មេដឹកនាំយេនឌ័រនៅក្នុងប្រទេសកម្ពុជាកំពុងតែធ្វើការបញ្រ្ជាបសមភាពយេនឌ័រនៅក្នុងវិស័យព្រៃឈើ។
ពាក្យព្រៃឈើតែងត្រូវបានសំដៅដល់ការងារដែលប្រើកម្លាំង។ ការប្រមូលផលឈើ ការល្បាតព្រៃ និង ការការពារភ្លើងឆេះព្រៃ គឺសុទ្ធតែត្រូវចំណាយពេលវេលា និង កម្លាំងជាច្រើន។ នៅក្នុងប្រទេសកម្ពុជានេះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងៗដែលស្រ្តីមិនត្រូវបានគេលើកទឹកចិត្តឲ្យចូលរួមនៅក្នុងវិស័យនេះ។ សូម្បីតែបុរសដែលជាសមាជិកគ្រួសារក៏មិនចង់ឱ្យស្រ្តីដែលជាសមាជិកគ្រួសាររបស់ពួកគេចូលរួមនៅក្នុងកិច្ចពិភាក្សាដែរ។ នេះគឺជាមូលហេតុដែលធ្វើឲ្យស្រ្តីជឿថាគំនិតរបស់ពួកគេគ្មានតម្លៃ។
លោកស្រី វង្ស សុបញ្ញា អ្នកជំនាញផ្នែកព្រៃឈើដែលបានបញ្ចប់ការសិក្សានៅដើមទសវត្សរ៍ឆ្នាំ១៩៩០ គឺជាឧទាហរណ៍មួយដែលបង្ហាញថាដោយសារតែលោកស្រីគឺជាមនុស្សស្រី
ធ្វើឲ្យលោកស្រីមិនអាចចូលរួមក្នុងការងារដូចមិត្តរួមការងារដែលជាបុរសបាន។ លោកស្រីត្រូវធ្វើការក្នុងការិយាល័យនៅរដ្ឋបាលព្រៃឈើនៅទីក្រុងភ្នំពេញ ព្រោះតែបុរសដែលជាមិត្តរួមការងាររបស់លោកស្រីគិតថា វាមានគ្រោះថ្នាក់ខ្លាំងពេកសម្រាប់លោកស្រីក្នុងការចូលទៅធ្វើការងារនៅព្រៃ។
លោកស្រី វង្ស សុបញ្ញា បានរៀបរាប់អំពីមូលហេតុដែលលោកស្រីចង់ធ្វើការនៅក្នុងវិស័យព្រៃឈើថា “ខ្ញុំចូលចិត្តធម្មជាតិ
ហើយខ្ញុំចង់ធ្វើការនៅខាងក្រៅ នៅកន្លែងដែលខ្ញុំអាចជួបមនុស្សផ្សេងៗគ្នា និងអាចរៀនសូត្រពីគំនិតរបស់ពួកគេ”។ “ប៉ុន្តែនៅពេលនោះ សង្រ្គាមកំពុងតែកើតឡើងបុរសដែលជាមិត្តរួមការងាររបស់លោកស្រីគិតថា វាមានគ្រោះថ្នាក់ខ្លាំងពេក ហើយនៅទីនោះក៏មានមីនផងដែរ។”
ជាញឹកញាប់ ស្រ្តី រងការមិនយកចិត្តទុកដាក់។ បញ្ហានេះកាន់តែស្មុគស្មាញ នៅពេលស្រ្តីមានឱកាសទទួលបានការអប់រំតិច ធ្វើឲ្យពួកគេមានការព្រួយបារម្ភ អំពីអ្វីដែលអ្នកដទៃនឹងយល់ឃើញចំពោះពួកគេ និងមានភាពអៀនខ្មាសនៅពេលចូលរួមនៅក្នុងការពិភាក្សាអំពីព្រៃសហគមន៍។
ញាស់ ទុំ សមាជិកសហគមន៍ម្នាក់ដែលមកពីស្រុកកោះញែក ខេត្តមណ្ឌលគិរី បាននិយាយអំពីអារម្មណ៍របស់នាងនៅពេលដែលនាងព្យាយាមចូលរួមក្នុងកិច្ចពិភាក្សាជាមួយអ្នកភូមិជាបុរសថា “ខ្ញុំមិនហ៊ាននិយាយច្រើននោះទេ” “ខ្ញុំខ្លាចនិយាយខុស ហើយអ្នកដទៃនឹងសើចខ្ញុំ ពីព្រោះខ្ញុំរៀនបានតិច។”
