RECOFTC Cambodia
News

រីខូហ្វ កម្ពុជា​សម្រប​សម្រួល​ដំណើរ​ទស្សនៈកិច្ច​របស់​គណៈប្រតិភូ​នៃ​ភ្នាក់ងារ​ស្វីស​ដើម្បី​ការ​អភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ទៅ​កាន់​សហគមន៍​ព្រៃឈើ "សង្ឃសហគមន៍​រុក្ខវន្ត"

លោកស្រី ហ៊ូ កល្យាណ ប្រធានអង្គការរីខូហ្វ ប្រចាំកម្ពុជានិងលោក ហេង ដា អនុប្រធានអង្គការរីខូហ្វ ប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូ SDC ទៅទស្សនៈកិច្ចសហគមន៍ព្រៃឈើ សង្ឃសហគមន៍រុក្ខវន្ត នៅខេត្តឧត្តរមានជ័យ
RECOFTC News

នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៧ តំណាងអង្គការ RECOFTC លោកស្រី ហ៊ូ កល្យាណ និងលោក ហេង ដា បានចុះសម្របសម្រួលក្នុងដំណើរទស្សនៈកិច្ចរបស់ឯកឧត្តមអគ្គរដ្ឋទូត ថូម៉ាស់ គ្រីមីងហ្គ័រ និងអគ្គនាយករង ទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ទៅកាន់សហគមន៍ព្រៃឈើ សង្ឃសហគមន៍រុក្ខវន្ត ក្នុងខេត្តឧត្តរមានជ័យ។ ដំណើរទស្សនៈកិច្ចនេះ មានគោលបំណងសិក្សាពីបញ្ហាដែលសហគមន៍មូលដ្ឋានជួបប្រទះ ព្រមទាំងស្វែងយល់ពីស្ថានភាពនៃការគាំទ្ររបស់ដៃគូនានាដល់សហគមន៍ព្រៃឈើក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីបានស្តាប់ការបង្ហាញរបស់ព្រះសង្ឃ និងធ្វើការសំណេះសំណាលជាមួយ ព្រះតេជគុណ ប៊ុន សាលួត ប្រធានគណៈកម្មាការសហគមន៍ ឯកឧត្តមអគ្គរដ្ឋទូត បានចោទជាសំណួរថា តើសហគមន៍យល់យ៉ាងណាដែរចំពោះការគាំទ្រដែលសហគមន៍ទទួលបានកន្លងមកពីរាជរដ្ឋាភិបាល និងពីអ្នកពាក់ព័ន្ធនានា? ព្រះតេជគុណ ប៊ុន សាលួត មានសង្ឃដីកាបញ្ជាក់ពីការពេញចិត្តដល់ការគាំទ្រដែលទទួលបាន ជាពិសេសក្នុងឆ្នាំ ២០១៦នេះ ហើយក៏សំណូមពរដល់ SDC ឲ្យជួយគាំទ្រដល់សហគមន៍នេះតាមរយៈអង្គការRECOFTCក៏បាន ឬតាមរយៈអង្គការផ្សេងៗទៀតក៏បាន។

ក្នុងឱកាសនេះដែរ លោកស្រី កល្យាណបានបញ្ជាក់ជូនគណៈប្រតិភូថា ទោះបីអង្គការ RECOFTC មិនមានគម្រោងអនុវត្តផ្ទាល់នៅខេត្តឧត្តរមានជ័យ ប៉ុន្តែក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបត្តការអភិវឌ្ឍប្រទេសស្វីស (SDC), RECOFTC កម្ពុជាបានផ្សាភ្ជាប់ បទពិសោធន៍ពីថ្នាក់ក្រោមជាតិទៅថ្នាក់ជាតិ និងតំបន់តាមរយៈការរៀបចំវេទិកាជាតិ និងតំបន់, វគ្គបណ្តុះបណ្តាល, ការផ្លាស់ប្តូរដំណើរទស្សនៈកិច្ចសិក្សា និងបណ្តាញរៀនសូត្រនានា។ នៅថ្នាក់ជាតិ ដោយសារRECOFTCកម្ពុជា គឺជាសមាជិករបស់គណៈកម្មាការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើជាតិ និងជាសមាជិកក្រុមការងារបច្ចេកទេសសម្រាប់កំណែទម្រង់ព្រៃឈើ ជាសហ-សម្របសម្រួលសម្រាប់ក្រុមការងារសហគមន៍ព្រៃឈើ និងជាសមាជិករបស់ក្រុមប្រឹក្សាយោបល់រ៉េដបូកកម្ពុជា ដូចនេះ RECOFTC អាចលើកយកបញ្ហាដែលប្រជាពលរដ្ឋនៅមូលដ្ឋានបានលើកឡើង និងស្នើបញ្ចូលទៅក្នុងដំណើរការការរៀបចំគោលនយោបាយ និងការផ្តួចផ្តើមនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់តំបន់ ព្រមទាំងរួមចំណែកដល់ការតម្រែតម្រង់ឲ្យមានការចូលរួម ប្រកបដោយប្រសិទ្ធិភាពក្នុងការគ្រប់គ្រងព្រៃឈើឲ្យមានចីរភាពក្នប្រទេសកម្ពុជានៅពេលអនាគត។