សម្រាប់លោកឃួន ម៉ុន ម្លប់ឈើដែលគាត់ឈរក្រោមនៅពេលធ្វើបទបង្ហាញទៅកាន់គណៈប្រតិភូពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) គឺខុសប្លែកពីកាលដែលគាត់នៅពីក្មេង។ ក្នុងទសវត្សទី ៧០ ការកាប់ឈើធ្វើជាធ្យូងបានធ្វើឲ្យតំបន់នេះរងនូវភាពរេចរឹលយ៉ាងខ្លាំង។ បន្ទាប់មកការកាប់ឈើអនាធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច បានធ្វើឲ្យព្រៃនៅជុំវិញភូមិក្បាលបីក្នុងខេត្តកំពង់ធំនេះស្ទើរតែបាត់បង់ទាំងស្រុង។
“កសិកម្មពនេចរ និងការមិនយល់ដឹងពីច្បាប់គឺជាអ្វីដែលកើតឡើងក្នុងសហគមន៍ខ្ញុំ កំឡុងពីឆ្នាំ១៩៧៩ ដល់ដើមឆ្នាំ២០០០,” នេះបើតាមលោក ឃួន ម៉ុន “ជីវភាពរបស់ពួកយើងពឹងផ្អែកលើព្រៃឈើ ហើយយើងប្រើប្រាស់តែនៅក្នុងគ្រួសារប៉ុណ្ណោះ។”
ប៉ុន្តែប្រហែលជាជាង១០ឆ្នាំនេះ មានការផ្លាស់ប្តូរមួយ នៅពេលដែលប្រជាជនបានបង្កើតសហគមន៍ព្រៃឈើ។ ពេលនេះ លោកឃួន ម៉ុនជាប្រធានសហគមន៍ព្រៃឈើនេះ
“តំបន់នេះគ្មានដើមឈើទេ នៅពេលដែលយើងចាប់ផ្តើមសហគមន៍ព្រៃឈើ ប៉ុន្តែពេលនេះយើងឃើញមានឈើដុះឡើងវិញជាច្រើន” លោកឃួន ម៉ុនបាននិយាយទៅកាន់គណៈប្រតិភូមកពីSDC ដែលបានទៅទស្សនកិច្ចនៅសហគមន៍ព្រៃឈើព្រៃក្បាលបីដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីការអនុវត្តគម្រោងភាពជាដៃគូព្រៃឈើ និងជលផល (PaFF)។
គម្រោង PaFF ទទួលបានការគាំទ្រថវិកាពី SDC ដោយអនុវត្តរយៈពេល៥ឆ្នាំ ក្នុងគោលបំណងជួយបង្កើននូវភាពស៊ាំរបស់សហគមន៍ទៅនឹងការប្រែប្រួលទាំងផ្នែកសេដ្ឋកិច្ច និងធនធានធម្មជាតិ តាមរយៈការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍។ គម្រោងនេះ ជាកិច្ចសហការរវាងអង្គការ World Wide Fund for Nature (WWF), រីខូហ្វ, the Non-timber Forest Product Exchange Program (NTFP-EP) និង the Culture and Environment Preservation Association (CEPA)។
តាំងពីឆ្នាំ ២០១៥ គម្រោង PaFF បានជួយលោក ឃួន ម៉ុន និង៦២គ្រួសារទៀត នៅសហគមន៍ព្រៃក្បាលបីក្នុងការអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍របស់ពួកគេ។
សហគមន៍ព្រៃឈើក្នុងប្រទេសកម្ពុជា ត្រូវចាត់ទុកជាទ្រព្យសម្បត្តិរដ្ឋក្នុងច្បាប់។ ផែនការគ្រប់គ្រងសហគមន៍ ជាឯកសាមួយដែលសហគមន៍ត្រូវរៀបចំ និងអនុវត្តតាមបន្ទាប់ពីបានទទួលការអនុម័តពីរដ្ឋបាលព្រៃឈើនៃប្រទេសកម្ពុជា ប្រសិនបើពួកគេចង់រក្សានូវសិទ្ធិក្នុងការគ្រប់គ្រងព្រៃសហគមន៍។
