RECOFTC Cambodia
Cerita

ព្រៃឈើជាប្រភពអាហារ

15 June 2015
ឆេង ចាន់នី
Notes from the Field
សមាជិកសហគមន៍ចូលរួមដាំដើមឈើ

ការស្វែងរកចំណូលមកផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃដល់គ្រួសារមួយដែលមានសមាជិកចំនួន ៦នាក់   មិនមែនជារឿងងាយស្រួលឡើយ​សម្រាប់អ្នកមីង អ៊ុំ រឿងនិងស្វាមីរបស់គាត់ដែលជាអ្នករ៉ាប់រងទាំងស្រុងលើការ​​​ចំណាយរបស់គ្រួសារទាំងមូល។ អ្នកមីង អ៊ុំ រឿងដែលមានវ័យ ៥៦ឆ្នាំ រស់នៅក្នុងភូមិត្រពាំងរូង ខេត្តកំពង់ធំ ត្រូវក្រោកពីព្រឹកព្រលឹមធ្វើដំណើរទៅក្នុងព្រៃសហគមន៍ដើម្បីដកផ្សិត បេះផ្លែឈើព្រៃ ស្វែងរកឱសថបុរាណ បោចវល្លិ៍ និងបេះបន្លែព្រៃដើម្បីផ្គត់ផ្គង់អាហារប្រចាំថ្ងៃ និងមួយចំណែកទៀតយកទៅលក់ដើម្បីជាចំណូលបន្ថែមទៀត បន្ទាប់ការធ្វើ ស្រែចំការរបស់គាត់។
ថ្ងៃមួយនៅតាមផ្លូវ ត្រឡប់មកពីបេះផ្លែឈើក្នុងព្រៃវិញ អ្នកមីង អ៊ុំ រឿងបានជួបជាមួយលោក នី នីម ប្រធានគណកម្មាធិការសហគមន៍​ព្រៃឈើត្រពាំងរូង ដែលពេលនោះលោក នី នីម បានឆ្លៀតសាកសួរអំពី​​​​​​​ស្ថានភាពទូទៅរបស់ព្រៃឈើក្នុងសហគមន៍ត្រពាំងរូង។ 
មីង អ៊ុំ រឿងបានឆ្លើយតបទៅនឹងសំណួររបស់លោក នី នីមថា៖  “ថ្ងៃនេះ ខ្ញុំបេះផ្លែឈើបានក្រាស់ក្រែលដែរ”។ ហើយគាត់បានបន្ត​ទៀត​ថា៖ ”ក្នុងថ្ងៃធម្មតាខ្ញុំបេះផ្លែឈើព្រៃយកទៅលក់បានប្រហែល ២០.០០០ រៀលក្នុងមួយថ្ងៃហើយមានថ្ងៃខ្លះ ខ្ញុំបេះបានច្រើនជាងនេះពីរដង។ លុយដែលបានមកពីការលក់ផ្លៃឈើនេះអាចយកទៅផ្គត់ផ្គង់ការសិក្សារបស់កូនស្រីខ្ញុំបានមួយចំណែក”។ និយាយចប់អ្នកមីង អ៊ុំ  រឿង ក៏ប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ផ្សារនៅក្បែរភូមិដើម្បីលក់ផ្លែឈើដែលគាត់បេះបាន។
លោក នី នីម សប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលសហគមន៍ព្រៃឈើផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងមូលដ្ឋានរបស់គាត់ ជាពិសេសជាប្រភពផ្តល់អាហារសម្រាប់ផ្គត់ផ្គងជីវភាពប្រចាំថ្ងៃ    និងថែមទាំងជា​ប្រភពផ្តល់ប្រាក់ចំណូលបន្ថែមទៀតផងដែរក្រៅពីការងារស្រែចំការ។ ប្រជាជនក្នុងមូលដ្ឋានអាចចូលក្នុងព្រៃសហគមន៍គ្រប់ពេលវេលាដើម្បី​ស្វែងរកផ្លែឈើ និង បន្លែព្រៃផ្សេងៗដោយមិនបាច់បង់ប្រាក់ ដែលនេះលោក​​​ បាន​ប្រដូចសហគមន៍ព្រៃឈើរបស់គាត់ថាជាទីផ្សារមួយដែលប្រជាជនអាចរកអាហារបានដោយមិនចំបាច់ចំណាយប្រាក់ទិញ។ ក្រៅពីក្រុមគ្រួសារ​រប​ស់ មីង រឿង  ក៏មានគ្រួសារដ៏ទៃទៀតក្នុងភូមិរបស់គាត់ពឹងអាស្រ័យលើ​ព្រៃឈើ​នេះដែរក្នុងការស្វែងរកអាហារប្រចាំថ្ងៃ។
លោកបានរំលឹកឡើងពីអតីតកាលថា មុនការបង្កើនសហគមន៍ ព្រៃឈើ ព្រៃឈើក្នុងតំបន់នេះទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំងពីសំណាក់ការកាប់បំផ្លាញខុសច្បាប់ និងការទន្រ្ទានយកដីពីសំណាក់អ្នកមានអំណាច និងក្រុមហ៊ុនឯកជន។ កត្តាទាំងនេះហើយ ដែលនាំទៅរកការបង្កើតសហគមន៍ព្រៃឈើក្នុងឆ្នាំ ១៩៩៩ ក្នុងគោលបំណងដើម្បីការពារព្រៃឈើដែលនៅសល់ និងដាំដុះដើមឈើបន្ថែមឡើងវិញ។  សហគមន៍នេះបានទទួលកិច្ចព្រមព្រៀងនៅក្នុងឆ្នាំ ២០០៩ ដែលផ្តល់សិទ្ធដល់ សហគមន៍កាន់កាប់ និងគ្រប់គ្រងស្របច្បាប់ទៅលើព្រៃឈើក្នុងរយះពេល ១៥ឆ្នាំ។

