RECOFTC Cambodia
News

ការរួមចំណែកក្នុងការ​ស្តារព្រៃឈើ និងកាត់បន្ថយការប៉ះពាល់​នៃកូវីដ-១៩

RECOFTC, 2020

ជម្ងឺរាតត្បាតជាសាកល កូវីដ ១៩ បានកើនឡើងដល់ជាង ៥៣លាននាក់ ហើយ ដែលបានធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច ក៏ដូចជាសង្គមរបស់ប្រជាជននៅពិភពលោក ក៏ដូចជាប្រជាជនក្នុងប្រទេសកម្ពុជា។ សម្ភាសន៍សហគមន៍ចំនួន ១៨ កាលពីខែមិថុនា ឆ្នាំ២០២០ ក្នុងខេត្តចំនួន៧ បានបង្ហាញថាសហគមន៍ទទួលរងនូវផលប៉ះពាល់លើជីវភាពរបស់ពួកគាត់ពីមធ្យម ទៅខ្លាំង ព្រោះតែពួកគាត់មិនអាចលក់ផលិតផលដែលពួកគាត់មានបានដូចពីមុន ក៏ដូចជាតម្លៃនៃផលិតផលមានការធ្លាក់ចុះ។  

លោកស្រី ប៊ុន សារ៉េម គណៈកម្មាការសហគមន៍បង្គងឃ្មុំ ក្នុងខេត្តពោធិ៍សាត់ មានប្រសាសន៍ថា “តម្លៃស្ករត្នោត ធ្លាក់ចុះពី ១០០០០រៀល ដល់៦០០០រៀល ហើយក៏មិនសូវមានអ្នកមកទិញដូចមុនដែរ។ ពីមុនមានប៉ុន្មាន គេទទួលទិញទាំងអស់”។

គម្រោងស្តារព្រៃឈើ​ ក្នុងខេត្តពោធិ៍សាត់ ដែលអនុវត្តដោយរីខូហ្វ និងនាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន នៃក្រសួងបរិស្ថាន ផ្តួចផ្តើមឡើងដើម្បីរួមចំណែកជួយ ដោះស្រាយបន្ទាន់នៅដល់សហគមន៍ដែល​រងផលប៉ះពាល់​ក្នុងកំឡុងពេលដែលមាន​កូវីដ ១៩ និងការស្តារតំបន់ទេសភាព ក្នុងស្ថានភាពនៃការប្រែប្រួលអាកាសធាតុ។

សមាជិកសហគមន៍ចំនួន ជាង២០៥ គ្រួសារ​ មានសមាជិក​៣០០នាក់ ដែលក្នុងនោះមានស្រ្តីជាង ៥៦% ស្ថិតក្នុង ​៣​ភូមិ​ ដូចជា ភូមិស្ទឹងថ្មី ភូមិប្រម៉ោយ និងភូមិទំព័រ ឃុំ ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងការងារដាំឈើ និងថែទាំ។ 
 

គណៈប្រតិភូចូលរួមដាំដើមឈើ

លក្ខណៈវិនិច្ឆ័យចំនួន ៧រួមមាន អ្នកប៉ះពាល់ផ្ទាល់​(បាត់បងការងារដោយជំងឺរាត្បាត) អ្នកប៉ះពាល់ជាប្រយោល​(គ្រួសាចាស់ជរាដែលពឹងផ្អែកទាំងស្រុងលើកូនចៅចំណាកស្រុក) ស្រ្តីជាមេគ្រួសារ សមាជិកសហគមន៍តំបន់ការពារ ជនបាត់បងសមត្ថភាពការងារ អ្នកដែលជាប់ចំណាតើថ្នាក់ក្រីក្រទី១​ និងទី២ គ្រួសាទុរគតជន ដើម្បីកំណត់ថាគ្រួសារដែលប៉ះពាល់ដោយកូវីដ ១៩ឲ្យមកចូលរួមក្នុងគម្រោង។ ការវាយតម្លៃនេះក៏មានការចូលរួមពីអជ្ញាធរមូលដ្ឋាន និងតំណាងពីក្រសួងបរិស្ថានផងដែរ” នេះបើយោងតាមលោក ឈ្នាង គីរីវុឌ្ឍ មន្រ្តីនៃអង្គការរីខូហ្វ។

