ប្រធានឥណទានសហគមន៍ពង្រីកក្រុមឥណទានដើម្បីជួយដល់សហគមន៍
នៅពេលដែល លោកស្រីជួប សារឿន មកដល់ទីរួមខេត្តក្រចេះ ដើម្បីចូលរួមក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងឥណទានសហគមន៍ព្រៃឈើ លោកស្រីបានសម្រេចចិត្តរួចហើយដើម្បីឈប់ពីតួនាទីជាប្រធានក្រុមឥណទាន។
“ខ្ញុំចង់លាលែងពីតំណែង” នេះជាសំដីរបស់លោកស្រី ជួប សារឿន មកពីភូមិខ្សាច់លាវ ក្នុងខេត្តក្រចេះ។ សមាជិករបស់ក្រុមឥណទានម្នាក់ មិនព្រមបង់ការប្រាក់ជាងពីរខែមកហើយ ហើយលោកស្រី ជួប សារឿន គិតថានេះជាកំហុសរបស់គាត់ “ខ្ញុំខ្លាចក្រែងអ្នកដទៃនឹងយកគម្រូតាមនេះ ហើយខ្ញុំនឹងត្រូវទទួលការស្តីបន្ទោសពីភាពខ្វះខាតនៃការគ្រប់គ្រងរបស់ខ្ញុំ” លោកស្រីមានប្រសាសន៍យ៉ាងដូច្នេះ។
រីខូហ្វ បានរៀបចំបង្កើតឥណទានសហសគមន៍ក្នុងឆ្នាំ២០១៤ ជាវិធីសាស្រ្តថ្មីសម្រាប់សហគមន៍ទទួលបានប្រាក់ក្នុងការអនុវត្តផែនការគ្រប់គ្រងសហគមន៍។ គ្រប់គ្រងដោយខ្លួនឯង និងទទួលបានការប្រាក់៣% ឥណទានសហគមន៍គឺមានសុវត្ថិភាពជាងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ។ ការប្រាក់ដែលទទួលបាននឹងចូលទៅក្នុងការបង្កើនទុន ការគ្រប់គ្រងព្រៃសហគមន៍ និងការងាររដ្ឋបាល។
នៅឆ្នាំ ២០១៦ ឥណទានសហគមន៍បានអនុវត្តសាកល្បងនៅសហគមន៍ព្រៃឈើចំនួន១០ នៅខេត្តក្រចេះ និងស្ទឹងត្រែង តាមរយៈការគាំទ្ររបស់កម្មវីធីភាពជាដៃគូព្រៃឈើ និងជលផល (PaFF) ទទួលបានការថវិកាពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ។ កម្មវិធីនេះ មានរយៈពេល៨ឆ្នាំ ដែលជួយដល់ការបង្កើនភាពស៊ាំរបស់សហគមន៍ទៅនឹងបញ្ហាដែលកើតពីធម្មជាតិ និងសេដ្ឋកិច្ច តាមរយៈសហគមន៍ដែលពឹងផ្អែកលើការគ្រប់គ្រងធនធានធម្មជាតិ។
កម្មវិធី PaFF បានគាំទ្រដល់សហគមន៍ខ្សាច់លាវ ក្នុងការបង្កើតឥណទានសហគមន៍ព្រៃឈើក្នុងខែធ្នូ ឆ្នាំ២០១៨។
លោកស្រី ជួប សារឿន ទើបតែធ្វើជាប្រធានឥណទានសហគមន៍បានតែ៣ខែប៉ុណ្ណោះ មុនពេលសម្រេចចិត្តលាលែងពីការងារនេះ ក្នុងខែកុម្ភៈ ប៉ុន្តែនៅពេលដែលគាត់ចូលរួមក្នុង សិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីឥណទានសហគមន៍ គាត់បានទទួលការលើកទឹកចិត្តពី គណៈកម្មាការឥណទានដែលមកពីសហគមន៍ដទៃឲ្យគាត់បន្តការងាររបស់គាត់។ អ្នកចូលរួមដទៃទៀត បានផ្តល់ជាយោបល់ និងបទពិសោធន៍របស់ពួកគាត់ពីក្នុងការអនុវត្តការងារនេះ ដើម្បីជួយដល់លោកស្រី ជួប សារឿន ក្នុងការដោះស្រាយបញ្ហានេះ។
