RECOFTC Cambodia
Kegiatan

សិក្ខាសាលាចាប់ផ្តើមគម្រោងការកសាងសមត្ថភាព​សម្រាប់​ការ​បន្ស៊ាំដោយ​ផ្អែក​ទៅលើ​ប្រព័ន្ធ​អេកូឡូស៊ី ក្នុង​អនុគម្រោង​ផ្ទៃរង​ទឹកភ្លៀង​អូរប៉រ

Oct 10
2017
Location
ខេត្តមណ្ឌលគិរី
RECOFTC Events

​​១ សេចក្តីផ្តើម

តំបន់ដែនជម្រកសត្វព្រៃ​កែវ​សីមា ជាតំបន់​មួយដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា ដែលមួយផ្នែកធំនៃតំបន់នេះស្ថិតក្នុង​ខេត្ត​​មណ្ឌល​គិរី និង​មួយ​ផ្នែក​តូច​ស្ថិត​ក្នុង​ខេត្ត​ក្រចេះ ។​ តំបន់នេះ ជាអតីត​តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមា(SPF) ហើយត្រូវបានចាត់​ថ្នាក់​ឡើង​វិញដោយរាជរដ្ឋាភិបាលកម្ពុជា ជាតំបន់ដែនជម្រកសត្វព្រៃកែវសីមា​(KSWS) ក្រោមអនុក្រឹត្យលេខ ៨៣ ចុះ​ថ្ងៃ​ទី០៩ ខែ​ឧសភា​​ ឆ្នាំ​២០១៦  និងផ្ទេរការគ្រប់គ្រង​ទៅអោយ​ក្រសួង​បរិស្ថានវិញ។ តំបន់នេះ ជាផ្នែក​មួយ​នៃ​ទឹក​ដី​កំណើត​តាំង​ពី​​ដូនតា​របស់ជនជាតិ​ដើម​ភាគតិច​ព្នងយ៉ាងច្រើន​រស់​នៅ ហើយ​ព្រៃ​ឈើគឺ​ជា​ប្រភព​ប្រាក់​ចំណូលដ៏សំខាន់​ និង​ជា​កន្លែងនៃ​ជំនឿ​របស់​ពួក​គាត់​ថែម​ទៀត​ផង។​  គួរ​ឲ្យ​កត់សម្គាល់ផងដែរ​​ថា តំបន់នេះជាជម្រកមួយដ៏សំខាន់សម្រាប់សត្វ​មាន​ឆ្អឹង​ខ្នង​ចំនួន​៤១​ប្រភេទ​ ដែល​ទទួល​រង​ការ​គម្រាម​កំហែង​​ទូទាំង​សាកល​លោក ​ត្រូវ​បាន​រក​ឃើញ​​នៅក្នុង​តំបន់​​នេះ​ ក្នុងនោះ​រួម​មាន៖ ដំរី​អាស៊ី​ អម្បូរ​ស្វា​ អម្បូរ​គោសាទិស​ អម្បូរ​មំ​សាសី​ និងពពួក​បក្សី​ដូច​ជា​ ត្រយ៉ង​យក្ស និង​ក្ងោក។​ តំបន់ផ្ទៃរងទឹកភ្លៀងអូរប៉រ​​(ដែលស្គាល់ជាតំបន់សហគមន៍ព្រៃផ្តល់ផល)​​ស្ថិតក្នុងឃុំ​ស្រែព្រះ​​​ ​ដែលមានផ្ទៃដី​ ៩០៧០ហិកតា​​ ​ស្ថិត​នៅក្នុង​ភូមិ​ពូចារ​ អូរច្រា​និងពូគង់។  ឃុំស្រែព្រះ គឺជាឃុំមួយក្នុងចំណោមឃុំទាំង៦ដែល​ស្ថិត​ក្នុង​ដែនជម្រក​សត្វព្រៃកែវសីម៉ា។ ​ក្នុង​កំឡុងឆ្នាំ២០០៧ អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បាននឹងកំពង់ធ្វើការជាមួយសហគមន៍​នៅក្នុង​ឃុំ​ស្រែ​ព្រះ ដើម្បីរៀបចំបង្កើត និងស្វែងរកវិធីសាស្ត្រ សម្រាប់ការគ្រប់គ្រងព្រៃឈើ​ប្រកបដោយ​និរន្តរភាព​ក្នុងគោលបំណងចូលរួមកាត់​បន្ថយ​ភាព​ក្រីក្រ រក្សាគម្របព្រៃឈើ  តម្លៃការអភិរក្សសង្គម និង​ជីវចម្រុះ និងបង្កើននូវភាពធន់ទ្រាំទៅនឹង​កា​រ​​ប្រែប្រួល​អាកាសធាតុ។
 
