សិក្ខាសាលា និងការបណ្តុះបណ្តាល ស្តីពី ការពង្រឹងសមត្ថភាព និងដំណើរការបណ្តាញសហគមន៍ព្រៃឈើ

I. សេចក្តីផ្តើម

សហគមន៍ព្រៃឈើនៅកម្ពុជា ត្រូវបានអនុវត្តក្នុងរូបភាពសាកល្បងនៅតំបន់​មួយ​ចំនួនចាប់​តាំង​ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុន្តែនៅពេលនោះមិនទាន់មានការទទួលស្គាល់តាមផ្លូវ​ច្បាប់ទេ​ រហូត​ដល់​ដើមទសវត្សរ៍ឆ្នាំ២០០០ ទើបមានការបញ្ជ្រៀបការគ្រប់គ្រងសហគមន៍ព្រៃឈើ​​ នៅ​ក្នុង​ច្បាប់​ស្តីពីព្រៃឈើ ២០០២ និងក្រោយមកទៀត​រាជរដ្ឋាភិបាលបានចេញនូវ អនុក្រឹត្យ​ស្តីពី​ការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ ២០០៣) ហើយ​និង​មានដាក់ចូលនៅក្នុង​យុទ្ធសាស្រ្ត​ចតុកោណដំណាក់កាលទីមួយ (២០០៣-២០០៨) និង​ដំណាក់​កាលទីពីរ (២០០៨-២០១៣)។ នៅក្នុងផែនការយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ​២០០៦­​ ដល់ឆ្នាំ២០១០ បាន​ទទួលស្គាល់នូវតម្រូវការក្នុងការគ្រប់គ្រងសហគមន៍ព្រៃឈើ។ ទោះ​ជា​យ៉ាង​នេះក៍ដោយការ​បង្កើត និង​គ្រប់គ្រងសហគមន៍ព្រៃឈើ​មានការ​ទទួលស្គាល់​តាមផ្លូវច្បាប់​នៅ​ក្រោយឆ្នាំ២០០៦ បន្ទាប់ពីមានប្រកាសស្តីពីគោលការណែនាំអំពីសហគមន៍ព្រៃឈើ។

ខេត្តក្រចេះមានសហគមន៍​ព្រៃឈើចំនួន៤៥កន្លែង គ្រប​ដណ្តប់​លើផ្ទៃ​ដី​ព្រៃ​ឈើ ៦៥,២៥៥ ហិកតា ស្ថិតក្នុង៤៥ភូមិ ១៧ឃុំ និងស្រុកចំនួន០៥ (ស្រុកឆ្លូង ស្រុកស្នួល ស្រុកចិត្របុរី​ ស្រុកព្រែកប្រសព្វ និងស្រុកសំបូរ) ព្រមទាំងមាន​សមាជិកសហគមន៍ព្រៃឈើ​ចូល​រួមសរុបចំនួន ៧៨៤០គ្រួសារ ស្មើនឹង១៨៩៨៦នាក់ ស្រ្តី៨៥៥៦នាក់ ។ សហគមន៍ព្រៃឈើនៅក្នុងខេត្តក្រចេះស្ថិតនៅក្នុងដំណាក់កាលផ្សេងៗ គ្នានៃការអភិវឌ្ឍន៍ ក្នុងនោះមានសហគមន៍ចំនួន២៧​កន្លែងគ្របដណ្តប់​លើផ្ទៃ​ដី​ព្រៃ​ឈើចំនួន ៤២២៤៩ហិកតា មានប្រកាសទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខា​​ប្រមាញ់ និ​ង​​នេសាទ និង​បាន​ចុះកិច្ចព្រម​ព្រៀ​ង​រវាង គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើជាមួយខណ្ឌរដ្ឋ​បាលព្រៃឈើក្រចេះ សហគមន៍ព្រៃឈើចំនួន១៨កន្លែងទៀត មានផ្ទៃដី២៣០០៦ហិកតា មិនទាន់ទទួលបានប្រកាសទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខា​​ប្រមាញ់ និ​ង​​នេសាទនៅឡើយ។​ ក្នុងចំណោមសហគមន៍ ២៧កន្លែងដែលបានចុះកិច្ចព្រមព្រៀង មានសហគមន៍ចំនួន ២៥កន្លែង កំពុង និងបានរៀបចំផែនការគ្រប់គ្រងព្រៃហសគមន៍ ដែលក្នុងនោះមានសហគមន៍ព្រៃឈើចំនួន ៨កន្លែង មានផ្ទៃដី៩៣៤៥ហិកតា ទទួលបានការអនុម័ត ផែនការគ្រប់គ្រងពីខណ្ឌរដ្ឋបាលព្រៃឈើ។

