RECOFTC Cambodia
News

ក្រសួងបរិស្ថានទទួលស្គាល់លើផែនការ​គ្រប់គ្រង​សហគមន៍​​តំបន់​​ការពារ​​ធម្មជាតិ​

ការធ្វើសារពើភណ្ឌព្រៃឈើដោយសហគមន៍

ក្រសួងបរិស្ថានបានអនុម័តទៅលើផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិចំនួន ៥ កន្លែង​ (៣នៅក្នុងខេត្តពោធិ៍សាត់ និង ២ទៀតនៅក្នុងខេត្តបាត់ដំបង) កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៦​ កន្លងមក។ ​នេះគឺជាជោគជ័យមួយដ៍សំខាន់​សម្រាប់សហគមន៍តំបន់ការ​ពារធម្មជាតិនៅក្នុង​ប្រទេសកម្ពុជា។ ការអនុម័តនេះបានផ្តល់នូវសិទ្ធស្របច្បាប់ក្នុងការគ្រប់គ្រងចំពោះសហគមន៍ ក្នងការ អភិវឌ្ឍ និង គ្រប់គ្រងធនធានព្រៃឈើរបស់ពួកគេប្រកបដោយនិរន្តរភាព។
ផែនការគ្រប់គ្រងគឺជាផែនទីបង្ហាញផ្លូវសម្រាប់សហគមន៍ដើម្បីអភិវឌ្ឍ គ្រប់គ្រងធនធាន និងការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព។ ជាងនេះទៀត ផែនការគ្រប់គ្រងដ៍បានរួមបញ្ចូលនូវផែនការជំនួញផងដែរ ដែលមានសារៈសំខាន់ដល់ប្រជាជនក្នុងមូលដ្ឋាន​ក្នុងការទាញយកផល​ប្រយោជន៍​សេដ្ឋកិច្ចពីសហគមន៍មកទ្រទ្រង់ការរស់នៅសម្រាប់រយៈពេលវែង។

ផែនការគ្រប់គ្រងទាំង ៥ ដែលទទួលបានការអនុម័តនេះ ស្ថិតនៅក្នុងគម្រោងគ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្តរភាព (Sustainable Forest Management) ដែលគាំទ្រថវិកាដោយ UNDP-GEF និងអនុវដោយ​អង្គការ RECOFTC រួមជាមួយនឹងអង់ការម្លប់បៃតង សហការជាមួយអគ្គនាយក​ដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន។ គម្រោងគ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្តរភាពមានរយៈពេល ២៤ ខែដោយបានចាប់ផ្តើមក្នុងឆ្នាំ ២០១២។ គម្រោងនេះបានគាំទ្រដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ១១ ស្ថិត​ក្នុងខេត្តគោលដៅចំនួន ៤ គឺ ខេត្តកំពង់ស្ពី កំពង់ឆ្នាំង ពោធិ៍សាត់ និង បាត់ដំបង។

ការបង្ហាញពីផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ

លោក ឈ្នាង គីរីវុធ អ្នកសម្របសម្រួលភាពជាដៃគូសហគមន៍ព្រៃឈើ នៃអង្គការ RECOFTC ប្រចាំប្រទេសកម្ពុជាដែលជាអ្នកគ្រប់គ្រងគម្រោងនេះបាន លើកឡើងថាគម្រោងនេះបានជួបប្រទៈបញ្ហាមួយ​​ចំនួន​ក្នុងពេលចាប់ផ្តើមដំណើរការដំបូងជាពិសេសជាមួយមន្ទីរជំនាញ។ ក្រោយមកបញ្ហាទាំងអស់ក៍បានដោះ ស្រាយក្រោយពីអង្គការ RECOFTC បានសម្របសម្រួលឲ្យមានកិច្ចប្រជុំជាច្រើនលើកច្រើន​សាររួចមកជាមួយដៃគូពាក់ព័ន្ធសំខាន់ៗ។

អង្គការ RECOFTC បានគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកា ក្នុងដំណើរការរៀបចំផែនការគ្រប់គ្រងនេះ​ឡើងតាមរយៈការបណ្តុះបណ្តាលគ្រូបង្គោលក្នុងការកសាងសមត្ថភាពដល់មន្រ្តីរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមកពីក្រសួងបរិស្ថាន មន្ទីរបរិស្ថាន ដែនជម្រកសត្វព្រៃ និង អង្គការម្លប់បៃតង ដែលជាដៃគូអនុវត្តផងដែរ។  គ្រូបង្គោលទាំងអស់បានបន្តរផ្តល់ការបណ្តុះបណ្តាល​នៅសហគមន៍មូលដ្ឋានទៅដល់ គណៈកម្មការគ្រប់គ្រង និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិ ក្រុមប្រឹក្សាឃុំ និងប្រធានភូមិ។ វគ្គបណ្តុះបណ្តាលទាំងនេះរួមមាន ការពង្រឹងស្ថាប័ន សារពើរភ័ណ្ឌព្រៃឈើ ការវាយតម្លៃធនធានដោយមានការចូលរួម ការរៀបចំផែនការគ្រប់គ្រង និងផែនការជំនួញ។

លោក គីរីវុធបានបន្តទៀតថា ស្ថាប័នជំនាញពាក់ព័ន្ធ រួមទាំងអជ្ញាធរដែនដីបានទទួលស្គាល់ថាយុទ្ធសាស្រ្តបណ្តុះបណ្តាលផ្សាភ្ជាប់​ទៅនឹងការអនុវត្ត​ (​Training for Action) ក្នុងការកសាងសមត្ថភាពបានដើរតួនាទីសំខាន់ក្នុងការត្រួស​ត្រាយផ្លូវនាំទៅរកការសម្រេចបានផ្លែផ្កានេះ។ ផែនការគ្រប់គ្រង និងផែនការជំនួញចំនូន ១១ ត្រូវបានរៀបចំឡើង និងបញ្ចប់រួចរាល់ហើយបានដាក់ជូនក្រសួងបរិស្ថានដើម្បីពិនិត្យ និងសម្រេចកាលពីខែតុលា ឆ្នាំ២០១៥។ ការអនុម័តទទួលស្គាល់ផែនការគ្រប់គ្រងទាំង ៥នេះ គឺជាជំហានវិជ្ជមានមួយដ៍សំខាន់ សម្រាប់ឈានទៅរកការទទួលស្គាល់ផែនការគ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិផ្សេងៗទៀតនៅពេលអនាគត់។ “យើងសង្ឃឹមថាផែនការដែលនៅសល់ចំនួន ៦ទៀតនឹងទទួលបានការអនុម័តក្នុងពេលឆា​ប់ៗនេះ”។