្គការ RECOFTC ។ 


សកម្មភាព ១.២- ការប៉ាន់ប្រមាណអំពីស្ថានភាពនៃការអនុវត្តជាក់ស្តែង និងភាពប្រឈមនានាសម្រាប់​សហគមន៍​ក្នុង​ការ​ចូល​រួមអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលព្រៃឈើ RECOFTC នឹងចុះកិច្ចសន្យាជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ នៃរដ្ឋបាល​ព្រៃ​ឈើដើម្បីៈ ១)- ធ្វើការសិក្សាអំពីចំណុចខ្លាំង និងចំណុចខ្សោយនៃអភិបាលកិច្ចព្រៃឈើ និងការអនុវត្តច្បាប់តាម រយៈសហគមន៍ព្រៃឈើ និងរដ្ឋបាលព្រៃឈើមូលដ្ឋាន និង ២)- ភាពរាំងស្ទះ និងឱកាសនានាសម្រាប់សមាជិក​សហគមន៍ព្រៃឈើ ក្នុងការបង្កើនការចិញ្ចឹមជីវិតតាមរយៈការលក់នូវផលិតផលព្រៃឈើពីព្រៃសហគមន៍របស់​ពួក​​​គាត់ ។ លទ្ធផលនៃការប៉ាន់ប្រមាណនេះនឹងផ្តល់ការយល់ដឹងឲ្យបានស៊ីជម្រៅលើ ប្រសិទ្ធិភាពនៃការគ្រប់​គ្រង​​សហគមន៍ព្រៃឈើ ចំណុចខ្លាំង និងខ្សោយនៃរចនាសម្ពន្ធ័ និងយន្តការគ្រប់គ្រងនានា របស់សហគមន៍​ព្រៃ​ឈើ ក៏ដូចជាការធ្វើពាណិជ្ជកម្ម និងការយកពន្ធផ្លូវការ និងក្រៅផ្លូវការលើផលិតផលព្រៃ​ឈើ​ពីព្រៃ​សហគមន៍ និង​​ឥទ្ធិ​ពលទាំងវិជ្ជមាន និងអវិជ្ជមាននានាដែលប៉ះពាល់ដល់សហគមន៍ព្រៃឈើ ។ របាយការណ៍នៃការសិក្សា​នេះ ក៏អាចបង្កើនបាននូវការយល់ដឹងអំពីទីផ្សារឈើ និងផលិតផលក្នុងស្រុកនានា ក៏ដូចជាផ្តល់នូវអនុសាសន៍​នានា ផងដែរថាតើសហគមន៍ព្រៃឈើអាចចូលរួមចំណែកបានកាន់តែប្រសើរឡើង និងការទទួលបានផល​ប្រយោជន៍ ពីការអនុវត្តនេះយ៉ាងដូចម្តេច ។ ការសិក្សា​ CF-FLEGT នេះនឹងផ្អែកទៅលើការពិនិត្យឯកសារដែល​មាន​​ស្រាប់ និងការធ្វើបទសម្ភាសន៍អ្នកពាក់ពន្ធ័ ព្រមទាំងការធ្វើការផ្ទៀងផ្ទាត់ នៅក្នុងកម្រិតថ្នាក់មូលដ្ឋាននៅ​ទូទាំង​ប្រទេស ។ ក្រុមការងារដែលមានសមាជិកចំនួន ៥ រូប នឹងត្រូវបានបង្កើតដើម្បីអនុវត្តការងារនេះ ។ ការចុះ ប្រមូលទិន្នន័យនៅមូលដ្ឋាននឹងត្រូវធ្វើឡើងក្នុងខេត្តចំនួន ៣ គឺ ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ដែល​តំណាង​ឲ្យអធិការដ្ឋានព្រៃឈើ (អធិការដ្ឋានរដ្ឋបាលព្រៃឈើតំបន់ឈូងសមុទ្រ អធិការដ្ឋានរដ្ឋាបាលព្រៃ​ឈើ​តំបន់​ទន្លេសាប និងអធិការដ្ឋានព្រៃឈើមេគង្គ) ។ អ្នកផ្តល់ពត៌មានសំខាន់ៗរួមមាន រដ្ឋបាលព្រៃឈើកម្រិត​ថ្នាក់​ជាតិ និងថ្នាក់មូលដ្ឋាន សមាគមឧស្សាហកម្មព្រៃឈើ គំរូនៃសហគ្រាសផលិតកម្មព្រៃឈើ និងឈ្មួញ គណៈ​កម្មាការ​​ធិការគ្រប់គ្រងសហគមន៍ព្រៃឈើ សមាជិកក្រុមប្រឹក្សាឃុំ/ស្រុក និងមន្ត្រីនគរបាល ។