ក្នុងឆ្នាំ ២០១២ សហគមន៍ព្រៃឈើត្រពាំងរូងបានបង្កើតប្រវត្តិសាស្រ្តរបស់ខ្លួន ដោយរដ្ឋបាលព្រៃឈើបានអនុម័តទទួលស្គាល់ជាផ្លូវការនូវផែនការគ្រប់គ្រងរបស់ខ្លួន  ដែលនេះជាការអនុម័តដំបូងគេបង្អស់ក្នុង ប្រទេសកម្ពុជា។  សហគមន៍ព្រៃឈើត្រពាំងរូង  គ្របដណ្តប់លើផ្ទៃដីព្រៃ ចំនួន ៩៧៨ហិកតា ដែលរួមមានភូមិចំនួន ៣ជាចំណុះ និងមាន ៥០២ គ្រួសារ។ ផែនការគ្រប់គ្រងមានបញ្ជាក់យ៉ាងច្បាស់លាស់ពីសកម្មភាពនា​នា​ដែលរួមចំណែកដល់ការអភិរក្ស និងការគ្រប់គ្រងព្រៃឈើប្រកបដោយ និរន្តរភាព។
ក្នុងឆ្នាំទីមួយ នៃផែនការគ្រប់គ្រងបានរួមបញ្ចូលនូវសកម្មភាពជាច្រើនដោយរួមមានទាំងការល្បាតព្រៃ ការសង់ផ្លូវភ្លើង​  ការដាក់ផ្លាក​សញ្ញា ការកំណត់ព្រំនៃតំបន់ដែលត្រូវដាំឈើស្តារព្រៃឡើងវិញ និង​សកម្មភាព ផ្សេងៗទៀត ហើយដែលសកម្មភាពទាំងនេះសម្រេចបានទាំងស្រុង​​​ ។ សហគមន៍ដ៏បានដាំដើមឈើ និងឬស្សីលើផ្ទៃដីចំនួន ៧ហិកតា ក្នុងតំបន់ព្រៃរេចរឹលផងដែរ។ ផែនការនេះជាយុទ្ធសាស្រ្តរយៈពេលវែងដែលផ្តល់ផលប្រយោជន៍ព្រៃឈើក្នុងរយៈពេលវែង ធានាដល់ការអភិរក្ស និងការស្តារព្រៃឡើងវិញនៅពេលអនាគត។
ព្រៃឈើបានលូតលាស់ល្អជាបណ្តើរៗឡើងវិញ ហើយដីណាដែលនៅទំនេរត្រូវបានដំាដើមឈើឡើងវិញ។ សហគមន៍បានទទួល​ស្គាល់ ថា នៅពេលព្រៃឈើត្រូវគ្រប់គ្រងបានល្អ វាបានផ្តល់ផលប្រយោជន៍ជា ច្រើនដល់សហគមន៍ ដែលនេះបានចូលរួមចំណែដល់ការកាត់បន្ថយភាពក្រីក្ររបស់មូលដ្ឋាន។
អ្នកមីង អ៊ុំ រឿងបានមានប្រសាសន៍ថា ៖  “ខ្ញុំមិនចេះអក្សរទេប៉ុន្តែខ្ញុំដឹងថាព្រៃឈើមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទ្រទ្រង់ជីវភាព រស់នៅរបស់ខ្ញុំ ព្រមទាំងប្រជាជននៅក្នុងសហគមន៍នេះ”។​

