សហគមន៍ព្រៃឈើអូរតាណឹង លាតសន្ធឹងលើផ្ទៃដី ៦១៣ ហិកតា គ្រប់ដណ្តប់ទៅដោយម្លប់ឈើ និងសម្លេងបក្សី ដែលស្ថិតនៅប្រហែល ៦៥ គីឡូម៉ែត្រពីក្រុងក្រចេះ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រៃនេះ ជាកន្លែងដ៏មានសុវត្ថិភាព ដែលប្រជាជនមូលដ្ឋានអាចគ្រប់គ្រងព្រៃឈើ និងប្រមូលអនុផលព្រៃឈើ និងឳសថបុរាណដោយមិនភ័យខ្លាចថាមានជម្លោះឡើយ។
វាមិនមែនតែងតែងាយស្រួលបែបនេះទេ។ នៅរសៀលមួយក្នុងពេលថ្មីៗនេះ ប្រធានសហគមន៍ព្រៃឈើ លោក ពៅ កុសល បានរំលឹកពីថ្ងៃដំបូងនៃការការពារព្រៃឈើ ដែលពេលនោះ នៅមិនទាន់មាន ការធានាបាននូវសុវត្ថិភាព និងសិទ្ធិរបស់ប្រជាសហគមន៍ដើម្បីគ្រប់គ្រង និងការពារព្រៃឈើ ព្រៃឈើដើម្បីនៅឡើយ។ នៅពេលគាត់កំពុងនិយាយ គាត់បានយកដៃបង្ហាញផ្នែកខាង ក្រោយ ក្បាលរបស់គាត់ ដើម្បីបង្ហាញពីកន្លែងដែលគាត់ត្រូវបានវាយ ប្រហារដោយ អ្នកកាប់ឈើខុសច្បាប់ កាលពីប៉ុន្មានឆ្នាំមុន ខណៈពេលដែលគាត់កំពុងល្បាត។
លោកពៅបានរំលឹកថា “ក្នុងពេលដំបូងៗ អាជ្ញាធរឃុំមិនសូវគាំទ្រសហគមន៍ព្រៃឈើរបស់យើងទេ”។ “ប៉ុន្តែឥឡូវនេះ យើងមិនបារម្ភឡើយ។ ការរំលោភ និងការគំរាមកំហែងមកលើសហគមន៍ព្រៃឈើ ទាំងអស់នោះមិនកើតឡើងទៀតឡើយ។”
មូលហេតុមួយគឺដោយសារអាជ្ញាធរមូលដ្ឋានបានទទួលស្គាល់ សហគមន៍ព្រៃឈើ រួមទាំងការងារ ដែលអ្នកភូមិជាសមាជិកសហគមន៍ព្រៃឈើបានធ្វើ ដើម្បីការពារព្រៃឈើ និង ការទទួលបាននូវ ផលប្រយោជន៍សេដ្ឋកិច្ចតាមរយៈការគាំទ្រពីអង្គការរីខូហ្វ ។
រីខូហ្វគឺជាអង្គការមួយក្នុងចំណោមអង្គការដែលជួយអភិវឌ្ឍគំរូភាពជាអ្នកដឹកនាំបែបថ្មីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយទទួលបានជំនួយពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ដែលជាគាំទ្រយ៉ាងសំខាន់លើការងារសហគមន៍ព្រៃឈើនៅព្រះរាជាណាចក្រកម្ពុជា និង អង្គការ មូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) រីខូហ្វកំពុងអនុវត្តកម្មវិធីភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF)ដំណាក់កាលទីពីរ។
