អំពី SMCF - ICFMP
សហគមន៍ព្រៃឈើ គឺជាយុទ្ធសាស្រ្តគន្លឹះសម្រាប់សហគមន៍មូលដ្ឋានទទួលបាននូវសិទ្ធិក្នុងការគ្រប់គ្រង ប្រើប្រាស់ធនធានព្រៃឈើ ដោយសមភាព និងប្រកបដោយនិរន្តភាព។ សហគមន៍ឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ និងកសាងភាពធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ។ គិតចាប់តាំងពីឆ្នាំ១៩៩០ នៅប្រទេសកម្ពុជា ការគ្រប់គ្រងសហគមន៍ព្រៃឈើមានការវិវឌ្ឍគួរឲ្យកត់សំគាល់ ទាំងគោលនយោបាយគាំទ្រ និងការអនុវត្តនៅមូលដ្ឋាន។ មូលដ្ឋានច្បាប់សម្រាប់សហគមន៍ព្រៃឈើ (ច្បាប់ស្តីពីព្រៃឈើ អនុក្រឹត្យស្តីពីការគ្រប់គ្រងសហគមន៍ព្រៃឈើ និងគោលការណ៍ណែនាំស្តីពីសហគមន៍ព្រៃឈើ) ផ្តល់នូវការណែនាំនូវនីតិវិធី និងបច្ចេកទេសដល់សហគមន៍ និងអ្នកពាក់ព័ន្ធ។ ក្រៅពីមូលដ្ឋានច្បាប់និងចក្ខុវិស័យគោលនយោបាយ (កម្មវិធីព្រៃឈើជាតិ២០១០ ដល់២០៣០ បានកំណត់នូវគោលដៅដើម្បីបង្កើតសហគមន៍ព្រៃឈើឲ្យបាន២ លានហិក) កម្ពុជាក៏បានបង្កើតគណៈកម្មាធិការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើជាតិ (NCFPCC) និងគណៈកម្មាធិការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើខេត្ត (PCFPCCs) នៅតាមបណ្តាខេត្តដើម្បីផ្តល់នូវវេទិកាដល់អ្នកពាក់ព័ន្ធដើម្បីចូលរួមគាំទ្រការអភិវឌ្ឍសហគមន៍ព្រៃឈើ។
បច្ចុប្បន្ននៅទូទាំងប្រទេសមានសហគមន៍ព្រៃចំនួន៥៨០កន្លែង គ្របដណ្តប់លើផ្ទៃដីព្រៃឈើជាង៤៧០.៩៧០ហិកតា ដោយមានការចូលរួមគ្រប់គ្រងពីសមាជិកសហគមន៍ចំនួន ១៤២.៩៤១គ្រួសារ។ ទោះជាយ៉ាងណាក៏ដោយមានសហគមន៍ព្រៃឈើតែ៣៥០កន្លែង ប៉ុណ្ណោះដែលបានទទួលសិទ្ធិជាផ្លូវការក្រោមកិច្ចព្រមព្រៀងព្រៃសហគមន៍ ក្នុងរយៈពេល១៥ឆ្នាំ ដែលបានចុះហត្ថលេខារវាងខណ្ឌរដ្ឋបាលព្រៃឈើនិងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ។ ក្នុងចំណោមសហគមន៍ព្រៃឈើទាំង៣៥០ ដែលបានចុះកិច្ចព្រមព្រៀង មានត្រឹមតែ ៧៣សហគមន៍ ប៉ុណ្ណោះដែលទទួលបានការអនុម័តលើផែនការគ្រប់គ្រងព្រៃឈើសហគមន៍ ហើយមានតែមួយចំនួនតូចប៉ុណ្ណោះដែលមានសមត្ថភាព ធនធាន និងទទួលបានការគាំទ្រដើម្បីអនុវត្តផែនការគ្រប់គ្រងរបស់ពួកគេ។
ដោយឡែកនៅក្នុងខេត្តកំពង់ធំមានសហគមន៍ព្រៃឈើសរុបចំនួន៨២កន្លែង គ្របដណ្តប់លើផ្ទៃដីជាង ៨០.០០០ហិកតា ក្នុងនោះមានសហគមន៍ចំនួន ៦៧កន្លែង បានចុះកិច្ចព្រមព្រៀងរួចរាល់ និងកំពុងរៀបចំផែនការគ្របគ្រងព្រៃសហគមន៍ស្របទៅតាមគោលការណែនាំស្តីពីសហគមន៍ព្រៃឈើ ហើយបច្ចុប្បន្នមានសហគមន៍ព្រៃឈើចំនួន ១៩កន្លែងដែលទទួលបានការអនុម័តលើផែនការគ្រប់គ្រង ដែលសហគមន៍ទាំងនេះត្រូវការជាចាំបាច់នូវការគាំទ្រទាំងបច្ចេកទេស និងថវិកាដើម្បីអនុវត្តផែនការគ្រប់គ្រង។
ដើម្បើឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ ហៅកាត់ថាRECOFTC បានសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ រៀបចំគម្រោងស្នើសុំទៅអង្កការ Forum Syd ដើម្បីគាំទ្រការអនុវត្តផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ ដោយជ្រើសរើសយកសហគមន៍គោលដៅចំនួន ៩ ដែលទទួលបានការអនុម័តលើផែនការគ្រប់គ្រងពីខណ្ឌរដ្ឋបាលព្រៃឈើ (៣នៅក្នុងស្រុកសន្ទុក និង ៦នៅក្នុងស្រុកប្រាសាទសំបូរ) ហើយសំណើនេះទទួលបានការយល់ព្រម និងបានចុះកិច្ចព្រមព្រៀងរវាង RECOFTC និង Forum Syd អនុវត្តគម្រោងនៅថ្ថៃទី៣១ ខែមីនា ឆ្នាំ២០១៧ ដោយគម្រោងនេះត្រូវបញ្ចប់នៅត្រឹម ខែធ្នូ ឆ្នាំ២០១៩។