ការបង្កើតឱកាសសម្រាប់ស្រ្តី
ការបង្កើតឱកាសសម្រាប់ស្រ្តីនៅក្នុងវិស័យព្រៃឈើចាប់ផ្តើមជាមួយនឹងការស្វែងយល់អំពីសារៈសំខាន់ នៃការធ្វើឲ្យមានតុល្យភាពអំណាចរវាងបុរស និង ស្រ្តី។
“យើងខិតខំបង្កើតបរិយាកាសមួយដែលមានសុវត្ថិភាពសម្រាប់សមាជិកសហគមន៍គ្រប់រូប”។ “យើងចង់ឲ្យស្រ្តីអាចចែករំលែក បទពិសោធន៍របស់ពួកគេដោយគ្មានភាពភ័យខ្លាចហើយពួកគេអាចលើកទឹកចិត្តស្រ្តីដទៃទៀតឲ្យក្លាយជាអ្នកដឹកនាំ។យើង ក៏ចង់ផ្លាស់ប្តូរផ្នត់គំនិតរបស់បុរសដែលជាសមភាគីរបស់ពួកគេផងដែរ ធ្វើដូច្នេះ ពួកគេអាចទទួលស្គាល់អំពីតួនាទីដ៏សំខាន់របស់ស្រ្តីក្នុងការគ្រប់គ្រងព្រៃឈើ”។
លោកស្រី ហ៊ូ កល្យាណ នាយិកាប្រចាំប្រទេសកម្ពុជានៃអង្គការរីខូហ្វ (RECOFTC)
លោកស្រី ហ៊ូ កល្យាណ នាយិកាប្រចាំប្រទេសកម្ពុជានៃអង្គការរីខូហ្វ (RECOFTC) បានមានប្រសាសន៍ថា “យើងខិតខំបង្កើតបរិយាកាសមួយ ដែលមានសុវត្ថិភាពសម្រាប់សមាជិកសហគមន៍គ្រប់រូប”។ “យើងចង់ឲ្យស្រ្តីអាចចែករំលែកបទពិសោធន៍របស់ពួកគេដោយគ្មានភាពភ័យខ្លាចហើយពួកគេអាចលើកទឹកចិត្តស្រ្តីដទៃទៀតឲ្យក្លាយជាអ្នកដឹកនាំ។ យើងក៏ចង់ផ្លាស់ប្តូរផ្នត់គំនិតរបស់បុរសដែលជាសមភាគីរបស់ពួកគេផងដែរ ធ្វើដូច្នេះ ពួកគេអាចទទួលស្គាល់អំពីតួនាទីដ៏សំខាន់របស់ស្រ្តីក្នុងការគ្រប់គ្រងព្រៃឈើ”។
ការអភិវឌ្ឍភាពជាអ្នកដឹកនាំដើម្បីសមភាពយេនឌ័រ (WAVES) គឺជាគំនិតផ្តួចផ្តើម មួយដែលគាំទ្រ និងធ្វើ សកម្មភាពដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅក្នុងតំបន់ទេសភាពព្រៃឈើ។ WAVES បានទទួលមូលនិធិពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (Sida)។ ក្រោមគំនិតផ្តួចផ្តើមនេះ អង្គការរីខូហ្វ បានបង្កើត និង គាំទ្រដល់បណ្តាញជើងឯកសមភាពយេនឌ័រ។
លោកស្រី វង្ស សុបញ្ញា ដែលបានបម្រើការងារអស់រយៈពេល ៣០ ឆ្នាំ នៅលើវិស័យព្រៃឈើ ដែលពេលនេះ ជាអនុប្រធានរដ្ឋបាលព្រៃឈើ និង លោកស្រី លី សុភ័ណ្ឌ អគ្គនាយករងនៃក្រសួងបរិស្ថាន កំពុងតែចូលរួមបង្កើតមូលដ្ឋានគ្រឹះគោលនយោបាយ ដែលនឹងទ្រទ្រង់សមភាពយេនឌ័រនៅក្នុងវិស័យព្រៃឈើកម្ពុជា។
ឧបសគ្គចំពោះសមភាពយេនឌ័រ ក៏ត្រូវបានគេរកឃើញនៅក្នុងគោលនយោបាយ និង បទប្បញ្ញត្តិនានាផងដែរ។
គោលការណ៍ជាច្រើននៅខ្វះខាតទស្សនវិស័យយេនឌ័រ និង មានលក្ខណវិនិច្ឆ័យដែលមនុស្សស្រីពិបាកនឹងបំពេញតាម។ លោកស្រីវង្ស សុបញ្ញា និង ជើងឯកផ្នែកយេនឌ័រដទៃទៀត នឹងដឹកនាំដំណើរការកែសម្រួល និង ត្រួតពិនិត្យឡើងវិញលើគោលនយោបាយ និងបទបញ្ញត្តិស្តីពីព្រៃឈើនៅក្នុងប្រទេសកម្ពុជា ដើម្បីបើកឱកាស កាន់តែច្រើនបន្ថែមទៀតសម្រាប់ស្រ្តី។
នៅពេលនេះ យុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ ស្ថិតនៅក្នុងដំណាក់កាលនៃដំណើរការប្រឹក្សាយោបល់មុនពេលដាក់ជូន ដើម្បីសុំការពិនិត្យសម្រេចដោយប្រធានរដ្ឋបាលព្រៃឈើ និង រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ស្រ្តីជាអ្នកដឹកនាំបានអភិវឌ្ឍយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ
យុទ្ធសាស្រ្ត នេះផ្តោតលើទិដ្ឋភាពចំនួនពីរ៖ មនុស្ស និង គោលនយោបាយ។ យុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រដោះស្រាយគម្លាតយេនឌ័រ និង ផ្តល់អាទិភាពដល់សកម្មភាពនានាដែលចាំបាច់សម្រាប់ការកសាងសមត្ថភាពរបស់ស្រ្តីក្នុងការចូលរួមពិភាក្សាជាមួយបុរសដែលជាសមភាគីរបស់ពួកគេ ហើយស្របពេលជាមួយគ្នានោះក៏ផ្លាស់ប្តូរការយល់ឃើញ និងអាកប្បកិរិយារបស់បុរសមកគាំទ្រសមភាពយេនឌ័រផងដែរ។
ដោយមានការគាំទ្រពីអង្គការរីខូហ្វ លោកស្រី វង្ស សុបញ្ញា និង លោកស្រី លី សុភ័ណ្ឌ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ។
លោកស្រី លី សុភ័ណ្ឌ បានមានប្រសាសន៍ថា “យើងចង់ស្តាប់ឮដោយផ្ទាល់ពីសមាជិកសហគមន៍ ជាពិសេសស្រ្តីថាតើបញ្ហាប្រឈមអ្វីខ្លះដែលពួកគេប្រឈមមុខ និង ថាតើការគាំទ្រអ្វីខ្លះដែលពួកគេត្រូវការដើម្បីចូលរួមនៅក្នុងកិច្ចសន្ទនាអំពីការគ្រប់គ្រងព្រៃឈើកាន់តែប្រសើរ”។ “មន្រ្តីរដ្ឋាភិបាលអាចសរសេរគោលនយោបាយ និងបទបញ្ញត្តិដោយមានចេតនាល្អបំផុត ប៉ុន្តែវាប្រហែលជាមិនបានឆ្លុះបញ្ចាំងអំពីតម្រូវការរបស់សហគមន៍នោះទេ។ ការពិគ្រោះយោបល់ជាមួយពួកគេដោយផ្ទាល់គឺជាវិធីតែមួយគត់ដើម្បីធានាថាគោលនយោបាយរៀបរៀងឡើងដោយមានការរួមបញ្ចូល និង ប្រកបដោយសមធម៌”។