កិច្ចសហការដោយផ្តោតលើការគ្រប់គ្រងប្រកបដោយភាពច្នៃប្រឌិតនេះកំពុងផ្តល់ផ្លែផ្កាដល់សមាជិក សហគមន៍ព្រៃឈើអូរតាណឹង។ តាមរយៈមូលនិធិពី SDC អ្នកភូមិបានបង្កើតគម្រោងឥណទាន សហគមន៍ព្រៃឈើដែលផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់ពួកគេ ក៏ដូចជាការគ្រប់គ្រងសហគមន៍ព្រៃឈើ ផងដែរ។ គម្រោងឥណទានសហគមន៍ព្រៃឈើនេះគឺគ្រប់គ្រងដោយសហគមន៍ និងជាជម្រើសថ្មី ក្រៅ ពីមីក្រូហិរញ្ញវត្ថុ។ ក្រុមសហគមន៍ព្រៃឈើក៏កំពុងអនុវត្តការប្រមូលផលឈើងាប់ ដែលអាចផ្តល់ជាគម្រូ ដល់សហគមន៍ព្រៃឈើនៅទូទាំងប្រទេសលើការប្រមូលឈើ បង្គោល និងអុស ពីព្រៃសហគមន៍ដើម្បី ជាប្រយោជន៍សេដ្ឋកិច្ចដល់សមាជិកសហគមន៍ និងចូលរួមបង្កើនទុនឥណទានសហគមន៍ព្រៃឈើ។
ការការពារភ្លើងឆេះព្រៃនិងបង្កើតប្រាក់ចំណូល
យោងតាមអ្នកភូមិដែលបានជួបជុំគ្នានៅពេលរសៀលមួយក្នុងព្រៃសហគមន៍ ដើម្បីជជែកគ្នា លេងដោយញ៉ាំឃ្មុំអាំងស្រស់ៗ ដែលជាអាហារដ៏ឆ្ងាញ់ក្នុងតំបន់បានលើកឡើងថា ថ្ងៃណាមួយឈើ ធនធាននៅក្នុងព្រៃសហគមន៍យើងអាចជាផលិតផល ដែលរកកម្រៃបានច្រើនបំផុត។ សហគមន៍បានបង្កើតប្រាក់ចំណូលបានរហូតដល់ ៧០ ភាគរយពី ការលក់ឈើជាជាង ផលិតផល ផ្សេងទៀតដូចជា ទឹកឃ្មុំព្រៃ ផ្សិត និងទំពាំង។
“ប្រសិនបើយើងមិនធ្វើអ្វីសោះ ឈើងាប់ទាំងនោះនឹងឆេះ។ ប៉ុន្តែបើយើងលក់វា យើងអាចទទួលបានថវិកាក្នុងការគ្រប់គ្រងសហគមន៍របស់យើង”
អ្នកនាង រ៉ាយ សៀកឡា
អ្នកនាង រ៉ាយ សៀកឡា គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកសហគមន៍ព្រៃឈើជាង ២០នាក់ ដែលបានចូលទៅក្នុងព្រៃមុនដំណើរទស្សនកិច្ចរបស់លោក Markus Buerli ដែលជានាយកថ្មីរបស់ SDC នៅកម្ពុជា។ នៅពេលនាងចូលក្នុងព្រៃសហគមន៍ ដើម្បីប្រមូលអាហារធម្មជាតិ អ្នកនាងរ៉ាយ បានចែក រំលែកគំនិត របស់នាង លើកម្មវិធីប្រមូលឈើងាប់។ រហូតមកដល់ពេលនេះ អ្នកនាងមានប្រសាសន៍ថា កម្មវិធីនេះ ជាកម្មវិធីឈ្នះឈ្នះ សម្រាប់ការគ្រប់គ្រងសហគមន៍ព្រៃឈើប្រកបដោយនិរន្តរភាព។
“ប្រសិនបើអ្នកមិនធ្វើអ្វីមួយជាមួយវាទេ ឈើងាប់ទាំងនោះនឹងបង្កជាភ្លើងឆេះ” អ្នកនាង រ៉ាយនិយាយដោយចង្អុលបង្ហាញពីហានិភ័យនៃភ្លើងឆេះព្រៃ ដែលឆេះឡើងដោយសារដើមឈើ និងគុម្ពោតព្រៃងាប់ៗ។ “ផ្ទុយទៅវិញ យើងអាចលក់វាបាន និងរកប្រាក់បន្ថែម ដើម្បីវិនិយោគទៅលើ ព្រៃសហគមន៍របស់យើង។”
