RECOFTC Cambodia
Kegiatan

សិក្ខាសាលា​ស្តីអំពី "ការ​ពិគ្រោះយោបល់​លើ​ពង្រាង​សេច​ក្តី​ណែនាំ​ដំណើរការ​ផ្ទេរ​ការ​អនុវត្ត​បន្ត​សហគមន៍​ព្រៃឈើ​ទៅជា​សហគមន៍​តំបន់​ការពារ​ធម្មជាតិ"

Jun 27
2017
Location
កំពង់ធំ
RECOFTC Events

​១-សេចក្តីផ្តើម


ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៧ នេះ ​មជ្ឈ​មណ្ឌល​សម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) បានបន្ត​អនុវត្តសកម្មភាព​កម្រោង គាំទ្រព្រៃឈើ និងជីវចម្រុះ ក្រោមជំនួយថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមងរយៈអង្គការ WINROCK International ។ សកម្មភាពសំខាន់មួយ ដែលគម្រោងបានអនុវត្តគឺ​ការរៀបចំ​សេចក្តីណែនាំ​បច្ចេកទេសដើម្បីផ្ទេរនិងអនុវត្តបន្តចំពោះ អតីតសហគមន៍ ព្រៃឈើ មានស្រាប់ក្នុងតំបន់ព្រៃការពារ និងព្រៃផ្តល់ផលទាំង១៨ កន្លែងដែលត្រូវបាន កំណត់ជាតំបន់ការពារ ធម្មជាតិ ព្រមទាំងផ្ទេរសមត្ថកិច្ចគ្រប់គ្រងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកក្រសួងបរិស្ថាន។
ការងារនេះត្រូវបានអនុវត្តក្រោមកិច្ចសហការយ៉ាងជិតស្និទរវាងក្រុមការងារគម្រោងគាំទ្រព្រៃឈើ និង ជីវចម្រុះនៃមជ្ឈ​មណ្ឌល​សម្រាប់​មនុស្ស​និងព្រៃឈើ និងក្រុមការងារនៃនាយកដ្ឋានជីវភាពសហគមន៍នៃ អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​របស់ក្រសួងបរិស្ថាន។ កន្លង​មកក្រុម​ការងារ​បានធ្វើការសិក្សាស្ថានភាព សហគមន៍ព្រៃឈើមានស្រាប់​ក្នុង​តំបន់ការពារ​ថ្មីរបស់ក្រសួងបរិស្ថាននៅបណ្តារខេត្តប្រាំ (កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងមណ្ឌលគីរី) ដែលជាខេត្តគោលដៅរបស់គម្រោង។ លទ្ធផលនៃការសិក្សានេះបានប្រើ ជាមូលដ្ឋាន រៀបចំ​សេចក្តីព្រាង សេចក្តី​ណែនាំបច្ចេកទេសលើ ដំណើរការផ្ទេរការអនុវត្តបន្ត សហគមន៍ព្រៃឈើ ទៅជា​សហគមន៍​តំបន់​ការពារ​ធម្មជាតិ។
ដើម្បី​បញ្ចប់សេចក្តីណែនាំនេះ ក្រុមការងារនៃនាយកដ្ឋានជីវភាពសហគមន៍ និងមជ្ឍមណ្ឌលសម្រាប់ មនុស្សនឹងព្រៃឈើ គ្រោងរៀបចំ​សិក្ខាសាលា​ជាមួយអ្នកពាក់ព័ន្ធដើម្បីផ្សព្វផ្សាយសេចក្តីណែនាំក្នុងការផ្ទេរ ការអនុវត្តបន្តសហគមន៍ព្រៃឈើ​ទៅជាសហគមន៍​តំបន់ការពារ​ធម្មជាតិ​ដល់អ្នកសម្របសម្រួលការងារសហគមន៍ តំបន់ការពារធម្មជាតិ ព្រមទាំង​ទទួលយកមតិយោបល់​បន្ថែម​ដើម្បីកែសម្រួល​បញ្ចប់​សេចក្តីណែនាំនេះ។ 

