RECOFTC កម្ពុជា
រឿង

សហគមន៍​ព្រៃឈើ​

01 August 2013
ឆេង ចាន់នី
ការ​យក​ចិត្ត​ទុកដាក់​ជា​បន្ត​បន្ទាប់​ពី​សំនាក់​រាជ​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​សហគមន៍​ព្រៃឈើ បាន​ផ្តល់​ក្តី​សង្ឃឹម​ក្នុង​ការ​កាត់​បន្ថយ​អត្រា​បាត់​បង់​ព្រៃឈើ និង​ភាព​ក្រីក្រ​នៅ​ជនបទ។
Talk of the Forest
ការអភិវឌ្ឍន៍​សហគមន៍​ព្រៃឈើ

ស្ថានភាពព្រៃឈើនៅក្នុងប្រទេសកម្ពុជា
 

ព្រៃឈើក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងស្ថានភាពគំរាមកំហែងយ៉ាងខ្លាំងក្នុងពីរទសវត្សចុងក្រោយនេះ។ កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច បាននំាឱ្យផ្ទៃដីព្រៃឈើរាប់លានហិកតាត្រូវបានផ្តល់ជាសម្បទានដីសេដ្ឋកិច្ចដល់ក្រុមហ៊ុន ហើយក្រុមហ៊ុនសម្ប​ទានស្ទើរតែទាំងអស់មិនមានប្រព័ន្ធធានាសុវត្ថិភាពសង្គម និងបរិស្ថាននៅឡើយ។​ បន្ថែមលើនេះទៀត ដោយសារអត្រាកំណើនប្រជាជន និងការកាប់ឈើខុសច្បាប់មានការកើនឡើងទ្វេរដង បណ្តាលឲ្យការបាត់បង់ព្រៃឈើមានកម្រឹតខ្ពស់ ជាពិសេសតំបន់ព្រៃដូនតា។
 
ការបាត់បង់ព្រៃឈើ មិនត្រឹមតែប៉ះពាល់ផ្នែកបរិស្ថានប៉ុណ្ណោះទេ វាក៍បណ្តាលឱ្យប៉ះពាល់ដល់ប្រជាជនក្រីក្រនៅជនបទរាប់លាននាក់ដែលអាស្រ័យផលក្នុងការទ្រទ្រង់របរ​ចិញ្ចឹមជីវិតផងដែរ។ ចាប់តាំងពីឆ្នាំ ២០០៧មក ប្រជាជនមូលដ្ឋានដែលអាស្រ័យផលលើព្រៃឈើ បានទទួលនូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការការពារតំបន់ព្រៃឈើរបស់ខ្លួនមួយចំនួន ដែលនៅសល់ តាមរយៈការបង្កើតជាសហគមន៍ព្រៃឈើ។ នេះជាឱកាសសម្រាប់សហគមន៍ជាច្រើន ក្នុងការការពារប្រភពនៃការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេ ព្រមទាំងការការពារគម្របព្រៃឈើផងដែរ។ ប្រសិនបើសហគមន៍ព្រៃឈើនៅបន្តទទួលបានការគាំទ្រ និងលើកទឹកចិត្តនោះ វានឹងចូលរួមចំណែកក្នុងការទប់ស្កាត់ការបាត់បង់ព្រៃឈើ និងអាចធានាសុវត្ថិភាពនាពេលអនាគតដល់ប្រជាជនមូលដ្ឋានផងដែរ។  

 
បញ្ហាប្រឈម

នៅចុងទសវត្សទី៩០ ដីព្រៃឈើជាងពាក់កណ្តាលនៃប្រទេសកម្ពុជា ត្រូវបានផ្តល់អាជ្ញាបណ្ណទៅឱ្យក្រុមហ៊ុនចំនួន ៣០ ជាព្រៃសម្បទាន។ រាជរដ្ឋាភិបាលសង្ឃឹមថា ការដាក់ឱ្យស្ថិតនៅក្រោមវិស័យឯកជ​ន ធនធានធម្មជាតិនឹងត្រូវគ្រប់​គ្រងបានល្អប្រសើរ ហើយព្រៃឈើចំនួន ៦,៥លានហិកតា ដែលស្ថិតនៅក្រោមសម្ប​ទាននេះ អាចរកចំណូលបានរហូតដល់  ១០០លានដុល្លារប្រចាំឆ្នាំចូលទៅក្នុងថវិកាជាតិ។
 