ការបង្កើតសហព័ន្ធសហគមន៍ព្រៃឈើ និងដំណើរការបណ្តាញសហគមន៍ព្រៃឈើនៅថ្នាក់ខេត្ត និងថ្នាក់ជាតិគឺជាយុទ្ធសាស្រ្តនៃការអនុវត្តកម្មវិធីសហគមន៍ព្រៃឈើជាតិ (កម្មវិធីទី៤ នៃកម្ម​​វិធីព្រៃឈើជាតិ ឆ្នាំ២០១០​ដល់ឆ្នាំ២០២៩)​។  លើសពីនេះទៀត មានយន្ដការមួយចំនួនត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគមន៍ព្រៃឈើ ដែលក្នុងនោះ មានការបង្កើត គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្ត (PCFPCC) ដែលដឹក នាំដោយខណ្ឌរដ្ឋបាលព្រៃឈើ  មានសមាជិកមកពីបណ្ដាអង្គការនានា ដែលបាននិងកំពុងអនុវត្ដការងារសហគមន៍ព្រៃឈើនៅក្នុងខេត្ត គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើជាតិ (NCFPCC) ដែលដឹកនាំដោយរដ្ឋបាលព្រៃឈើ (ការិយាល័យសហគមន៍ព្រៃឈើ) និងមានសមាជិកមកពីបណ្ដាអង្គការជាតិ និងអន្ដរជាតិ ដែលបាននិងកំពុង ការអភិវឌ្ឍសហគមន៍ព្រៃឈើ។

បណ្តាញសហគមន៍ព្រៃឈើត្រូវបានទទួលស្គាល់ថាជាយុទ្ធសាស្ដ្រដើម្បីគ្រប់គ្រងសហគមន៍​ព្រៃឈើ តាមរយៈការចែករំលែកព័ត៌មាន, បទពិសោធន៍, ​ចំណេះដឹង​, ​​ការ​ចាប់​អារម្មណ៍ជាទូទៅសម្រាប់ការតស៊ូមតិ និងការចូលរួមរបស់ភាគីពាក់ព័ន្ធ​សំខាន់ៗ មានដូចជាអាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល ម្ចាស់ជំនួយ​និង​វិស័យ​​ឯកជន ក្នុងការអភិវឌ្ឍសហគមន៍ព្រៃឈើ។​ ខុសពីបណ្តាញដ៏ទៃទៀត​ បណ្តាញសហគមន៍ព្រៃឈើមានស្ថាប័នដែលគាំទ្រដោយច្បាប់ "ផ្ទះ" ដូចជាអនុក្រឹត្យស្តីពីការ​គ្រប់​គ្រង​​សហគមន៍​​ព្រៃឈើឆ្នាំ២០០៣ ដែលក្នុងនោះគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ​កើត​ឡើង​ដោយ​ការបោះឆ្នោតពីសមាជិក និងទទួលស្គាល់ដោយមេឃុំ (មានចែងនៅ​ក្នុង​ប្រកាស​គោល​ការណ៍​ណែនាំស្តីពីសហគមន៍ព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០០៦​ជំពូក ៣ មាត្រា ១១) ។

RECOFTCតាមរយៈគម្រោង SFMRLE បានសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ និងអង្គការដៃគូផ្សេងៗ ទៀត រៀបចំបង្កើតបណ្តាញសហគមន៍ព្រៃឈើ ខេត្តក្រចេះ នៅខែសីហា ឆ្នាំ២០១២។ ​បច្ចុប្បន្នបណ្តាញសហគមន៍ព្រៃឈើខេត្តក្រចេះកំពុងដំណើរការដោយមានការសម្របសម្រួលពីគម្រោង PaFF សហការជាមួយអង្គការដៃគូ និងរដ្ឋបាលព្រៃឈើ។​ ទោះជាយ៉ាងនេះក៍ដោយ សមត្ថភាពដើម្បីបំពេញតួនាទីរបស់បណ្តាញសហគមន៍ព្រៃឈើនៅមានកំរិតទាក់ទងទៅនឹងការទំនាក់ទំនងជាផ្លូវការមួយអ្នកពាក់ព័ន្ធ ការធ្វើរបាយការណ៍ជូនគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្ត​ ដែលទាមទារឲ្យមានការពង្រឹងសមត្ថភាពបន្ថែមទៀត។

គម្រោង PaFF នឹងរៀបចំសិក្ខាសាលា និងការបណ្តុះបណ្តាលស្តីពីការពង្រឹងសម្ថភាព និងដំណើរការបណ្តាញសហគមន៍ព្រៃឈើ ដើម្បីពង្រឹងប្រសិទ្ធិភាពនៃដំណើរការបណ្តាញក្នុងការគាំទ្រដល់ការសម្របសម្រួល គ្រប់គ្រង​ និងអភិវឌ្ឍសហគមន៍ព្រៃឈើ។

II. គោលបំណង

  • ពង្រឹងការអនុវត្តតួនាទី និងការទទួលខុសត្រូវ និងដំណើរការបណ្តាញសហគមន៍ព្រៃឈើ
  • ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ រវាងសហគមន៍ និងសហគមន៍
  • កំណត់នូវសកម្មភាពជាអាទិភាព និងតម្រូវការនានាក្នុងការអភិវឌ្ឍសហគមន៍ព្រៃឈើ

III. លទ្ធផលរំពឹងទុក

  • បណ្តាញយល់ដឹងកាន់តែច្បាស់ ពីតួនាទី និងការទទួលខុសត្រូវ យន្តការ រចនាសម្ព័ន្ធ​ទំនាក់ទំនង ដែលសម្រួលដល់ដំណើរការរបស់បណ្តាញ
  • ទទួលបាននូវ​ការអនុវត្តល្អៗ សម្រាប់ចែករំលែកជាមួយសមាជិកសហគមន៍ព្រៃឈើ ដើម្បីពង្រឹងការគ្រប់គ្រងសហគមន៍ព្រៃឈើ
  • កំណត់បាននូវសកម្មភាពជាអាទិភាព និងតម្រូវការជាមូលដ្ឋានក្នុងការគ្រប់គ្រងសហគមន៍ព្រៃឈើ ដើម្បីលើកឡើងជាមួយអ្នកពាក់ព័ន្ធ និងដៃគូអភិវឌ្ឍសហគមន៍ព្រៃឈើ​

IV. ទីកន្លែង

រដ្ឋបាលព្រៃឈើក្រចេះ

V. រយៈពេល​ និងកាលបរិច្ឆេទ

  • រយៈពេល​ ២ថ្ងៃ
  • ថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦

VI. សមាសភាពចូលរួម:

តំណាងបណ្តាញសហគមន៍ព្រៃឈើថ្នាក់ឃុំ និងខេត្ត គណកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើក្នុងគោលដៅរបស់ គម្រោង​ PaFF អង្គការរីខូហ្វ (RECOFTC), ក្រុមអង្គការដៃគូដែលចូលរួមអនុវត្តគម្រោង PaFF ដែលក្នុងនោះមានអ្នកចួលរួមសរុប ២៤នាក់ ។

