RECOFTC Cambodia
Stories

ផ្សិត​ផ្តល់​នូវ​ឱកាស​ជំនួញ​ថ្មី​មួយ​ដល់​សហគមន៍​មូលដ្ឋាន

25 March 2016
ឆេង ចាន់នី
Stories of Change
The Center for People and Forests

លោកស្រី វី សាវ៉ុន អាយុ៣៩ឆ្នាំ ត្រូវទទួលរ៉ាប់រងគ្រួសារមួយដែលមានសមាជិកចំនួន ៥នាក់ រស់នៅក្នុងភូមិ “ភូមិថ្មី” ខេត្តបាត់ដំបង ហើយគ្រួសារទាំងមូលពឹងផ្អែកលើរបរធ្វើស្រែចម្ការ​ដើម្បី​ផ្គត់ផ្គង់​អាហារប្រចាំថ្ងៃ។ នៅពេលដែលសមាជិកគ្រួសារកើនឡើង និងដោយសារដីស្រែមានទំហំតូចផងនោះ ទិន្នផល​ស្រូវដែលទទួលបានមិនអាចបំពេញតម្រូវការគ្រួសារបានពេញមួយឆ្នាំនោះឡើយ ដូច្នេះ​ហើយគាត់ពីរនាក់ប្តីប្រពន្ធបានស្វះស្វែងរកដំណោះស្រាយផ្សេងទៀតដើម្បីអាចរកចំណូលបន្ថែមបាន។ គាត់ក៏បានពឹងផ្អែកលើព្រៃសហគមន៍ ក្នុងការប្រមូលអនុផលព្រៃឈើ ដែលផ្សិត​ព្រៃ​ក៏ក្លាយជាប្រភពចំណូលបន្ថែមដ៏សំខាន់សម្រាប់គ្រួសារគាត់។ 
“គ្រួសារខ្ញុំពឹងផ្អែកយ៉ាងខ្លាំងលើការប្រមូលផ្សិតព្រៃ និងអនុផលព្រៃឈើ​ផ្សេងៗទៀតពីព្រៃសហគមន៍សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ខ្ញុំចូលព្រៃដើម្បីរកផ្សិត ពីរ ឬ​បីដងក្នុងមួយសប្តាហ៍ ហើយលក់បាន ២០ ០០០រៀល (៥ដុល្លាអាមេរិក) ក្នុងមួយថ្ងៃ”។  ប្រាក់​​ដែល​រកបានបន្ថែមពីការលក់ផ្សិតព្រៃនេះបានជួយដល់កូនៗលោកស្រីសាវ៉ុនបានទៅសាលារៀន។ 
ផ្សិតព្រៃដែលអាចបរិភោគបានគឺជាប្រភពចំណូលដ៏សំខាន់មួយផងដែរសម្រាប់អ្នកភូមិមួយចំនួន ពីព្រោះប្រភេទ​ផ្សិតព្រៃទាំងនេះមានតម្រូវការខ្ពស់ នឹងមានតម្លៃខ្ពស់​នៅ​លើ​ទីផ្សារ។ ផ្សិតព្រៃគឺជាអនុផលព្រៃឈើតាមរដូវកាល ដែលជាទូទៅអាច​រកបានតែក្នុងរដូវវស្សាប៉ុណ្ណោះ ចាប់ផ្តើមពីខែកក្កដា ដល់ខែសីហា។ នៅក្នុងកំឡុងរដូវវស្សា ផ្សិតព្រៃបានក្លាយជាប្រភពអាហារបន្ថែមយ៉ាងសំខាន់ដែលប្រជាជនកម្ពុជានិយមចូលចិត្ត។ 
បើមិនមានការបង្កើតសហគមន៍ព្រៃឈើ ដែលមានផ្ទៃដីចំនួន ៣១៥ហិកតាក្នុងភូមិថ្មី ក្នុងឆ្នាំ១៩៩៩នោះទេ លោកស្រីសាវ៉ុន និងក៏ដូចជាក្រុមគ្រួសារដ៏ទៃទៀតក្នុងភូមិ ដែលភាគច្រើនពឹងផ្អែកលើផលិតផលពីព្រៃឈើ ប្រាកដជាមិនអាចស្វែងរកអនុផលព្រៃឈើសម្រាប់បំពេញបន្ថែមជីវភាពរស់នៅបានឡើយ។ 
លោកស្រីសាវ៉ុនបានរំលឹកឡើងថា៖ “កាលពីមិនទាន់មានសហគមន៍ព្រៃឈើព្រៃ ព្រៃឈើទទួលការទន្រ្ទានដោយការកាប់ឈើខុសច្បាប់ ការបម្លែងការប្រើប្រាស់ដីព្រៃទៅជាដីកសិកម្ម និងការដុតព្រៃសម្រាប់ចាប់សត្វព្រៃជាដើម។ គម្របព្រៃឈើត្រូវបានបាត់បង់យ៉ាងគំហុកដែលបានគំរាមកំហែងដល់ជីវភាពរបស់ សហគមន៍មូលដ្ឋានដែលពឹងផ្អែកលើផលនិងអនុផលព្រៃឈើ។ បើសិនជាមិនអាចការពារព្រៃឈើបាន ផ្សិតព្រៃ និងអនុផលព្រៃឈើផ្សេងៗក៏មិនអាចមានដែរ ហើយវាមានឥទ្ធិពលយ៉ាងខ្លាំងមកលើគ្រួសារខ្ញុំ ក៏ដូចជាគ្រួសារដទៃទៀតដែរ”។ ក្