គម្រោងការកសាងសមត្ថភាពសម្រាប់ការបន្ស៉ាំដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ីក្នុងអនុគម្រោងផ្ទៃរងទឹកភ្លៀងអូរប៉ររបស់គម្រោងរបៀង​អភិរក្សជីវចម្រុះមហាអនុតំបន់មេគង្គ(BCC)នេះមានរយៈពេល២ឆ្នាំ ដោយផ្តោតលើការអភិវឌ្ឍន៍នូវជំនាញសំខាន់ៗ និងបទពិសោធន៍​ទាំង​សហគមន៍​មូលដ្ឋាន និង មន្ត្រីរដ្ឋាភិបាលពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ សម្រាប់​ធ្វើការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព ដើម្បី​​បង្កើននូវភាពធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងនេះ​មាន​គោលបំណង ផ្តល់នូវ​ការការពារដល់​សហគមន៍និងសត្វព្រៃ ដោយ(ក)បង្កើតឱ្យ​មាន​សិទ្ធិកាន់កាប់​ដីធ្លី​សម្រាប់​ការ​គ្រប់​គ្រង​ជា​លក្ខណ​សហគមន៍​ក្នុង​ដែន​ជម្រក​សត្វព្រៃកែវ​សីមា(​KSWS)និង(ខ) ផ្តល់ជម្រើស​​សេដ្ឋកិច្ចតាម​រយៈសហគ្រាស​សហគមន៍​ដែល​អនុវត្តន៍​ការ​ប្រើប្រាស់​ដីដែលរេចរិល។ គម្រោង​នឹងសម្រួល​ដល់ការរីកចម្រើន​ក្នុង​ការ​បង្កើតសហគ្រាសសហគមន៍ព្រៃឈើ(CFE)​ក្រោមដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ទៅ​ជា​ការ​គ្រប់គ្រង​ដែន​សមត្ថកិច្ចថ្មីរបស់​តំបន់​ដែន​​​​ជម្រក​សត្វព្រៃកែវសីមា​ តាមរយៈការរៀបចំបង្កើតជាសហគមន៍តំបន់ការពារធម្មជាតិ​ និងផ្តោតលើការ​បង្កើត​សហគ្រាស​កែច្នៃ​អនុផល​ព្រៃឈើ​ជា​លក្ខណៈសហគមន៍។

២ គោលបំណង       

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖

  • ផ្សព្វផ្សាយអំពីការចាប់ផ្តើមការអនុវត្តគម្រោង​របៀងអភិរក្សជីវចម្រុះមហាអនុតំបន់​មេគង្គផ្តោតលើ​ការ​កសាងសមត្ថភាព​សម្រាប់​ការបន្ស៊ាំដោយផ្អែកទៅលើប្រព័ន្ធអេកូឡូស៊ីនៅក្នុងអនុគម្រោងផ្ទៃរងទឹកភ្លៀងអូរប៉រ
  • ផ្សព្វផ្សាយដល់អ្នកចូលរួមអំពីគម្រោងនិងទទួលនូវមតិ/អនុសាសន៍ក្នុងដំណើរការគម្រោង
  •  ពិភាក្សាអំពីយុទ្ធសាស្រ្តសំខាន់ៗដែលឆ្លើយតបទៅនឹងការសិក្សានូវក្នុងរបាយការណ៍វិសាលភាពគម្រោង

៣. អ្នកចូលរួម


នៅក្នុងសឹក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងនេះ នឹងអញ្ជើញតំណាងភាគីពាក់ព័ន្ធ ពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍​មូលដ្ឋាន  ដើម្បីពិភាក្សានូវផែនការអនុវត្តនាពេលខាងមុខ ជាមួយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) ​ក្នុងភាព​ជាដៃគូ​អនុវត្ត​ជាមួយអង្គការមនុស្ស និងព្រៃឈើ(RECOFTC)​​ និងអង្គការក្រុម​អភិវឌ្ឍន៍​​​ជនបទ​​​​​កម្ពុជា(CRDT) ​ក្រោមជំនួយឧបត្ថម្ភពីធនាគារ​អភិវឌ្ឍន៍​អាស៊ី(ADB)​ ហើយប្រតិបត្តិដោយ​ក្រសួង​បរិស្ថាន​​ និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អ្នកចូលរួមក្នុងសិក្ខាសាលា​នេះ​មាន​ចំនួន ៤៨នាក់ ក្នុងនោះស្រ្តីចំនួន ០៤នាក់។