លេខទូរស័ព្ទទំនាក់ទំនង៖ ០១២ ៩៩៨៨១៩, ០១២ ៣៥២៣៥៨

VII. របៀបវារៈ

កាលបរិច្ឆេទ និង​ រយៈពេល

ប្រធានបទ

គោលបំណង៖ នៅចុង​បញ្ចប់នៃការពិភាក្សា សិក្ខកាម​អាច

វិធីសាស្រ្ត

អ្នកសម្របសម្រួល

ថ្ងៃទី១៖ ១៨​ ខែកញ្ញា ឆ្នាំ២០១៦

08.00- 08.15

ការចុះឈ្មោះរបស់សិក្ខាកាម

 

 

ស៊ន ចាន់សី

08.15- 08.30

គោលបំណង និងដំណើរការ

យល់ដឹងពីគោលបំណង និងដំណើរការ ដើម្បីមានភាពងាយស្រួលក្នុងការចូលរួម

បទបង្ហាញ

ហេង​ ដា

08.30- 09.00

លទ្ធផលរំពឹងទុក

ធ្វើការឆ្លុះបញ្ចាំងនៅចុងបញ្ចប់នៃសិក្ខាសាលា

ពិភាក្សាជាក្រុម

ថាច់ មេត្រី

09.00-09.15  

សំរាកអាហារសម្រន់

 

 

 

បណ្តាញសហគមន៍ព្រៃឈើ អ្នកពាក់ព័ន្ធសំខាន់ៗ និងវេទិកា នានា

09.15-09.30

ប្រវត្ត និងមូលដ្ឋានគតិយុទ្ធ ក្នុងការរៀបចំបណ្តាញសហគមន៍ព្រៃឈើ

 

បទបង្ហាញ

ហេង ដា​

09.30-12.00

រចនាសម្ព័ន្ធ និងវេទិកាក្នុងការសម្របសម្រួលសហគមន៍ព្រៃឈើ ជាមួយអ្ន​​កពាក់ព័ន្ធ (ការវិភាគអ្នកពាក់ព័ន្ធ

  • យល់ដឹងអំពីវេទិកានានាសម្រាប់ធ្វើការចែករំលែក ធ្វើផែនការ លើកឡើងអំពីបញ្ហា ស្នើសុំអន្តរាគមន៍ ឬជំនួយថវិកា
  • យល់ដឹងពីតួនាទី និងតម្រូវការរបស់អ្នកពាក់សំខាន់
  • បែងចែកក្រុមពិភាក្សា
  • សំណួរនាំមុខ
  • បង្ហាញលទ្ធផល
  • សំយោគលទ្ធផល

ហេង ដា

ថាច់ មេត្រី

12.00-13.30

សំរាកសំរាកអាហារថ្ងៃត្រង់

 

 

 

13.30-15.00

គោលបំណង​ និងតួនាទីរបស់បណ្តាញសហគមន៍ព្រៃឈើ

  • យល់ដឹងអំពីគោលបំណងជាក់លាក់របស់បណ្តាញសហគមន៍ព្រៃឈើ
  • តួនាទីរបស់បណ្តាញសហគមន៍ព្រៃឈើ
  • បែងចែកក្រុមពិភាក្សា
  • សំណួរនាំមុខ
  • បង្ហាញលទ្ធផលពិភាក្សា និងឯកសារពាក់ព័ន្ធ
  • សំយោគលទ្ធផល

ហេង ដា

ថាច់ មេត្រី

15.00-15.20

សម្រាកអាហារសម្រន់

 

 

 