អ្នកនាងរ៉ាយបានប្រមូលអាហារព្រៃ ត្រសក់ និងរុក្ខជាតិនៅតូចៗ នៅក្នុងព្រៃសហគមន៍។ គាត់ក៏ចូលរួមជាមួយសហគមន៍ផងដែរក្នុងការធ្វើការងារផ្សេងទៀត ចាប់តាំងពីការ នេសាទ នៅក្នុងអូរតូចមួយដែលហូរកាត់ព្រៃ រហូតដល់ការធ្វើសារពើភ័ណ្ឌព្រៃឈើ និងល្បាតព្រៃរកមើលសកម្មភាពខុសច្បាប់ជាដើម។
ក្នុងឆ្នាំ ២០១២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា (MAFF) បានអនុម័តផ្តល់ដីព្រៃឈើ ឲ្យភូមិអូរតាណឹងគ្រប់គ្រងជាសហគមន៍ព្រៃឈើ។ ក្នុងឆ្នាំ ២០១៥ សហគមន៍ នេះបានទទួល កិច្ចព្រមព្រៀងគ្រប់គ្រងសហគមន៍រយៈពេល ១៥ឆ្នាំ ដែលធានា ឲ្យសហគមន៍អាចមាន សិទ្ធិ គ្រប់គ្រង ព្រៃឈើសាធារណៈក្នុងទំហំដែលបានព្រមព្រៀង ដរាបណាការគ្រប់គ្រងនេះអាចជួយទៅសម្រេចគោលដៅ នៃផែនការគ្រប់គ្រងព្រៃឈើរបស់ជាតិ។ សព្វថ្ងៃនេះ សហគមន៍ព្រៃឈើអូរតាណឹង មានសមាជិកចំនួន ២៤៥នាក់ ដែលតំណាងជាង មួយភាគបីនៃចំនួនប្រជាជន នៃឃុំក្បាលដំរី ក្នុងស្រុកសំបូរ ខេត្តក្រចេះ។
លោក Markus Buerli នាយកSDC នៅកម្ពុជា បានធ្វើទស្សនកិច្ចទៅសហគមន៍នៅចុងខែសីហា ឆ្នាំ ២០២០ ដើម្បីបានឭដោយផ្ទាល់ពីសមាជិកអំពីដំណើរការ ដែលក្រុមសហគមន៍ព្រៃឈើ បានវិវត្តឡើង។
“បើមើលពីអ្វីដែលខ្ញុំបានឃើញនៅទីនេះ និងសន្ទនាផ្ទាល់ជាមួយសហគមន៍ព្រៃឈើអូរតាណឹង ខ្ញុំអាចនិយាយបានថា ការគ្រប់គ្រងសហគមន៍ព្រៃឈើប្រកបដោយនិរន្តរភាពត្រូវបាន ជំរុញឡើងដោយមានការខិតខំប្រឹងប្រែងរបស់សហគមន៍មូលដ្ឋាន” លោក Buerli បានមានប្រសាសន៍បន្ទាប់ពីដំណើរ ទស្សនកិច្ចរបស់លោក។ “ខ្ញុំស្ងើចសរសើរចំពោះការប្តេជ្ញាចិត្តរបស់ពួកគេ។ ប៉ុន្តែក្រៅតែពីការខិតខំប្រឹងប្រែង យើងអាចទទួលបានជោគជ័យជាច្រើននេះ ក៏ដោយសារតែភាពរឹងមាំនៃធនធានមនុស្ស និង ទំនាក់ទំនងដោយមិនអាចភ្លេចពីតួនាទីសំខាន់នៃភាពជាអ្នកដឹកនាំរបស់ស្ត្រីផងដែរ។ យើងបានឮមតិជាវិជ្ជមានអំពីការងាររបស់បុគ្គល ដែលបានដឹកនាំកម្មវិធី ដូចជា គម្រោងឥណទានសហគមន៍ព្រៃឈើ ក៏ដូចជាអ្នកដែលធ្វើការដើម្បី រក្សាទំនាក់ទំនង រវាងសមាជិកសហគមន៍ព្រៃឈើ និងអាជ្ញាធរមូលដ្ឋានដូចជាក្រុមប្រឹក្សាឃុំជាដើម។”
លោក Buerli មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការជាមួយមន្រ្តីរដ្ឋាភិបាលដទៃទៀត ជាពិសេស មន្ត្រីរដ្ឋបាលព្រៃឈើ ក៏បានជួយ សមាជិកសហគមន៍ព្រៃឈើ ឱ្យទទួលបាន អារម្មណ៍សុវត្ថិភាព ចំពោះការងាររបស់ពួកគេផងដែរ។ លោកកត់សម្គាល់ឃើញពីទំនុកចិត្ត និងមហិច្ឆិតារបស់សមាជិក សហគមន៍ព្រៃឈើ ក្នុងការជំរុញ ទៅរកការផ្តួចផ្តើមគំនិតលើការបង្កើនទុនឥណទានសហគមន៍ព្រៃឈើ តាមរយៈ កម្មវិធីប្រមូល ឈើងាប់។
