RECOFTC កម្ពុជា
ព្រឹត្តិការណ៍

វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ដំណើរការ​ ការ​សរសេរ​ផែនការ​គ្រប់គ្រង​ព្រៃ​សហគមន៍ និង​សេចក្តី​ផ្តើម​ពី​វិធី​សាស្រ្ត​រុក្ខវប្បកម្ម

Mar 15
2016
-
18
Location
ខេត្តក្រចេះ
RECOFTC Events

សេចក្តីផ្តើម

កម្មវិធីភាពដៃគូលើវិស័យព្រៃឈើ និងជលផលនៅកម្ពុជា ឬកម្មវិធីដៃគូដើម្បីគាំទ្រសហគមន៍ព្រៃឈើ និងសហគមន៍នេសាទ (PaFF) អនុវត្តនៅខេត្តក្រចេះនិងស្ទឹងត្រែងដែលមានរយៈពេលជាង០៨ឆ្នាំពោលគឺចាប់ឆ្នាំ​២០១៤ ​ដល់ឆ្នាំ២០២២។ កម្មវិធីនៃគម្រោងនេះមានការចូលរូមសហការអនុវត្តពីអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តក្រចេះនិងខេត្តស្ទឹងត្រែង រួមទាំងមន្រ្តីរដ្ឋបាលព្រៃឈើ និងជលផលមូលដ្ឋាន និងថ្នាក់ជាតិ​ផងដែរ។ ​កម្មវិធី ដៃគូនេះក៏បានប្រកាសជាផ្លូវការនៅក្នុងសិក្ខាសាលាថ្នាក់ជាតិកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះដែលសហការរៀបចំ និងអនុវត្តកម្មវិធីពីសំណាក់អង្គការចំនួន០៤គឺអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ(NTFP-EP) មជ្ឈមណ្ឌលសម្រាប់មនុស្ស​និងព្រៃឈើ(RECOFTC)អង្គការWWF និងអង្គការសមាគមថែរក្សាវប្បធម៌ និងបរិស្ថាន(CEPA)។ ជាពិសេសកមានការចូលរួម និងគាំទ្រពី រដ្ឋបាលព្រៃឈើ រដ្ខបាលជលផល អាជ្ញាធរខេត្តក្រចេះ និងខេត្តស្ទឹងត្រែង និងភ្នាក់ងារស្វីសដើម្បីអភិវឌ្ឍន៍ និងសហប្រតិបត្តិការនៅកម្ពុជាផងដែរ ។​

នៅក្នុងដំណាក់កាលដំបូង កម្មវិធីនេះបានកំណត់យកសហគមន៍ព្រៃឈើចំនួន ១៥ ជាតំបន់គោលដៅនៃកម្មវិធី ក្នុងនោះ ខេត្តក្រចេះមាន១០សហគមន៍ និងខេត្តស្ទឹងត្រែងមាន៥សហគមន៍ ។ ទាក់ទងលទ្ធផល​ទី១នៃកម្មវិធី​ មានវិស័យព្រៃឈើ និងការគាំទ្រសហគមន៍ព្រៃឈើ អង្គការ RECOFTC គឺជាអ្នកសម្របសម្រួល ។ អង្គការ NTFP-EP ជាអ្នកសម្របសម្រួលរួម​ និងទទួលសម្របសម្រួលលើលទ្ធ ផលទី ២ ទាក់ទងនឹងការបង្កើនជីវភាពសហគមន៍ អង្គការ WWF ជាអ្នកសម្របសម្រួលលទ្ធផលទី ៣ទាក់ទងនឹងការពង្រឹងលក្ខខណ្ឌគោលនយោបាយ និងអង្គការ CEPA ជាអ្នកសម្របសម្រួល លើ សហគមន៍នេសាទ ។

ក្នុងការដំណើររៀបចំ​ និង និយត័កម្មសហគមន៍ព្រៃឈើបានឈានដល់ដំណើរការរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍។ ផែនការគ្របគ្រងព្រៃសហគមន៍គឺជាបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងព្រៃ សហគមន៍ដែលនឹងត្រូវអនុវត្តដើម្បីសម្រេចបានគោលបំណងដែលបានកំណត់។

ដើម្បីបង្កើនសមត្ថភាពបន្ថែមដល់អ្នកពាក់ព័ន្ធសំខាន់ៗដូចជាអង្គការដៃគូរ រដ្ឋបាលព្រៃឈើនិងសហគមន៍នៅក្នុងដំណើរការរៀបចំរហូតដល់ការអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍ RECOFTC នឹងរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពីដំណើរការ និង​ការសរសេរផែនការគ្រប់គ្រងព្រៃសហគមន៍ និងសេចក្តីផ្តើមពីវិធីសាស្រ្តរុក្ខវប្បកម្ម ដែលជាយុទ្ធសាស្រ្ត និងមគ្គុទេសក្នុងការគ្រប់គ្រងព្រៃសហគមន៍សម្រាប់រយៈពេលវែង។