15.20-17.00

ពិនិត្យ និងពិភាក្សាអំពីតំរូវការសម្រាប់ឲ្យ បណ្តាញដើម្បីបំពេញតួនាទី

  • តម្រូវការជាមូលដ្ឋានដើម្បីពំពេញតួនាទីរបស់បណ្តាញ
  • បែងចែកក្រុមពិភាក្សា
  • សំណួរនាំមុខ
  • ឆ្លុះបញ្ចាំងអំពីការអនុវត្តកន្លងមក

ហេង ដា

ថាច់ មេត្រី

ថ្ងៃទី២៖ ១៩​ ខែកញ្ញា ឆ្នាំ២០១៦

ទម្រង់ឯកសារក្នុងការទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ

08.30- 10.00

ទម្រង់ឯកសាសំខាន់ៗ សម្រាប់ទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ

  • យល់ដឹងអំពីឯកសារផ្លូវការនានាសម្រាប់ទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ
  • ឯកភាពទៅលើទម្រង់ឯកសារក្នុងការទំនាក់ទំនង
  • សំណួរនាំមុខ
  • ឆ្លុះបញ្ចាំងអំពីការអនុវត្តកន្លងមក
  • ពិនិត្យកែលំអរទៅលើឯកសារចាស់
  • បទឧទ្ទេសនាម

ហេង ដា

ថាច់ មេត្រី

មន្ត្រីរដ្ឋបាលព្រៃឈើ

10.00- 10.20

សម្រាកអាហារសម្រន់

 

 

 

10.20- 12:00

ទម្រង់ឯកសាសំខាន់ៗ សម្រាប់ទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ​(ត)

  • យល់ដឹងអំពីឯកសារផ្លូវការនានាសម្រាប់ទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ
  • ឯកភាពទៅលើទម្រង់ឯកសារក្នុងការទំនាក់ទំនង
  • សំណួរនាំមុខ
  • ឆ្លុះបញ្ចាំងអំពីការអនុវត្តកន្លងមក
  • ពិនិត្យកែលំអរទៅលើឯកសារចាស់
  • បទឧទ្ទេសនាម

ហេង ដា

ថាច់ មេត្រី

មន្ត្រីរដ្ឋបាលព្រៃឈើ

12.00- 13:20

សំរាក

 

 

 

ការចែករំលែករវាងសហគមន៍ព្រៃឈើ និងសហគមន៍ព្រៃឈើ

13:20-15.00

គម្រោងឥណ្ទទានគាំទ្រការអនុវត្តផែនការគ្រប់គ្រងរបស់សហគមន៍ព្រៃឈើ ក្បាលបី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ

  • យល់ដឹងអំពីគម្រោង និងអត្ថប្រយោជនៃ
  • ឯកភាពទៅលើទម្រង់ឯកសារក្នុងការទំនាក់ទំនង
  • បទបង្ហាញ
  • សំណួរនាំមុខ
  • ការពិភាក្សា និងសំណួរ ចម្លើយ

តំណាង​ស.ព ព្រៃក្បាលបី

15.00-15.20

សម្រាកអាហារសម្រន់

 

 

 

15.20-16.20

កំណត់នូវសកម្មភាព និងតម្រូវការជាមូលដ្ឋានក្នុងការអភិវឌ្ឍសហគមន៍ព្រៃឈើ

កំណត់បាន និងឯកភាពនូវសកម្មភាពជាអាទិភាព និងតម្រូវការជាមូលដ្ឋានក្នុងការអភិវឌ្ឍសហគមន៍ព្រៃឈើ សម្រាប់ខេត្តក្រចេះ

  • សំណួរនាំមុខ
  • ក្រុមការពិភាក្សា

ហេង​ដា

ថាច់ មេត្រ្តី

16.20-17.00

បូកសរុប​ និងឆ្លុះបញ្ចាំងលទ្ធផល

 

  • ឆ្លុះបញ្ចាំងទៅការរំពឹងទុកពេលចាប់ផ្តើម