លោក Buerli មានប្រសាសន៍ថា “អ្នកពាក់ព័ន្ធគួរតែចាប់យកយុទ្ធសាស្ត្រ ដែលគិតគូរដល់ផលប្រយោជន៍ សេដ្ឋកិច្ច បែបនេះ មកពិចារណានៅពេលបង្កើតផែនការគាំទ្រសហគមន៍ព្រៃឈើ”។ “យុទ្ធសាស្រ្ត សេដ្ឋកិច្ច ទាំងនេះ ជំរុញឲ្យ សហគមន៍ព្រៃឈើរកឃើញវិធីថ្មី ដើម្បីការពារធនធានធម្មជាតិ ដែលជាកត្តាចម្បង សម្រាប់ជីវភាពរបស់ពួកគេ។”
បញ្ហាចាស់ ការគាំទ្រថ្មី
សមាជិកសហគមន៍មានឆន្ទៈយ៉ាងមុតមាំក្នុងការចំណាយពេលវេលារបស់ពួកគេដើម្បីការពារព្រៃឈើ តាំងតែពីមុនពេលសហគមន៍ចាប់ផ្តើមកម្មវិធីថ្មីនេះទៅទៀត។ ក្រៅតែពីការប្រមូលផលពីធម្មជាតិ ប្រជាជននៅសហគមន៍ព្រៃឈើអូរតាណឹងក៏ធ្វើការដាំ គ្រប់គ្រង និងដើរល្បាតផងដែរ។
ទោះបីពួកគេអាចពឹងផ្អែកលើផលិតផលព្រៃឈើក៏ដោយ ក៏អ្នកភូមិនៅទីនេះមានជីវភាពក្រីក្រដែរ ដោយសារពួកគេភាគច្រើនពឹងផ្អែកលើថវិកាពីការស៊ីឈ្នួលការងារកសិកម្មតាមរដូវកាល ក្នុងតំបន់ ដីសម្បទានសេដ្ឋកិច្ចនៅជុំវិញព្រៃរបស់ពួកគេ។ បច្ចុប្បន្ននេះ អាជ្ញាធរស្រុក កំពុងពង្រីកផ្លូវមួយដែល ឆ្លងកាត់តំបន់ព្រៃសហគមន៍។ ហើយ ទោះបីជាហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ ធ្វើឱ្យអ្នកភូមិចូលទៅកាន់ព្រៃ បានប្រសើរជាងមុនក៏ដោយ អ្នកនាងរ៉ាយមានប្រសាសន៍ថា វាក៏ផ្ដល់នូវភាពងាយស្រួលសម្រាប់ ជន ដែលយើងមិនចង់ឱ្យចូលផងដែរ។
នាងនិយាយថា “ផ្លូវនេះធ្វើឱ្យមានការកាប់ឈើខុសច្បាប់និងការរំលោភយកដីដែលនាំឲ្យ មានការ លំបាកក្នុង ការគ្រប់គ្រងសហគមន៍ព្រៃឈើ”។ “ប៉ុន្តែយើងនៅតែមិនបារម្ភ។ ឥឡូវនេះ មានអ្នកពាក់ព័ន្ធជាច្រើនដែលចូលរួមជួយការពារព្រៃឈើ។”
ដីគឺជាទ្រព្យដ៏មានតម្លៃមួយនៅក្នុងប្រទេសកម្ពុជា ការរំលោភយកដីធ្លីខុសច្បាប់ គឺជារឿងអកុសល ដែលកើតឡើងលើសហគមន៍ព្រៃឈើដូចជាអូរតាណឹងជាដើម។ សក្តានុពលនៃការរំលោភដីធ្លី ទំនង ជាកើនឡើងនៅកន្លែងបែបនេះ ដោយដីព្រៃត្រូវបានរំខានដោយសារតែកំណើន នៃគម្រោងហេដ្ឋា រចនាសម្ព័ន្ធជាច្រើន។ មនុស្សជាច្រើនចាត់ទុកដីដែលមិនទាន់បានអភិវឌ្ឍជាកន្លែងដែលពួកគេមាន ឳកាសក្នុងការចាប់យក។
