RECOFTC Cambodia
Stories

ការ​ចូលរួម​របស់​ស្រ្តី​ក្នុង​កិច្ចការពារ​ព្រៃ​សហគមន៍

16 February 2016
ឆេង ចាន់នី
Stories of Change
ស្រ្តីចូលរួមក្នុងការល្បាត

ព្រឹកព្រលឹមស្រាងៗ លោកស្រី សៅ សារិន បានចាប់យកសម្ភារៈដែលបានរៀបចំរួចជាស្រេចមានដូចជា សៀវភៅកត់ត្រា កំប៉ុងបាញ់ថ្នាំ កាំបិត និង កញ្ចប់អាហារ​ រួចចាកចេញពីលំនៅដ្ឋានរបស់គាត់ ឆ្ពោះទៅកាន់ទីតាំងព្រៃសហគមន៍ភូមិត្រពាំងចាន់។ នៅពេល​ដែលធ្វើដំណើរ​ដល់​ព្រៃសហគមន៍​ភូមិត្រពាំងចាន់ គាត់​បាន​ចាប់ផ្តើមធ្វើការងារដោយដំបូង លោកស្រីបានដើរល្បាត​ព្រៃជាមួយសមាជិកដ៏ទៃទៀតដើម្បី​​​ពិនិត្យមើលក្រែងមានករណីកាប់ឈើល្មើសច្បាប់។ បន្ទាប់ពីល្បាតចប់ គាត់ចាប់ផ្តើមការងារសារពើភ័ណ្ឌព្រៃឈើ។
ស្ថិតក្នុងវ័យ ៥៥ឆ្នាំ  គាត់បានសម្រេចចិត្តចូលរួមជាសមាជិកដោយស្ម័គ្រចិត្តចាប់តាំងពីដើមឆ្នាំ២០១២ មកម្ល៉េះ និង បានចូលរួមក្នុងសកម្មភាពការពារ និង អភិវឌ្ឍសហគមន៍ព្រៃឈើយ៉ាងសកម្ម។ សហគមន៍ព្រៃឈើភូមិត្រពាំងចាន់ មានផ្ទៃដីព្រៃសរុបចំនួនសរុប ២០១ហិកតា ស្ថិតក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។  
ការចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្សាភ្ជាប់នឹងសកម្មភាព
ក្នុងនាមជាសមាជិករបស់សហគមន៍ព្រៃឈើ លោកស្រី សារិន បានចូលរួមវគ្គ​បណ្តុះបណ្តាល​ជាច្រើនលើក ទាក់​ទងនឹងការងារសហគមន៍ព្រៃឈើមានដូចជា  វគ្គបណ្តុះបណ្តាលលើការកត់ត្រា ការប៉ាន់​ប្រមាណ​ធនធាន​សហគមន៍ព្រៃឈើដោយមានការចូលរួម  វគ្គបណ្តុះបណ្តាលស្តីពីសារពើភ័ណ្ឌព្រៃ​សហគមន៍ និង ផ្នែក​គំនិត​​ជំនួញសហគមន៍ខ្នាតតូច និងសហគ្រិនជាដើម។
វគ្គបណ្តុះបណ្តាលទាំងនេះបានរៀបចំឡើង ដែលជាផ្នែកមួយរបស់គម្រោងគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ក្រោមជំនួយពី UNDP-GEF ដែលបានអនុវត្តដោយរដ្ឋបាលព្រៃឈើ និងផ្តល់សេវាកម្មដោយអង្គការរីខូហ្វ និង អង្គការម្លប់បៃតង ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពរបស់គណៈកម្មាការសហគមន៍ព្រៃឈើ និង ដៃគូពាក់ព័ន្ធនានា។ ក្នុងឆ្នាំ២០១៣ អង្គការរីខូហ្វ រួមជាមួយរដ្ឋបាលព្រៃឈើមូលដ្ឋាន និង​ អង្គការម្លប់បៃតងបានសម្របសម្រួល​វគ្គបណ្តុះ​បណ្តាលទីវាលចំនួន ៩១ ដង សម្រាប់សហគមន៍ព្រៃឈើទាំង ៣០ ក្នុងខេត្តគោលដៅចំនួន៤ គឺខេត្តបាត់ដំបង ពោធិ៍សាត់  កំពង់ឆ្នាំង និង កំពង់ស្ពឺ ដែលមានអ្នកចូលរួមសរុបទាំងអស់ចំនួន ១៨៤៥​នាក់ ក្នុងនោះមានស្រ្តីចំនួន ៥៣៧​នាក់។​ សមាសភាពអ្នកចូលរួមរួមមាន គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ សមាជិក​សហគមន៍ព្រៃឈើ ក្រុមប្រឹក្សាឃុំ និងមេភូមិជាដើម។
