RECOFTC Cambodia
Stories

អ្នក​តំណាង​សហគមន៍​ព្រៃឈើ៖ សហគមន៍​ព្រៃឈើ​ព្រៃ​ក្បាល​បី​ឈ្នះ​ពាន​រង្វាន់​វេទិកា​កសិករ​ឆ្នើម​ក្នុង​ប្រទេស​កម្ពុជា

17 June 2018
ឌី វុទ្ធារ៉ា
Stories of Change
លោក ឃួន ម៉ុន ដឹកនាំការងារក្នុងសហគមន៍ព្រៃក្បាលបី

ធនធានព្រៃឈើ បានរួមចំណែកជួយដល់ជីវភាពប្រជាជនក្នុងសហគមន៍ព្រៃក្បាលបី ស្ថិតក្នុងឃុំទីពោ តាំង​ពី​យូរណាស់​មក​ហើយ។ ជាងនេះទៅទៀត ព្រៃសហគមន៍ព្រៃក្បាលបីដែលមានទំហំ៧៦១ហិចតា ក្នុងខេត្តកំពង់ធំ គឺ​បាន​ផ្តល់​ជា​ប្រព័ន្ធអេកូឡូស៊ី ដែល​ជាទី​ជម្រក​របស់​សត្វព្រៃជាច្រើនប្រភេទ ដូចជា ជ្រូកព្រៃ ពពួកបក្សី ដែលអាចទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកទស្សនាទៀតផង។ ព្រៃនេះ បានការពារ ដោយសមាជិកចំនួន​៦១គ្រួសារ ដែលរស់នៅក្នុងតំបន់នោះ ហើយ​បាន​ធ្វើការគ្រប់គ្រងដោយ​និរន្តរភាព​តាមរយៈ​ការ​បែង​ចែក​ព្រៃ​សហគមន៍​ជាបួនតំបន់គឺ តំបន់ដាំស្តារព្រៃឈើឡើងវិញ តំបន់អភិរក្ស តំបន់ប្រមូលអុស និង តំបន់ប្រមូលបង្គោល។

ការគ្រប់គ្រងបូករួមនឹងការខំប្រឹងប្រែងរបស់សហគមន៍មិនត្រឹមតែបាន​ការពារព្រៃសហគមន៍ឲ្យនៅគង់វង្សប៉ុណ្ណោះទេ ប៉ុន្តែ​ព្រៃ​សហគមន៍​ក៏បានផ្តល់ជា ធនធានដល់សមាជិកប្រើប្រាស់សម្រាប់ដោះស្រាយជីវភាពរបស់ពួកគាត់ផងដែរ។

ការស្តារព្រៃឈើរបស់សហគមន៍ព្រៃឈើក្បាលបី

គ្មានអ្នកណាអាចជួយសម្របសម្រួលលើការងារគ្រប់គ្រងក្នុងសហគមន៍នេះបានល្អដូចលោក ឃួន ម៉ុន ប្រធាន​គណៈកម្មការ​គ្រប់គ្រងសហគមន៍ព្រៃឈើឡើយ ដោយលោកបានធ្វើ​ការយ៉ាងជិតស្និទ្ធ ជាមួយនឹង សមាជិក របស់ខ្លួន ព្រមជាមួយ​នឹង​អង្គការរីខូហ្វ មជ្ឈមណ្ឌលមនុស្ស និងព្រៃឈើ អស់រយៈពេលជាង១០ឆ្នាំមកហើយ តាមរយៈ​គម្រោង​មួយ​ចំនួន ហើយថ្មីៗនេះរីខូហ្វ បានធ្វើការជា មួយលោក ឃួន ម៉ុន និង     គណៈកម្មាការ គ្រប់គ្រង​សហគមន៍​ព្រៃឈើ​លើ​គម្រោង​សាកស្បងការតាមដាន និង វាយ តម្លៃដោយមានការចូលរួម ពីសហគមន៍ដើម្បីដឹងពីវឌ្ឍនភាព នៃ​កិច្ចការ​ក្នុង​សហគមន៍របស់ពួក គាត់។ គម្រោងនេះ គឺជាផ្នែកមួយ ពាក់ព័ន្ធជាមួយ គម្រោងជាច្រើនដែលរីខូហ្វ បានជួយគាំទ្រ​ដល់​សហគមន៍​ព្រៃឈើរួមមានគម្រោង SFMRLE (ក្រោម​ការ​ឧបត្ថម្ភ​ពី​សហភាព​អ៊ឺរ៉ុប)[i], PAFF (ក្រោមការ ឧបត្ថម្ភពី SDC)[ii], SRJS (ក្រោមការឧបត្ថម្ភពី IUCN Netherlands)[iii], និង SMCF - ICFMP (ក្រោមការឧបត្ថម្ភ​ពី Sida តាមរយៈ Forum Syd)[iv] ដែលគម្រោងទាំងនោះផ្តោតលើ ការបង្កើតសហគមន៍ ព្រៃឈើឲ្យមានភាពស្របច្បាប់ និង អនុវត្តផែនការគ្រប់គ្រងព្រៃ សហគមន៍ និងការជួយបង្កើតជាក្រុមឥណទាន​ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​ផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ ដែលសមាជិកសហគមន៍ អាចទទួលបាននូវសេវាឥណទានក្នុងអត្រាការប្រាក់ទាប និង​ងាយស្រួល ហើយ​ស្ថាប័នសហគមន៍ព្រៃឈើទទួលបាននូវចំណូលសម្រាប់ប្រើប្រាស់លើការងារគ្រប់គ្រងសហគមន៍ព្រៃឈើ ។  
រីខូហ្វ តាមរយៈការច្នៃប្រឌិតរបស់សហគមន៍ផ្ទាល់ បានជួយលើផ្នែកច្បាប់ និងការកសាងសមត្ថភាព ក្នុង​គោលបំណង​ពង្រឹង​សម្លេង​របស់​ពួកគាត់ ដើម្បីអាចឲ្យពួកគាត់ ចូលរួមក្នុង ការងារសហគមន៍ ព្រៃឈើនៅថ្នាក់ជាតិ និង ថ្នាក់​អន្តរជាតិ។ ហើយតាមរយៈនេះ យើង​សង្កេត​ឃើញ​ថាបច្ចុប្បន្នគណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ និង​សមាជិក​សហគមន៍​ព្រៃឈើ បានចូលរួមយ៉ាងសកម្មក្នុងដំណើរ​ការ​សម្រេចចិត្ត ដែល​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ធនធាន​ព្រៃឈើ​ក្នុង​ប្រទេសកម្ពុជា។ សម្រាប់កម្ពុជា ការលើកកម្ពស់សមត្ថភាពរបស់សហគមន៍ព្រៃឈើ គឺជារឿងសំខាន់ណាស់ ប្រសិន បើរាជ​រដ្ឋា​ភិបាលចង់​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ ក្នុងការបង្កើនគម្របព្រៃឲ្យដល់៦០%នៃផ្ទៃដីទូទាំងប្រទេសនៅឆ្នាំ២០២៩ ស្របតាមកម្មវិធីព្រៃឈើជាតិឆ្នាំ២០១០ ដល់ឆ្នាំ២០២៩។ ក្នុងឆ្នាំ១៩៦៣ ប្រទេសកម្ពុជា គ្របដណ្តប់ដោយ​ដី​ព្រៃ​ប្រមាណ ៧៣% ប៉ុន្តែបន្ទាប់ពីសង្រ្គាមស៊ីវិល ការផ្តល់​ព្រៃ​សម្បទាន​បាន​កើត​ឡើង​ក្នុង​គោលបំណង​ជួយដល់សេដ្ឋកិច្ចជាតិ ប៉ុន្តែដោយលក្ខខ័ណ្ឌក្នុងពេលនោះ ការកាប់ បំផ្លាញ ព្រៃឈើអនាធិបតេយ្យ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ហើយមកទល់ឆ្នាំ២០១៤ ផ្ទៃដីព្រៃមានត្រឹមតែ ៤៩.៤៨%នៃផ្ទៃប្រទេសតែប៉ុណ្ណោះបើយោង​តាមទិន្នន័យរបស់រដ្ឋបាលព្រៃឈើ។
ដោយឃើញពីភាពចាំបាច់នៃការចូលរួមរបស់សហគមន៍ព្រៃឈើក្នុងការគ្រប់គ្រងព្រៃឈើ  រាជរដ្ឋាភិបាល ដោយមាន​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិកា បានដាក់បញ្ចូលនូវវិញាសារស្តី ពីការគ្រប់គ្រងសហគមន៍ព្រៃឈើ ក្នុងវេទិកា​កសិករ​ឆ្នើម​ជា​លើក​ដំបូង​នៅក្នុងឆ្នាំ២០១២។ វេទិកាកសិករឆ្នើម ដែលរៀបចំ​ជា​រៀងរាល់​ឆ្នាំ​ដោយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺបង្កើត​ឡើង​ដើម្បី​បើក​ឳកាស​ដល់ប្រជាជនមូលដ្ឋាន​ឲ្យ​ចូលរួម​ចែករំលែក​ភាព​ជោគជ័យ​របស់ពួកគាត់ និង​កសាង​បណ្តាញ​រវាង​គ្នា​នឹង​គ្នា​ដើម្បី​ឲ្យ​ពួក​គាត់​កាន់​តែ​រឹងមាំ។ ក្នុងនោះលោក ឃួន ម៉ុន បាន​ជាប់​ជា​បេក្ខជនតំណាងសហគមន៍ព្រៃឈើចូលរួមក្នុងវេទិកានេះ ក្រោយ​ពី​បាន​ជាប់​ការ​ប្រលង​នៅ​ថ្នាក់ខេត្ត និង​ពាក់​កណ្តាល​ផ្តាច់ព្រ័តដែលមានអ្នកចូលរួមមកពីបណ្តាខេត្តនានាទៀត។