កូនឈើចំនួន ជាងបួនម៉ឺនដើម ដែលរួមមាន​៥ ប្រភេទ បានដាំលើផ្ទៃដីចំនួន៥៦ ហិកតាដោយមានការចូលរួមថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន និងសហការី រួមនឹងតំណាងពីអជ្ញាធរមូលដ្ឋាន និងសហគមន៍ផងដែរ។

ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានលើកឡើងថា ការដំាកូនឈើនេះគឺសំរាប់ការអភិរក្សធនធានធម្មជាតិ ជាពិសេសបង្កើនជិវៈចម្រុះ សម្រាប់កូនចៅជំនាន់ក្រោយ ក៏ដូចជារក្សាលំនឹងអេកូឡូស៊ី ដូចជាអាចរក្សាទឹក និងទាក់ទាញទឹកភ្លៀង។

សម្រាប់សហគមន៍វិញ ការចូលរួមជាមួយគម្រោងគឺ​បានជួយមួយផ្នែកក្នុងការសម្រាលជីវភាពដែល​កំពុងលំបាកក្នុងពេលដែលកំពុងមានជម្ញឺរាតត្បាត ក៏ដូចជាបានជួយដល់ការស្តារដីរេចរឹលក្នុងសហគមន៍របស់គាត់ដែលជាសកម្មភាពអាទិភាពមួយក្នុងផែនការគ្រប់គ្រងរបស់ពួកគាត់ផងដែរ។

ខ្ញុំត្រេកអរណាស់ដែលគម្រោងបានចុះមកជួយ ព្រោះពួកយើងសុទ្ធជាគ្រួសារក្រីក្រ ហើយយើងក៏ប្តេជ្ញាថែរក្សាកូនឈើដែលដាំនេះ ព្រោះព្រៃឈើមានតម្លៃណាស់ដោយការពារការហូរដី ក៏ដូចជាទាក់ទាញទឹកភ្លៀងសម្រាប់ពួកយើងធ្វើចំការ លោកស្រី ញ៉ែប សុជាតា សហគមន៍ក្នុងភូមិទំព័រ

សមាជិកសហគមន៍ចូលរួមក្នុងការដាំដើមឈើ

កូនឈើដែលបានដាំនាពេលនេះ នឹងបន្តថែទាំដោយសហគមន៍ ជាមួយនឹងសម្របសម្រួលជួយបច្ចេកទេសពីអ្នកអនុវត្តគម្រោងដែលមានរីខូហ្វ និងនាយកដ្ឋានជីវភាពសហគមន៍ ដើម្បីធានានូវភាពដំណុះរបស់កូនឈើ។

លោក ងែ៉ត ឃឿន ប្រធានសហគមន៍ស្ទឹងថ្មី មានប្រសាសន៍ដោយជឿជាក់ថា “យើងបែងចែកសមាជិកជា២៥ក្រុម ដើម្បីបន្តថែទាំកូនឈើ ហើយខ្ញុំសង្ឃឹមថាថ្ងៃអនាគតកូនឈើទាំងនេះនឹងធំធាត់ ហើយប្រែក្លាយតំបន់នេះ[ពីដីរេចរឹល] ទៅជាតំបន់អេកូទេសចរណ៍”។​

​គម្រោងនេះទទួលបានការគាំទ្រថវិកាSida តាមរយៈUNDP ដែលមានគោលបំណង ផ្តល់ជំនួយសង្រ្គោះបន្ទាន់ដល់អ្នកដែលរងផលប៉ះពាល់ពីជំងឺ កូវីដ ១៩ ចំនួន ៣០០ នាក់ តាមរយៈការដាំស្តារព្រៃឈើឡើងវិញល់ផ្ទៃដី​ ៥៦ ហិកតា។​