គោលបំណងនេះបានទទួលបរាជ័យ ដោយសារប្រព័ន្ធគ្រប់គ្រងសម្បទានព្រៃឈើនៅទន់ខ្សោយនៅឡើយ។ ថ្លៃឈ្នួលបានមកពីសម្បទានមួយភាគតូចតែប៉ុណ្ណោះ បានមកដល់ដៃរបស់រាជរដ្ឋាភិបាល។ ការគ្រប់គ្រងទៅលើក្រុមហ៊ុនមិនបានល្អ និងការកើនឡើងនៃការកាប់ឈើខុសច្បាប់យ៉ាងគំហុក​ បានធ្វើឱ្យធនធានព្រៃឈើសិ្ថតនៅក្នុងស្ថានភាពប្រកាសអាសន្ន។ មុនឆ្នាំ១៩៩៧ គេបាន​ប៉ាន់ប្រមាណថា ឈើប្រហែល ៤លានម៉ែត្រគូបត្រូវបានលួចកាប់ដោយផុសច្បាប់រៀងរាល់ឆ្នាំ។​
 
ឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលបានផ្អាកការផ្តល់សម្បទានព្រៃឈើនៅឆ្នាំ២០០២។ ប៉ុន្តែក្រោយមក រាជរដ្ឋាភិបាលបានចាប់ផ្តើមអនុម័តការផ្តល់សម្បទានដីសេដ្ឋកិច្ច ដែលអនុញ្ញាតិ្តឱ្យមានការកាប់ឆ្ការព្រៃ ដើម្បីយកដីដាំដំណាំកសិឧស្សាហកម្មដូចជា​ កៅស៊ូ​ និងដំណាំផ្សេងទៀត។​ ការបាត់បង់ព្រៃឈើនៅតែបន្តក្នុងអត្រាខ្ពស់ ហើយភាគច្រើននៃផ្ទៃដីព្រៃត្រូវបានកាប់ឆ្ការក្នុងគោលបំណងប្រើប្រាស់ផ្សេងៗ។
 
ការរាលដាលនៃការបាត់បង់ព្រៃឈើនៅក្នុងកំឡុងពេលនោះ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនក្រីក្ររស់នៅជនបទរាប់លាននាក់​ ដែលពួកគេភាគច្រើនពឹងផ្អែកលើអនុផលព្រៃឈើដូចជា ជ័រទឹក អុសដុត វល្លិ៍ផ្តៅ និងផ្សិតជាដើម។ តាមការស្រាវជ្រាវបានបង្ហាញថា ជិតពាក់កណ្តាលនៃគ្រួសាររស់នៅជនបទក្នុងប្រទេសកម្ពុជា ដែលស្មើនឹងចំនួនជាង ៥លាននាក់ រស់នៅអាស្រ័យផលពីព្រៃឈើ (ពី ២០% ទៅ ៥០%) ក្នុងការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេ។ ចំនួន ១៥%ទៀតដែលស្មើនឹងជាង ១លាននាក់ អាស្រ័យផលពីព្រៃឈើ​(ជាងពាក់កណ្តាលនៃរបរចិញ្ចឹមជីវិតរបស់ពួកគេ)។

ការបង្កើតសហគមន៍ព្រៃឈើនៅក្នុងប្រទេសកម្ពុជា

ការបង្កើតសហមន៍ព្រៃឈើគឺជាជម្រើសដ៏សមស្រប និងចំបាច់មួយសម្រាប់រាជរដ្ឋាភិបាលក្នុងការដោះស្រាយវិបត្តិព្រៃឈើក្នុងប្រទេស ។ សហគមន៍ព្រៃឈើក្នុងប្រទេសកម្ពុជាបានបង្កើតឡើងជាលើកដំបូងនៅពាក់កណ្តាលទសវត្សទី៩០ តាមរយៈការអនុវត្តម្រោងសាកល្បងតូចៗ​។ ​ក្រុមការងារបច្ចេកទេសថ្នាក់ជាតិមួយត្រូវបានបង្កើតឡើងរួមមានសង្គមស៊ីវិល ម្ចាស់ជំនួយ និងស្ថាប័នរដ្ឋបាលព្រៃឈើរបស់រាជរដ្ឋាភិបាល ដោយសហការណ៍គ្នាដើម្បីបង្កើតគោលនយោបាយ និងគ្របខ័ណ្ឌគតិយុត្តថ្នាក់ជាតិ។
 