សកម្មភាព ១.៣- ការរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី តួនាទីរបស់សហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ ច្បាប់ព្រៃឈើ អភិបាលកិច្ច និងការធ្វើពាណិជ្ជកម្ម សិក្ខាសាលាថ្នាក់ជាតិមួយនឹងត្រូវរៀបចំឡើង (រយៈពេលមួយថ្ងៃដែលមានអ្នកចូលរួមចំនួន ៥០ នាក់) ដើម្បីបង្ហាញ អំពីលទ្ធផលនៃការប៉ាន់ប្រមាណ CF-FLEGT (សកម្មភាព ១.២) និងដើម្បីទទួលយកការផ្តល់មតិពី អ្នកពាក់ពន្ធ័សំខាន់ៗ (សមាគមឧស្សាហកម្មឈើកម្ពុជា) សមាគមផ្តៅ អង្គការ​ WWF អង្គការ WSC បណ្តាញ​សហគមន៍​ព្រៃឈើ ខណ្ឌរដ្ឋបាលព្រៃឈើ លេខាធិការដ្ឋានក្រុមការងាររេដបូក គម្រោងការគ្រប់គ្រងព្រៃ​ឈើ​​ប្រកប​​ដោយនិរន្តរភាព (SFM) ។ល។ សិក្ខាសាលានេះនឹងផ្តល់ឱកាសក្នុងការលើកឡើងពីតំរូវការ និង​ការ​ធ្វើ​បច្ចុប្បន្នភាពឬការបកស្រាយ​នៅលើប្រកាសគោលការណ៍ណែនាំស្តីពីសហគមន៍ព្រៃឈើ ដែលទាក់​ទង​ទៅនិង​អភិ​បាលកិច្ចព្រៃឈើក្នុងសហគមន៍ព្រៃឈើ ការអនុវត្តច្បាប់ និងការធ្វើពាណិជ្ជកម្ម ព្រមទាំងដើម្បី​ស្វែង​រក​នូវ​គោលការណ៍​ស្តីពីការអនុវត្តសកម្មភាពសាកល្បង ដែលបានអនុវត្តកន្លងមកក្នុងខេត្តកំពង់ស្ពឺ និងតំបន់​ផ្សេង​ទៀត ។ 

 

លទ្ធផលទី២: ការសំយោគ CF-FLEGT ក្នុងខេត្តកំពង់ស្ពឺ


សកម្មភាព ២.១- ការកំណត់ និងការជ្រើសរើសសហគមន៍ព្រៃឈើសាកល្បងចំនួន ៤ សហគមន៍ព្រៃឈើចំនួន ៤ នៅក្នុងខេត្តកំពង់ស្ពឺ នឹងត្រូវជ្រើសរើសយកដើម្បីធ្វើការសាកល្បងក្នុង គម្រោង​ CF-FLEGT ។​ ការជ្រើសរើសសហគមន៍ព្រឈើសាកល្បងនេះនឹងធ្វើឡើងដោយផ្អែកទៅលើ សហគមន៍​​​​​ព្រៃឈើដែលមានផែនការគ្រប់គ្រងស្រាប់ ដោយរួមបញ្ចូលនូវផែនការដកហូតអនុផលព្រឈើ ក្នុង​សហគមន៍​​ព្រៃឈើ ផែនការជំនួញសហគមន៍ព្រៃឈើ ។ល។ ដំណើការនៃការជ្រើសរើស នឹងត្តូវធ្វើឡើងដោយ​មាន​ការ​ប្រឹក្សាយោបល់យ៉ាងដិតដល់ជាមួយរដ្ឋបាលព្រៃឈើមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើ​ការ​ងារ​​​​លើការអភិវឌ្ឍន៍សហគមន៍ព្រៃឈើនៅក្នុងខេ្តកំពង់ស្ពឺ ។ ការជ្រើសរើសនេះ ក៏ពិនិត្យមើលផងដែរទៅលើ​លទ្ធ​​​​​ផល​ដែលបានមកពីការសិក្សា CF-FLEGT លទ្ធផលពិសិក្ខាសាលាថ្នាក់ជាតិ (សកម្មភាព ១.៣) និង​គោល ការណ៍​ណែនាំក្នុងក្រុមការងារ CF-FLEGT ។


