RECOFTC Cambodia
Stories

ការចុះកិច្ចព្រមព្រៀងលើកទី១ របស់​សហគមន៍​ព្រៃឈើ​ក្នុង​ព្រៃ​សម្បទាន

14 June 2017
ឌី វុទ្ធារ៉ា
កិច្ច​ព្រម​ព្រៀង​លើក​ទី១ របស់​សហគមន៍​ព្រៃឈើ​ចំនួន​៤ ដែល​ស្ថិត​ក្នុង​ព្រៃ​សម្បទាន​សេដ្ឋកិច្​ចក្នុង​ខេត្ត​ស្ទឹង​ត្រែង
Stories of Change
ពិធីចុះកិច្ចព្រមព្រៀងរវាងសហគមន៍ និងរដ្ឋបាលព្រៃឈើ

ក្រុមហ៊ុនភាភីម៉ិច ហ្វូចាន់ ខូ អិលធីឌី (Pheapimex Fuchan Company Co. Ltd) ទទួលបានព្រៃសម្បទានសេដ្ឋកិច្ចពីរាជ​រដ្ឋាភិបាលកម្ពុជា នៅតាមទីតាំងជាច្រើន ក្នុងនោះខេត្តស្ទឹងត្រែង ក្រុមហ៊ុនភាភីម៉ិចក៏ទទួលបានព្រៃសម្បទានដូចគ្នា បន្ទាប់ពីការផ្អាកដំណើរការរបស់ព្រៃសម្បទានដោយរដ្ឋាភិបាលក្នុងឆ្នាំ២០០១ ព្រៃសម្បទានរបស់ភាភីម៉ិច ត្រូវបានប្រជាជន​ចូល​កាប់យ៉ាងអាណាធិបតេយ្យ ទាំងក្នុង និងជុំវិញតំបន់​ព្រៃនេះ។ 

ដោយឃើញពីតម្លៃនៃធនធានព្រៃឈើដែលរងនៅការគម្រាមកំហែង ប្រជាជន មេភូមិ មេ​ឃុំ នៅជុំវិញតំបន់ព្រៃសម្បទានបានដាក់ពាក្យស្នើសុំ​បង្កើតតំបន់សក្តានុពលទៅអភិបាលខេត្តក្នុងឆ្នាំ២០១៤ ដោយមានការជួយគាំទ្រពីខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង សហការជាមួយរីខូហ្វតាមរយៈគម្រោង SFMRLE ក្រោមជំនួយ​ឧបត្ថម្ភរបស់សហភាពអឺរ៉ុប។ លិខិតស្នើសុំដែលបានស្នើរគ្របដណ្តប់ផ្ទៃដីទំហំ ៩.៨៩២,២៧ ហិចតា ស្ថិតក្នុង៥ភូមិរួមមាន សំអាង និងច្រវាំង ក្នុងឃុំសំអាង រំដេង ចំការលើ និងតុលា ក្នុងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

រីខូហ្វ តាមរយៈគម្រោង USAID-SFB, SDC-PaFF I ដោយបន្តសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើក្នុងការសម្របសម្រួល​ដើម្បីឲ្យសហគមន៍ទទួលបានការទទួលស្គាល់ពីរាជរដ្ឋាភិបាល ទោះបីមានឧបសគ្គក៏ដោយ។ បន្ទាប់ពីបានដាក់ការស្នើសុំ​តំបន់​សក្តានុពលទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន២ដង ក្នុង​ថ្ងៃទី២៨ មេសា ឆ្នាំ២០១៦ និង​ថ្ងៃទី៩ សីហា ឆ្នាំ២០១៦ នៅថ្ងៃខែមករា ឆ្នាំ២០១៧ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុម័តលើការស្នើសុំនេះ និងក្នុងខែ​មិថុនា ឆ្នាំ២០១៧ សហគមន៍ទាំង៥ ដែល៤ ក្នុងចំណោមនេះគឺស្ថិតក្នុងព្រៃសម្បទានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សហគមន៍ព្រៃឈើជាមួយខណ្ឌរដ្ឋបាលព្រៃឈើ។

កិច្ចព្រមព្រៀងនេះបង្ហាញឲ្យឃើញពីជោគជ័យដែលរីខូហ្វទទួលបានតាមរយៈគម្រោងជាច្រើនពិសេស SDC-PaFF ដែលបាន​សម្របសម្រួល​ឲ្យមានកិច្ចព្រមព្រៀងនេះជាលើកទីក្នុងការបង្កើតសហគមន៍ក្នុងព្រៃសម្បទាន។