ដោយសារគម្រោងសាកល្បងទាំងនេះទទួលបានជោគជ័យ  រាជរដ្ឋាភិបាលបានបន្តដំណើរការនេះដោយបានបង្កើតកម្មវិធីសហគមន៍ព្រៃឈើជាតិ​។ នៅក្នុងឆ្នំា២០០២ ច្បាប់ថ្មីបានផ្តល់សិទ្ធឱ្យរដ្ឋបាលព្រៃឈើក្នុងការផ្តល់តំបន់ព្រៃផ្តល់ផលទៅសហគមន៍មូលដ្ឋានជាអ្នកគ្រប់គ្រង។ បន្ទាប់មកទៀត នៅឆ្នាំ២០០៣ អនុក្រិត្យស្តីពីសហគមន៍ព្រៃឈើបានទទួលស្គាល់ជាផ្លូវការនូវសហគមន៍ព្រៃឈើជាគោលនយោបាយជាតិមួយ។
 
ប៉ុន្តែក្នុងច្បាប់ស្តីពីព្រៃឈើក្នុងឆ្នាំ២០០២ និងអនុក្រិត្យឆ្នាំ២០០៣ ពាក្យថាសហគមន៍ព្រៃឈើមានតែនៅក្នុងទ្រឹស្តីតែប៉ុណ្ណោះ​។ បទបញ្ញាតិ្តទាំងនេះបានធ្វើឱ្យម្ចាស់ជំនួយ និងអង្គការមិនមែនរដ្ឋាភិបាលចាប់ផ្តើមផ្តល់ការគាំទ្រជាបណ្តើរទៅដល់រដ្ឋបាលព្រៃឈើ រដ្ឋាភិបាលថ្នាក់មូលដ្ឋាន និងសហគមន៍ក្នុងការបង្កើតតំបន់សាកល្បង ប៉ុន្តែតំបន់ទាំងនេះមិនបានទទួលនិយ័តកម្មនោះទេ។ ក្នុងពេលនោះ ពុំទាន់មានលិខិតបទដ្ឋានច្បាប់ស្តីពីការបង្កើត​ និងអនុវត្តសហគមន៍ព្រៃឈើនៅឡើយ លើសពីនេះទៀតសមត្ថភាពរបស់ស្ថាប័ន ក៍មិនទាន់មានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលអនុវត្តការងារនៅឡើយដែរ។ ដូច្នេះហើយ សហគមន៍ព្រៃឈើនៅតែមិនទាន់មានការទទួលស្គាល់ស្របច្បាប់ និងមានភាពងាយរងគ្រោះពីសំណាក់សម្បទានដីសេដ្ឋកិច្ច និងឥទ្ធិពលផ្សេងៗទៀតពីខាងក្រៅ។
 
នៅឆ្នាំ២០០៦ រដ្ឋបាលព្រៃឈើ បានដាក់ចេញនូវលិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធនឹងសហគមន៍ព្រៃឈើ ដែលជាតម្រូវការជាចំបាច់ ដែលមានឈ្មោះថា ‍​ប្រកាស ។ នៅក្នុងប្រកាស  បានបញ្ជាក់យ៉ាងច្បាស់អំពីដំណើរការនៃការកំណត់ ការធ្វើនិយ័តកម្ម និងការគ្រប់គ្រងព្រៃឈើ។ ទោះបីជាមានជំហានខ្លះតម្រូវឱ្យមានការកែសម្រួលឡើងវិញដើម្បីឱ្យមានភាពងាយស្រួល និងមានតម្លាភាពជាងមុនក៏ដោយ ក៍នេះជាជំហានឆ្ពោះទៅមុខមួយដ៏សំខាន់​ ដែលផ្តល់ឱកាសក្នុងការយកទ្រឹស្តីទៅអនុវត្តជាក់ស្តែង និងធ្វើឱ្យមានលទ្ធភាពក្នុងការបង្កើតឱ្យមានកម្មវិធីសហគមន៍ព្រៃឈើជាតិ។
 
