RECOFTC Cambodia
Kegiatan

កិច្ចប្រជុំប្រចាំឆ្នាំ​លើក​ទី​៥ គណៈកម្មការ​សម្រប​សម្រួល​កម្មវិធី​សហគមន៍​ព្រៃឈើ​ជាតិ

Feb 22
2018
Location
សៀមរាប
RECOFTC Events

១.​ សេចក្តីផ្តើម

សហគមន៍ព្រៃឈើនៅកម្ពុជាបានរៀបចំបង្កើតតាំងពីឆ្នាំឆ្នាំ១៩៩៤ តាមរយៈគម្រោងសាកល្បងដោយ​មាន​​ការគាំទ្រពីរាជរដ្ឋាភិបាល​កម្ពុជា អង្គការ​ដៃគូជាតិអន្តរជាតិ និងមាន​ការចូលរួម​ពីសហគមន៍​មូលដ្ឋាន​​ដែលរស់​នៅ​ពឹងអាស្រ័យ​លើធនធានព្រៃឈើ។ សហគមន៍ព្រៃឈើ​មានសត្តានុពលក្នុងការ​អភិរក្សធនធានព្រៃឈើ​ធ្វើឲ្យប្រសើរ​ឡើង​នូវផលិតភាពរបស់ព្រៃនិងដើម្បី​គាំទ្រដល់ជីវភាពរស់នៅរបស់​សហគមន៍​មូលដ្ឋាន ព្រមទាំងរក្សាបាននូវលំនឹង​ប្រព័ន្ធ​អេកូឡូស៊ី និង​ចូលរួមកាត់បន្ថយនូវការប្រែប្រួ​លអាកាស​ធាតុ។
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំ​បង្កើត​​នូវ​ក្របខណ្ឌគោលនយោបាយ និងច្បាប់សម្រាប់គាំទ្រដល់ការគ្រប់គ្រង​និងអភិវឌ្ឍន៍​សហគមន៍​ព្រៃឈើ ក្នុង​នោះ​​រួមមាន គោលនយោបាយវិស័យព្រៃឈើជាតិឆ្នាំ២០០២ ច្បាប់ស្តីពីព្រៃឈើត្រូវបានរដ្ឋសភាអនុម័តនិងបានប្រកាសឲ្យប្រើតាំងពីឆ្នាំ២០០២ អនុក្រឹត្យស្តីពីការ​គ្រប់​គ្រង​សហគមន៍​ព្រៃឈើ​ឆ្នាំ២០០៣ និងប្រកាសស្តីពីគោលការណ៍ណែនាំអំពីសហគមន៍ព្រៃឈើឆ្នាំ២០០៦ និងកម្មវិធីព្រៃឈើជាតិអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានៅចុងឆ្នាំ២០១០ ដែលក្នុងនោះកម្មវិធីទី៤​គឺជា​កម្មវិធី​​សហគមន៍​ព្រៃ​ឈើ។
អនុវត្តតាមគោលនយោបាយនិងលិខិតបទដ្ឋានច្បាប់ ព្រមទាំងមានការ​ចូលរួមគាំទ្រភាគីពាក់ព័ន្ធ គិតត្រឹមខែមករា ឆ្នាំ២០១៨ នៅ​ប្រទេស​កម្ពុជាបានបង្កើតសហគមន៍ព្រៃឈើសរុបចំនួន ៦១០កន្លែង ​គ្រប​ដណ្តប់លើផ្ទៃដីទំហំ ៥០៦ ៣០៣ហិកតា ស្ថិតនៅក្នុង ២១ខេត្ត និងមានការចួលរួមពីប្រជាជននៅមូលដ្ឋានចំនួន ១៥១ ៦២២គ្រួសារ ក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​បានចេញ​ប្រកាស​ស្តីពីការបង្កើតនិងការគ្រប់គ្រងតំបន់ព្រៃសហគមន៍សរុបចំនួន ៤៦៧សហគមន៍ គ្របដណ្តប់លើផ្ទៃដីទំហំ ៤១៨ ៧២៧ហិកតា ក្នុងនោះ​សហគមន៍​ព្រៃឈើសរុបចំនួន ៤១៤សហគមន៍ គ្រប​ដណ្តប់​លើផ្ទៃដីទំហំ ៣៣៧ ០៨៥​ហិកតា បានចុះកិច្ចព្រមព្រៀង​ព្រៃសហគមន៍រវាងខណ្ឌ​រដ្ឋបាល​ព្រៃឈើសាមី និងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងផែនការគ្រប់គ្រង​ព្រៃសហគមន៍​សរុប​ចំនួន ៨១សហគមន៍ គ្រប​ដណ្តប់​លើផ្ទៃដី ៥៣ ០៩២ហិកតា បានទទួលស្គាល់ដោយខណ្ឌរដ្ឋបាលព្រៃឈើ។
កម្មវិធីព្រៃឈើជាតិឆ្នាំ២០១០មានចំនួន៦កម្មវិធី ហើយកម្មវិធីសហគមន៍ព្រៃឈើគឺជាកម្មវិធី​ទី៤ដែលបានកំណត់នូវសកម្មភាព​ចំបងចំនួន៣គឺ ការបង្កើតសហគមន៍ព្រៃឈើ ការពង្រឹងស្ថាប័ន និងការ​ផ្តល់​សេវាកម្ម ក្នុងនោះការពង្រឹងគណៈកម្មការ​សម្របសម្រួល​កម្មវិធី​សហគមន៍​​ព្រៃឈើថ្នាក់ជាតិ (គសកស.ជ) គឺជាផែ្នកមួយនៃការពង្រឹងកិច្ចសហប្រតិ​បត្តិការរវាងរដ្ឋបាលព្រៃឈើនិងអ្នកពាក់ព័ន្ធ។ គណៈកម្មការ​​​សម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ជាតិបានបង្កើតឡើងតាំងពី​ឆ្នាំ​២០០៧ ដែល​​ជាយន្តការ​មួយ​ជួយ​ចែករំលែក​នូវ​ព័ត៌មាន សម្របសម្រួល និងគាំទ្រ​ដល់ដៃគូ​អភិវឌ្ឍន៍ សហគមន៍​មូល​ដ្ឋាន​ និងអ្នកពាក់ព័ន្ធ ព្រមទាំងគាំទ្រល់ការរៀបចំ​នូ​វ​គោល​នយោបាយ និងផែន​ការយុទ្ធសាស្រ្តដើម្បីអភិវឌ្ឍន៍សហគមន៍ព្រៃឈើនៅកម្ពុជាស្វែងឲ្យមានប្រសិទ្ធភាព មិនតែប៉ុណ្ណោះ គសកស.ជ បាន​​​សម្របសម្រួលបង្កើតនូវគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្ត (គសកស.ខ) ដើម្បីបង្កើន​កិច្ចសហការជាមួយ​អង្គការ​ជាដៃគូនៅថ្នាក់ក្រោមជាតិ ជាពិសេសផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងអភិបាលកិច្ច ដោះស្រាយនូវបញ្ហាដែលកើតមាននៅក្នុង​សហគមន៍​ព្រៃឈើ។

