ទស្សនៈកិច្ចស្វែងយល់ និងតាមដានការអនុវត្តគម្រោង FLEGT របស់ក្រុមការងារពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍
១- សារបាន
កម្មវិធីព្រៃឈើជាតិ (NFP) ដែលរៀបរៀងឡើងក្នុងឆ្នាំ ២០១០ បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តរយៈពេលវែង (២០១០-២០២៩) សំរាប់ការគ្រប់គ្រងធនធានព្រៃឈើជាតិ ប្រកបដោយនិរន្តរភាព។ កម្មវិធីព្រៃឈើជាតិមានកម្មវិធីអាទិភាពចំនួន៦ ក្នុងនោះកម្មវិធីចំនួន២ ដែលអាចចាត់ទុកជាកម្មវិធីអាទិភាព និងផ្តល់ផលប្រយោជន៍ច្រើនដល់ប្រជាសហគមន៍ គឺកម្មវិធីទី៣ (ពង្រឹងការអនុវត្តច្បាប់ព្រៃឈើ និងអភិបាលកិច្ច) ដែលមានគោលបំណងរួម «ពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងអភិបាលកិច្ច នឹងចូលរួមចំណែកក្នុងការគ្រប់គ្រង ការពារ និងអភិវឌ្ឍន៍ព្រៃឈើប្រកបដោយតម្លាភាព ត្រឹមត្រូវ និងមានប្រសិទ្ធិភាព» និងកម្មវិធីទី៤ (កម្មវិធីសហគមន៍ព្រៃឈើ) ដែលមានបំណង «១). ធានាដល់ការប្រើប្រាស់ធនធានព្រៃឈើប្រកបដោយសមធម៌ និងប្រជាធិបតេយ្យ ២). ផ្តល់ឱកាសដល់សហគមន៍មូលដ្ឋានដែលរស់នៅក្នុង និងក្បែរព្រៃបានចូលរួមរៀបចំគ្រប់គ្រង និងអភិវឌ្ឍន៍ព្រៃសហគមន៍ស្របតាមគោលការណ៍ណែនាំអំពីសហគមន៍ព្រៃឈើ ដោយចូលរួមក្នុងការកំណត់តំបន់សក្តានុពលព្រៃសហគមន៍ និងការចូលរួមធ្វើសេចក្តីសំរេចចិត្តផ្សេងៗ ៣). ពិនិត្យ និងកែសម្រួលឡើងវិញក្នុងករណីចាំបាច់នូវរាល់បទដ្ឋាននានាដែលគាំទ្រដល់ការអនុវត្តសហគមន៍ព្រៃឈើ ដោយផ្អែកលើបទពិសោធន៍ដែលទទួលបានពីការអនុវត្តកន្លងមក ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍មូលដ្ឋាន និងដោះស្រាយបញ្ហានានាដែលកើតមានឡើង ៤). ផ្តល់ការកសាងសមត្ថភាព និងគាំទ្រដល់មន្រ្តីរដ្ឋបាលព្រៃឈើដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយគាំទ្រ និងផ្តល់សេវាកម្មដល់សហគមន៍ព្រៃឈើប្រកបដោយគុណភាព ៥). ពង្រឹង និងជំរុញការគ្រប់គ្រងព្រៃសហគមន៍ប្រកបដោយនិរន្តរភាព ក្នុងគោលបំណងពាណិជ្ជកម្ម និងបង្កើនជីវភាពតាមរយៈការបង្កើនផល និងអនុផលព្រៃឈើ ការអភិវឌ្ឍន៍ជីវចំរុះ និងការលក់ឥណទានកាបូនព្រៃឈើទៅទីផ្សារអន្តរជាតិដើម្បីធ្វើឲ្យសហគមន៍ព្រៃឈើមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រងព្រៃសហគមន៍ដោយខ្លួនឯង ៦). បង្កើនការចូលរួមរបស់សមាជិកសហគមន៍ព្រៃឈើ ជាពិសេសស្ត្រីដើម្បីឲ្យមានតម្លាភាព និងអភិបាលកិច្ចល្អ និងការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ និង ៧). ដើម្បីបង្ហាញភាពផ្សេងគ្នានៃការអនុវត្ត និងបង្កើននូវភាពជឿជាក់ថាសហគមន៍មូលដ្ឋាន ពិតជាមានសារៈសំខាន់ក្នុងការចូលរួមគ្រប់គ្រងព្រៃឈើ» ។
ពង្រឹងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលព្រៃឈើវាជាផ្នែកមួយដែល មានសារៈសំខាន់ជាទីបំផុត ព្រោះវាអាចជួយឲ្យមានការប្រើប្រាស់ធនធានព្រៃឈើប្រកបដោយនិរន្តរភាព មានតម្លាភាព និងបង្កើនបាននូវភាពម្ចាស់ការរបស់សមាជិកសហគមន៍ព្រៃឈើ មិនតែប៉ុណ្ណោះវាថែមទាំងបានជួយបង្កើននូវកំរិតជីវភាពរស់នៅរបស់ប្រជាសហគមន៍ឲ្យកាន់តែប្រសើរឡើង ។ ឆ្លើយតបទៅនឹងកម្មវិធីព្រៃឈើជាតិ និងទទួលបាននូវការគាំទ្រហិរញ្ញវត្ថុ ពីកម្មវិធីពង្រឹងការអនុវត្តច្បាប់ព្រៃឈើ អភិ បាលកិច្ច និងពាណិជ្ជកម្ម របស់សហគមន៍អឺរ៉ុប តាមរយៈអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (EU FAO FLEGT) មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ សត្វព្រៃបានអនុវត្តសាកល្បងគម្រោង ពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មនៅក្នុងខេត្តកំពង់ស្ពឺ ។
ខេត្តកំពង់ស្ពឺស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា តាមបណ្តោយជួរភ្នំឱរ៉ាល់ ។ បច្វុប្បន្ននេះខេត្តកំពង់ស្ពឺមានសហគមន៍ព្រៃឈើចំនួន ២៥ ដែលគ្របដណ្តប់លើផ្ទៃដីសរុប ១៣ ៧៧៩ ហិកតា ។ ក្នុងនោះមានសហគមន៍ចំនួន ១១ ត្រូវបានបង្កើតឡើងតាមរយៈការគាំទ្រពីគម្រោងគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព (SFM) ដែលផ្តល់មូលនិធិដោយ UNDP/GEFs ។ គម្រោងសាកល្បងនេះកំពុងអនុវត្តនៅសហគមន៍ព្រៃឈើចំនួន៤ ដែលបច្ចុប្បន្ននេះកំពុងធ្វើការសាកល្បងប្រមូលផលឬស្សី អនុលោមតាមការផែនការគ្រប់គ្រងព្រៃសហគមន៍។ សមាជិកសហគមន៍ព្រៃឈើបានចងក្រងក្រុមសហគ្រាសដើម្បីដំណើរការអាជីវកម្មឬស្សីដែលភា្ជប់ជាមួយផែនការគ្រប់គ្រងព្រៃសហគមន៍។ ក្រុមសហគ្រាស និងផែនការអាជីវកម្ម មិនទាន់មានភាពច្បាស់លាស់ ស្របតាមច្បាប់ព្រៃឈើឡើយ ប៉ុន្តែវាបង្កើតបានជាគំរូដ៏ល្អមួយជាឧទាហរណ៍នៃការធ្វើពាណិជ្ជកម្មខ្នាតតូច លើធនធានសហគមន៍ព្រៃឈើនាពេលអនាគត ។
សកម្មភាពសាកល្បងគម្រោង «ពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្ម (FLEGT)» នឹងផ្តល់តម្លៃជាពត៌មាន និងអនុសាសន៍ឈានទៅរកការកែលំអរគោលការណ៍ណែនាំអំពីសហគមន៍ព្រៃឈើ ឆ្នាំ២០០៦ ដែលជាក្របខណ្ឌច្បាប់ និងការណែនាំសម្រាប់ការបង្កើតសហគមន៍ព្រៃឈើ និងការគ្រប់គ្រងនៃសហគ្រាសព្រៃឈើ និងផែនការអាជីវកម្ម ។ គោលបំណងនៃគម្រោង FLEGT គឺ បង្កើនសមត្ថភាពដល់សមាជិកសហគមន៍ព្រៃឈើក្នុងការចូលរួមពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ ស្របតាមកម្មវិធីអាទិភាពទី ៣ និងទី ៤ នៃកម្មវិធីព្រៃឈើជាតិ ។
ដើម្បីឲ្យការអនុវត្តគម្រោងពង្រឹងតួនាទីរបស់សហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មនៅកម្ពជា ទទួលបានជោគជ័យ រដ្ឋបាលព្រៃឈើ និងមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ កម្មវិធីប្រចាំប្រទេសកម្ពុជា បានរៀចំឲ្យមានទស្សនកិច្ចសិក្សាមួយរបស់ក្រុមការងារ បច្ចេកទេស ពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ ទៅដល់តំបន់គោលដៅគម្រោងទាំង ៤ សហគមន៍ ។ ក្នុងឱកាសនៃទស្សកិច្ចនេះ អ្នកចូលរួមនឹងបានស្វែងយល់ពីវឌ្ឍនៈភាពរបស់សហគមន៍ទាំង ៤ ក្នុងកំឡុងពេលនៃការអនុវត្តគម្រោង ។