បើតាមលោកឃួន ម៉ុន បច្ចុប្បន្នសហគមន៍អាចប្រមូលអនុផលព្រៃឈើ និងឈើបង្គោលមួយចំនួនដើម្បីលក់ ហើយបានផ្តល់ចំណូលដល់សហគមន៍ជាង ៥០០ដុល្លារអាមេរិច។
ដំណុះឡើងវិញនេះ ក៏បង្ហាញពីភាពប្រឈមនៃបទល្មើសព្រៃឈើដែលសហគមន៍ជួបប្រទះតាំងពីយូរមកហើយ ពិសេសនៅពេលយប់ និងនៅរដូវវស្សា។ ជាការឆ្លើយតបសហគមន៍បានបង្កើតឥណទានសហគមន៍ព្រៃឈើ។ ឥណទាននេះ ជួយសហគមន៍ ឈានមួយជំហ៊ានទៀតទៅរកស្វ័យថវិកាសម្រាប់ប្រើប្រាស់ក្នុងការគ្រប់គ្រង ក៏ដូចជាការល្បាតព្រៃ។
សមាជិកក្រុមឥណទានអាចខ្ចីប្រាក់ពីឥណទាន ដោយការប្រាក់ត្រឹមតែ៣% ក្នុងមួយខែ នេះគឺជាជម្រើសថ្មីមួយទៀតពីការខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុ។ ការប្រាក់ដែលទទួលបាននឹងប្រើទៅក្នុងការបង្កើនទុនក្រុមឥណទាន ការងារដ្ឋបាល និងការអនុវត្តផែនការគ្រប់គ្រង។ ឥណទានសហគមន៍ព្រៃឈើ ក៏បានលើកទឹកចិត្តឲ្យមានការចូលរួមពីជនងាយរងគ្រោះក្នុងសហគមន៍ ដែលជាគោលការណ៍គ្រឹះមួយក្នុងគម្រោង PaFF។
មិនថានៅសហគមន៍ព្រៃក្បាលបី ឬសហគមន៍ផ្សេងទៀតឡើយ ឥណទានសហគមន៍មានសមាជិកភាគច្រើនគឺជាស្រ្តី។ ការចូលរួមនេះ បានធ្វើឲ្យពួកគេមានសម្លេងក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត ក្នុងការប្រើប្រាស់ថវិកាពីក្រុមឥណទានទៅគ្រប់គ្រងព្រៃសហគមន៍។
“យើងពិភាក្សាគ្នាថាតើថវិកានេះគួរចំណាយលើការងារណាមួយណាក្នុងផែនការគ្រប់គ្រង” នេះជាសំដីរបស់ អ្នកស្រី សាយ អាំ ដែលជាលេខារបស់សហគមន៍ព្រៃក្បាលបី។ “បានដឹងច្រើនជាងមុនពីសកម្មភាពក្នុងការគ្រប់គ្រងព្រៃសហគមន៍ព្រោះខ្ញុំបានចូលរួមក្នុងកិច្ចប្រជុំប្រចាំខែរបស់ឥណទានសហគមន៍ព្រៃឈើ។”
សមាជិកសហគមន៍ ជឿជាក់ថាការសម្រេចចិត្តរបស់គណៈកម្មាការសហគមន៍ ជាហេតុផលធំមួយដែលធ្វើឲ្យសហគមន៍ជោគជ័យ។ ថវិកាពីក្រុមឥណទានចំនួន ៥៨ដុល្លារអាមេរិចក្នុងមួយខែ ធ្វើឲ្យសហគមន៍អាចល្បាតព្រៃជាប្រចាំពីរដង ក្នុងមួយខែ និងអាចធ្វើការស្តារព្រៃឈើឡើងវិញដោយមិនចាំបាច់ពឹងផ្អែកលើថវិការជំនួយ។ សហគមន៍បានចាប់បទល្មើសបាន៥ដង ហើយរិបអូសយកទូកចំនួន ១ និងកានសាំង ១៥ ដែលប្រើសម្រាប់ដឹកឈើបង្គោលចំនួន ៥០០។
###
ការងាររបស់រីខូហ្វ អាចធ្វើទៅបានដោយមានការគាំទ្រជាបន្តបន្ទាប់ពីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារអភិវឌ្ឍកិច្ចសហប្រតិបត្តិការអន្តរជាតិស៊ុយអែត (Sida)។