នៅដើមឆ្នាំ២០១៣ គឺរយះពេល ៧ឆ្នាំក្រោយពីការដាក់អោយអនុវត្តនូវលិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធនឹងសហគមន៍ព្រៃឈើំមករួចមក មានសហគមន៍ព្រៃឈើចំនួន ៤៥៧កន្លែងត្រូវបានបង្កើតឡើង គ្របដណ្តប់លើផ្ទៃដីព្រៃឈើចំនួន ៤០០.១៧៦​ហិកតា ក្នុងនោះសហគមន៍ព្រៃឈើចំនួន ៣៤៥កន្លែង គ្របដណ្តប់លើផ្ទៃដីព្រៃឈើចំនួន ៣០៨.៥៦៣ហិកតា ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ចេញប្រកាសទទួលស្គាល់Anchor និងសហគមន៍ព្រៃឈើចំនួន ២៥៣កន្លែងគ្របដណ្តប់លើផ្ទៃដីព្រៃឈើចំនួន ២០៧.២៩៨ហិកតាត្រូវបានចុះកិច្ចព្រមព្រៀងសហគមន៍ព្រៃឈើរវាងខណ្ឌរដ្ឋបាលព្រៃឈើសាមីជាមួយគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ។  ពុំទាន់មានទិន្នន័យថ្នាក់ជាតិណាមួយបង្ហាញពីចំនួនគ្រួសារសរុបដែលជាសមាជិករបស់សហគមន៍ព្រៃឈើនោះទេ ប៉ុន្តែយោងតាមគម្រោងរបស់រីខូហ្វ ដែលធ្វើការជាមួយសហគមន៍ព្រៃឈើចំនួនជាងពាក់កណ្តាលនៃសហគមន៍ព្រៃឈើសរុបក្នុងប្រទេសកម្ពុជា បានស្រូបយកប្រជាជនជាង ៦០.០០០ គ្រួសារមកពីភូមិចំនួន ៤៥០។
 
សហគមន៍ព្រៃឈើនៅតែទទួលបានការគាំទ្រ និងយកចិត្តទុកដាក់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ កម្មវិធីព្រៃឈើជាតិ  ដែលបានអនុម័តឱ្យប្រើប្រាស់នៅឆ្នាំ ២០១០បានត្រួសត្រាយគោលនយោបាយ និងក្របខ័ណ្ឌការងារក្នុងការសម្រេចបានគោលដៅគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពរហូតដល់ឆ្នាំ ២០៣០​ និងជម្រុញឱ្យរាជរដ្ឋាភិបាលលៃលកថវិការជាតិបន្ថែមទៀតក្នុងការពង្រីកកម្មវិធីនេះ។ កម្មវិធីព្រៃឈើជាតិបានកំណត់គោលដៅក្នុងការបង្កើតសគមន៍ព្រៃឈើឱ្យបាន១.០០០ កន្លែងដោយស្របច្បាប់នៅមុនឆ្នាំ ២០៣០។ ជាទូទៅសហគមន៍នីមួយៗមានទំហំជាមធ្យមជិត ១.០០០ ហិកតា ដែលនេះមានន័យថាព្រៃឈើ ១លានហិកតា នឹងត្រូវដាក់ឱ្យសហគមន៍គ្រប់គ្រង ដែលទំហំនេះស្នើនឹង ១០% នៃព្រៃឈើសរុបក្នុងប្រទេសទាំងមូល។ កម្មវិធីព្រៃឈើជាតិ ក៏បានលើកឡើងដែរថា សហគមន៍ព្រៃឈើ គឺជាគំរូនៃការគ្រប់គ្រងដែលចូលរួមចំណែកក្នុងកម្មវិធីរេដបូក (REDD+)។