២- គោលបំណង
ទស្សនៈកិច្ចនេះជាដំណើទស្សនៈកិច្ចចុងក្រោយទៅកាន់តំបន់គោលដៅគម្រោង ដោយសមាជិកក្រុមការងារពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ (CF-FLEGT Task Force) ជាមន្រ្តីបច្ចេកទេស ដែលមកពីនាយកដ្ឋានជំនាញនៃរដ្ឋបាលព្រៃឈើ ។ តំបន់គោលដៅសហគមន៍ព្រៃឈើនេះ ជាកន្លែងដែលកំពុងអនុវត្តសាកល្បងសកម្មភាពគម្រោង CF-FLEGT ។ ដំណើរទស្សនៈកិច្ចនៅសហគមន៍ព្រៃឈើតំបន់គោលដៅគម្រោងមានគោលបំណងដើម្បី៖
- បង្ហាញគោលការណ៍ណែនាំសហគមន៍ព្រៃបច្ចុប្បន្ន និងអនុសាសន៍ដំបូងសម្រាប់ការពិនិត្យ និងកែសម្រួលគោលការណ៍ណែនាំស្តីពីសហគមន៍ព្រៃឈើ ។
- ផ្តល់ឱកាសដល់សមាជិក្រុមការងារពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ ក្នុងការទំនាក់ទំនងដោយផ្ទាល់ ជាមួយសមាជិកសហគមន៍ព្រៃឈើ គណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ និងមន្ត្រីរដ្ឋបាលព្រៃឈើជាមូលដ្ឋាន ក្នុងសហគមន៍ព្រៃឈើគោលដៅក្នុងខេត្តកំពង់ស្ពឺ ដែលទាក់ទងសមិទ្ធិផល បញ្ហា ការប្រឈម និងបទពិសោធន៍សម្រាប់ការចូលរួមរបស់ពួកគេក្នុងការអនុវត្តសាកល្បងនូវសកម្មភាពទាក់ទង CF-FLEGT ។
- ផ្អែកលើអនុសាសន៍ដំបូង និងការឆ្លុះបញ្ចាំងពីទស្សនៈកិច្ចនេះ (រួមទាំងទស្សនៈកិច្ចលើកមុន) ពិភាក្សាជាមួយសមាជិក ក្រុមការងារពង្រឹងតួនាទីសហគមន៍ព្រៃឈើចូលរួមក្នុងការអនុវត្តច្បាប់ស្តីពី ព្រៃឈើ អភិបាលកិច្ច និងផលិតផលសហគមន៍ព្រៃឈើស្វែងរកនូវអនុសាសន៍ល្អៗថែមទៀត សម្រាប់ការពិនិត្យឡើងវិញគោលការណ៍ណែនាំសហគមន៍ព្រៃឈើ ដើម្បីពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងដំណើរការអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ ស្របតាមគោលនយោបាយជាតិស្តីពីព្រៃឈើ ។
៣- លទ្ធផលរំពឹងទុក
ទស្សនៈកិច្ចនេះពិតជាមានសារៈសំខាន់ ព្រោះវាជាផ្នែកមួយនៃការត្រួតពិនិត្យសកម្មភាពនៃការអនុវត្តការងារ និងវឌ្ឍនៈភាពរបស់គម្រោង លើសពីនោះទៀតលទ្ធផលនៃទស្សនៈកិច្ចនេះនឹងត្រូវបានប្រើប្រាស់ ក្នុងការកែលំអរអនុសាសន៍ដំបូង ដើម្បីពិនិត្យឡើងវិញគោលការណ៍ណែនាំពីសហគមន៍ព្រៃឈើ ។ ទស្សនៈកិច្ចសិក្សារយៈពេល ០៥ ថ្ងៃនេះនឹងជួយឲ្យក្រុមការងារអាច៖
- កំណត់បានពីការរីកចំរើនរបស់សហគមន៍ព្រៃឈើក្នុងតំបន់គោលដៅគម្រោង
- កំណត់បាននូវបទពិសោធន៍ល្អៗពីដំណើការនៃការអនុវត្តគម្រោង
- កំណត់បាននូវចំណុចរៀនសូត្រមួយចំនួន ដើម្បីឲ្យការអនុវត្តគម្រោងមានប្រសិទ្ធិភាព
- រកឃើញនូវអនុសាសន៍ល្អៗថែមទៀត សម្រាប់ធ្វើការពិនិត្យឡើងវិញគោលការណ៍ណែនាំសហគមន៍ព្រៃឈើ
៤- វិធីសាស្រ្ត
ទស្សនៈកិច្ចនេះស្វែងយល់ពីវឌ្ឍនៈភាពរបស់សហគមន៍ព្រៃឈើ ក្នុងតំបន់គោលដៅគម្រោងរបស់ក្រុមការងារពង្រឹងតួនាទីសហគមន៍ព្រៃឈើចូលរួមក្នុងការអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ នឹងទទួលបាននូវពត៌មានថ្មីៗបន្ថែមទៀតពីគណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ និងសមាជិកសហគមន៍ព្រៃឈើ អាជ្ញាធរដែនដីភូមិ ឃុំ រដ្ឋបាលព្រៃឈើ និងអ្នកពាក់ពន្ធ័ផ្សេងៗទៀត ។ ដើម្បីអាចទទួលបាននូវពត៌មានច្បាស់លាស់ និងពិតប្រាកបនោះ ក្រុមការងារដែលចូលរួមក្នុងទស្សនៈកិច្ចសិក្សា នឹងប្រើប្រាស់វិធីសាស្រ្តសំខាន់ៗមួយចំនួនស្របតាមស្ថានភាពជាក់ស្តែងរបស់សហគមន៍៖
- ក្រុមពិភាក្សាៈ សហគមន៍នឹងត្រូវបែងចែកតាមតួនាទី និងការទទួលខុសត្រូវ (គណៈកម្មាការគ្រប់គ្រង សមាជិកសហគមន៍ និងក្រុមអាជីវកម្មឬស្សី) ។
- បញ្ជីសំណួរ នឹងត្រូវរៀបចំឡើងស្របតាមគោលបំណងអង្គប្រជុំ
- បទបង្ហាញៈ លទ្ធផលនៃទស្សនៈកិច្ចសិក្សានេះនឹងត្រូវបង្ហាញដល់ក្រុមការងារតាមរយៈអង្គប្រជុំ
- របាយការណ៍ៈ លទ្ធផលនៃទស្សនៈកិច្ចនេះនឹងត្រូវរៀបចំជារបាយការណ៍មួយដើម្បីទុកជាឯកសារ
៥- កាលបរិច្ឆេទ និង ទីកន្លែង
ទស្សនៈកិច្ចនេះនឹងត្រូវរៀបចំឡើងសម្រាប់រយៈពេលប្រាំ (០៥) ថ្ងៃ គឺចាប់ពីថ្ងៃទី ០៥-០៩ ខែ កញ្ញា ឆ្នាំ ២០១៦ សកម្មភាពដែលត្រូវអនុវត្តមាន៖
- ថ្ងៃទី១នៃទស្សនៈកិច្ចគឺថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៦ នឹងមានកិច្ចប្រជុំសម្រាប់ការពិនិត្យឡើងវិញនូវមាតិកានៃគោលការណ៍ណែនាំសហគមន៍ព្រៃឈើ និងអនុសាសន៍ដំបូងដែលបានរកឃើញ ។
- ថ្ងៃទី ២ ដល់ថ្ងៃទី ៤នៃទស្សនៈកិច្ច គឺ ថ្ងៃទី ០៦-០៨ ខែ កញ្ញា ឆ្នាំ ២១០៦ ជាដំណើទៅកាន់សហគមន៍ព្រៃឈើជាគោលដៅគម្រោងក្នុងខេត្តកំពង់ស្ពឺ ។
- ថ្ងៃទី ៥ នៃទស្សនៈកិច្ចគឺថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៦ ជាកិច្ចប្រជុំសម្រាប់ការឆ្លុះបញ្ចាំង និងពិភាក្សាលើអនុសាសន៍ដំបូងដើម្បីពិនិត្យឡើងវិញគោលការណ៍នែនាំសហគមន៍ព្រៃឈើ ។
- សម្រាប់កម្មវិធីប្រជុំនៅសណ្ឋាគារវិមានសុខ ក្រុងច្បាមន ខេត្តកំពអ់ស្ពឺ
អ្នកចូលរួម
ទស្សនៈកិច្ចនេះនឹងមានការអញ្ជើញចូលរួមពីអ្នកពាក់ពន្ធ័ចំនួន ១៤៦ នាក់ ក្នុងនោះមាន៖
- ក្រុមការងារពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្ម(FLEGT Taskforce) ចំនួន ៥ រូប
- រដ្ឋបាលព្រឈើមូលដ្ឋានចំនួន ៤ រូប (ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពី ចំនួន ១ រូប, ផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ ១ រូប, សង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋចំនួន ១ រូប និងសង្កាត់រដ្ឋបាលព្រៃឈើគីរិវន្ត័ចំនួន ១ រូប)
- ក្រុមប្រឹក្សាឃុំចំនួន ៣ រូប
- មេភូមិចំនួន ១៩ រូប
- គណៈកម្មាការគ្រប់សហគមន៍ចំនួន ៤៦ រូប
- សមាជិកសហគមន៍ចំនួន ៦៧ រូប
- មន្រ្តីគម្រោង CF-FLEGT នៃមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ ចំនួន ២ រូប