សិក្ខាសាលាស្តីពី តួនាទីរបស់សហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍
១- សារបាន
កម្មវិធីព្រៃឈើជាតិ (NFP) ដែលរៀបរៀងឡើងក្នុងឆ្នាំ ២០១០ បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្ត រយៈ ពេលវែង (២០១០-២០២៩) សំរាប់ការគ្រប់គ្រងធនធានព្រៃឈើជាតិ ប្រកបដោយនិរន្តរភាព។ កម្មវិធីព្រៃឈើជាតិមានកម្មវិធីអាទិភាពចំនួន៦ ក្នុងនោះកម្មវិធីចំនួន២ ដែលមានការពាក់ព័ន្ធ និងផ្តល់ផលប្រយោជន៍ច្រើនដល់ប្រជាសហគមន៍ គឺកម្មវិធីទី៣ (ពង្រឹងការអនុវត្តច្បាប់ព្រៃឈើ និងអភិបាលកិច្ច) ដែលមានគោលបំណងរួម «ពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងអភិបាលកិច្ច នឹងចូលរួមចំណែកក្នុងការគ្រប់គ្រង ការពារ និងអភិវឌ្ឍន៍ព្រៃឈើប្រកបដោយតម្លាភាព ត្រឹមត្រូវ និងមានប្រសិទ្ធិភាព» និងកម្មវិធីទី៤ សហគមន៍ព្រៃឈើ នៃកម្មវិធីព្រៃឈើជាតិ បានដាក់ចេញនូវគោលដៅនៃការបង្កើតសហគមន៍ព្រៃឈើលើ ផ្ទៃដីប្រមាណ ២ លានហិកតា (ប្រហែល ១ ០០០ សហគមន៍ នៅឆ្នាំ ២០២៩) ។ យោងតាមឯកសារស្តិតិសហគមន៍ព្រៃឈើកម្ពុជា ឆ្នាំ ២០១៥ ដែលបោះពុម្ពដោយរដ្ឋបាលព្រៃឈើ ខែកញ្ញា ឆ្នាំ ២០១៥ បានបង្ហាញថា បច្ចុប្បន្ននេះមានសហគមន៍ព្រៃឈើចំនួន ៤៩៩ សហគមន៍ គ្របដណ្តប់លើផ្ទៃដីទំហំ ៤១៧.៦៣៥ហិកតា និងមានការចួលរួមពីប្រជាជននៅមូលដ្ឋានចំនួន១២០.០៨០គ្រួសារ។ ដោយមានការកើនឡើងនូវចំនួនសហគមន៍ព្រៃឈើ បណ្តាញសហគមន៍ព្រៃឈើក្នុងខេត្តចំនួន ៩ ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការអនុវត្តសកម្មភាពសហគមន៍ព្រៃឈើ និងពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការចូលរួមសម្រេចចិត្តផ្តល់ជាយោបល់ក្នុងការរៀបចំគោលនយោបាយ ក្នុងការការពារផលប្រយោជន៍សមាជិកសហគមន៍ព្រៃឈើទាំងអស់ ដើម្បីសម្រេចបានការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ។
ការចូលរួមចំណែករបស់សហគមន៍មូលដ្ឋានតាមរយៈ ការចូលរួមគ្រប់គ្រងសហគមន៍ព្រៃឈើ ក្នុងការអនុវត្តច្បាប់ស្តីពីព្រៃឈើអភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ជាផ្នែកមួយដែល មានសារៈសំខាន់ព្រោះអាចជួយឲ្យមានការគ្រប់គ្រង និងប្រើប្រាស់ធនធានព្រៃឈើប្រកបដោយនិរន្តរភាព មានតម្លាភាព បង្កើនបាននូវភាពជាម្ចាស់របស់សមាជិកសហគមន៍ព្រៃឈើក្នុងការគ្រប់គ្រងតំបន់ព្រៃរបស់ពួកគេ និងអាចរួមចំណែកដល់ការគ្រប់គ្រងព្ឬៃឈើជារួម ។ ជាពិសេសការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងការអភិវឌ្ឍន៍សហគមន៍ព្រៃឈើនេះអាចជួយបង្កើននូវកំរិតជីវភាពរស់នៅរបស់ប្រជាសហគមន៍ឲ្យកាន់តែប្រសើរឡើង តាមរយៈការដកហូតផល អនុផលព្រៃឈើជាលក្ខណៈពាណិជ្ជកម្ម ដែលប្រការនេះទាមទារឲ្យមានការគាំទ្រលើនិតិវិធីសុំការអនុញ្ញាត្តិធ្វើអាជីវកម្ម ឬដឹកជញ្ជូនផលិតផលពួកគេទៅកាន់ទីផ្សារ។ ឆ្លើយតបទៅនឹងតម្រូវការនេះ គម្រោង «ពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិផលសហគមន៍ (FLEGT)» តាមរយៈការគាំទ្រហិរញ្ញវត្ថុពីកម្មវិធីពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្ម របស់សហគមន៍អឺរ៉ុប តាមរយៈអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (EU FAO FLEGT) ដែលអនុវត្តមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃ (IRD) នៃរដ្ឋបាលព្រៃឈើ បាននិងកំពុងអនុវត្តសាកល្បងគម្រោង ពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍នៅក្នុងខេត្តកំពង់ស្ពឺ ។
