សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការផ្ទៀងផ្ទាត់លទ្ធផលលើការពិនិត្យច្បាប់ព្រៃឈើ និងច្បាប់តំបន់ការពារ
១. សេចក្តីផ្តើម
ប្រទេសកម្ពុជា បានធ្វើការគិតគូពីបរិស្ថាន និងធនធានធម្មជាតិដោយដាក់បញ្ចូលបញ្ហាទាំងនេះទៅក្នុងឯកសាយុទ្ធសាស្រ្តជាច្រើន ដូចជាយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព គឺបានផ្តល់អាទិភាពខ្ពស់ដល់ការការពារបរិស្ថាន។ ជាងនេះទៅទៀត គោលដៅអភិវឌ្ឍន៍សហវត្សរបស់កម្ពុជាបានកំណត់គោលដៅច្បាស់លាស់ក្នុងការរួមបញ្ចូលគោលការណ៍អភិវឌ្ឍន៍ដោយចីរភាព ក្នុងគោលនយោបាយ និងកម្មវិធីរបស់ជាតិ និងកាត់បន្ថយការបាត់បង់នៃធនធានបរិស្ថាន។ ជាងនេះទៅទៀត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP) សម្រាប់ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ក៏បានបញ្ជាក់យ៉ាងច្បាស់ពី សារៈសំខាន់នៃការការពារធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព។
ក្រសួងបរិស្ថាន នៃប្រទេសកម្ពុជា គឺមានភារកិច្ចក្នុងការអនុវត្តច្បាប់បរិស្ថាន និងបទដ្ឋាននានាដែលពាក់ព័ន្ធ ឲ្យស្របទៅតាមរដ្ឋធម្មនុញ្ញដែលរដ្ឋមានតួនាទីក្នុង ការការពារបរិស្ថាន និងធនធានធម្មជាតិ។ ដូចនេះ នៅឆ្នាំ២០១៦ ក្រសួងបរិស្ថានបានដឹកនាំដំណើរការនៃការបង្កើតក្រមបរិស្ថាន និងធនធានធម្មជាតិ (ENR) ដោយក្រមនេះនៅពេលបច្ចុប្បន្នកំពុងស្ថិតក្នុងសេចក្តីព្រាងចុងក្រោយ និងស្ថិតក្នុងដំណើរការបញ្ជូនទៅត្រួតពិនិត្យ នៅទីស្តីការគណៈរដ្ឋមន្រ្តី មុនពេលដាក់ជូនរដ្ឋសភាធ្វើការត្រួតពិនិត្យ និងអនុម័ត។ ហើយនៅពេលដែលក្រមនេះត្រអនុម័តរួច ការកែសម្រួលច្បាប់មួយចំនួនដូចជាច្បាប់ព្រៃឈើ (២០០២) ច្បាប់ជលផល (២០០៦) និងច្បាប់តំបន់ការពារធម្មជាតិ (២០០៧) នឹងត្រូវបើកឲ្យមានការពិភាក្សា និងផ្តល់យោបល់។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម ង៉ាន ចំរើន អនុរដ្ឋលេខាធិកា នៃក្រសួងមហាផ្ទៃ បានបើក ការពិភាក្សាជាមួយអង្គការក្រៅរដ្ឋាភិបាល ពីការកែសម្រួលច្បាប់ព្រៃឈើ និងច្បាប់តំបន់ការពារធម្មជាតិ ដោយបានលើកឡើងថា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(NCDD)និងក្រុមការងារដែលមានតួនាទីកែសម្រួលច្បាប់ព្រៃឈើ និងច្បាប់តំបន់ការពារធម្មជាតិ បានសម្រេចថានឹងផ្អាកដំណើរការនៃការកែសម្រួលនេះជាបណ្តោះអាសន្នរង់ចាំរហូតដល់ក្រមត្រូវបានអនុម័ត។ ក្រមនេះ រំពឹងថានឹងបញ្ចប់នៅដើមឆ្នាំ២០១៨នេះ។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា ក្នុងពេលនេះគឺយើងត្រូវផ្តោតទៅលើក្រម ព្រោះថាវាគឺមានសារៈសំខាន់ណាស់ ដោយវាដូចជាឆ័ត្រគ្របដណ្តប់លើច្បាប់នានាដែលពាក់ព័ន្ធ នឹងធនធានធម្មជាតិ។
ដោយសារតែមានការពន្យាពេលក្នុងការកែសម្រួលនូវច្បាប់ទាំងឡាយពាក់ព័ន្ធនឹងធនធានធម្មជាតិ ដូចនេះអ្នកពាក់ព័ន្ធទាំងអស់ពិសេសសហគមន៍មូលដ្ឋាន គឺមានពេលបន្ថែមទៀតក្នុងការធ្វើការរួមគ្នាដើម្បីសិក្សា និង បញ្ចូលនូវអនុសាសន៍នានាដែលទទួលបានពីបទពិសោធន៍ជាក់ស្តែង។ រីខូហ្វ មជ្ឈមណ្ឌលមនុស្ស និងព្រៃឈើ គឺបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ តាមរយៈគម្រោងពង្រឹងមូលដ្ឋានគ្រឹះច្បាប់នៃការគ្រប់គ្រងធនធាន ធម្មជាតិដោយពឹងផ្អែកលើសហគមន៍ (CBNRM) ដែលគាំទ្រដោយអភិបាលកិច្ចដីក្នុងតំបន់មេគង្គ(MRLG)ក្នុងគោលបំណង ផ្ទៀងផ្ទាត់លទ្ធផលដែលបានពីការពិនិត្យលើច្បាប់ព្រៃឈើ និងច្បាប់តំបន់ការពារថាពិតជា ឆ្លើយតបនឹងបទពិសោធន៍ ដែលបានអនុវត្តដោយសហគមន៍មូលដ្ឋាន និងលទ្ធផលបានពីការអនុវត្តគម្រោងនានា។
២. គោលបំណង
ដើម្បីផ្ទៀងផ្ទាត់លទ្ធផលដែលបានពីការពិនិត្យលើច្បាប់រួមមានច្បាប់ព្រៃឈើ និងច្បាប់ការពារធម្មជាតិ និងអនុសាសន៍ ដើម្បីពង្រឹងសិទ្ធិរបស់សហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រងធនធានធម្មជាតិ
៣.អ្នកចូលរួម
អ្នកចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់នេះរួមមាន៖ តំណាងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការទាក់ទងនឹងការគ្រប់គ្រងធនធានធម្មជាតិ នាយកដ្ឋានបច្ចេកទេសពីក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រូក្ខាប្រមាញ់ និងនេសាទ។ អ្នកចូលរួមមានចំនួន២៤នាក់ ។