គោលបំណង

នៅចុងបបញ្ចប់នៃវគ្គបណ្តុះបណ្តាលនេះ​សិក្ខា​កាម​នឹងអាច៖

  • ដឹងថា តើការចូលរួមមានសារៈសំខាន់យ៉ាងណាខ្លះដូចម្ដេចចំពោះការរៀបចំផែនការគ្រប់​គ្រងសហគមន៍ ព្រៃឈើ
  • យល់ដឹងពីច្បាស់ថាអ្វីទៅផែនការគ្រប់គ្រងសហគមន៍? និងអាចដឹងពីដំណើរការនៃការរៀបចំផែនការគ្រប់គ្រង និងការណែនាំអំពីបញ្ជីផ្ទៀងផ្ទាត់ផែនការគ្រប់គ្រងព្រៃសហគមន៍ តាមលក្ខណៈវិនិ ច្ឆ័យ និងសូចនាករ នៃមាតិការសរសេរផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ
  • លក្ខខ័ណ្ឌនានា​ដែលអាចធ្វើអោយមាននិរន្ដភាពលើការប្រើប្រាស់ទៅតាមមុខងារចំរុះ​របស់​ធនធានព្រៃឈើនិងផែនការគ្រប់គ្រងរយៈពេលវែងនៃការគ្រប់គ្រងសហគមន៍​ព្រៃឈើ

វិធីសាស្ដ្រសម្របសម្រួលវគ្គ

ក្នុងការរៀបចំផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ ចំណុចសំខាន់គឺត្រូវធ្វើអោយ​ប្រាកដ​​ថា ផែនកា​រ​នេះបាន រៀបចំឡើងក្នុងដំណើរការដោយមានការចូលរួមដែលក្នុងនោះ ការចូលរួម​របស់​សហគមន៍​មាន​ភាពសំខាន់ហើយតំរូវអោយមានការគាំទ្រជាបន្ដសំរាប់​ដំណាក់​កាលនេះ​នៃដំណើរ​ការ ។ ដូច្នេះដំណើរការដោយមានការចូលរួម វិធីសាស្ដ្រ និង​ ឧបករណ៍​​ដែលនឹង​ប្រើប្រាស់សំរាប់វគ្គនេះ​គឺជាការ​ជំរុញ​អោយមានការចូលរួមពីគ្រប់អ្នករៀន​សូត្រ​​ទាំងអស់និង​ដើម្បី​អោយសិក្ខាកាមកសាងលើ​បទ​ពិសោធន៍​នៅមូលដ្ឋានបន្ថែមទៀត ។ មេរៀនក្នុងវគ្គនេះនឹង​មានភាពទាក់ទងគ្នារវាងការផ្ដល់បទ​ឧទ្ទេស​ការពិភាក្សា និងការអនុវត្ដនៅមូលដ្ឋាន។ មេរៀន​នីមួយៗ​​នឹងសំរបសំរួល ដល់ការរៀនសូត្រ និង​ចែក​រំលែកនូវ​ព័ត៌មានពីអ្នកបង្រៀនដល់សិក្ខាកាម​មានការឆ្លុះបញ្ចាំងជាបន្ដបន្ទាប់ដោយភ្ជាប់ ពីការ​រៀន​សូត្រ​ក្នុងវគ្គទៅនឹងបរិបទដែលជាបទពិសោធន៍​របស់សិក្ខាកាមម្នាក់ៗ។ ការចុះទៅមូលដ្ឋាន និង​ការ​ចែករំលែកបទ​ពិសោធន៍​ដែលជា​ការរៀនសូត្របានឹងជាផ្នែកសំខាន់នៃគ្រប់មេរៀននីមួយៗរបស់​វគ្គ​នេះ ។

  • ការបំផុសគំនិត
  • ការពិភាក្សារួម
  • ការផ្លាស់ប្ដូរបទពិសោធន៍របស់សិក្ខាកាមដែលមាននៅមូលដ្ឋាន
  • លំហាត់ជាក្រុម
  • បទបង្ហាញ
  • ល្បែងថាមពល
  • ការរៀបចំផែនការសកម្មភាព
  • ការវាយតម្លៃប្រចាំថ្ងៃ

ពេលវេលា និងទីកន្លែង

វគ្គនេះនឹងរៀបចំនៅសណ្ឋាគារហ៊រ ប៊ុន្នីខេត្តក្រចេះដែលមានរយៈពេល០៤ថ្ងៃគឺពី​ថ្ងៃទី ១​៥ ដល់​១៨ ខែមីនា ឆ្នាំ២០១៦ ។