វគ្គបណ្តុះបណ្តាលស្តីពីតួនាទីសហគមន៍ព្រៃឈើ ក្នុងការពង្រឹងការអនុវត្តន៍ច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍
១- សារបាន
កម្មវិធីព្រៃឈើជាតិ (NFP) ដែលរៀបរៀងឡើងក្នុងឆ្នាំ ២០១០ បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តរយៈពេលវែង (២០១០-២០២៩) សំរាប់ការគ្រប់គ្រងធនធានព្រៃឈើជាតិ ប្រកបដោយនិរន្តរភាព។ កម្មវិធីព្រៃឈើជាតិមានកម្មវិធីអាទិភាពចំនួន៦ ក្នុងនោះកម្មវិធីចំនួន២ ដែលមានការពាក់ព័ន្ធ និងផ្តល់ផលប្រយោជន៍ច្រើនដល់ប្រជាសហគមន៍ គឺកម្មវិធីទី៣ (ពង្រឹងការអនុវត្តច្បាប់ព្រៃឈើ និងអភិបាលកិច្ច) ដែលមានគោលបំណងរួម «ពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងអភិបាលកិច្ច នឹងចូលរួមចំណែកក្នុងការគ្រប់គ្រង ការពារ និងអភិវឌ្ឍន៍ព្រៃឈើប្រកបដោយតម្លាភាព ត្រឹមត្រូវ និងមានប្រសិទ្ធិភាព» និងកម្មវិធីទី៤ សហគមន៍ព្រៃឈើ នៃកម្មវិធីព្រៃឈើជាតិ បានដាក់ចេញនូវគោលដៅនៃការបង្កើតសហគមន៍ព្រៃឈើលើ ផ្ទៃដីប្រមាណ ២លានហិកតា (ប្រហែល ១ ០០០ កន្លែង នៅឆ្នាំ ២០២៩) ។ យោងតាមឯកសារស្តិតិសហគមន៍ព្រៃឈើកម្ពុជា ឆ្នាំ ២០១៥ ដែលបោះពុម្ពដោយរដ្ឋបាលព្រៃឈើ ខែកញ្ញា ឆ្នាំ ២០១៥ បានបង្ហាញថា បច្ចុប្បន្ននេះមានសហគមន៍ព្រៃឈើចំនួន ៤៩៩ កន្លែង គ្របដណ្តប់លើផ្ទៃដីទំហំ ៤១៧.៦៣៥ហិកតា និងមានការចួលរួមពីប្រជាជននៅមូលដ្ឋានចំនួន១២០.០៨០គ្រួសារ។ ក្រៅពីរៀបចំបង្កើត និងអភិវឌ្ឍន៍សហគមន៍ព្រៃឈើ កម្មវិធីព្រៃឈើជាតិក៏បានផ្តោតការយកចិត្តទុកដាក់ផងដែរក្នុងការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មឈើនៅកម្ពុជា ។ ដោយមានការកើនឡើងនៃចំនួនសហគមន៍ព្រៃឈើ បណ្តាញសហគមន៍ព្រៃឈើក្នុងខេត្តចំនួន ៩ ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងសហប្រតិបត្តិការនិងសម្របសម្រួលសកម្មភាពសហគមន៍ព្រៃឈើ និងពង្រីកតួនាទីសហគមន៍ព្រៃឈើក្នុងការសម្រេចចិត្តជាគោលនយោបាយ ដើម្បីការពារផលប្រយោជន៍សមាជិកសហគមន៍ព្រៃឈើទាំងអស់ ។
ពង្រឹងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ជាផ្នែកមួយដែល មានសារៈសំខាន់ជាទីបំផុត ព្រោះវាអាចជួយឲ្យមានការប្រើប្រាស់ធនធានព្រៃឈើប្រកបដោយនិរន្តរភាព មានតម្លាភាព បង្កើនបាននូវភាពម្ចាស់ការរបស់សមាជិកសហគមន៍ព្រៃឈើក្នុងការគ្រប់គ្រងតំបន់ព្រៃរបស់ពួកគេ និងនិតិវិធីនៃការសុំការអនុញ្ញាត្តិធ្វើអាជីវកម្ម ឬដឹកជញ្ជូនផលិតផលសហគមន៍របស់ពួកគេទៅកាន់ទីផ្សារ មិនតែប៉ុណ្ណោះវាថែមទាំងបានជួយបង្កើននូវកំរិតជីវភាពរស់នៅរបស់ប្រជាសហគមន៍ឲ្យកាន់តែប្រសើរឡើង ។ ឆ្លើយតបទៅនឹងកម្មវិធីព្រៃឈើជាតិ និងដោយទទួលបានការគាំទ្រហិរញ្ញវត្ថុ ពីកម្មវិធីពង្រឹងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្ម របស់សហគមន៍អឺរ៉ុប តាមរយៈអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (EU FAO FLEGT) មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃ (IRD) នៃរដ្ឋបាលព្រៃឈើបាន និងកំពុងអនុវត្តសាកល្បងគម្រោង ពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍នៅក្នុងខេត្តកំពង់ស្ពឺ ។
សកម្មភាពសាកល្បងគម្រោង «ពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្ម (FLEGT)» នឹងផ្តល់តម្លៃជាពត៌មាន និងអនុសាសន៍ឈានទៅរកការកែលំអរគោលការណ៍ណែនាំអំពីសហគមន៍ព្រៃឈើ ឆ្នាំ២០០៦ ដែលជាក្របខណ្ឌច្បាប់ និងការណែនាំសម្រាប់ការបង្កើតសហគមន៍ព្រៃឈើ និងការគ្រប់គ្រងនៃសហគ្រាសព្រៃឈើ និងផែនការអាជីវកម្ម ។ គោលបំណងនៃគម្រោង FLEGT គឺ «បង្កើនសមត្ថភាពដល់សមាជិកសហគមន៍ព្រៃឈើក្នុងការចូលរួមពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ ស្របតាមកម្មវិធីអាទិភាពទី ៣ និងទី ៤ នៃកម្មវិធីព្រៃឈើជាតិ» ។
នាថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៥ អង្គការ RECOFTC បានសហការជាមួយ ក្រុមការងារពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងផលិតផលសហគមន៍ នៃរដ្ឋបាលព្រៃឈើបានរៀបចំការប៉ានើប្រមាណតម្រូវការវគ្គបណ្តុះបណ្តាល ក្នុងបំណងកំណត់នូវតម្រូវការបណ្តុះបណ្តាលសម្រាប់អ្នកពាក់ពន្ធ័ក្នុងការអនុវត្តគម្រោង ។ កិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរឃុំ គណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើក្នុងគោលដៅទាំងបួនគម្រោង មន្រ្តីរដ្ឋបាលព្រៃឈើមូលដ្ឋាន និងអង្គការដៃគូរ ។ សិក្ខាសាលា បានកំណត់ ចំណុចខ្វះខាតមួយចំនួនរបស់សហគមន៍ និងអ្នកពាក់ពន្ធ័ ព្រមទាំងតម្រូវការវគ្គបណ្តុះបណ្តាលសម្រាប់ពង្រឹកតួនាទីរសហគមន៍ពញរៃឈើក្នុងការអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិផលព្រៃសហគមន៍ ។ អទិភាពកសាងសមត្ថភាពអ្នកពាក់ព័ន្ធមាន ៖ ទស្សទាននៃការពង្រឹងកាអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ (FLEGT), ការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ, អភិបាលកិច្ចព្រៃឈើ, អាជីវកម្មផលិតផលសហគមន៍, ការទំនាក់ទំនង, ការចរចារ, ការដោះស្រាយទំនាស់, ការសម្របសម្រួលអង្គប្រជុំ, ការសេររបាយការណ៍, កំណត់ហេតុប្រជុំ និងការរៀបចំប្រពន្ធ័ទុកដាក់ឯកសារ ។ ដើម្បីរួមចំណែកកសាងសមត្ថភាពអ្នកពាក់ព័ន្ធ ក៏ដូចជាដល់ ប្រសិទ្ធិភាពនៃការអនុវត្តគម្រោង គម្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី តួនាទីសហគមន៍ព្រៃឈើ ក្នុងការពង្រឹងការអនុវត្តន៍ច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និង ពាណិជ្ជកម្មផលិតផលសហគមន៍ សម្រាប់គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ក្រុមប្រឹក្សាឃុំ និងមន្រ្តីរដ្ឋាបាលព្រៃឈើមូលដ្ឋាន ដែលធ្វើការនៅតំបន់គោលដៅគម្រោង។
២- គោលបំណង
វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងការអនុវត្តន៍ច្បាប់ ស្តីពីព្រៃឈើ អភិបាលកិច្ច និង ពាណិជ្ជកម្មផលិតផលសហគមន៍ (FLEGT) នេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖
- បង្កើនការយល់ដឹងពីទស្សនៈទានស្តីពី FLEGT សម្រាប់គណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ និងអ្នកពាក់ពន្ធ័ ទាំងអស់
- បង្កើនសមត្ថភាពគណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ និងអ្នកពាក់ពន្ធ័ទាំងអស់ ពីច្បាប់ស្តីពីព្រៃឈើ, គោលនយោបាយ, និងបទដ្ឋានគតិយុត្តិនានាទាក់ទងទៅនឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងការធ្វើពាណិជ្ជកម្មផលិតផលសហគមន៍
- ពង្រឹងសមត្ថភាពគណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ និងអ្នកពាក់ពន្ធ័លើការប្រើប្រាស់ជំនាញសំខាន់ៗមួយចំនួន (ទំនាក់ទំនង, ការចរចារ, ការសម្របសម្រួល និង ការទុកដាក់ឯកសារ) ដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃក្នុងការអនុវត្តពីតួនាទី និងភារៈកិច្ចក្នុងការចូលរួមអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍
៣- លទ្ធផលរំពឹងទុក
វគ្គបណ្តុះបណ្តាលស្តីពី តួនាទីសហគមន៍ព្រៃឈើ ក្នុងការពង្រឹងការអនុវត្តន៍ច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និង ពាណិជ្ជកម្មផលិតផលសហគមន៍ ដែលមានការចូលរួមពីគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ អាជ្ញាធរភូមិ ក្រុមប្រឹក្សាឃុំ និងមន្រ្តីរដ្ឋបាលព្រៃឈើមូលដ្ឋាន ដែលមានតួនាទីចូលរួមក្នុងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មពិតជាមានសារៈសំខាន់ណាស់ គឺដើម្បីឲ្យគ្រប់ភាគីពាក់ពន្ធ័ទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធិភាព ។ វគ្គបណ្តុះបណ្តាលដែលមានរយៈពេលបី (៣) ថ្ងៃនេះនឹងឲ្យអ្នកចូលរួមទាំងអស់អាច៖
- ពន្យល់បាន ពីទស្សនៈទានរបស់ FLEGT និងដំណើការអនុវត្ត FLEGT ក្នុងបរិបទសហគមន៍ព្រៃឈើ
- អធិប្បាយបានពីមាត្រានានានៃគោលនយោបាយ ច្បាប់ស្តីពីព្រៃឈើ និងបទដ្ឋានគតិយុត្តិនានា ទាក់ទងនឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍
- កំណត់បានពីយន្តការ នៃការសុំអនុញ្ញាត្តិដឹកជញ្ជូនផលិតផលព្រៃសហគមន៍ទៅកាន់ទីផ្សារ
- ប្រើប្រាស់បានជំនាញសំខាន់ៗ (ទំនាក់ទំនង, ការចរចារ, ការដោះស្រាយទំនាស់, ការសម្របសម្រួល និង ការទុកដាក់ឯកសារ) យ៉ាងមានប្រសិទ្ធិភាព ដើម្បីអនុវត្តតួនាទី និងភារៈកិច្ចរបស់ខ្លួនក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍
- រៀបចំ ផែនសកម្មភាពច្បាស់លាស់មួយ សម្រាប់សហគមន៍នីមួយៗ ដើម្បីអនុវត្តបន្ត ក្នុងដំណើការចូលរួមពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលព្រៃសហគមន៍
៤- វិធីសាស្រ្តសម្របសម្រួល
វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ឱកាសដល់សហគមន៍ និង គ្រប់អ្នកពាក់ពន្ធ័ទាំងអស់បានទទួលនូវចំណេះដឹងថ្មីៗ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញ ទៅមក ។ ដើម្បីឲ្យការផ្តល់ និងទទួលនូវចំណេះដឹងនេះ ប្រព្រឹត្តិទៅដោយភាពរលូន អ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាល នឹងជ្រើសរើសវិធីសាស្រ្តមួយចំនួន មកប្រើប្រាស់ដូចជា៖