ជាសំណាងល្អ សម្ពាធមកពីខាងក្រៅបែបនេះ អាចឆ្លើយតបបានដោយសម្ព័ន្ធមិត្ត ដែលមានការប្តេជ្ញា ចិត្ត។ សមាជិកសហគមន៍ព្រៃឈើអូរតាណឹង ជឿថាពួកគេអាចពឹងផ្អែកលើមន្រ្តីសាធារណៈ ដែលកំពុងកើនឡើង ដូចជាមន្ត្រីក្រុមប្រឹក្សាឃុំមូលដ្ឋានជាដើម ដើម្បីជួយការពារដីធ្លីដ៏មានតម្លៃរបស់ពួកគេ។
តំណាងក្រុមប្រឹក្សាឃុំ លោក ថម ថេម បានចូលរួមជាមួយសមាជិកសហគមន៍មុនទស្សនកិច្ចរបស់ SDC ហើយចំណាយពេលស្ទើរតែពេញមួយថ្ងៃនៅក្នុងព្រៃ។ នៅពេលរសៀល គាត់បានប្រាប់ក្រុមតូច ដែលជួបជុំគ្នានៅក្រោមម្លប់ឈើមួយថា ថ្នាក់ដឹកនាំឃុំពិតជាមានមោទនភាពចំពោះការងារ ដែល សហគមន៍ព្រៃឈើ។
គាត់មានប្រសាសន៍ថា “យើងមានទំនាក់ទំនងគ្នាតាំងពីសហគមន៍ព្រៃឈើត្រូវបានបង្កើតឡើង ហើយវាកាន់តែមានភាពជិតស្និទ្ធឡើងៗ”។ លោកពន្យល់ទៀតថានៅពេលព្រៃសហគមន៍មាន ការរីកចម្រើន ខាងឃុំបានធ្វើការដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ របស់សហគមន៍ ដើម្បីផ្តល់ការគាំទ្រឬស្វែងរកភាពជាដៃគូ។
រហូតមកដល់ពេលនេះ ខាងឃុំអាចផ្តល់ជំនួយលើការអនុវត្តច្បាប់មួយចំនួន ដើម្បីដោះស្រាយ បញ្ហា ដែលមាននៅក្នុង និងនៅជុំវិញព្រៃសហគមន៍។ ខាងឃុំនិងសហគមន៍ព្រៃឈើក៏បានសហការគ្នា លើការសាងសង់ស្ពានដោយប្រើប្រាស់ឈើដែលមានប្រភពពីព្រៃសហគមន៍ផងដែរ។ ជាថ្នូរនឹងឈើនេះ សហគមន៍ព្រៃឈើទទួលបានចំណែកមួយចំនួនពីការបង់ថ្លៃធ្វើដំណើរដែលអ្នកមកពីខាងក្រៅបង់ថ្លៃដើម្បីឆ្លងស្ពាននេះ។
ការចរចាទាំងនេះសំដៅរក្សាតុល្យភាពរបស់សហគមន៍ព្រៃឈើ រវាងការការពារធនធានធម្មជាតិ និងការស្វែងរកមធ្យោបាយប្រកបដោយនិរន្តរភាព ដើម្បី ប្រើប្រាស់ ធនធាននេះជាប្រយោជន៍ សេដ្ឋកិច្ចឲ្យកាន់តែប្រសើរ។ ក្រៅពី កម្មវិធីប្រមូលឈើងាប់ ចាប់តាំងពីឆ្នាំ ២០១៨ មក សហគមន៍ព្រៃឈើ អូរតាណឹង ក៏បាននិង កំពុងប្រើប្រាស់គម្រោងឥណទាន សហគមន៍ព្រៃឈើ ដែលបានចាប់ផ្តើមជាមួយនឹងថវិកាចំនួន ១,០០០ ដុល្លារអាមេរិក ជាមូលនិធិ ដើមដំបូងពីរីខូហ្វ និងSDC ផងដែរ។
លោកទុយ សុផុន សមាជិកសហគមន៍ព្រៃឈើជាយូរមកហើយ និងជាប្រធានគម្រោងឥណទាន បាន មានប្រសាសន៍ថា ទុនឥណទានបានកើនឡើងដល់ទៅជាង ៣,០០០ ដុល្លារអាមេរិក ហើយឥឡូវ នេះបានបម្រើដល់សមាជិកចំនួន ៣៥ គ្រួសារ។
លោកទុយមានប្រសាសន៍ថា “នៅពេលដែលការវិវឌ្ឍនេះកាន់តែរីកចម្រើន ខ្ញុំសង្ឃឹមថាអ្នសមាជិកសហគមន៍ព្រៃឈើគ្រប់រូប និងអាចធ្វើការខ្ចីប្រាក់បាននាពេលអនាគត”។ លោកបានពន្យល់ថា ឥឡូវនេះ ប្រាក់កម្ចី ភាគច្រើនគឺដើម្បីផ្តល់មូលនិធិដល់គម្រោងកសិកម្មនៅ ខាងក្រៅព្រៃដូចជា ការវិនិយោគតូចៗ លើគ្រាប់ពូជ ជី និងសម្ភារៈផ្សេងទៀតដែលអ្នកភូមិប្រើប្រាស់។
លោកទុយបន្តថា អត្រាការប្រាក់ដែលអ្នកខ្ចីត្រូវបង់គឺខ្ពស់ជាង អត្រាការប្រាក់ដែលពួកគេរកបាន នៅស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬធនាគារ ប៉ុន្តែប្រាក់កម្ចីទាំងនេះស្ថិតនៅតែក្នុងសហគមន៍ ដែល ប្រាក់ទាំងនេះនឹងត្រូវយកមកវិនិយោគឡើងវិញនៅក្នុងគម្រោងឥណទាន និងក្នុងការគ្រប់គ្រងព្រៃឈើប៉ុណ្ណោះ។
នៅពេលអនាគត អ្នកនាងរ៉ាយ សៀកឡា និងអ្នកដទៃទៀតសង្ឃឹមលើដើមទុនដែលកំពុងកើនឡើង ពីគម្រោងឥណទាន ហើយប្រាក់ដែលរកបានពីការប្រាក់ អាចផ្តល់ជាមូលនិធិ ដល់ គម្រោងកែលម្អជា ច្រើនទៀត ដូចជាការសាងសង់ថ្នាលបណ្តុះកូនឈើសម្រាប់ការដាំដើមឈើឡើងវិញ សាងសង់ផ្លូវភ្លើង ដើម្បីការពារការរាលដាលនៃភ្លើងឆេះព្រៃ និងសូម្បីតែការ កែលម្អ ផ្លូវឡើងវិញផងដែរ ដើម្បីឱ្យពួក គេធ្វើដំណើរជុំវិញព្រៃបានលឿនដើម្បីឆ្លើយតបទៅនឹងសកម្មភាព ខុសច្បាប់នៅទីនោះ។
សម្រាប់អ្នកដែលជាសមាជិកក្នុងគម្រោងឥណទាននាពេលបច្ចុប្បន្ននេះ ទិដ្ឋភាពនៃការកសាងសហគមន៍ជួយធ្វើឱ្យគម្រោងការនេះក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញ ក៏ដូចជា ពង្រឹងការជឿទុកចិត្តដល់អ្នកទទួលកម្ចីផងដែរ។
លោក ទុយ សុផុន ជាប្រធានគម្រោងឥណទាន។ លោកជឿជាក់ថា គម្រោងឥណទាន សហគមន៍ព្រៃឈើផ្តល់ជូនសមាជិកសហគមន៍នូវវិធីកាន់តែមានសុវត្ថិភាពក្នុងការទទួលបានឥណទានបើប្រៀបធៀបទៅនឹងស្ថាប័នមីក្រូហិរញ្ញវត្ថុ។ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ប្រទេសកម្ពុជា ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
លោកទុយមានប្រសាសន៍ថា “យើងមិនមានបញ្ហាចំពោះការបាត់បង់ប្រាក់ទេ ប៉ុន្តែពេលខ្លះមានការ ទូទាត់យឺត”។ “ប៉ុន្តែយើងទាំងអស់គ្នាជាអ្នកជិតខាងគ្នានៅទីនេះ ដូច្នេះយើងតែងទទួលបាន ប្រាក់ មកវិញ ទោះជាមានការយឺតយ៉ាវប៉ុន្មានថ្ងៃក៏ដោយ”។
ភាពបត់បែននេះហើយគឺជាផ្នែកមួយនៃការទាក់ទាញរបស់គម្រោងដែលមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ សម្រាប់ការខ្ចីឡើយ។ ដំណើរការនៃការដាក់ ពាក្យសុំក៏មានលក្ខណៈសាមញ្ញជាងដំណើរការ ដែលផ្តល់ ដោយស្ថាប័នមីក្រូហិរញ្ញវត្ថុ។ ហើយ ទោះជាគម្រោងរក្សារចនាសម្ព័ន្ធជាផ្លូវការ ដើម្បីធានាគណនេយ្យភាព ក៏ដោយ ក៏សមាជិកសហគមន៍និយាយថា ពួកគេទទួលបានបទពិសោធន៍ក្នុងការខ្ចីប្រាក់ ពី គម្រោងឥណទានបានលឿន និងងាយស្រួលជាងពួកគេទទួលបានពីស្ថាប័នខាងក្រៅ។
ជាមួយនឹងប្រាក់ដែលពួកគេរកបានតាមរយៈគំនិតផ្តួចផ្តើមថ្មីនេះ លោកទុយ និងសមាជិកសហគមន៍ ដទៃទៀតបាននិយាយថាពួកគេមានលទ្ធភាពអាចចំណាយលើថ្លៃគ្រប់គ្រងបានមួយចំនួន ខណៈដែលអាចពង្រីកពង្រីកការងាររបស់ពួកគេបានផងដែរ។ ទោះបីជាកម្លាំងពលកម្មរបស់ពួកគេនៅតែត្រូវបានផ្តល់ជូនដោយស្ម័គ្រចិត្តក៏ដោយ សមាជិកសហគមន៍ដូចជា អ្នកនាង ថុន ផាន់នី ជាដើម នៅពេលនេះអាចប្រើថវិកាពីចំណូលក្រុមឥណទានដើម្បីទិញប្រេងឥន្ធនៈ ស្បៀងអាហារ និងសម្ភារៈផ្គត់ផ្គង់ផ្សេងទៀតសម្រាប់ការល្បាតព្រៃ។
អ្នកនាងថុនមានប្រសាសន៍ថា “ក្រុមសហគមន៍ព្រៃឈើយើងគឺសកម្មជាងមុន”។ “ឥឡូវនេះ យើងមានការដើរល្បាត និងថវិកាច្រើនជាងមុនដើម្បីធ្វើសកម្មភាព”។
ទោះបីជាអ្នកនាងថុនពេញចិត្តនឹងការរីកចម្រើននៃគំនិតផ្តួចផ្តើមដែលដឹកនាំដោយសហគមន៍នេះក៏ដោយ គាត់ចង់ឃើញការសម្របសម្រួលកាន់តែខ្លាំងឡើងរវាងសហគមន៍ព្រៃឈើអូរតាណឹង និង អ្នកខាងក្រៅ ជាពិសេសស្ថាប័ននៅថ្នាក់ជាតិ។
ប្រធានសហគមន៍ព្រៃឈើ លោក ពៅ កុសល យល់ស្របនឹងគំនិតនេះ។ ដោយមើលឃើញថាបញ្ហាសន្តិសុខសុវត្ថិភាពមានភាពរីកចម្រើនឡើងតាមរយៈការធ្វើសមាហរណកម្មជាមួយអាជ្ញាធរមូលដ្ឋាន និងស្រុក លោកពៅបានធ្វើការអំពាវនាវសុំឱ្យបង្កើនភាព ជាដៃគូឱ្យកាន់ តែស៊ីជម្រៅថែមទៀតនៅឆ្នាំខាងមុខៗ។
លោកពៅនិយាយថា “ទោះបីយើងបានធ្វើដំណើរឆ្ងាយហើយមកដល់ពេលនេះ ដោយតាំងពីដំបូងពីបាតដៃទទេក៏ដោយ តែយើងនៅតែត្រូវការការគាំទ្រ”។ “សហគមន៍តែម្នាក់ឯងមិនអាចធ្វើអ្វីបានទាំងអស់ទេ។ ប៉ុន្តែយើងនឹងព្យាយាមធ្វើវាឱ្យបាន—យើងនឹងបានទៅដល់គោលដៅ។”
###
ការងាររបស់រីខូហ្វអាចធ្វើទៅបានដោយមានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (Sida)