RECOFTC Cambodia
Press Releases

លទ្ធផល​នៃ​ការ​អនុវត្ត​គម្រោង «គ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្ដភាព និងការលើក​កំពស់​របរចិញ្ចឹម​ជីវិត​នៅ​ជនបទ»សហភាព​អឺរ៉ុប

ភ្នំពេញ៖  រីខូហ្វ (RECOFTC) និងអង្គការអុកស្វាមចក្រភពអង់គ្លស (Oxfam GB) បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលនៃការអនុវត្ត “គម្រោងគ្រប់គ្រងព្រៃឈើដោយនិរន្ដភាព និងការលើកកំពស់របរចិញ្ចឹម​ជីវិត​​នៅជនបទ តាមរយៈសហគមន៍​ព្រៃឈើ និងគំនិតផ្ដួចផ្ដើមអំពីការកាត់បន្ថយការបញ្ចេញឧស្ម័នដែលបណ្ដាលមកពីការបាត់បង់ និង​រេចរឹលព្រៃឈើ(REDD)នៅកម្ពុជា”  នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៥ នៅសណ្ឋាគារ សាន់វ៉េ ទីក្រុងភ្នំពេញ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធប្រមាណ៨០នាក់ ដែលមកពីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ រដ្ឋបាលព្រៃឈើមូលដ្ឋាន អង្គការដៃគូរអភិវឌ្ឍ អ្នកផ្តល់ជំនួយ និងតំណាងសហគមន៍ព្រៃឈើ។ សិក្ខាសាលានេះធ្វើឡើងដើម្បីចែករំលែក​នូវលទ្ធផល​សម្រេចបានរបស់គម្រោង បទពិសោធន៍ មេរៀន និង​លើកឡើង​នូវ​អនុសាសន៍​នានា​សម្រាប់បន្តការអភិវឌ្ឍសហគមន៍ព្រៃឈើ។
លោកស្រី ហ្វីអូណា រ៉ាមស៊ី ទីប្រឹក្សា-ប្រធាន​ផ្នែក​សហប្រតិបត្តិការនៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​បានមានប្រសាសន៍ថា៖“សហភាពអឺរ៉ុបជាម្ចាស់ជំនួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលទទួលស្គាល់ថា សហគមន៍ព្រៃឈើគឺជាដំណោះស្រាយដ៏សើរចំពោះឧបសគ្គជាច្រើនដែលសហគមន៍ និងសង្គមកម្ពុជាទាំងមូលកំពុងជួបប្រទះដូចជាអសុវត្ថិភាពសិទ្ធកាន់កាប់ ការប្រែប្រួលអាកាសធាតុ និងការអនុវត្តច្បាប់ដែលនៅទន់ខ្សោយ។ យើងជឿជាក់យ៉ាងមុតមាំទៅលើតួនាទីរបស់ប្រជាជនមូលដ្ឋានក្នុងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព។ យើងរីករាយចំពោះគម្រោងដែលគាំទ្រដោយសហភាពអឺរ៉ុបក្នុងចំនួនទឹកប្រាក់ ១,៦លានអឺរូ បានជួយលើកកម្ពស់របរចិញ្ចឹមជីវិតតាមរយៈការពង្រឹងជំនាញក្នុងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព”។  
គម្រោងមានរយៈពេល ៥៧ខែ ដោយបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ៣០ ខែ ធ្នូឆ្នាំ ២០១០ ដល់ខែកញ្ញា ឆ្នាំ២០១៥ ដោយអនុវត្ត ក្នុងខេត្តគោលដៅចំនួន ៩ រួមមានខេត្ត កំពត កែប តាកែវ ​ពោធិ៍សាត់ កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង និង​រតនគិរី ។ គម្រោងសម្រេចបាននូវលទ្ធផលសំខាន់ៗមានដូចជា៖
តំបន់សក្ដានុពលសហគមន៍ព្រៃឈើចំនួន ៩៩ សហគមន៍ត្រូវបានដាក់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទដើម្បីស្នើសុំការគាំទ្រ ដែលក្នុងនោះមានសហគមន៍ ៥១បានទទួលការយល់ព្រមពីក្រសួង
ចុះកិច្ចព្រមព្រៀងសហគមន៍ព្រៃឈើចំនួន ​១៦១ ដែលគ្របដណ្តប់ទៅផ្ទៃដីព្រៃចំនួន ១៣៦.៦៦៦
 ហិតតា និងមានសមាជិកសរុបចំនួន ៤២.៥៦៦គ្រួសារ ក្នុង ២៥៣ភូមិ 
គាំទ្រការរៀបចំផែនការគ្រប់គ្រងសហគមន៍ព្រៃឈើចំនួន ២០៣ សហគមន៍ ដែលក្នុងនោះមានផែនការចំនួន ១៦បានទទួលការអនុម័តពីរដ្ឋាបាលព្រៃឈើ  និងបង្កើតបណ្តាញសហគមន៍ព្រៃឈើនៅក្នុងខេត្តចំនួន ៧។
