ការផ្សព្វផ្សាយចំណេះដឹងស្តីពីរេដបូក
១- សេចក្តីផ្តើម
យន្តការរេដបូកមានឥទ្ធិពលដោយផ្ទាល់លើជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ដែលមានជីវភាពពឹងអាស្រ័យលើធនធានព្រៃឈើ។ ជាទូទៅប្រជាសហគមន៍ទាំងនេះទទួលបានព័ត៌មានតិចតួចពីការវិវត្តន៍រេដបូកដោយសារពួកគេមិនសូវមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធព័ត៌មានដូចជាបណ្តាញសង្គម ឬអ៊ីម៉ែលជាដើម។ ការចូលរួមពេញលេញរបស់សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច ជាកត្តាចាំបាច់ដើម្បីអនុវត្ត យន្តការរេដបូក ឲ្យទទួលបានជោគជ័យ។ ការផ្សព្វផ្សាយព័ត៌មាននិងការលើកកំពស់ចំណេះដឹងស្តីពីរេដបូកដល់ជនជាតិដើមភាគតិចនិងសហគមន៍មូលដ្ឋាន បានរួមចំណែកលើកកំពស់ ការចូលរួម របស់ពួកគេក្នុង យន្តការរេដបូក ប្រកបដោយប្រសិទ្ធភាព។ នៅឆ្នាំ២០១៣ ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជាត្រូវបានបង្កើតឡើង ដែលមានតំណាងមកពី សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន។ ក្រុមប្រឹក្សាយោបល់មានសមាជិក១៨ នាក់ រួមមាន តំណាង អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ (២នាក់) អង្គការក្រៅរដ្ឋាភិបាលជាតិ (២នាក់) សង្គមស៊ីវិល (២នាក់) គ្រឹះស្ថានឧត្តមសិក្សា (២នាក់) វិស័យឯកជន (២នាក់) សហគមន៍ព្រៃឈើ (២នាក់) សហគមន៍នេសាទ(២នាក់) សហគមន៍តំបន់ការពារធម្មជាតិ (២នាក់) និងជនជាតិដើម (២នាក់)។ តួរនាទីសំខាន់របស់ក្រុមប្រឹក្សាយោបល់រេដបូកគឺ ពាំនាំព័ត៌មាន និងការសម្រេចចិត្តស្តីពីរេដបូកដែលធ្វើ ឡើងនៅថ្នាក់ ជាតិ ទៅគ្រប់អ្នកពាក់ព័ន្ធដែលជាសមាជិកក្រុមរបស់ខ្លួន ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនិងថ្នាក់សហគមន៍ ព្រមទាំងទទួលយកនូវរាល់បញ្ហា និងកង្វល់ដែលសហគមន៍ជួបប្រទះនៅមូលដ្ឋានមកថ្នាក់ជាតិវិញ។
ទន្ទឹមនឹងការពង្រឹងប្រសិទ្ធភាពនៃការចែករំលែកព័ត៌មាន និងទទួលយោបល់ត្រឡប់ពីអ្នកពាក់ព័ន្ធតាមរយៈ យន្តការក្រុមប្រឹក្សាយោបល់រេដបូកនេះការបង្កើនចំណេះដឹងពីរេដបូកដល់អ្នកពាក់ព័ន្ធទាំងអស់ជា ពិសេសជនជាតិដើមភាគតិច សហគមន៍ព្រៃឈើ សហគមន៍នេសាទ និង សហគមន៍តំបន់ការពារធម្មជាតិជាការចាំបាច់ក្នុងការលើកកំពស់ការចូលរួម និងការផ្តល់យោបល់ពីបញ្ហាកង្វល់របស់ពួកគេទាក់ទងនឹង ការអភិវឌ្ឍរេដបូកនៅកម្ពុជា។
នៅឆ្នាំ២០១៥ ការផ្សព្វផ្សាយបង្កើនចំណេះដឹងពីរេដបូកបានរៀបចំឡើងចំនួន០៩លើក ដល់ជនជាតិដើមភាគតិច នៅខេត្តស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី។ ផ្តើមចេញពីលទ្ធផលនៃការផ្សព្វផ្សាយនេះ ផែនការក្រុមប្រឹក្សាយោបល់រេដបូកនៅឆ្នាំ២០១៧ បានដាក់បញ្ចូលនូវសកម្មភាពផ្សព្វផ្សាយបង្កើនចំណេះដឹងពីរេដបូកដល់ជនជាតិដើមភាគតិច សហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ ចំនួន១២លើកបន្ថែមទៀត។
២- គោលបំណង
ការផ្សព្វផ្សាយចំណេះដឹងនេះ រៀបចំឡើងក្នុងគោលបំណងដើម្បី៖
- ផ្តល់ការយល់ដឹងពីរេដបូក ផ្សាភ្ជាប់នឹងចំណេះដឹង និងបទពិសោធន៍ដែលសហគមន៍មាន៖ ផលប្រយោជន៍ព្រៃឈើ ការបាត់បង់ព្រៃឈើ និងវិធានការឆ្លើយតប
- ចែករំលែក និងពិភាក្សាពីយន្តការផ្សព្វផ្សាយព័ត៌មាន និងទទួលយោបល់ត្រឡប់សម្រាប់រេដបូក
- ទទួលមតិយោបល់បន្ថែមពីសហគមន៍ពីតម្រូវការសមត្ថភាព និងព័ត៌មាន ដើម្បីចូលរួមក្នុងសកម្មភាពរេដបូក។