សកម្មភាព ២.២- ផែនការដំបូង និងវាយតម្លៃអំពីតម្រូវការក្នុងការបណ្តុះបណ្តាល នៅពេលដែលសហគមន៍ព្រៃឈើត្រូវបានជ្រើសរើសរួច កិច្ចប្រជុំលើកដំបូងនឹងត្រូវបានរៀបចំឡើង​ក្នុង​ចំណោមសមាជិកក្រុមការងារ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ អាជ្ញាធរដែនដី សមាជិកបណ្តាញសហគមន៍​ព្រៃ​ឈើ តំណាងវិស័យឯកជន និងសមាជិកគណៈកម្មាធិការគ្រប់គ្រងសហគមន៍ព្រៃឈើ (CFMC) ដែល​មក​ពី​សហគមន៍ សាកល្បងទាំង៤ដើម្បីរៀបចំ ការវាយតម្លៃពីតម្រូវការក្នុងការបណ្តុះបណ្តាលដំបូង (Training Need Assessment) និងដើម្បីរៀបចំផែនការសកម្មភាពសាកល្បង ។ ការវាយតម្លៃអំពីតម្រូវការក្នុងការបណ្តុះបណ្តាល និង​យកចិត្តទុកដាក់ជាពិសេសទៅលើអភិបាលកិច្ចរបស់គណៈកម្មាធិការគ្រប់គ្រងសហគមន៍ព្រៃឈើ តួនាតី​របស់​សហគមន៍ព្រៃឈើនៅក្នុងការអនុវត្តច្បាប់ និងការត្រួតពិនិត្យ​ទៅលើសកម្មភាពខុសច្បាប់ ពាណិជ្ជកម្ម​ផលិត​ផលសហគមន៍ព្រៃឈើនៅក្នុងទីផ្សារក្នុងស្រុក និងការចែករំលែកផលប្រយោជន៍ក្នុងចំនោមសមាជិក​សហគមន៍​​​ព្រៃឈើ ។ 


សកម្មភាព ២.៣- ការបណ្តុះបណ្តាលដល់អ្នកពាក់ពន្ធ័ វគ្គបណ្តុះបណ្តាលមួយដែលមានរយៈពេល ៥ ថ្ងៃ នឹងត្រូវធ្វើឡើង (អ្នកចូលរួមប្រហែល ២៥ នាក់នឹងត្រូវ​ជ្រើស​រើសឲ្យចូលរួមក្នុងសកម្មភាព ២.២) ស្តីពីគោលនយោបាយ ច្បាប់ និងបទដ្ឋានគតិយុត្តិនានាទាក់ទងទៅ​នឹង​ការ​អនុវត្ត​ច្បាប់សហគមន៍ព្រៃឈើ អភិបាលកិច្ច និងការធ្វើពាណិជ្ជកម្មឈើ ។ វគ្គបណ្តុះបណ្តាលនេះនឹង​ផ្តោតទៅលើផ្នែកផ្សេងៗ និងចំណុចខ្វះខាតនានាដែលបានរកឃើញ ក្នុងការវាយតម្លៃអំពីតម្រូវកាតបណ្តុះ​បណ្តាល ។ 


សកម្មភាព ២.៤- ធ្វើការលើកកម្ពស់ CF-FLEGT នៅក្នុងសហគមន៍សាកល្បងទាំង ៤ កន្លែង ផ្អែកទៅលើ់ផែនការការងារដែលបានរៀបចំនៅក្នុងសកម្មភាព ២.២ និងការកសាងសមត្ថភាពនៅក្នុង សកម្មភាព ២.៣ គម្រោងនេះនឹងគាំទ្រដល់សកម្មភាពនៅលើទីវាលដើម្បីលើកកម្ពស់ FLEGT ដែលទាក់ទងទៅ​និង​​ការអនុវត្ត និងនិតិវិធីក្នុងការជ្រើសរើសយកសហគមន៍ព្រៃឈើទាំង ៤ កន្លែង ។