លោកស្រី ហ៊ូ កល្យាណ អ្នកសម្របសម្រួលកម្មវិធីនៃអង្គការរីខូហ្វ ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ “គម្រោងនេះបានគាំទ្រដល់ការអនុវត្តកម្មវិធីព្រៃឈើជាតិ (២០១០-២០២៩) របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងស្របតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី៧៖ ធានាចីរភាពបរិស្ថាន និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី១​៖លុបបំបាត់ភាពក្រីក្រ និងភាពអត់ឃ្លានធ្ងន់ធ្ងរ។​ គម្រោងបានរួមចំណែកក្នុងការលើកកម្ពស់ការចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍តាមរយៈការទាញយកផល និងអនុផលព្រៃឈើពីតំបន់ព្រៃសហគមន៍ដើម្បីបំពេញសេចក្តីត្រូវការប្រចាំថ្ងៃ និងការប្រើប្រាស់សេវាកម្មនានាពីព្រៃឈើ ព្រមទាំងរួមចំណែកកាត់បន្ថយការបាត់បង់ និងរេចរឹលព្រៃឈើ តាមរយៈការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងមានប្រសិទ្ធភាព។  ពិសេស គម្រោងនេះគឺជាគម្រោងមួយ ដែលបានរួមចំណែកក្នុងការអនុវត្តនូវដំណើរការនៃការរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍ ដែលបានផ្តល់ឱកាសឲ្យអ្នកអនុវត្តបានរកឃើញនូវកាលានុវត្ថភាពក្នុងការធ្វើអោយប្រសើរឡើងនូវដំណើរការនៃការរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍ដោយបានអនុវត្តជាក់ស្តែង ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោកស្រី ប៉ុក ពូន មន្រ្តីព័ត៌មាននៃប្រតិភូសហគមន៍អឺរ៉ុប​ប្រចាំប្រទេសកម្ពុជា តាមរយៈទូរស័ព្ទលេខ ៖ 023-216996 អ៊ីម៉ែល៖ pok.poun@eeas.europa.eu ឬ លោក ឆេង ចន្នី  ​មន្រ្តីទំនាក់ទំនងរីខូហ្វ ទូរស័ព្ទលេខ៖ 092 354 670  អ៊ីម៉ែល៖ chheng.channy@recoftc.org
សាវតា
សហគមន៍ព្រៃឈើគឺជាកម្មវិធីចំបងមួយនៃកម្មវិធីព្រៃឈើជាតិសម្រាប់ឆ្នាំ ២០១០ ដល់ ២០២៩ ដែលទទួលបានទទួលនូវការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជាកាលពីខែតុលា ឆ្នាំ២០១០។​ កម្មវិធីនេះបានមានចែងយ៉ាងច្បាស់​​ក្នុងសេចក្តីថែ្លងការណ៍គោលនយោបាយ ច្បាប់ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដូចជា ច្បាប់ព្រៃឈើ ឆ្នាំ២០០២ អនុក្រឹត្យស្តីពីសហគមន៍ព្រៃឈើឆ្នាំ ២០០៣ យុទ្ធសាស្រ្តចតុកោណ ឆ្នាំ២០០៤-២០០៨ និងសេចក្តីប្រកាសគោលការណ៍ណែនាំស្តីពីសហគមន៍ព្រៃឈើឆ្នាំ ២០០៦។
ការបង្កើតសហគមន៍ព្រៃឈើគឺជាយន្តការដ៏មានប្រសិទ្ធភាពមួយដើម្បីចូលរួមចំណែកទប់ស្កាត់ការបាត់បង់ និងរេចរឹលព្រៃឈើ លើកកម្ពស់ការអភិរក្ស និងការស្ដារព្រៃឈើឡើងវិញ ព្រមទាំងពង្រឹងជីវភាពប្រជាជនមូលដ្ឋានតាមរយៈការទាញយកផលប្រយោជន៍ស្របច្បាប់នូវអនុផលព្រៃឈើដែលបានពីការគ្រប់គ្រងប្រកបដោយនិរន្ដរភាព និងធានា​បាននូវការរក្សាសេវាកម្មបរិស្ថាន។
គិតមកដល់ចុង ឆ្នាំ២០១៤ ប្រទេសកម្ពុជាមានសហគមន៍ព្រៃឈើសរុបចំនួន ៤៨៥ កន្លែង គ្របដណ្ដប់លើផ្ទៃដីព្រៃប្រមាណ ៤១០.០២៥ ហិកតា។ ក្នុងនោះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ បានចេញ​ប្រកាសទទួលស្គាល់សហគមន៍ព្រៃឈើចំនួន ៣៦៤ កន្លែង គ្របដណ្ដប់លើផ្ទៃដីព្រៃប្រមាណ ៣២៩.៥៨៧ ហិកតា។ ក្នុងចំណោមនេះមានសហគមន៍​ព្រៃឈើចំនួន ៣០៩ កន្លែង ស្មើនឹង ២៧៥.៦៣៣ ហិកតា​បានទទួលកិច្ចព្រម​ព្រៀង​ព្រៃ​សហគមន៍ស្របច្បាប់រវាង​ខណ្ឌរដ្ឋបាលព្រៃឈើសាម៉ី ជាមួយគណៈកម្មការគ្រប់គ្រង​សហគមន៍ព្រៃឈើ។
សហភាពអឺរ៉ុបបានគាំទ្រដល់ការរៀបចំអភិវឌ្ឍសហគមន៍ព្រៃឈើនេះតាមរយៈអង្គការអុកស្វាមចក្រភពអង់គ្លេស និងអង្គការក្រៅរដ្ឋាភិបាលនានាក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីពាក់កណ្តាលឆ្នាំ ២០០០ មកម្ល៉េះ ។ ក្នុងកំឡុងពេលដូចគ្នានេះដែររីខូហ្វ ក៏បានចូលរួមយ៉ាងសកម្មក្នុងការកសាងសមត្ថភាព និងក្នុងសកម្មភាពរៀបចំបង្កើតសហគមន៍ព្រៃឈើក្នុងខេត្តគោលដៅចំនួន ៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ។