ការចែករំលែកបទពិសោធន៍ក្នុងការត្រួតពិនិត្យ និងវាយតម្លៃសហគមន៍ព្រៃឈើដោយមានការចូលរួម
ក្នុងថ្ងៃទី២១ ខែកញ្ញា រីខូហ្វ និងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានរៀបចំសិក្ខាសាលាស្តីពីការត្រួតពិនិត្យ និងវាយតម្លៃដោយមានការចូលរួម ដោយមានការចូលរួមពីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត អនុប្រធាននាយកដ្ឋានសហគមន៍ព្រៃឈើ នៃរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល នាយខណ្ឌ និងមន្រ្តីរដ្ឋបាលព្រៃឈើកំពង់ធំ អង្គការ AFD សហគមន៍មូលដ្ឋានមកពីខេត្តកំពង់ធំ ស្ទឹងត្រែង និងក្រចេះ។ សិក្ខាសាលានេះ គាំទ្រថវិកាដោយ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ បន្ទាប់ពីបានគាំទ្រការសាកល្បងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃសហគមន៍ព្រៃឈើដោយមានការចូលរួម នេះក្នុងសហគមន៍ចំនួនបី ក្នុងខេត្តកំពង់ធំ តាំពីខែមករា ឆ្នាំ២០១៧មក។
ក្នុងសិក្ខាសាលានេះ លោកស្រី ហ៊ូ កល្យាណ ប្រធានអង្គការរីខូហ្វប្រចាំប្រទេសកម្ពុជា បានមានមតិថា លោកស្រី មានក្តីសោមន្សរីករាយណាស់ ដោយសារសិក្ខាសាលានេះគឺជាការផ្តួចផ្តើមឡើងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បន្ទាប់ពីបានចូលរួមក្នុងសិក្ខាសាលាចែករំលែកលទ្ធផលពីការសាកល្បងប្រព័ន្ធនេះក្នុងពេលកន្លងមក លោកស្រីសង្ឃឹមថា ប្រព័ន្ធតាមដាន និងវាយតម្លៃសហគមន៍ព្រៃឈើដោយមានការចូលរួមនេះ នឹងរួមចំណែកដល់រដ្ឋបាលព្រៃឈើក្នុងការតាមដាន និងវាយតម្លៃសហគមន៍ព្រៃឈើ ដែលបានចែងក្នុងជំហានចុងក្រោយនៃគោលការណ៍ណែនាំការបង្កើតសហគមន៍ព្រៃឈើ។
ឆ្លងតាមការធ្វើបទបង្ហាញ និងកិច្ចពិភាក្សារវាងអ្នកចូលរួម សិក្ខាសាលាទទួលបានធាតុចូលបន្ថែម សម្រាប់អភិវឌ្ឈប្រព័ន្ធឲ្យកាន់តែមានភាពងាយស្រួលដល់សហគមន៍ និងឆ្លុះបញ្ចាំងពីតថភាពពិតរបស់សហគមន៍។