២-គោលបំណង

    សិក្ខាសាលាថ្ងៃនេះមានគោលបំណងដូចខាងក្រោម៖ 

  • បង្ហាញពីលទ្ធផលនៃការសិក្សាប៉ាន់ប្រមាណស្ថានភាពជាក់ស្តែងនៃសហគមន៍ព្រៃឈើមានស្រាប់នៅ ក្នុង​ការពារ​ធម្មជាតិ (អតីតព្រៃការពារ និងព្រៃផ្តល់ផល) នៅក្នុងខេត្តគោលដៅគម្រោង ព្រមទាំងប្រមូល ព័ត៌មាន​បន្ថែម​ចំណុច​ខ្វះខាតនៃការសិក្សានេះ
  • បង្ហាញពីសេចក្តីព្រាងនៃ សេចក្តីណែនាំអនុវត្តន៍បន្តការផ្ទេរសហគមន៍ព្រៃឈើ ទៅជាសហគមន៍តំបន់​ការពារ​ធម្មជាតិ ដែលក្រុមការងារបានរៀបចំ
  • ពិភាក្សា និងទទួលយកធាតុចូលបន្ថែមលើសេចក្តីព្រាង សេចក្តីណែនាំអនុវត្តន៍បន្តការផ្ទេរសហគមន៍ ព្រៃឈើ​ទៅ​ជា​សហគមន៍តំបន់​ការពារធម្មជាតិ ពីអ្នកចូលរួមដើម្បីកែសម្រួលបញ្ចប់សេចក្តីណែនាំនេះ

៣-លទ្ធផលរំពឹងទុក

លទ្ធផលរំពឹងសំខាន់ពីសិក្ខាសាលានេះគឺទទួលបានការឯកភាពជារួមលើ ​សកម្មភាពចាំបាច់នានាក្នុង ការបន្តអនុវត្តន៍​ការងារ​សហគមន៍​ព្រៃឈើមានស្រាប់ ដែលត្រូវផ្ទេរមកជាសហគមន៍តំបន់ការពារធម្មជាតិ ដោយធានា​បានថា​សកម្មភាព​បន្តនេះ​ស្របនឹង​គោលការ​ណែនាំស្តីពីនីតិវិធី និងដំណើរការរៀបចំសហគមន៍​តំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន។​ ក្នុងនោះ​ដែរអង្គសិក្ខាសាលា​រំពឹងថានឹង​ទទួល​បាន​នូវ អនុសាសន៍ ល្អៗបន្ថែមទៀតពី មន្ទីរបរិស្ថានខេត្ត នាយក​តំបន់​ការពារធម្មជាតិ អជ្ញាធរដែនដី សមាជិកសហគមន៍ និង បុគ្គលិក​អង្គការដៃគូលើ សេចក្តីណែនាំការ​អនុវត្ត​បន្តការ​ផ្ទេរ​សហគមន៍ព្រៃឈើទៅជាសហគមន៍តំបន់​ការពារ ធម្មជាតិ នេះដើម្បី​ឲ្យពួក​គេ​យក​សេចក្តី​ណែនាំ​នេះ​ទៅ​អនុវត្តន៍​តាម​មូលដ្ឋាន​ប្រកបដោយប្រសិទ្ធិភាព។

៤-ពេលវេលា និងទីកន្លែង 

សិក្ខាសាលានឹងត្រូវរៀបចំឡើងនៅ ថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ ២០១៧ នៅទីរួមខេត្តកំពង់ធំ ដោយមាន អ្នកចូលរួមចំនួន ៥០នាក់​មកពី៖ នាយកដ្ឋានជីវភាពសហគមន៍នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួង បរិស្ថាន មន្ទីរបរិស្ថាន តំបន់​ការពារធម្មជាតិ អាជ្ញាធរ​ដែនដី សហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូ។