កិច្ចប្រជុំលើកទី១៨ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជា
១-សេចក្តីផ្តើម
ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជាបានបង្កើតឡើង តាមរយៈការបោះឆ្នោតជ្រើសរើស នៅក្នុង សិក្ខាសាលាជាតិ កាលពីខែសីហា ឆ្នាំ២០១៣ ដោយមានសមាសភាពអ្នកចូលរួមជា អង្គការសង្គមស៊ីវិល តំណាងសហគមន៍ និងជនជាតិដើមភាគតិច ក្នុងគោលបំណងដើម្បី ផ្តល់ជាវេទិកាសម្រាប់អ្នកពាក់ព័ន្ធនៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋានដែលមានជីវភាពរស់នៅពឹងផ្អែកលើធនធានព្រៃឈើមានឱកាសបញ្ចេញមតិយោបល់លើការងាររេដបូក និងប្រមូលនូវមតិទាំងនោះហើយផ្តល់ជាយោបល់ដល់ក្រុមការងាររេដបូកកម្ពុជា សម្រាប់ដំណើរការអភិវឌ្ឍន៍រេដបូកនៅកម្ពុជា។
ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជាមានសមាជិក១៨នាក់ ជាតំណាងសហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍តំបន់ការពារធម្មជាតិ ជនជាតិដើមភាគតិច គ្រឹះស្ថានអប់រំ អង្គការមិនមែនរដ្ឋាភិបាលជាតិ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។ ការចែករំលែកព័ត៌មាន និងពិគ្រោះយោបល់ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាយោបល់បានធ្វើឡើងតាមរយៈការប្រជុំក្រុមប្រឹក្សាយោបល់រេដបូក ចំនួន ៦លើក ក្នុងមួយឆ្នាំ ហើយមកដល់បច្ចុប្បន្ននេះ កិច្ចប្រជុំក្រុមប្រឹក្សាយោបល់រេដបូកបាន រៀបចំចំនួន១៧លើករួចមកហើយ។ កិច្ចប្រជុំលើកទី១៧ នៃក្រុមប្រឹក្សាយោបល់រេដបូក បានសម្រេចលទ្ធផលជាច្រើនដូចជា ១) ការផ្តល់យោបល់លើសេចក្តីព្រាងឯកសារបង្កើនចំណេះដឹងស្តីពីរេដបូកសម្រាប់ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ២) ការបង្ហាញពីលទ្ធផលបឋមនៃការសិក្សាស្ថានភាពនិងការប៉ាន់ប្រមាណតម្រូវ ការអភិវឌ្ឍន៍ស្ថាប័នសម្រាប់បណ្តាញសហគមន៍និងជនជាតិដើមភាគតិច ៣) ការឯកភាពថា បណ្តាញ សង្គមស៊ីវិលរេដបូកអាចពង្រីកការផ្សព្វផ្សាយរបស់ខ្លួនទៅដល់សមាជិក ដែលមិនមែនជាសមាជិក របស់ក្រុមប្រឹក្សាយោបល់ ៤) ការសម្រេចដកសមាជិកភាពរបស់តំណាងវិស័យឯកជនពីរ និងការ ជ្រើសរើសតំណាងវិស័យឯកជនចូលរួមជាសមាជិកក្រុមប្រឹក្សាយោបល់ជាបន្តទៀត ៥) ឯកភាពថា សមាជិកក្រុមប្រឹក្សាយោបល់ ត្រូវជ្រើសរើសសមាជិកជំនួស ដើម្បីចូលរួម ប្រជុំក្នុងករណីសមាជិក អវត្តមាន ព្រមទាំងធានាឲ្យបាននូវការចែករំលែកព័ត៌មានរវាង សមាជិកក្រុមប្រឹក្សាយោបល់និង សមាជិកជំនួស ៦) ការផ្ញើររូបថត សកម្មភាព ឬវីដេអូពីការងារ របស់ខ្លួនជូនដល់លេខាធិការដ្ឋាន ដើម្បីដាក់ក្នុងសម្ភារៈផ្សព្វផ្សាយ របាយការណ៍ និងគេហទំព័ររេដបូកកម្ពុជា។ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពយន្តការក្រុមប្រឹក្សាយោបល់រេដបូក កិច្ចប្រជុំក្រុមប្រឹក្សាយោបល់រេដបូកលើកទី១៨ នឹងរៀបចំធ្វើនៅ ថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ដោយភ្ជាប់ជាមួយនូវទស្សនកិច្ចសិក្សានៅសហគមន៍ផងដែរ។
២-គោលបំណង
កិច្ចប្រជុំក្រុមប្រឹក្សាយោបល់រេដបូកលើកទី១៨ មានគោលបំណងដូចខាងក្រោម៖
- ពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជា
- ពិភាក្សាពីការពង្រឹងយន្តការចែករំលែកព័ត៌មាន និងទទួលយោបល់ត្រឡប់ពីរេដបូកសម្រាប់ សមាជិកក្រុមប្រឹក្សាយោបល់នីមួយៗ
- ផ្តល់ឱកាសដល់សមាជិកក្រុមប្រឹក្សាយោបល់ចុះសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្តែងនៅ សហគមន៍មូលដ្ឋាន ដែលទទួលបានការគាំទ្រពីមូលនិធិភាពជាដៃគូកាបូនព្រៃឈើ
៣-លទ្ធផលរំពឹងទុក
នៅចុងបញ្ចប់នៃកិច្ចប្រជុំលើកទី១៨ ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជានឹង៖
- ស្វែងយល់ពីវឌ្ឍភាពផែនការសកម្មភាពក្រុមប្រឹក្សាយោបល់រេដបូក
- គំនិតយោបល់របស់សមាជិកក្រុមប្រឹក្សាយោបល់ម្នាក់ពីជំហ៊ានបន្តក្នុងការលើកកំពស់ ប្រសិទ្ធភាពនៃការចែករំលែកព័ត៌មានពីរេដបូក ក្នុងចំណោមសមាជិករបស់ខ្លួន
- ស្វែងយល់ពីដំណើរការ លទ្ធផល និងមេរៀននានាដែលរៀនសូត្របាន ពីការងាររេដបូក នៅសហគមន៍មូលដ្ឋានដែលទទួលបានការគាំទ្រពីមូលនិធិភាពជាដៃគូកាបូនព្រៃឈើ
៤-ពេលវេលា និងទីកន្លែង
កិច្ចប្រជុំលើកទី១៨ របស់ក្រុមប្រឹក្សាយោបល់រេដបូក នឹងរៀបចំនៅ ថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅខេត្តពោធិ៍សាត់។