កត្តាជំរុញឲ្យលោកស្រី សារិន ចូលរួមយ៉ាងសកម្មក្នុងសហគមន៍ព្រៃឈើត្រពាំងចាន់
លោកស្រី សារិនបានលើកឡើងថា៖“ខ្ញុំបានចូលរួមក្នុងការងារសហគមន៍ព្រៃឈើ ពីព្រោះខ្ញុំស្រលាញ់ព្រៃឈើ និង សង្ឃឹមថាអាច​ការពារ​ព្រៃឈើ​អោយនៅគង់វង្ស​បាន។ ព្រៃឈើមានសារសំខាន់ណាស់ ហើយជាក្តីសង្ឃឹមសម្រាប់ខ្ញុំ និង ប្រជាជនមូលដ្ឋានដ៏ទៃទៀតដែលអាស្រ័យផលពីព្រៃឈើ។ ព្រៃឈើជាប្រភពអាហារទ្រទ្រង់ដល់ជីវភាពរបស់សហគមន៍មូលដ្ឋាន”។​ សហគមន៍ព្រៃឈើ​ត្រពាំងចាន់ផ្តល់​ប្រយោជន៍ដល់​សមាជិកសហគមន៍​ចំនួន ​៤៤៣៥នាក់ មកពី ២៥៤គ្រួសារ។ ប្រភពចំណូលសំខាន់របស់​ប្រជាជនភូមិត្រពាំងចាន់​គឺបានមកពី​សកម្មភាព​កសិកម្ម និងគ្រួសារមួយចំនួនតូចមានអាជីវកម្មខ្នាតតូចនៅតាមផ្ទះ។ ដូច្នេះហើយប្រភពចំណូលមួយផ្សេងទៀតរបស់ប្រជាជនដែលបានមកពីការប្រមូលអនុផលព្រៃឈើ ដូចជាផ្សិតព្រៃ ផ្តៅ វល្លិ៍​ និងផ្លែឈើព្រៃជាដើម មានសារៈសំខាន់ណាស់។
“នៅពេលដែលព្រៃឈើត្រូវបានការពារ រុក្ខជាតិវល្លិ៍ និង រុក្ខជាតិផ្សេងៗទៀតនឹងធំលូតលាស់ល្អ ហើយប្រជា​ជន​អាចប្រមូលផល-អនុផលព្រៃឈើទាំងនោះទៅលក់នៅលើទីផ្សារ សម្រាប់ចំណូលបន្ថែម” ។  ប្រភពចំណូលសំខាន់មួយផ្នែករបស់គ្រួសារលោកស្រី សារិន ក៏ដូចជាគ្រួសារដ៌ទៃទៀតនៅក្នុងសហគមន៍ បានមកពីការលក់រុក្ខជាតិឱសថបុរាណដែលបានមកពីព្រៃសហគមន៍។
សារពើភ័ណ្ឌព្រៃស​ហគមន៍គឺជាការងារលំបាកមួយក្នុងចំណោមការងារផ្សេងៗទៀតក្នុងកំឡុង​ពេល​​រៀបចំផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ។ សារពើភ័ណ្ឌ​​សហគមន៍ព្រៃឈើ​ទាមទារឲ្យ​សមាជិក​សហគមន៍សិក្សានូវជំនាញថ្មីៗ ដើម្បីបង្កើនចំណេះដឹង និងបច្ចេកទេស។ តាមរយៈវគ្គ​បណ្តុះបណ្តាល​ផ្សាភ្ជាប់នឹងសកម្មភាពរបស់គម្រោងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព បានជំរុញលោកស្រី ​សារិន ចូលរួមក្នុងការសិក្សាជំនាញ និងបច្ចេកទេសនានា ដែលជាតម្រូវការសម្រាប់ការធ្វើសារពើភ័ណ្ឌព្រៃ ហើយ​ដែល​​គម្រោងនេះបានផ្តល់   ឱកាសដល់លោកស្រី និងសមាជិកដ៏ទៃទៀត យកមេរៀនក្នុងវគ្គបណ្តុះបណ្តាលទៅអនុវត្តជាក់ស្តែង។
“នៅពេលចាប់ផ្តើម ២​ ឬ ៣ថ្ងៃដំបូង អ្វីដែលខ្ញុំអាចធ្វើបាន គឺការកត់ត្រានូវឈ្មោះប្រភេទដើមឈើតែប៉ុណ្ណោះ។ តែក្រោមមក ខ្ញុំអាចជួយ​ដល់សកម្ម​​ភាពដ៍ទៃទៀតក្នុងការធ្វើសារពើភ័ណ្ឌព្រៃជាមួយក្រុមការងារដូចជា៖ ការ​រៀបចំផែនការ​សារពើភ័ណ្ឌ ការកំណត់ឡួត៍សារពើភ័ណ្ឌ និង​​​ កំណត់ប្រភេទដើមឈើ។ ខ្ញុំក៏អាចបែងចែក​ប្រភេទធន​ធានព្រៃឈើដែលប្រជាជានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់គ្រួសារ និង ប្រើប្រាស់សម្រាប់​បង្កើន​ចំណូល​បន្ថែមបានផងដែរ។”
