RECOFTC Cambodia
News

សិក្ខាសាលា​ចាប់​ផ្តើម​អនុវត្ត​គម្រោង "សម្លេង​សម្រាប់​ព្រៃឈើ​តំបន់​មេគង្គ​"

គណៈប្រតិភូ​មក​ពី​ក្រសួង​បរិស្ថាន និង​សហភាព​អឺរ៉ុប​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ចាប់​ផ្តើម​អនុវត្ត​គម្រោង​”សម្លេង​សម្រាប់​ព្រៃឈើ​តំបន់​មេគង្គ​” ក្នុង​ប្រទេស​កម្ពុជា​។ គម្រោង​នេះ​មាន​គោលបំណង​ពង្រឹង​អភិបាលកិច្ច​ព្រៃឈើ​ក្នុង​ប្រទេស​តំបន់​មេគង្គ​ដោយ​ពង្រឹង​សមត្ថភាព​សង្គម​ស៊ីវិល។ គម្រោង​នេះ​អនុវត្តន៍​ដោយ​រីខូហ្វ WWF និងអង្គការ​ដៃគូ​មួយ​ចំនួន ដែល​មាន​រយៈពេល​៥ឆ្នាំ និង​ប្រើប្រាស់​ថវិកា​ចំនួន​៥,៨លាន​អឺរ៉ូ ដោយ​៥លាន​អឺរ៉ូ គឺ​ជា​ជំនួយ​ពី​សហភាព​អឺរ៉ុប។ ឯកឧត្តម George Edgar ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​ក្នុង​អង្គសិក្ខាសាលា​នេះ​ថា “សហគមន៍​មូលដ្ឋាន​ពឹងផ្អែក​យ៉ាង​សំខាន់​លើ​ព្រៃឈើ​សម្រាប់​ជីវភាព​​របស់​ពួក​គេ ដូច​នេះ​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន និងសង្គម​ស៊ីវិល​គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ធនធាន​ព្រៃឈើ​ដ៏​មាន​តម្លៃ​នេះ”។
រូបថតជាក្រុមរបស់អ្នកចូលរួមក្នុងសិក្ខាសាលា
រូបភាពដោយ លោក ឌី វុទ្ធារ៉ា

គម្រោងថ្នាក់តំបន់ដែលមានឈ្មោះថា “សំលេងសម្រាប់ព្រៃឈើតំបន់មេគង្គ” អនុវត្តន៍រយៈពេល៥ឆ្នាំ បានធ្វើពិធីបើកនៅភ្នំពេញ។ គម្រោងនេះមានគោលបំណង បង្កើនសមត្ថភាពស្ថាប័នមិនមែនរដ្ឋនៅ តំបន់ទេសភាពព្រៃឈើទាំងបីដែលជាគោលដៅគម្រោង ដើម្បីពួកគេមានលទ្ធភាពភ្ជាប់បណ្តាញជាមួយគ្នាទៅវិញទៅមក ក្នុងការតាមដាននិងចូលរួមយ៉ាងសកម្មក្នុងការលើកកំពស់អភិបាលកិច្ចព្រៃឈើ ជាពិសេសចូលរួមក្នុងដំណើរការធ្វើគោលនយោបាយ។ គោលដៅគម្រោងមួយក្នុងចំណោមគោលដៅរបស់គម្រោងគឺស្ថិតនៅតំបន់ទេសភាពភាគខាងកើតនៃប្រទេសកម្ពុជា និងតំបន់ក្នុង​ប្រទេស​​វៀតណាម និងឡាវ។
សិក្ខាសាលាចាប់ផ្តើមគម្រោងថ្នាក់ជាតិនេះ គឺធ្វើឡើងបន្ទាប់ពីសិក្ខាសាលាចាប់ផ្តើមគម្រោងដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ក្នុងគោលបំណងបង្កើតទិន្នន័យមូលដ្ឋានរបស់គម្រោងសម្រាប់ប្រទេសក្នុងតំបន់មេគង្គនីមួយៗ។
សិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងនេះមានការចូលរួមពីក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាយក​ដែនជម្រកសត្វព្រៃស្រែពក សហភាពអឺរ៉ុប អជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន និងអង្គការមិន​មែន​រដ្ឋាភិបាល ចំនួន៤១នាក់។ 

គណៈប្រតិភូ​ចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលា​ចាប់ផ្តើម​គម្រោង
រូបភាពដោយ ៖ លោក ទេព ថាវរិន

តាមប្រសាសន៍របស់ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន​ នៃក្រសួងបរិស្ថាន បានអោយដឹងថា “អភិបាលកិច្ចព្រៃឈើ គឺជាស្នូលនៃការគ្រប់គ្រងធនធានធម្មជាតិ ហើយគោលការណ៍គ្រឹះ នៃអភិបាលកិច្ច គឺ តម្លាភាព គណនេយ្យភាព និងការចូលរួម ដូចនេះដើម្បីសម្រេចបាននូវអភិបាលកិច្ចព្រៃឈើ ទាមទារនូវការកសាងសមត្ថភាពដល់អ្នកពាក់ព័ន្ធ រួមទាំងសហគមន៍មូលដ្ឋាន ស្ថាប័នមិនមែនរដ្ឋ ដើម្បីចូលរួម ក្នុងការសន្ទនា ជា​មួយ​ស្ថាប័នរដ្ឋនិងវិស័យឯកជន ពិសេសសម្រាប់ថ្នាក់ក្រោមជាតិ”។

ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់សង្គមស៊ីវិល និងស្ថាប័នមិនមែនរដ្ឋ សម្រាប់និរន្តរភាព និងប្រសិទ្ធភាពនៃអភិបាលព្រៃឈើ និងសម្រាប់ធានានូវចីរភាពនៃជីវភាពរបស់សហគមន៍ដែលរស់នៅជិតតំបន់ព្រៃឈើ ហើយការប្រមូលផ្តុំនៃគំនិត និងការយល់ឃើញរបស់សហគមន៍ដែលពឹងផ្អែកលើធនធានព្រៃឈើ ទៅក្នុងដំណើរកាគ្រប់គ្រងព្រៃឈើគឺចាំបាច់ណាស់ដើម្បីទទួលបានការប្រើប្រាស់ និងអភិរក្សព្រៃឈើប្រកបដោយនិរន្តភាព។

សាវតាគម្រោង

មានប្រជាជនប្រមាណជា ៨៥លាននាក់ នៃតំបន់មេគង្គរស់នៅពឹងផ្អែកលើព្រៃឈើ ហើយក្នុងចំណោមពួកគេទាំងនោះមានជនជាតិដើមភាគតិចជាងមួយភាគបី ។ ប្រជាជនចំនួន ៣០ភាគរយ នៅជនបទនៅក្នុងតំបន់មេគង្គ កំពុងរស់ក្នុងភាពក្រីក្រ។ ចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០១៥ ការបាត់បង់ព្រៃឈើជាមធ្យមនៅក្នុងតំបន់មេគង្គមាន​៤,៩ភាគរយ  ដែលបានបង្កជាបញ្ហាប្រឈមជាច្រើនដល់ការចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍ក្នុងតំបន់នេះ ជាពិសេសអ្នកដែលមានជីវភាពពឹងអាស្រ័យលើព្រៃឈើ។​ បើទោះជាមានកិច្ចប្រឹងប្រែងដោះស្រាយភាពប្រឈមទាំងអស់នេះទទួលបានលទ្ធផលជាច្រើនយ៉ាងណាក្តី ក៏បញ្ហាអភិបាលកិច្ចព្រៃឈើនៅតែជាការប្រឈមធំមួយសម្រាប់តំបន់មេគង្គនេះ។ មានគម្រោងជាច្រើនកំពុងគាំទ្រដល់សហគមន៍ដើម្បីដោះស្រាយ​បញ្ហា កាប់ឈើខុសច្បាប់ ការបាត់បង់និងរេចរិលរបស់ព្រៃឈើ ការកាត់បន្ថយភាពក្រីក្រនៅតាមជនបទ និងអភិរក្សជីវចំរុះជាដើម។ ប៉ុន្តែចំណុចស្នូលនៃកិច្ចប្រឹងប្រែងដែលបានរៀបរាប់ទាំងនេះស្ថិតនៅលើបញ្ហាអភិបាលកិច្ច។ បើគ្មានប្រព័ន្ធអភិបាលកិច្ចរឹងមាំមួយ ដែលឈរលើមូលដ្ឋាន តម្លាភាព គណនេយ្យភាព និងការចូលរួមប្រកបដោយប្រសិទ្ធិភាពទេ សកម្មភាពដែលបានរៀបរាប់ខាងលើនេះនឹងមិនទទួលបានជោគជ័យឡើយ។
ស្ថាប័នដែលមិនមែនជារដ្ឋ (NSAs) ជាពិសេសសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកំពស់អភិបាលកិច្ច។ ទន្ទឹមនឹងការរីកចំរើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថាប័នមិនមែនរដ្ឋ នៅជួបប្រទះភាពប្រឈមជាច្រើនដូចជា ការខកខានមិនបានចូលរួមដោយស្មើភាពជាមួយស្ថាប័នរដ្ឋ និងការមិនឱ្យតំលៃលើតួនាទីរបស់ពួកគេក្នុង ការងារអភិបាលកិច្ចព្រៃឈើជាដើម។ បញ្ហាទាំងនេះកើតឡើងដោយសារ សមត្ថភាពរបស់ស្ថាប័នមិនមែនរដ្ឋនៅមានកម្រិតទាបក្នុងការសន្ទនាដោយស្មើភាពជាមួយស្ថាប័នរដ្ឋនិងវិស័យឯកជន គោលនយោបាយមួយចំនួនបានរៀបចំដោយមិនសូវមានការចូលរួមទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធ ព័ត៌មាននិងទិន្នន័យចាំបាច់សម្រាប់ពង្រឹងការងារអភិបាលកិច្ចព្រៃឈើនៅមានភាពខ្វះចន្លោះ។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះសហភាពអឺរ៉ុបបានផ្តល់មូលនិធិគាំទ្រគម្រោង "សំលេងសម្រាប់ព្រៃឈើតំបន់មេគង្គ" ដែលមានគោលបំណងលើកកំពស់សំឡេងស្ថាប័នមិនមែនរដ្ឋដើម្បីលើកកំពស់អភិបាលកិច្ចព្រៃឈើនៅតំបន់មេគង្គ។