បច្វុប្បន្ននេះខេត្តកំពង់ស្ពឺមានសហគមន៍ព្រៃឈើចំនួន ២៥ សហគមន៍ ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណជា ១៣ ៧៧៩ ហិកតា។ ក្នុងនោះមានសហគមន៍ព្រៃឈើចំនួន ១១ សហគមន៍ ត្រូវបានបង្កើតឡើងតាមរយៈការគាំទ្រពីគម្រោងគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព (SFM) ដែលផ្តល់មូលនិធិដោយ UNDP/GEFs ។ គម្រោងសាកល្បងនេះនឹងអនុវត្តនៅសហគមន៍ព្រៃឈើចំនួន ៤ ដែលបច្ចុប្បន្ននេះកំពុងធ្វើការសាកល្បងប្រមូលផលឬស្សី អនុលោមតាមការផែនការគ្រប់គ្រងព្រៃសហគមន៍ ។ សមាជិកសហគមន៍ព្រៃឈើបានចងក្រងក្រុមសហគ្រាសដើម្បីដំណើរការអាជីវកម្មឬស្សីដែលភា្ជប់ជាមួយផែនការគ្រប់គ្រងព្រៃសហគមន៍ ។ ក្រុមសហគ្រាស និងផែនការអាជីវកម្ម មិនទាន់មានភាពច្បាស់លាស់ ស្របតាមច្បាប់ព្រៃឈើឡើយ ប៉ុន្តែវាបង្កើតបានជាគំរូដ៏ល្អមួយជាឧទាហរណ៍នៃការធ្វើពាណិជ្ជកម្មខ្នាតតូច លើធនធានសហគមន៍ព្រៃឈើនាពេលអនាគត ។
សកម្មភាពសាកល្បងគម្រោង «ពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ (FLEGT)» នឹងផ្តល់ជាពត៌មាន និងអនុសាសន៍ដើម្បីរួមចំណែកក្នុងការកែលំអរគោលការណ៍ណែនាំអំពីសហគមន៍ព្រៃឈើ ឆ្នាំ២០០៦ ដែលជាក្របខណ្ឌច្បាប់ និងការណែនាំសម្រាប់ការបង្កើតសហគមន៍ព្រៃឈើ និងការគ្រប់គ្រងនៃសហគ្រាសព្រៃឈើ និងផែនការអាជីវកម្ម ។ គោលបំណងនៃគម្រោង FLEGT គឺ «បង្កើនសមត្ថភាពដល់សមាជិកសហគមន៍ព្រៃឈើក្នុងការចូលរួមពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ ស្របតាមកម្មវិធីអាទិភាពទី ៣ និងទី ៤ នៃកម្មវិធីព្រៃឈើជាតិ» ។
ចាប់ពីថ្ងៃទី០២ ដល់ ថ្ងៃទី ៣០ ខែ វិច្ឆិកា ២០១៥ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃ (IRD) នៃរដ្ឋបាលព្រៃឈើបានធ្វើការប៉ាន់ប្រមាណ តួនាទីសហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ នៅក្នុងខេត្តចំនួន៣គឺៈ ខេត្តកំពង់ស្ពឺ កំពង់ធំ និងក្រចេះ។ ការប៉ាន់ប្រមាណនេះ មានបំណងសំខាន់គឺសិក្សាលើការប្រតិបត្តិល្អ និងឧបសគ្គទាក់ទងជាមួយតួនាទីរបស់សហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ ក្នុងខេត្តកំពង់ស្ពឺ កំពង់ធំ និងក្រចេះ។ ការប៉ាន់ប្រមាណនេះបានផ្តោតលើ សមាស ភាពសំខាន់ៗចំនួន ៣គឺៈ អភិបាលកិច្ចសហគមន៍ព្រៃឈើ ការអនុត្តច្បាប់ស្តីពីព្រៃឈើ និងពាណិជ្ជកម្មផលិតផលសហគមន៍។ តាមរយៈការប៉ាន់ប្រមាណនេះក្រុមការងារបានរកឃើញនូវនូវចំណុចខ្លាំង ចំណុចខ្សោយ លើការងារអភិបាលកិច្ច ការអនុវត្តច្បាប់ និងពាណិកម្មផលិផលសហគមន៍ ។ ដើម្បីឲ្យលទ្ធផលនេះបានផ្សព្វផ្សាយទូលំទូលាយដល់សហគមន៍ និងអ្នកពាក់ពន្ធ័បានជ្រួតជ្រាប និងផ្តល់ការកែលំអរ ដើម្បីធានានូវ សុក្រិតភាពភាពលទ្ធផលនៃការប៉ាន់ប្រមាណ ក្រុមការងារគម្រោងរៀបចំសិក្ខាសាលានេះឡើង ។
២- គោលបំណង
សិក្ខាសាលាថ្នាក់ជាតិស្តីពី «តួនាទីរបស់សហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍» នេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖
- បង្ហាញនូវលទ្ធផលនៃការប៉ាន់ប្រមាណតួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច ពាណិជ្ជកម្មផលិតផលសហគមន៍ ដល់គណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ និងអ្នកពាក់ពន្ធ័ទាំងអស់ ។
- ស្វែងរកអនុសាសន៍របស់អ្នកពាក់ពន្ធ័លើលទ្ធផលនៃការប៉ាន់ប្រមាណតួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច ពាណិជ្ជកម្មផលិតផលសហគមន៍ ដែលបានរកឃើញដោយក្រុមការងារប៉ាន់ប្រមាណ ។
៣- ការរំពឹងទុករបស់សិក្ខាសាលា
បន្ទាប់ពីសិក្ខាបានចូលរួមក្នុងសិក្ខាសាលានេះ សិក្ខាកាមនឹង៖
- មានការយល់ដឹងកាន់តែច្បាស់ពីទស្សទាននៃ «គម្រោងពង្រឹងតួនាទីរបស់សហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងការធ្វើពាណិជ្ជកម្មផលិតផលសហគមន៍»
- ទទួលបានបទពិសោធន៍ពីដំណើការអនុវត្ត តួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍
- ទទួលបាននូវមតិយោបល់ចូលរួមរបស់សិក្ខាម លើលទ្ធផលនៃការប៉ាន់ប្រមាណតួនាទីរបស់សហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងការធ្វើពាណិជ្ជកម្មផលិតផលសហគមន៍
៤- កាលបរិច្ឆេទ និង ទីកន្លែង
សិក្ខាសាលាស្តីពី «តួនាទីរបស់សហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍» សម្រាប់រយៈពេលមួយព្រឹក គឺថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៦ វេលាម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់ នៅសាលប្រជុំនៃភោជនីយដ្ឋានបាសាក់ ២ រាជធានីភ្នំពេញ ។
៥- អ្នកចូលរួម
សិក្ខាសាលាថ្នាក់ជាតិស្តីពី «តួនាទីរបស់សហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍» នឹងអញ្ជើញអ្នកពាក់ពន្ធ័ចូលរួមសរុបចំនួន ៥០នាក់ ក្នុងនោះមាន៖
- សមាគមឈើកម្ពុជាចំនួន ១ នាក់
- សមាគមផ្តៅកម្ពុជាចំនួន ១ នាក់
- អង្គការក្រៅរដ្ឋាភិបាលចំនួន ២ នាក់ (WWF និង WCS)
- រដ្ឋបាលព្រៃឈើមូលដ្ឋាន ចំនួន ៦ នាក់ (ខណ្ឌរដ្ឋបាលព្រឈើកណ្តាល, ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ, ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ, ផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ, សង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋ និងសង្កាត់រដ្ឋបាលព្រៃឈើគីរីវន្ត័)
- សមាជិកក្រុមការងារពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្ម(FLEGT Taskforce) ចំនួន ៥ នាក់
- បណ្តាញសហគមន៍ព្រៃឈើខេត្តចំនួន២ នាក់ (កំពង់ធំ ក្រចេះ)
- លេខាធិការដ្ឋាន រ៉េដបូក ១ នាក់
- គម្រោងគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ១ នាក់
- គណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើចំនួន ១៦ នាក់ (មកពីសហគមន៍ព្រៃឈើចំនួន ៤)
- មេភូមិចំនួន ៩ នាក់
- ក្រុមប្រឹក្សាឃុំចំនួន ៣ នាក់ (ឃុំសា្វយរំពារ, ឃុំអូរ និង ឃុំសង្កែ)
- តំណាងអង្គការ ហ្វាវ (FAO) ចំនួន ១ នាក់
- តំណាង សហគមន៍អឺរ៉ុបចំនួន ១ នាក់
សម្រាប់ព័ត៌មានបន្ថែមស្តីពីសិក្ខាសាលានេះសូមទំនាក់ទំនង
លោក ទេព ថាវរិន្ទ មន្ត្រីពង្រឹងសមត្ថភាពបណ្តាញសហគមន៍ព្រៃឈើ សម្រាប់គម្រោងពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ នៃមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) ។
ទូរសព្ទ័លេខៈ (៨៥៥) ១២ ៩៥៥ ៨៤៥ និង
សារអេឡិចត្រូនិកៈ tep.thavrin@recoftc.org