សកម្មភាព ២.៥- ទស្សនៈកិច្ចសិក្សានៅមូលដ្ឋានរបស់ក្រុមការងារ ទស្សនៈកិច្ចសិក្សានៅមូលដ្ឋានរបស់សមាជិកក្រុមការងារ CF-FLEGT នឹងត្រូវរៀបចំឡើងដើម្បីវាយ​តម្លៃ​ពីវឌ្ឍនៈភាពរបស់សហគមន៍និមួយៗ និងដើម្បីស្តាប់ដោយផ្ទាល់នូវយោបល់របស់គណៈកម្មាធិការគ្រប់គ្រង សហគមន៍​ព្រៃឈើស្តីពីលទ្ធភាពក្នុងកាតរធ្វើឲ្យប្រសើរឡើង និងការកែម្រួលប្រកាសស្តីពីគោលការណ៍អំពី​សហគមន៍​​ព្រៃឈើឆ្នាំ ២០០៦ ។ ទស្សនៈកិច្ចសិក្សានេះនឹងត្រូវរៀបចំឡើងរៀងរាល់ ២ ខែម្តង (ចំនួន ៣ លើក) នៅ​ក្នុង​រយៈពេលអនុវត្តសាកល្បង CF-FLEGT ។ បន្ទាប់ពីទស្សនៈកិច្ចសិក្សាលើកចុងក្រោយ ក្រុមការងារ CF-FLEGT នឹងផ្ញើរបាយការណ៍សង្ខេបរបស់ខ្លួនទៅកាន់ប្រធានរដ្ឋបាលព្រៃឈើ និងប្រធាននាយកដ្ឋាននានានៃ​រដ្ឋបាល​​​ព្រៃឈើដែលពាក់ពន្ធ័ ។

 

លទ្ធផលទី ៣: ក្របខណ្ឌការងារប្រតិបត្តិនឹងត្រូវបានរៀបចំឡើងដើម្បីធ្វើបច្ចុប្បន្នភាពប្រកាសស្តីពីគោលការណ៍ អំពី​សហគមន៍ព្រៃឈើ


សកម្មភាព ៣.១- ការពិនិត្យមើលឡើងវិញជាលើកដំបូងទៅលើប្រកាសស្តីអំពីគោលការណ៍ណែនាំសហគមន៍ព្រៃឈើ ក្រុមការងារ CF-FLEGT ក្រោមការសហការជាមួយអង្គការ RECOFTC នឹងធើ្វការពិនិត្យទៅលើប្រកាស គោលការណ៍ណែនាំសហគមន៍ព្រៃឈើដែលមានស្រាប់ ដោយផ្អែកលើលទ្ធផលដែលបានមកពីការសិក្សា (សកម្ម​​ភាព ១.២) និងលទ្ធផលរបស់សិក្ខាសាលាថ្នាក់ជាតិ (សកម្មភាព ១.៣) ព្រមទាំងលទ្ធផល និង​បទ​ពិសោធន៍​នានាពីសកម្មភាព ២.៤ និងសកម្មភាព ២.៥ ។ ការពិនិត្យមើលឡើងវិញលើកដំបូងនេះ នឹង​ស្វែង​រក​នូវ​ចំណុច​ខ្វះខាតនៅក្នុងប្រកាសស្តីពីគោលការណ៍ណែនាំសហគមន៍ព្រៃឈើ និងផ្តល់ការវិភាគពី​សំណើ​សុំ​កែ​​សម្រួល​/​វិសោធន​កម្មទៅលើប្រកាសគោលការណ៍ណែនាំសហគមន៍ព្រៃឈើ ដែលទាក់ទង​ជា​ពិសេសទៅនឹង CF-FLEGT ។