លោកស្រី វង្ស សុបញ្ញា បានមានប្រសាសន៍ថា “បុរសក៏គួរតែចូលរួមដែរ”។ “ប្រសិនបើមានស្រ្តីចូលរួមតែម្ខាង យើងមិនអាចទទួលបានដំណោះស្រាយដែលមាននិរន្តរភាពនោះទេ ពីព្រោះអ្នកដែលមានមុខតំណែងថ្នាក់ដឹកនាំនៅក្នុងវិស័យព្រៃឈើនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ភាគច្រើនជាបុរស។ ដូច្នេះ បុរសមានតួនាទីចាំបាច់នៅក្នុងនាមជាសម្ព័ន្ធមិត្ត”។
លោកស្រី វង្ស សុបញ្ញា បានមានប្រសាសន៍ថា សិក្ខាសាលានៃការបណ្តុះបណ្តាលដើម្បីកសាងទំនុកចិត្ត និងជំនាញរបស់ស្រ្តីនៅក្នុងការគ្រប់គ្រងព្រៃឈើ មានសារសំខាន់ ប៉ុន្តែវាក៏មានសារសំខាន់ផងដែរនៅក្នុងការទទួលស្គាល់អំពីបម្រែបម្រួល នៃអំណាចដែលធ្វើឱ្យបាត់បង់ប្រយោជន៍ស្រ្តី។
លោកស្រី វង្ស សុបញ្ញា បានមានប្រសាសន៍ថា “ប្រសិនបើពួកគេរៀបរាប់អំពីសកម្មភាពដែលចាំបាច់ត្រូវធ្វើដើម្បីគ្រប់គ្រងព្រៃឈើនោះមានសកម្មភាពជាច្រើនដែលស្រ្តីអាចធ្វើបាន”។ “វាមិនត្រឹមតែជាការការពារ ឬ ការបង្រ្កាបការកាប់ឈើខុសច្បាស់ប៉ុណ្ណោះទេ”។
លោកស្រី វង្ស សុបញ្ញា បានមានប្រសាសន៍ថា “ខ្ញុំរីករាយសម្រាប់វឌ្ឍនភាពដែលយើងទទួលបាន”។ “ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនៃការបំពេញការងារនៅរដ្ឋបាលព្រៃឈើ ខ្ញុំបានមើលឃើញដោយផ្ទាល់ភ្នែកនូវការរីកចម្រើននៃសមធម៌យេនឌ័រ។ ខ្ញុំមានទំនុកចិត្ត និងអាចមើលឃើញគន្លងមួយនេះបានកាន់តែច្បាស់ថែមទៀតជាមួយនឹងការដាក់ឲ្យអនុវត្តនូវយុទ្ធសាស្រ្តរយៈពេលប្រាំឆ្នាំ ២០២១-២០២៥។”
####
សាច់រឿងនេះត្រូវបានផលិតឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។ ខ្លឹមសារនៃសាច់រឿងនេះគឺជាការទទួលខុសត្រូវទាំងស្រុងរបស់អង្គការរីខូហ្វ ហើយវាមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុបនោះទេ។ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីសាច់រឿងនេះ និងសកម្មភាពដទៃទៀតដែលស្ថិតនៅក្រោមគម្រោង សម្លេងសម្រាប់ព្រៃឈើមេគង្គ និងទទួលបានការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប សូមចូលទៅកាន់ទំព័រនៃគម្រោងរបស់យើង។
ការងាររបស់អង្គការរីខូហ្វ អាចដំណើរការទៅបានដោយមានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និង ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (Sida)។