ព័ត៌មានបន្ថែម
គម្រោងគ្រប់គ្រងព្រៃឈើដោយនិរន្ដភាព និងការលើកកំពស់របរចិញ្ចឹមជីវិតនៅជនបទ តាមរយៈសហគមន៍ព្រៃឈើ និងគំនិតផ្ដួចផ្ដើមអំពីការកាត់បន្ថយការបញ្ចេញឧស្ម័នដែលបណ្ដាលមកពីការបាត់បង់   និងការរេចរឹលព្រៃឈើនៅកម្ពុជាដែលគាំទ្រដោយសហភាពអឺរ៉ុបមានគោលបំណងដើម្បី អភិវឌ្ឍន៍សហគមន៍ព្រៃឈើ ដែលមានការទទួលស្គាល់តាមផ្លូវច្បាប់ដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យសហគមន៍អាចថែរក្សាព្រៃឈើដោយនិរន្ដភាព និងពង្រឹងជីវភាពសមាជិកសហគមន៍តាមរយៈផលប្រយោជន៍ដែលកើតចេញពីការធ្វើពាណិជ្ជកម្ម ស្របច្បាប់នូវផលិតផលព្រៃឈើដែលបានពីការគ្រប់គ្រង ព្រៃឈើដោយនិរន្ដភាព និងធានាបាននូវការរក្សាសេវាកម្មបរិស្ថានដែលបានពីព្រៃឈើ។ គម្រោងនេះគ្រប់ដណ្តប់លើភូមិចំនួន ៣២៤ ក្នុង៩ខេត្ត។ មកដល់ ពេលនេះគម្រោង​បានផ្តល់ផលដល់ប្រជាជនចំនួន ២៥២.០០០នាក់។​
ខេត្តកំពង់ធំមានសហគមន៍ព្រៃឈើចំនួន ៨២ ដែលក្នុងនោះសហគមន៍ចំនួន ៦៤  បានទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងបានទទួលកិច្ចព្រមព្រៀងរួចរាល់។
ការរៀបចំផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ គឺជាជំហានបន្ទាប់ក្រោយពីសហគមន៍បានទទួលកិច្ចព្រមព្រៀង។ ផែនការគ្រប់គ្រងសហគមន៍ព្រៃឈើដែលមានប្រសិទ្ធភាព ត្រូវរៀបចំឡើងតាមវិធីសាស្រ្តដោយមានការចូលរួម ហើយរួមបញ្ចូលការងារបច្ចេកទេស  និងការងារគ្រប់គ្រងដោយឲ្យ​សហគមន៍អាចគ្រប់គ្រងសហគមន៍ព្រៃឈើរបស់ពួកគេប្រកបដោយនិរន្តរភាព ដែលគាំទ្រដល់ការលើកកម្ពស់របរចិញ្ចឹមជីវិត។ ផែនការនេះ​រួមានផងដែរ​នូវការងារសម្របសម្រួល និងផែនការសកម្មភាពរួមមានការល្បាតព្រៃជាដើម៕