RECOFTC Cambodia
PaFF

វគ្គបណ្តុះបណ្តាលស្តីពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ

គណៈកម្មាការក្រុមឥណទានសហគមន៍ព្រៃឈើក្នុងខេត្តក្រចេះចំនួន២៣នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលគ្រប់គ្រងហិរញ្ញវត្ថុ
សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលគ្រប់គ្រងហិរញ្ញវត្ថុ

ឥណទានសហគមន៍ព្រៃឈើ​ ​ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ថវិកា ដល់ការគ្រប់គ្រងសហគមន៍ព្រៃឈើ ។ ឥណទានសហគមន៍ព្រៃឈើ ជាគម្រោងដែលមានលក្ខណៈពិសេសដោយបានបង្កើតឡើងក្នុងគោលបំណង ដើម្បីគាំទ្រ​ និងពង្រឹងស្ថាប័នសហគមន៍ព្រៃឈើ តាមរយៈ​លក្ខខណ្ឌ​នៃការ​វិភាជ ឬ បែងចែកថវិកាចំណូលពីការប្រាក់ ដើម្បីបំរើឲ្យស្ថាប័នសហគមន៍ព្រៃឈើ ការគ្រប់គ្រង និងការអភិវឌ្ឍន៍ព្រៃសហគមន៍ ។ដើម្បីគម្រោង​ឥណទាន​សហគមន៍ព្រៃឈើដំណើរការទៅបាន គណៈកម្មការក្រុមឥណទានត្រូវបាន​បង្កើតឡើងតាមសហគមន៍នីមួយៗ ដែល​​តម្រូវ​ឲ្យមាន​ការ​ពង្រឹង​សមត្ថភាពនៃការគ្រប់គ្រងស្ថាប័ន ការទុកដាក់ឯកសារ និង​ការគ្រប់គ្រងថវិកា (ការកត់ត្រាបញ្ជីចំណូលចំណាយ ការបែងចែកផលប្រយោជន៍) ដើម្បី​ពួកគេមានសមត្ថភាព​គ្រប់គ្រាន់​ក្នុងការអនុវត្តការងារក្រុមឥណទានប្រកបដោយប្រសិទ្ធភាព ។

អ្នកចូលរួមវគ្គបណ្តុះបណ្តាលនេះនឹងយល់ដឹងពីការរៀបចំស្ថាប័ន តួនាទី ភារកិច្ចរបស់គណៈកម្មការ និងសមាជិកក្រុម សម្រាប់ការគ្រប់គ្រង​ឥណទាន​សហគមន៍​ព្រៃឈើ ក៏ដូចជាយល់ដឹងពីការកត់ត្រាចំណូលចំណាយ​ ការប្រើប្រាស់ទម្រង់ស្នើសុំខ្ចីប្រាក់ កិច្ចសន្យាខ្ចីប្រាក់ និងរបាយការណ៍ហិរញ្ញវត្ថុ។ គណៈកម្មាការដែលចូលរួមនឹងមានឳកាសក្នុងការអនុវត្តផ្ទាល់នូវមេរៀនដែលបានសិក្សាផងដែរ។ ឥណទានសហគមន៍ព្រៃឈើ ត្រូវបានផ្តួចផ្តើមឡើងដោយអង្គការរីខូហ្វនៅឆ្នាំ២០១៥ ហើយបច្ចុប្បន្ននេះមានសហគមន៍ចំនួន២១ ក្នុងខេត្តចំនួន៣គឺ​កំពង់ធំ ក្រចេះ និងស្ទឹងតែ្រង ដែលកំពុងអនុវត្ត។ តាមរយៈគម្រោង ភាពជាដៃគូព្រៃឈើ និងជលផលដំណាក់កាលទី២ (PaFF II) ឥណទានសហគមន៍ព្រៃឈើនឹងពង្រីកទៅសហគមន៍មួយចំនួនទៀត ក៏ដូចជាបន្ថែមខេត្តគោលដៅមួយទៀត គឺក្នុងខេត្តព្រះវិហារ។