នុងឆ្នាំ២០១១ មានគ្រួសារចំនួន៣៧៩ ពីភូមិថ្មី បានចុះកិច្ចព្រមព្រៀងសហគមន៍ព្រៃឈើ ជាមួយរដ្ឋបាលព្រៃឈើមូលដ្ឋាន ដើម្បីធានាសុវត្ថិភាពលើភាពជាម្ចាស់លើសហគមន៍ព្រៃឈើ ក្នុងរយៈពេល១៥ឆ្នាំ។ តាមរយៈគម្រោងការគ្រប់គ្រងព្រៃឈើប្រកប​ដោយ​និរន្តរភាពក្រោមជំនួយរបស់ UNDP/GEF ពីឆ្នាំ២០១២ ​ដល់២០១៥ អង្គការរីខូហ្វរួមជាមួយដៃគូអង្គការម្លប់បៃតង បានសម្របសម្រួលវគ្គបណ្តុះបណ្តាលជាច្រើនដល់ សមាជិកសហគមន៍ព្រៃឈើភូមិថ្មី។ វគ្គបណ្តុះបណ្តាលទាំងនេះបានគាំទ្រដល់សហគមន៍ព្រៃឈើក្នុងការអភិវឌ្ឍផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ និងផែនការអភិវឌ្ឍន៍ជំនួញសហគមន៍ខ្នាតតូច ដែលមានបំណងចូលរួមលុបបំបាត់ភាពក្រីក្រតាមរយៈការគ្រប់​គ្រង​ធនធានព្រៃឈើប្រកបដោយនិរន្តរភាព។ 
គម្រោងបានផ្តល់ក្តីសង្ឃឹមយ៉ាងមុតមាំដល់សហគមន៍មូលដ្ឋាន និងធ្វើឲ្យសហគមន៍មានអសុវត្ថិភាពតាមរយៈការចុះកិច្ចព្រមព្រៀង និងការរៀបចំផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ។ បន្ថែមពីលើនេះ គម្រោងបានបញ្ចូលនូវផែនការអភិឌ្ឍន៍ជំនួញខ្នាតតូច ដែលជាប្រយោជន៍ដល់សហគមន៍សម្រាប់សកម្មភាពបង្កើតចំណូល​ប្រកបដោយនិរន្តរភាព។ នៅក្នុងផែនការអភិវឌ្ឍន៍ជំនួញខ្នាតតូចនេះបានជួយរៀបចំសហគមន៍មូលដ្ឋានឲ្យក្លាយជាសហគ្រិនសម្រាប់ជួញផលិតផលអនុផលព្រៃឈើនៅក្នុងសហគមន៍ពួកគេ។ 
អ្នកភូមិជិក ៤០% ក្នុងភូមិថ្មីមានកម្មសិទ្ធិដីស្រែតូចៗដែលមិនអាចផ្តល់ផលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់សមាជិកគ្រួសារពេញមួយឆ្នាំនោះទេ។ ហេតុដូច្នេះទើបប្រជាជនចាំបាច់ត្រូវស្វែងរកប្រភពចំណូលបន្ថែម និងបានកំណត់យកអនុផលព្រៃឈើដែលជាធនធានមានសក្តានុពល។ សកម្មភាពមួយចំនួនបានជួយជំរុញដល់ផលិតភាពផ្សិតព្រៃត្រូវលើកឡើង និងដាក់បញ្ចូលទៅក្នុងផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ ដែលរួមមានការស្តារព្រៃឈើឡើងវិញរបស់តំបន់ព្រៃរេចរិលផងដែរ។ ផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ និងផែនការជំនួញសហគមន៍ខ្នាតតូចទាំង២ នេះបានជួយដល់សហគមន៍ក្នុងការគ្រប់គ្រងព្រៃឈើឲ្យមានប្រសិទ្ធិភាព និងចូលរួមចំណែកដល់ការអភិវឌ្ឍន៍ជីវភាពសហគមន៍មូលដ្ឋានតាមរយៈគំនិតបង្កើតជំនួញសហគមន៍ខ្នាតតូច និងការអភិវឌ្ឍន៍សហគ្រាស។ 
លោក យ៉េត រ៉ា ប្រធានសហគមន៍ព្រៃឈើភូមិថ្មីបានមានប្រសាសន៍ថាចំនួនទិន្នផលផ្សិតប្រមូលបានជារៀងរាល់ឆ្នាំគឺមានបរិមាណចំនួនច្រើនជាងអនុផលព្រៃឈើផ្សេងទៀត ហើយមានប្រភេទផ្សិតព្រៃជាច្រើនដែលអាចបរិភោគ​បាន ហើយអាចស្វែងរកបានក្នុងព្រៃសហគមន៍។ ទិន្នផលផ្សិតអាចប្រមូលបានច្រើនជាង៣០០០ គីឡូក្រាមក្នុងមួយឆ្នាំៗ។ បរិមាណចំនួន ៥០% បានប្រើប្រាស់ដោយផ្ទាល់សម្រាប់ជាប្រភពម្ហូបអាហារ និងប្រហែលជាង ៥០%ទៀតលក់ទៅក្នុងទីផ្សារសម្រាប់ជាចំណូលបន្ថែម។ មានប្រភេទផ្សិតចំនួន ២ ប្រភេទដែលមានទីផ្សារ និងមានតម្លៃលេចធ្លោជាងគេគឺចាប់ពី ៨០០០រៀល (២ដុល្លាអាមេរិក) ដល់៣៥០០០រៀល (៨,៥ដុល្លាអាមេរិក) ក្នុងមួយគីឡូក្រាម។ 
លោករ៉ា សង្ឃឹមថាតាមរយៈការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព គេអាចបង្កើតជំនួញសហគមន៍ផលិតផលខ្នាតតូច ដែលលោកស្ទួយដល់គ្រួសារជាច្រើនអាចរកប្រភពចំណូលបន្ថែម និងទប់ស្កាត់ការចំណាកស្រុករបស់ប្រជាជនផងដែរ។ គាត់បានបន្ថែមទៀតថា “ផ្សិតព្រៃគឺជាអនុផលព្រៃឈើដែលមានសក្តានុពលអាចប្រើប្រាស់បានក្នុងការអភិវឌ្ឍន៍ជំនួញសហគមន៍ខ្នាតតូចបាន”។ 