រីខូហ្វក៏ជួយសម្របសម្រួលឲ្យក្រុមឥណទានសហគមន៍ខ្សាច់លាវ ឲ្យមានកិច្ចប្រជុំនៅភូមិខ្សាច់លាវជាមួយនឹងសមាជិករួមទាំងសមាជិកក្រុមឥណទានដែលមិនបង់ការប្រាក់ និងអជ្ញាធរមូលដ្ឋាន។ លោកស្រី ជួប សារឿន មានឳកាសក្នុងការបញ្ចុះបញ្ចូលសមាជិកសហគមន៍ ដែលថាក្រុមឥណទានមានផលប្រយោជន៍សម្រាប់ពួកគាត់ និងមានភាពខុសគ្នាពីក្រុមសន្សំពីមុន។
“ថវិកាដែលខ្ញុំគ្រប់គ្រងសម្រាប់ឥណទានសហគមន៍មិនមែនជារបស់ខ្ញុំទេ” លោកស្រី បានមានប្រសាសន៍យ៉ាងដូច្នេះ “វាគឺជាថវិការរបស់យើងទាំងអស់គ្នា ហើយវាជាប្រភពថវិកាតែមួយគត់ដែលយើងរកបានដោយខ្លួនឯងដើម្បីប្រើសម្រាប់ការពារព្រៃឈើរបស់យើង”
សម្រាប់ លោកស្រី ដំណើរការរបស់ឥណទានសហគមន៍ គឺខុសគ្នាពីក្រុមសន្សំដែលសហគមន៍បង្កើតក្នុងឆ្នាំ ២០១៤ តាមរយៈការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលមួយ។ ក្រុមសន្សំបង្កើតឡើងដោយមិនបានសុំការទទួលស្គាល់ពីអជ្ញាធរ និងមន្រ្តីជំនាញណាឡើយ និងសមាជិកសហគមន៍មិនសូវមានអ្នកបានដឹងពីក្រុមនេះឡើយ។ ដូចនេះថវិការបស់ក្រុមសន្សំបានបាត់បង់ ដោយមិនមានមូលហេតុច្បាស់លាស់។
“ឥណទានសហគមន៍ បានដឹងដោយសមាជិកសហគមន៍ព្រៃឈើ” លោកស្រី ជួប សារឿនបាននិយាយយ៉ាងដូចេ្នះ “ ដូចនេះប្រសិនបើអ្នកណាយកថវិកានេះ មានន័យថាគេបានយកថវិការបស់សមាជិកគ្រប់ៗគ្នា។
ការដឹកនាំរបស់លោកស្រី ជួប សារឿន បានធ្វើឲ្យសមាជិកដែលចូលរួមមានការជឿជាក់ ដោយសមាជិកដែលមិនបានបង់ការប្រាក់យល់ព្រមបង់វិញ និងសមាជិកដែលបានយកថវិកាពីក្រុមសន្សំលើកមុនចំនួន៥នាក់ក៏យល់ព្រមបង់ត្រលប់មកវិញនូវថវិកាចំនួន ៥៥០ដុល្លារអាមេរិច ចូលទៅក្នុងឥណទានសហគមន៍ព្រៃឈើសម្រាប់ការប្រើប្រាស់។
បច្ចុប្បន្ន ឥណទានសហគមន៍អាចផ្តល់ថវិកាចំនួន ២០ដុល្លារអាមេរិច ក្នុងមួយខែ។ ឥណទានសហគមន៍បច្ចុប្បន្នមានថវិកាចំនួន ២.១៧០ដុល្លារអាមេរិច សម្រាប់ឲ្យសមាជិកខ្ចី។ ថវិកានេះ កើនឡើងពីរដងតាំងពីលោកស្រី ជួប សារឿន ធ្វើជាប្រធាន។
“វាដូចជាការយល់សប្តិចឹង” នេះជាសំដីរបស់លោកស្រី ជួប សារឿន “ខ្ញុំរៀបនឹងសុំឈប់ទៅហើយ ប៉ុន្តែឥលូវខ្ញុំនឹងប្តេជ្ញាបំពេញការងារ និងធ្វើឲ្យឥណទានសហគមន៍ទទួលបានជោគជ័យ”
###
សម្រាប់ព័ត៌មានបន្ថែមពីការងាររបស់រីខូហ្វ កម្ពុជា សូមចូលទៅមើលទំព័រនេះ និង តាមដានក្នុងទំព័រហ្វេសប៊ុក សម្រាប់បច្ចុប្បន្នភាពប្រចាំថ្ងៃ។
ការងាររបស់រីខូហ្វធ្វើបានដោយមានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (Sida)