ដៃគូ
ម្ចាស់ជំនួយ
រីខូហ្វ ធ្វើការគាំទ្រសហគមន៍ព្រៃឈើក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ហើយការងារនេះអាចធ្វើទៅបានគឺដោយសារតែមានការឧបត្ថម្ភពីម្ចាស់ជំនួយជាច្រើន។ ម្ចាស់ជំនួយសំខាន់ៗក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះរួមមាន៖
ភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ (SDC)
ភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ គឺជាអ្នកគាំទ្ររីខូហ្វសំខាន់ជាងគេតាំងពីយើងទើបតែចាប់ផ្តើមដំបូងនៅឆ្នាំ ១៩៨៧ និងនៅតែជាម្ចាស់ជំនួយស្នូលរបស់យើងរហូតមកដល់ឆ្នាំ២០០៨។ SDC បានបន្តការគាំទ្រលើគម្រោងកសាងសមត្ថភាពជាច្រើនសម្រាប់កម្មវិធីរេដបូក និងការកសាងស្ថាប័នសម្រាប់បណ្តាញព្រៃឈើសង្គមក្នុងតំបន់អាស៊ាន (ASFN) ហើយបច្ចុប្បន្ន SDC បានគាំទ្រដល់ភាពជាដៃគូអាស៊ាន-ស្វីសលើវិស័យព្រៃឈើសង្គម និងការប្រែប្រួលអាកាសធាតុ (ASFCC) ដែលរីខូហ្វគឺជាដៃគូសំខាន់ក្នុងការអនុវត្តគម្រោងនេះ។ នៅខែកក្កដា ឆ្នាំ២០១២ SDC បានបន្តធ្វើជាម្ចាស់ជំនួយស្នូលរបស់រីខូហ្វម្តងទៀត ដោយផ្តោតទៅលើការគាំទ្រនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈការលើកកម្ពស់សហគមន៍ព្រៃឈើដើម្បីទប់ស្កាត់ភាពប្រឈមទៅនឹងការប្រែប្រួលអាកាសធាតុ និងការខ្វះខាតទឹក។
ភ្នាក់ងារស៊ុយអែតសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ (Sida)
ជាអ្នកជួយបង្កើតរីខូហ្វ ដោយ Sida បានជួយគាំទ្ររីខូហ្វតាំងពីឆ្នាំ១៩៩៧ តាមរយៈការផ្តល់ថវិកាតាម គម្រោងនានា។ ក្នុងឆ្នាំ២០០៤ Sida បានក្លាយជាម្ចាស់ជំនួយស្នូល និងបន្តគាំទ្រដល់សហគមន៍ព្រៃឈើ ដែលជាមធ្យោបាយក្នុងកាត់បន្ថយភាពក្រីក្រ កាត់បន្ថយ និងបន្ស៊ាំនៃការប្រែប្រួលអាកាសធាតុ និងបង្កើនសិទ្ធិ ព្រមទាំងជីវភាព។ កិច្ចព្រមព្រៀងជំនួយរបស់Sida មកដល់រីខូហ្វ គឺធ្វើឡើងចាប់ពីខែតុលា ឆ្នាំ២០១០ ដល់ខែកញ្ញា ឆ្នាំ២០១៥ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយទៀត ដើម្បីបន្តជំនួយដល់រីខូហ្វពីខែតុលា ឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០២១។
រាជរដ្ឋាភិបាលថៃ
រាជរដ្ឋាភិបាលថៃ គឺជាសមាជិកមួយក្នុងចំណោមសមាជិកទាំងអស់ដែលបង្កើតរីខូហ្វ និងជាហត្ថលេខីក្នុងធម្មនុញ្ញរបស់រីខូហ្វ។ រីខូហ្វ បានធ្វើការយ៉ាងជិតស្និទ្ធិជាមួយនាយកដ្ឋានព្រៃឈើជាតិ នាយកដ្ឋានឧទ្យានជាតិ និងនាយកដ្ឋានធនធានសមុទ្រ និងឆ្នេរ ក្នុងការពង្រឹងបណ្តាញសហគមន៍ព្រៃឈើជាតិ និងកសាងសមត្ថភាពពួកគេក្នុងការគ្រប់គ្រងធនធានធម្មជាតិដោយពឹងផ្អែកលើសហគមន៍នៅទូទាំងប្រទេស។ ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការនេះបានជួយកសាងសមត្ថភាពរបស់មន្រ្តីថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន អ្នកគ្រប់គ្រងសហគមន៍ព្រៃឈើ និងអ្នកធ្វើការក្នុងផ្នែកគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព និងបានលើកកម្ពស់ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ រាជរដ្ឋាភិបាលថៃ ក៏បានរួមចំណែកក្នុងការគាំទ្រដល់ថវិកាប្រចាំឆ្នាំរបស់រីខូហ្វថៃ ក្នុងការគាំទ្រសហគមន៍ព្រៃឈើ ក្នុងប្រទេសថៃ តាមរយៈការផ្តល់ការិយាល័យនៅ គណៈកម្មាការអប់រំជាន់ខ្ពស់ នៃក្រសួងអប់រំ និងសាកលវិទ្យាល័យកាសេសាត។
រដ្ឋាភិបាល
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសា៖ រីខូហ្វ សហការជាផ្លូវការជាមួយរដ្ឋាបាលព្រៃឈើដែលស្ថិតនៅក្រោមក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទចាប់តាំងពីឆ្នាំ ២០០៦មក។ រីខូហ្វបានដើរតួនាទីយ៉ាងសកម្មនៅផ្តួចផ្តើមក្នុងការលើកកម្ពស់ការអភិវឌ្ឍសហគមន៍ព្រៃឈើនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាសមាជិក ក្រុមការងារបច្ចេកទេសចម្រុះស្តីពីកំណែទម្រង់ព្រៃឈើ គណៈកម្មាធិការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើជាតិ ក្រុមការងារព្រៃកម្មវិធីព្រៃឈើជាតិ និង ក្រុមការងាររេដថ្នាក់ជាតិ។
ក្រសួងបរិស្ថានៈ តាមរយៈអនុស្សារៈនៃការយោគយល់រវាងក្រសួងបរិស្ថាន និងរីខូហ្វចាប់តាំងពីឆ្នាំ ២០០៦មក បានបង្កើតឲ្យមានកិច្ចសហការយ៉ាងរឹងម៉ាំទៅលើកម្មវិធីស្រាវជ្រាវ អភិវឌ្ឍគោលនយោបាយ គម្រោង និងកម្មវិធីនានាក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបរិស្ថាន៖ គឺជាស្ថាប័នរដ្ឋាភិបាលគ្រប់គ្រងទៅលើតំបន់ការពារធម្មជាតិ។ កិច្ចព្រមព្រៀងនេះក៏ផ្តោតជាសំខាន់ផងដែរទៅលើការពង្រឹងយន្តការអនុវត្តដែលមានស្រាប់ក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ការផ្តួចផ្តើមគំនិត និងអភិក្រមថ្មីៗ ព្រមទាំងលើកកម្ពស់ និងយកការងារទាំងនេះទៅអនុវត្តបន្ត។
អង្គការក្រៅរដ្ឋាភិបាល
ក្នុងការអនុវត្តគម្រោងរីខូហ្វ កម្ពុជាបានធ្វើការសហការជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលទាំងក្នុងស្រុក និងក្រៅស្រុករួមមាន៖ មូលនិធិសត្វព្រៃពិភពលោក (WWF), សមាគមន៍អភិរក្សសត្វព្រៃ (WCS), វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល (NGO-Forum), សមាគមន៍ថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA), ម្លប់ បៃតង (MB), វិទ្យាស្ថានគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមដោយសហគមន៍ (CBNRM-LI)។