ចំនុចសំខាន់ៗ

  • ក្រុមគ្រួសារជនបទជាងពាក់កណ្តាលនៃប្រទេសកម្ពុជា ច្រើនជាង ៥លាននាក់ កំពុងពឹងផ្អែកលើព្រៃឈើពី២០ ទៅ៥០ភាគរយសម្រាប់ជីវភាពរស់នៅ។ ព្រៃឈើក៏ជួយដល់ជីវភាពរស់នៅច្រើនជាងពាក់កណ្តាលរបស់ក្រុមគ្រួសារសជនបទ១៥ភាគរយផ្សេងទៀតឬក៏ច្រើនជាង១លាននាក់។  
  • គម្រោងគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ក្រោមជំនួយពីUNDP-GEF ចាប់ផ្តើមក្នុងឆ្នាំ២០១២ ក្នុងការគាំទ្រសហគមន៍ព្រៃឈើចំនួន៣០ ស្មើនឹងផ្ទៃដីព្រៃចំនួន ១០៨៧៩ ហិកតា និង​៦៥ភូមិ ហើយនិង សហគមន៍តំបន់ការពារធម្មជាតិចំនួន១១ គ្របដណ្តប់លើផ្ទៃដីចំនួន ៧៩៥១​ហិកតា និង២១ ភូមិ ក្នុងខេត្តគោលដៅចំនួន៤ក្នុងប្រទេសកម្ពុជា៖ ខេត្តបាត់ដំបង ខេត្តពោធិសាត់ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។  
  • គម្រោងជួយសហគមន៍ក្នុងការអភិវឌ្ឍន៍ផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ និងផែនការអភិវឌ្ឍន៍ជំនួញសហគមន៍ខ្នាតតូចជាមួយនឹងគោលបំណងលុបបំបាត់ភាពក្រីក្រតាមរយៈការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តរភាព។