“ខ្ញុំបានអនុវត្តនៅទីវាលនូវអ្វីដែលខ្ញុំបានរៀនសូត្រពីវគ្គបណ្តុះបណ្តាល។ វគ្គបណ្តុះបណ្តាលទាំងអស់បានផ្តល់នូវការអនុវត្តជាក់ស្តែងសម្រាប់ការងារសហគមន៍ព្រៃឈើ។ បច្ចុប្បន្ន​កិច្ចការងារ​សហគមន៍ព្រៃឈើដែលបុរសអាចធ្វើ​ ខ្ញុំក៍មានសមត្ថភាពធ្វើបានដូចជាភាគីបុរសដែរ”។
មុនពេលទទួលបានវគ្គបណ្តុះបណ្តាល លោកស្រីសារិន មានការព្រួយបារម្ភណ៍ថាគាត់មិនអាចធ្វើការងារបច្ចេកបានទេ ក្រៅពីការងារជាស្រ្តីមេផ្ទះដូចជា ការចម្អិនអាហារ​ និង ការងារផ្ទះសម្បែងដែលចាំបាច់តែប៉ុណ្ណោះ។
“បច្ចុប្បន្ន​ ខ្ញុំអាចមានលទ្ធភាពប្រើប្រាស់បច្ចេកទេសសារពើភ័ណ្ឌព្រៃសហគមន៍មានដូចជា ការវាស់វែងដើមឈើ ហើយខ្ញុំអាចយល់ច្បាស់អំពីស្ថានភាពរបស់សហគមន៍ព្រៃឈើ និងអនុផលព្រៃឈើក្នុងព្រៃសហគមន៍” ។ 
ការចូលរួមបស់គាត់ បានរួមចំណែកដល់ការសម្រេចសម្មិទ្ធិផលមួយចំនួនក្នុងសហគមន៍ព្រៃឈើត្រពាំងចាន់ ដូចជា ការបែងចែកព្រៃសហគមន៍ទៅជាប្លុកគ្រប់គ្រង ការតម្លើងស្លាកសញ្ញា និង ការងារសារពើភ័ណ្ឌ។ វត្តមានរបស់លោកកស្រី សារិន ក្នុងក្រុមការងារសារពើភ័ណ្ឌព្រៃសហគមន៍គឺបង្ហាញពីសារសំខាន់ និងភាពសកម្មក្នុង​ដំណើរ​ការសារពើភ័ណ្ឌ ព្រមទាំងបានចូលរួមក្នុងដំណើរការសម្រេច​ចិត្តដែលមានឥទ្ធិពល​ ដល់ការសម្រេចទិសដៅ​​​ក្នុង​សហគមន៍ព្រៃឈើ​​ត្រពាំងចាន់ដូចជាការរៀបចំបទបញ្ជាផ្ទៃក្នុង​ លក្ខន្តិកៈសម្រាប់គណកម្មការគ្រប់គ្រង​សហគមន៍ព្រៃឈើ និងការអភិវឌ្ឍន៍ផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ។
ទន្ទឹមនឹងនេះដែរ លោកស្រី សារិន ក៍បានរៀបរាប់ពីបញ្ហាប្រឈមដែលគាត់បានជួបប្រទះក្នុងកំឡុងពេលបេសសកម្ម ជាពិសេស​របៀបដោះ​ស្រាយ​បញ្ហាទាក់ទងនឹងសកម្មភាពល្មើសច្បាប់ក្នុងសហគមន៍ព្រៃឈើ។  នៅ​ពេលប្រឈម​នឹងករណី​សកម្មភាព​ល្មើសច្បាប់ គាត់បានរាយការណ៍​ករណីទៅកាន់​គណៈកម្មការ​គ្រប់គ្រង​សហគមន៍ព្រៃឈើ និងបានចូលរួម​យ៉ាងសកម្មក្នុងកិច្ចពិភាក្សាជាមួយគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើដើម្បីស្វែងរកដំណោះស្រាយ។​​  
ចំនួនការចូលរួមរបស់​ស្រ្តីក្នុងការងារសហគមន៍ព្រៃឈើបានសង្កេតឃើញថាមានការកើនឡើង។ វគ្គបណ្តុះ​បណ្តាល​របស់គម្រោងការគ្រប់​គ្រងព្រៃឈើប្រកបដោយនិរន្តរភាព បានផ្តល់ការលើកទឹកចិត្តដល់ការចូលរួមរបស់​ស្រី្ត ដែល​តួនាទី​ស្រ្តីត្រូវបានបញ្ចូល​​ទៅក្នុងទស្សនទានរបស់និយ័តកម្មសហគមន៍ព្រៃឈើ និង ការអភិវឌ្ឍន៍​ផែនការ​គ្រប់គ្រង​សហគមន៍ព្រៃឈើដើម្បីធានាបាននូវសិទ្ធិក្នុងការទទួលបាន និង ប្រើប្រាស់​ធនធានព្រៃឈើ​ស្មើគ្នា។