សកម្មភាព ៣.២- ការប្រឹក្សាយោបល់ថ្នាក់ជាតិស្តីពីលទ្ធផលនៃការពិនិត្យមើលឡើងវិញទៅលើគោលការណ៍​ណែនាំ​​សហគមន៍ព្រៃឈើ ក្រុមការងារនេះ ដោយមានការសហការជាមយយអង្គការ RECOFTC នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិ នៅក្នុងរាជធានីភ្នំពេញ ដែលជាការជួបជុំអ្នកតំណាងមកពីនាយកដ្ឋានរដ្ឋបាលព្រៃឈើ វិស័យឯកជន អង្គការ ក្រៅ​រដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍/ម្ចាស់ជំនួយ តំណាងបណ្តាញសហគមន៍ព្រៃឈើថ្នាក់ខេត្តមកពី ៨ ខេត្ត ក្នុង ចំណោមខេត្តទូទាំង ២៥ ទូទាំងប្រទេស ។ អ្នកចូលរួមប្រហែល ៥០ នាក់ នឹងត្រូវអញ្ជើញឲ្យចូលរួមក្នុងសិក្ខា​សាលានេះ ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំំណងដើម្បីពិនិត្យមើលឡើងវិញ ពិភាក្សា និងប្រមូលយកមតិ​យោប​ល់នានាស្តីពីសំណើសុំកែសម្រួលប្រកាសគោលការណ៍ណែនាំសហគមន៍ព្រៃឈើ និងដើម្បីរៀបចំផែនទី បង្ហាញ​​ផ្លូវចំពោះការកែសម្រួលនេះ ។​ សិក្ខាសាលាថ្នាក់ជាតិនេះ និងជាឱកាសដើម្បីឆ្លុះបញ្ចាំងទៅលើការ​កែ​លំអរ​​​បន្ថែមទៀត និងការពង្រីកសហគមន៍ព្រឈើ ដោយយោងទៅ​តាមកម្មវិធីព្រៃឈើជាតិ និងសិក្ខាសាលាបិទ​គម្រោង ។

 

លទ្ធផលទី​ ៤: ការត្រួតពិនិត្យ តាមដាន វាយតម្លៃ និងក្រមខណ្ឌក្នុងការផលិតសម្ភារៈ


សកម្មភាព ៤.១- រៀបចំសិក្ខាសាលាណែនាំពីគម្រោងជាមួយតំណាងប្រតិភូសហគមន៍អឺរ៉ុប អង្គការស្បៀង និង​កសិកម្ម នៃអង្គការសហប្រជាជាតិ និងស្ថាប័នសំខាន់ៗព្រមទាំងកម្មវិធី/គម្រោងដើម្បីបង្ហាញ និងពិនិត្យឡើងវិញ នូវ​ផែនការការងារ និង log-frame របស់គម្រោង ។


សកម្មភាព ៤.២- វាយតម្លៃទៅលើសិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬព្រឹត្តិការណ៍នានាដែលគាំទ្រដោយគម្រោង តាមរយៈការចែកជូននូវទម្រង់នៃការវាយតម្លៃតាមបែបទៅដល់គុណវិស័យទៅដល់អ្នកចូលរួមទាំងអស់ ។ 


សកម្មភាព ៤.៣- រៀបចំសកម្មភាពការងារលើកកម្ពស់ការយល់ដឹង និង​ការផលិតឯកសារនានា (ដោយរួមមាន​ឡូ​​​​ហ្គោរបស់កម្មវិធីនៅលើគេហទំព័ររបស់គម្រោង សម្ភារៈសម្រាប់ចុះមូលដ្ឋាន របាយការណ៍ ឯកសារ ការសិក្សា បទ​បង្ហាញនានា និងឯកសារបោះពុម្ពផ្សេរៗទៀត) ។ ធានាថាឯកសារទាំងអស់ស្រប​ទៅ​តាម​មាត្រា​ទី៣​ក្នុង​លក្ខណ​​ទូទៅនៃកិច្ចព្រមព្រៀង ។ ចងក្រងករណីសិក្សាចំនួន ២ ដែលលើកឡើងអំពីបទពិសោធន៍សហគមន៍​ព្រៃ​ឈើ​​ពាក់ពន្ធ័ទៅនិង​ដំណើការ CF-FLEGT និងតម្រូវការនានា ។