សិក្ខាសាលាចាប់ផ្តើមគម្រោងការកសាងសមត្ថភាពសម្រាប់ការបន្ស៊ាំដោយផ្អែកទៅលើប្រព័ន្ធអេកូឡូស៊ី ក្នុងអនុគម្រោងផ្ទៃរងទឹកភ្លៀងអូរប៉រ
១ សេចក្តីផ្តើម
តំបន់ដែនជម្រកសត្វព្រៃកែវសីមា ជាតំបន់មួយដែលស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា ដែលមួយផ្នែកធំនៃតំបន់នេះស្ថិតក្នុងខេត្តមណ្ឌលគិរី និងមួយផ្នែកតូចស្ថិតក្នុងខេត្តក្រចេះ ។ តំបន់នេះ ជាអតីតតំបន់អភិរក្សជីវៈចម្រុះសីមា(SPF) ហើយត្រូវបានចាត់ថ្នាក់ឡើងវិញដោយរាជរដ្ឋាភិបាលកម្ពុជា ជាតំបន់ដែនជម្រកសត្វព្រៃកែវសីមា(KSWS) ក្រោមអនុក្រឹត្យលេខ ៨៣ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ និងផ្ទេរការគ្រប់គ្រងទៅអោយក្រសួងបរិស្ថានវិញ។ តំបន់នេះ ជាផ្នែកមួយនៃទឹកដីកំណើតតាំងពីដូនតារបស់ជនជាតិដើមភាគតិចព្នងយ៉ាងច្រើនរស់នៅ ហើយព្រៃឈើគឺជាប្រភពប្រាក់ចំណូលដ៏សំខាន់ និងជាកន្លែងនៃជំនឿរបស់ពួកគាត់ថែមទៀតផង។ គួរឲ្យកត់សម្គាល់ផងដែរថា តំបន់នេះជាជម្រកមួយដ៏សំខាន់សម្រាប់សត្វមានឆ្អឹងខ្នងចំនួន៤១ប្រភេទ ដែលទទួលរងការគម្រាមកំហែងទូទាំងសាកលលោក ត្រូវបានរកឃើញនៅក្នុងតំបន់នេះ ក្នុងនោះរួមមាន៖ ដំរីអាស៊ី អម្បូរស្វា អម្បូរគោសាទិស អម្បូរមំសាសី និងពពួកបក្សីដូចជា ត្រយ៉ងយក្ស និងក្ងោក។ តំបន់ផ្ទៃរងទឹកភ្លៀងអូរប៉រ(ដែលស្គាល់ជាតំបន់សហគមន៍ព្រៃផ្តល់ផល)ស្ថិតក្នុងឃុំស្រែព្រះ ដែលមានផ្ទៃដី ៩០៧០ហិកតា ស្ថិតនៅក្នុងភូមិពូចារ អូរច្រានិងពូគង់។ ឃុំស្រែព្រះ គឺជាឃុំមួយក្នុងចំណោមឃុំទាំង៦ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា។ ក្នុងកំឡុងឆ្នាំ២០០៧ អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បាននឹងកំពង់ធ្វើការជាមួយសហគមន៍នៅក្នុងឃុំស្រែព្រះ ដើម្បីរៀបចំបង្កើត និងស្វែងរកវិធីសាស្ត្រ សម្រាប់ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពក្នុងគោលបំណងចូលរួមកាត់បន្ថយភាពក្រីក្រ រក្សាគម្របព្រៃឈើ តម្លៃការអភិរក្សសង្គម និងជីវចម្រុះ និងបង្កើននូវភាពធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ។
គម្រោងការកសាងសមត្ថភាពសម្រាប់ការបន្ស៉ាំដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ីក្នុងអនុគម្រោងផ្ទៃរងទឹកភ្លៀងអូរប៉ររបស់គម្រោងរបៀងអភិរក្សជីវចម្រុះមហាអនុតំបន់មេគង្គ(BCC)នេះមានរយៈពេល២ឆ្នាំ ដោយផ្តោតលើការអភិវឌ្ឍន៍នូវជំនាញសំខាន់ៗ និងបទពិសោធន៍ទាំងសហគមន៍មូលដ្ឋាន និង មន្ត្រីរដ្ឋាភិបាលពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ សម្រាប់ធ្វើការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដើម្បីបង្កើននូវភាពធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងនេះមានគោលបំណង ផ្តល់នូវការការពារដល់សហគមន៍និងសត្វព្រៃ ដោយ(ក)បង្កើតឱ្យមានសិទ្ធិកាន់កាប់ដីធ្លីសម្រាប់ការគ្រប់គ្រងជាលក្ខណសហគមន៍ក្នុងដែនជម្រកសត្វព្រៃកែវសីមា(KSWS)និង(ខ) ផ្តល់ជម្រើសសេដ្ឋកិច្ចតាមរយៈសហគ្រាសសហគមន៍ដែលអនុវត្តន៍ការប្រើប្រាស់ដីដែលរេចរិល។ គម្រោងនឹងសម្រួលដល់ការរីកចម្រើនក្នុងការបង្កើតសហគ្រាសសហគមន៍ព្រៃឈើ(CFE)ក្រោមដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ទៅជាការគ្រប់គ្រងដែនសមត្ថកិច្ចថ្មីរបស់តំបន់ដែនជម្រកសត្វព្រៃកែវសីមា តាមរយៈការរៀបចំបង្កើតជាសហគមន៍តំបន់ការពារធម្មជាតិ និងផ្តោតលើការបង្កើតសហគ្រាសកែច្នៃអនុផលព្រៃឈើជាលក្ខណៈសហគមន៍។
២ គោលបំណង
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖
- ផ្សព្វផ្សាយអំពីការចាប់ផ្តើមការអនុវត្តគម្រោងរបៀងអភិរក្សជីវចម្រុះមហាអនុតំបន់មេគង្គផ្តោតលើការកសាងសមត្ថភាពសម្រាប់ការបន្ស៊ាំដោយផ្អែកទៅលើប្រព័ន្ធអេកូឡូស៊ីនៅក្នុងអនុគម្រោងផ្ទៃរងទឹកភ្លៀងអូរប៉រ
- ផ្សព្វផ្សាយដល់អ្នកចូលរួមអំពីគម្រោងនិងទទួលនូវមតិ/អនុសាសន៍ក្នុងដំណើរការគម្រោង
- ពិភាក្សាអំពីយុទ្ធសាស្រ្តសំខាន់ៗដែលឆ្លើយតបទៅនឹងការសិក្សានូវក្នុងរបាយការណ៍វិសាលភាពគម្រោង
៣. អ្នកចូលរួម
នៅក្នុងសឹក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងនេះ នឹងអញ្ជើញតំណាងភាគីពាក់ព័ន្ធ ពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋាន ដើម្បីពិភាក្សានូវផែនការអនុវត្តនាពេលខាងមុខ ជាមួយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) ក្នុងភាពជាដៃគូអនុវត្តជាមួយអង្គការមនុស្ស និងព្រៃឈើ(RECOFTC) និងអង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា(CRDT) ក្រោមជំនួយឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ហើយប្រតិបត្តិដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អ្នកចូលរួមក្នុងសិក្ខាសាលានេះមានចំនួន ៤៨នាក់ ក្នុងនោះស្រ្តីចំនួន ០៤នាក់។