២. គោលបំណង

កិច្ចប្រជុំលើកទី៥ របស់ គសកស.ជ មានគោលបំណងដើម្បីរៀបចំនូវផែនការយុទ្ធសាស្រ្តក្នុងការ​អភិវឌ្ឍសហគមន៍ព្រៃឈើនៅកម្ពុជា៖

  • ពង្រឹងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ
  • កំណត់ទិសដៅ និងយុទ្ធសាស្រ្តបន្ត​ 

​កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅសណ្ឋាគារអង្គរ សៀមរាប នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨

៣.អ្នកចូលរួម

កិច្ចប្រជុំ នឹងមានអ្នកចូលរួមមកពីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ខណ្ឌរដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូរអភិវឌ្ឍន៍ និង​បណ្តាញសហគមន៍ព្រៃឈើ សរុបប្រមាណ ៨៥នាក់ រួមមាន ៖

  • រដ្ឋបាលព្រៃឈើកណ្តាល                    ០៥ នាក់
  • រដ្ឋបាលព្រៃឈើមូលដ្ឋាន                     ២០ នាក់
  • អាជ្ញាធរស្រុក និងឃុំ                           ១៥ នាក់
  • បណ្តាញសហគមន៍ព្រៃឈើ                 ១៥ នាក់
  • អង្គការដៃគូ                                        ៣០ នាក់