RECOFTC Cambodia
Cerita

សហគមន៍​ព្រៃឈើ​ចងក្រង​គ្នា​ជា​បណ្តាញ​ថ្នាក់​ឃុំ​ដើម្បី​ការពារ​ព្រៃឈើ

25 April 2016
ឆេង ចាន់នី
Notes from the Field
បណ្តាញសហគមន៍ព្រៃឈើជួបប្រជុំគ្នា

សហគមន៍ព្រៃឈើចំនួន ១៦ នៅក្នុងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពិធិ៍សាត់ បានរួមគ្នាបង្កើតជាបណ្តាញសហគមន៍ព្រៃឈើឃុំ​នៅឆ្នាំ ២០១២ ដើម្បីទប់ស្តាត់នូវរាល់បទល្មើសនានាដូចជា ការកាប់ឈើខុសច្បាប់ និងការរុគរានដីព្រៃ និង បង្កើនភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង រវាងសហគមន៍ព្រៃឈើ ជាមួយនឹងអ្នកពាក់ព័ន្ធសំខាន់ៗ សំដៅ​រួម​គ្នាដោះស្រាយបញ្ហា និងអភិវឌ្ឍសហគមន៍ព្រៃឈើ។
លោក ជ័យ ប៊ុនញឿន ប្រធានសហគមន៍ព្រៃឈើបឹងឈូក  ត្រូវបានជ្រើសរើសជាប្រធានបណ្តាញសហគមន៍ព្រៃឈើអន្លង់វិល​នៅឆ្នាំ ២០១៤ តាមរយៈការបោះឆ្នោតរបស់សមាជិក។ លោកបានលើកឡើងថាក្រោយពីត្រូវបានជ្រើសរើសជាប្រធានបណ្តាញរួមមក លោកមានការមមាញឹកច្រើនក្នុងការគាំទ្រសហគមន៍ព្រៃឈើដែលជាសមាជិកដូចជាការរៀបចំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយព័ត៌មានដល់សហគមន៍ និងប្រមូលព័ត៌មានពីសហគមន៍ ការចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាឃុំ យល់ដឹងពីនិតិវិធីធ្វើផែនការ និងការស្នើសុំទុនវិនិយោគឃុំដើម្បី​អភិវឌ្ឍសហគមន៍​ ការទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ និងដៃគូរផ្ដល់ជំនួយដើម្បីស្វែងរកថវិកាគាំទ្រសកម្មភាព​បណ្ដាញ និងការចូលរួមសម្របសម្រួលដោះស្រាយទំនាស់ និងបទល្មើសក្នុងសហគមន៍ជាដើម។

ក្នុងកំឡុងពេល ៨ ខែចុងក្រោយក្នុងឆ្នាំ ២០១៥ បណ្តាញសហគមន៍ព្រៃឈើអន្លង់វិល បានសម្របសម្រួលក្នុងការដោះស្រាយបទលើ្មសចំនួន ៧ ករណីរួមមាន ការកាប់ឈើខុសច្បាប់ក្នុងសហគមន៍មួយករណី និង​ការទន្រ្ទានយកដីសហគមន៍ចំនួន​ ៦ករណី។ រាល់ការដោះស្រាយទំនាស់តែងតែមានការចូលរួមពីភាគីពាក់ព័ន្ធដូចជា ជនល្មើស បណ្តាញ សហគមន៍សាម៉ី អាជ្ញាធរដែនដី និង រដ្ឋបាលព្រៃឈើមូលដ្ឋាន។ បណ្តាញនេះក៏បានជួយសមាជិករបស់ខ្លួនក្នុងការគ្រប់គ្រង និងរៀបចំរបាយការណ៍បទលើ្មសផ្ញើទៅកាន់រដ្ឋបាលព្រៃឈើផងដែរ។

លោក ប៊ុនធឿន ដឹកនាំការប្រជុំបណ្តាញសហគមន៍ព្រៃឈើ
លោក ប៊ុនធឿន ដឹកនាំការប្រជុំបណ្តាញសហគមន៍ព្រៃឈើ

លោក ប៊ុនញឿន បានលើកឡើងថា៖  “ការរួបរួមគ្នានាំឲ្យពួកយើងមានសម្លេងរឹងមាំ។ សម្លេងរួមគ្នារបស់ពួកយើងធ្វើឲ្យការងាររបស់យើងកាន់តែមានប្រសិទ្ធភាពនៅក្នុងការទប់ស្កាត់សកម្មភាពបទលើ្មសព្រៃឈើខុសច្បាប់ និងស្វែងរកការគាំទ្រពីភាគីពាក់ព័ន្ធនានាផងដែរ”។ 
លើសពីនេះទៀត ក្រោមការសម្របសម្រួលរបស់លោកប៊ុនញឿន

បណ្តាញបានជួយដល់សហគមន៍ដែលជាសមាជិកក្នុងការរៀបចំផែនការសកម្មភាពល្បាត សម្របសម្រួលករណីទំនាស់ ព្រមទាំងការចងក្រងឯកសារ របាយការណ៍នានា។​ សហគមន៍នីមួយៗដែលជាសមាជិកទទួលបានផលប្រយោជន៍មួយចំនួនពីបណ្តាញរួមមាន ការចែករំលែកព័ត៌មាន ការចូលរួមកិច្ចប្រជុំ និងកិច្ចពិភាក្សាផេ្សងៗ ដែលជម្រុញឲ្យសហគមន៍អាចបង្កើនសមត្ថភាពគ្រប់គ្រងព្រៃសហគមន៍ និងទប់ស្កាត់បទល្មើសផ្សេងៗ។

បណ្តាញនេះក៍បង្កើតឲ្យមានទំនាក់ទំនងទៅវិញទៅមករវាងសហគមមួយទៅសហគមន៍មួយទៀតដែលជាសមាជិក និងជម្រុញឲ្យការផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មានអភិវឌ្ឍសហគមន៍ផ្សេងៗ​​ ព្រមទាំងបង្កើនទំនាក់ទំនង និងបង្កលក្ខណៈងាយស្រួលរវាងសហគមន៍ព្រៃឈើ អាជ្ញាធរ​មូលដ្ឋាន រដ្ឋបាលព្រៃឈើ អង្គការដៃគូ និងអ្នក​ពាក់ព័ន្ធ​នានា។​
លោក​ ព្រីង ទូចស៊ុនលី ប្រធានឃុំអន្លង់វិល បានមានប្រសាសន៍ថា៖ “បណ្តាញតែងតែរាយការណ៍ជូនឃុំ នូវរាល់ករណីមិនប្រក្រតីនានាដែលកើតមាននៅក្នុងសហគមន៍។ ក្រោយពីទទួលបានរបាយការណ៍បទល្មើស ឃុំបានសហការជាមួយសហគមន៍ និងមន្រ្តីរដ្ឋបាលព្រៃឈើដើម្បីដោះស្រាយបញ្ហាដែលកើតមាន។ ឃុំសហការណ៍ការងារយ៉ាងជិតស្និទ្ធជាមួយសហគមន៍ព្រៃឈើក្នុងឃុំទាំងអស់តាមរយៈបណ្តាញ”។
យោងតាមទិន្នន័យរបស់រដ្ឋបាលព្រៃឈើ ចេញផ្សាយនៅឆ្នាំ ២០១៥​ ខេត្តពោធិ៍សាត់មានសហគមន៍ព្រៃឈើសរុបចំនួន ៧៦ កន្លែងដែលគ្របដណ្តប់លើផ្ទៃដីព្រៃសរុប ១០.១២៤ ហិតា ដែលមានគ្រួសារចំនួន ១០.២២៩ ជាសមាជិក និងអាស្រ័យលើព្រៃសហគមន៍សម្រាប់ផល និង អនុផលផ្សេងៗបន្ថែមទៅលើរបរធ្វើស្រែចំការ។