ដំណើរឆ្ពោះទៅមុខនៃសហគមន៍ព្រៃឈើក្នុងប្រទេសកម្ពុជា
នាថ្ងៃទី០៥ និង០៦ ខែធ្នូ ឆ្នាំ២០១៩ រីខូហ្វ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត បានគាំទ្រ និងសហការជាមួយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរៀបចំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើជាតិ (ជ.គសកស) ដោយមានការចូលរួម ចំនួន ១៤៣នាក់ (ស្រ្តី ២១នាក់) ក្នុងនោះមាន រដ្ឋបាលព្រៃឈើថ្នាក់ជាតិ រដ្ឋបាលព្រៃឈើមូលដ្ឋាន សហគមន៍ព្រៃឈើ និងអង្គការដៃគូ អភិវឌ្ឍន៍ ដែលធ្វើការលើវិស័យព្រៃឈើក្នុងប្រទេសកម្ពុជា។
អ្នកស្រី ហ៊ូ កល្យាណ នាយិការអង្គការរីខូហ្វប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋបាលព្រៃឈើ ដែលបានរៀបចំនូវកិច្ច ប្រជុំនេះ ក៏ដូចជាផ្តល់ឳកាសឲ្យអ្នកពាក់ព័ន្ធទាំងអស់បានចូលរួម និងរំពឹងយ៉ាងមុតមាំថា កិច្ចប្រជុំនេះជាឳកាសក្នុងការចែករំលែកនូវព័ត៌មានរវាងគ្នាទៅវិញទៅមក ដើម្បីរួមគ្នាកំណត់នូវសកម្មភាពជាយុទ្ធសាស្រត ក្នុងការគាំទ្រដល់ការងារគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ព្រៃឈើក្នុងប្រទេសកម្ពុជា។
គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ជាតិត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលព្រៃឈើនិងអ្នកពាក់ព័ន្ធ ចែករំលែកនូវព័ត៌មាន គាំទ្រដល់ភាគីពាក់ព័ន្ធ រៀបចំនូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តដើម្បីអភិវឌ្ឍន៍សហគមន៍ព្រៃឈើនៅកម្ពុជា ឲ្យមានប្រសិទ្ធភាព។
ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិកា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាគណៈអធិបតីនៃកិច្ចប្រជុំនេះ បានសំដែងនូវ មោទនភាព សម្រាប់ការវិវត្តន៍របស់សហគមន៍ព្រៃឈើក្នុងប្រទេសកម្ពុជា ដោយរំលឹកថា “ការសាកល្បងដំបូង សហគមន៍ព្រៃឈើមានទំហំត្រឹមតែ ៥០០ហិចតាប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងដល់ ៦៣៦កន្លែង គ្របដណ្តប់លើផ្ទៃដីព្រៃទំហំ ៥១៦ ៨១៧ហិកតា” ។ ទំហំនេះកើនឡើង ១០០០ដង ក្នុងរយៈពេល២៥ឆ្នាំនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍សហគមន៍ព្រៃឈើក្នុងប្រទេសកម្ពុជា។
“ដីជាទ្រព្យសម្បត្តិមានតម្លៃ ប្រសិនបើបាត់បង់ដី [ព្រៃឈើ] ការការពារ ការអភិវឌ្ឍន៍ព្រៃឈើ ការលើកកម្ពស់ជីវភាពក៏មិនអាចមានដែរ ដូចនេះការធ្វើផែនការគ្រប់គ្រងដី [សហគមន៍ព្រៃឈើ] ដែលសហគមន៍ទទួលបាន គឺជាការចាំបាច់ ” ។ ក្នុងផែនការនោះផងដែរ ក៏គួរតែបញ្ចូលសកម្មភាពលើកកម្ពស់ជីវភាព ដើម្បីជួយដល់ការចូលរួមរបស់សហគមន៍ និងការគ្រប់គ្រងព្រៃសហគមន៍ឲ្យកាន់តែមានប្រសិទ្ធិភាព “ក្រសួងគាំទ្រដល់ការបញ្ចូលនូវកម្មវិធីអភិវឌ្ឍជីវភាព តាមរយៈការដាំឈើនៅតំបន់រេចរិល ដែលអាចរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍” នេះបើយោងតាមប្រសាសន៍ ឯកឧត្តម អ៊ុង សំអាត ក្នុងពិធីបើកកិច្ចប្រជុំលើកទី ៦ នៃ ជ.គសកស។
សហគមន៍ព្រៃឈើនៅកម្ពុជាបានរៀបចំបង្កើតតាំងពីឆ្នាំឆ្នាំ១៩៩៤ តាមរយៈគម្រោងសាកល្បងដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អង្គការដៃគូជាតិអន្តរជាតិ និងមានការចូលរួមពីសហគមន៍មូលដ្ឋានដែលរស់នៅពឹងអាស្រ័យលើធនធានព្រៃឈើ។ សហគមន៍ព្រៃឈើមានសត្តានុពលក្នុងការអភិរក្សធនធានព្រៃឈើធ្វើឲ្យប្រសើរឡើងនូវផលិតភាពរបស់ព្រៃនិងដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ព្រមទាំងរក្សាបាននូវលំនឹងប្រព័ន្ធអេកូឡូស៊ី និងចូលរួមកាត់បន្ថយនូវការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានថ្លែងក្នុងពិធីបិទកិច្ចប្រជុំថា “រដ្ឋបាលព្រៃឈើ នឹងរៀបចំផែនការយុទ្ធសាស្រ្តសហគមន៍ព្រៃឈើ សម្រាប់សហគមន៍ព្រៃឈើនៅទូទាំងប្រទេសកម្ពុជា និងជម្រុញដល់ការរៀបចំផែនការគ្រប់គ្រង ការចុះបញ្ជីដីសហគមន៍ព្រៃឈើ និងការដកហូតផល អនុផលព្រៃឈើសម្រាប់គោលដៅពាណិជ្ជកម្ម”។
រីខូហ្វ បាននឹងកំពុងរួមចំណែកជួយដល់យុទ្ធសាស្រ្តដែលរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចុះក្នុងការជួយការគ្រប់គ្រងព្រៃឈើ ពិសេសដល់ការអភិវឌ្ឍន៍សហគមន៍ព្រៃឈើ។ រីខូហ្វបានគាំទ្រដល់ការធ្វើផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ ក្នុងនោះ ៩០%នៃសហគមន៍ដែលទទួលបានការអនុម័តផែនការគ្រប់គ្រងគឺតាមរយៈការសម្របសម្រួលគាំទ្ររបស់រីខូហ្វ។ ជាងនេះទៅទៀត រីខូហ្វក៏បានគាំទ្រដល់ដំណើរការចុះបញ្ជីដីសហគមន៍ព្រៃឈើ និងគាំទ្រដល់ការអនុវត្តផែនការគ្រប់គ្រងរបស់សហគមន៍ព្រៃឈើតាមរយៈការបង្កើតជាឥណទានសហគមន៍ព្រៃឈើ។