សម្រាប់លោកឃួន ម៉ុន ព្រឹត្តការណ៍នេះមិនមែនជាការប្រកួតប្រជែងជាមួយអ្នកណាឡើយ ប៉ុន្​តែ​វា​ជា​ការ​ចែក​រំលែកព័ត៌មានពី​ការអនុវត្តល្អ ក្នុងការគ្រប់គ្រងព្រៃឈើ ពិសេសការដាំស្តារព្រៃឡើងវិញ ដែល បាន​រួម​ចំណែក​ដល់គោលដៅថ្នាក់ឃុំ និងថ្នាក់ជាតិផងដែរ។

ការដាំដើមឈើឡើងវិញនេះ នឹងជួយបង្កើនផលប្រយោជន៍ជូនដល់សមាជិកសហគមន៍ព្រៃឈើ និងស្ថាប័នសហគមន៍​ព្រៃឈើ​ទាំងមូល តាម រយៈយន្តកាបែងចែកផលប្រយោជន៍ដោយសមធម៌ ពិសេសនៅពេលប្រមូលផលឈើដាំ។ ចំណុច​មួយ​ទៀត ដែលលោក ឃួន ម៉ុន បានចែករំលែកក្នុងវេទិកានោះគឺ ភាពចម្រុះនៃ ការគ្រប់គ្រងរបស់ សហគមន៍លើព្រៃ​សហគមន៍។ ការគ្រប់គ្រងការពារព្រៃឈើ និងការ​ដាំឈើឡើងវិញ​នឹង​មិន​ត្រឹមតែ​រួម​ចំណែក​ដល់​គោលដៅ​របស់​ជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយថែរក្សានូវផលប្រយោជន៍ដែលសហគមន៍ ទទួល​បាន​សេវា​ពី​ព្រៃឈើ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ផងដែរ។ សារទាំងនេះ បានធ្វើឲ្យគណៈកម្មាការសម្រេចឲ្យលោក ឃួន ម៉ុន បាន​ជាប់​ចំណាត់ថ្នាក់លេខ១ ក្នុង​ចំណោម​បេក្ខជនប្រាំរូប ដែល ធ្វើឲ្យលោកបាននាំយកនូវពាន​កិត្តិយសលេខ១ ទៅ​ឲ្យ​សមាជិក​សហគមន៍​ព្រៃឈើ និង​អាជ្ញាធរមូលដ្ឋាន។ 


តាមរយៈការចូលរួមក្នុងវេទិកា និងការទទួលបាននូវជ័យលាភីនេះ លោកឃួន ម៉ុន បានបញ្ជាក់ថា វេទិកានេះ​លោក​អាច​កសាង​ទំនុក​ចិត្ត​ក្នុង​ការធ្វើបទបង្ហាញ និងការចែករំលែកនូវការអនុវត្តល្អ របស់ សហគមន៍ព្រៃឈើ នៅ​ក្នុង​កម្មវិធី​ដែល​មានអ្នកចូលរួមច្រើន និង​ជាមួយ​មន្រ្តី​រដ្ឋាភិបាល ព្រមទាំងបង្កើនភាពជាអ្នកដឹកនាំរបស់គាត់ផងដែរ។ សម្រាប់ជ័យលាភីលេខ១ នេះ សហគមន៍ព្រៃឈើ ព្រៃក្បាលបី​ទទួល​បាន​នូវគោយន្ត១គ្រឿង ប័ណ្ណសរសើរ និងថវិកាចំនួន១ លានរៀល។ គាត់ក៏បានបញ្ជាក់ដល់សមាជិកទាំងអស់ថា គោយន្ត​នេះ​គឺ​ជា​កម្មសិទ្ធ​របស់សមាជិកគ្រប់គ្នា ដូចនេះ​ពួក​គាត់​អាចមានសិទ្ធ ស្នើសុំយកទៅប្រើប្រាស់ទៅតាមតម្រូវការរបស់ខ្លួន។ ជារួម វេទិកានេះគឺបង្ហាញ​ពីភាព​ជោគជ័យ​ថ្មីមួយ​ទៀត​សម្រាប់សហគមន៍ព្រៃឈើក្នុងប្រទេសកម្ពុជា!
 
[i] ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព និងការលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋានតាមរយៈសហគមន៍ព្រៃឈើ និង​រេដ​ក្នុង​ប្រទេស​កម្ពុជា ក្រោមជំនួយឧបត្ថម្ភពីសហភាពអ៊ឺរ៉ុប
[ii] ភាពជាដៃគូនៃព្រៃឈើ និងនេសាទ ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ
[iii] ធនធានរួម ដំណោះស្រាយរួម ក្រោមជំនួយឧបត្ថម្ភពីសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ, ណូវេលសេឡង់
[iv] ការគ្រប់ដោយមាននិរន្តរភាពនៃសហគមន៍ព្រៃឈើតាមរយៈការអនុវត្តផែនការគ្រប់គ្រង ក្រោមជំនួយឧបត្ថម្ភពី Sida, ភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ តាមរយៈ​អង្គការ Forum Syd