- បទបង្ហាញដែលបានរៀបចំដោយអ្នកសម្របសម្រួលតាមប្រធានបទ
- សំណួរបំផុសគំនិតសំរាប់ពិភាក្សាក្រុមអ្នកចូលរួមទាំងអស់
- ការពិភាក្សាក្រុមតូច ដោយឆ្លើយសំណួរដែលបានរៀបចំរួច
- ល្បែងថាមពលដើម្បីបង្កបរិយាកាសរីករាយក្នុងវគ្គ
- ការវាយតម្លៃប្រចាំថ្ងៃដើម្បីស្វៃងយល់ពីការយល់ដឹង និងអារម្មណ៍របស់អ្នកចូលរួម
- ការៀបចំផែនការសកម្មភាពពនុវត្តបន្តរបស់សិក្ខាកាមទាំងអស់
៥- កាលបរិច្ឆេទ និង ទីកន្លែង
វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងការអនុវត្តន៍ច្បាប់ ស្តីពីព្រៃឈើ អភិបាលកិច្ច និង ពាណិជ្ជកម្មផលិតផលសហគមន៍នឹងត្រូវរៀនចំឡើងសម្រាប់រយៈពេល បី (០៣) ថ្ងៃ គឺពីថ្ងៃទី ០៩-១១ ខែ មិនា ឆ្នាំ ២០១៦ នៅ សណ្ឋាគារវិមានសុខ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
៦- អ្នកចូលរួម
វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងការអនុវត្តន៍ច្បាប់ ស្តីពីព្រៃឈើ អភិបាលកិច្ច និង ពាណិជ្ជកម្មផលិតផលសហគមន៍ (FLEGT) នឹងអញ្ជើញអ្នកពាក់ពន្ធ័ចូលរួមសរុបចំនួន ៣២ នាក់ ក្នុងនោះមាន៖
- គណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើចំនួន ១៦ នាក់ (មកពីសហគមន៍ព្រៃឈើចំនួន ៤)
- មេភូមិចំនួន ៥ នាក់
- ក្រុមប្រឹក្សាឃុំចំនួន ៣ នាក់ (ឃុំសា្វយរំពារ, ឃុំអូរ និង ឃុំសង្កែ)
- មន្ត្រីរដ្ឋបាលព្រឈើមូលដ្ឋានចំនួន ៣ នាក់ (ផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ, សង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋ និងសង្កាត់រដ្ឋបាលព្រៃឈើគីរីវន្ត័)
- សមាជិកក្រុមការងារពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្ម(FLEGT Taskforce) ចំនួន ៥ នាក់
៧- ធនធានមនុស្ស
វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងការអនុវត្តន៍ច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និង ពាណិជ្ជកម្មផលិតផលសហគមន៍ ជាវគ្គមួយដែលសំខាន់ព្រោះ វាជាមូលដ្ឋានគ្រឹះក្នុងការផ្តល់នូវចំណេះដឹងដល់អ្នកចូលរួម ជាពិសេសប្រធានបទដែលទាក់ទង ច្បាប់ស្តីពីព្រៃឈើ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗដែលទាក់ទង ចំណេះដឹងទទួលបានពីវគ្គបណ្តុះ បណ្តាលនឹងត្រូវយកទៅប្រើប្រាស់ដោយសិក្ខាកាមទាំងអស់ ។ ដូច្នេះដើម្បីធានាឲ្យសិក្ខាកាមអាចយកចំណេះដឹងនេះទៅប្រើប្រាស់បាន អ្នករៀបចំវគ្គបណ្តុះបណ្តាលបានអញ្ជើញមន្រ្តីជំនាញ មកសម្របសម្រួលប្រធានបទ រួមមាន៖
- មន្ត្រីទទួលបន្ទុកការងារអនុវត្តច្បាប់នៃរដ្ឋបាលព្រៃឈើ
- មន្ត្រីមានបទពិសោធន៍លើការងារពាណិជ្ជកម្មព្រៃឈើ នៃរដ្ឋបាលព្រៃឈើ
- មន្ត្រីទទួលបន្ទុកការងារបណ្តុះបណ្តាល នៃអង្គការ រីខូហ្វ