RECOFTC Cambodia
Cerita

សហគ្រាស​តាម​​សហគមន៍​៖ ទាញ​​ប្រយោជន៍​​ពី​​ព្រៃឈើ ដើម្បី​ការពារ​ព្រៃឈើ​

30 August 2018
Thmey Thmey
សហគ្រាស​តាម​​សហគមន៍​​ព្រៃឈើ គឺ​ជា​​ប្រភព​​មុខរបរ និង​​ចំណូល​មាន​និរន្តរ៍ភាព​របស់​ប្រជាជន​ដែល​រស់​នៅតាម​តំបន់​ព្រៃរបស់​កម្ពុជា​។ ក្រៅពី​ចំណូល វា​ក៏​ជា​ផ្នែក​មួយ​សំខាន់​នៃ​ការអភិរក្ស​ព្រៃឈើ​យូរអង្វែង​ផងដែរ​។ ចំណែក​ស្ត្រី​មាន​តួនាទី​សំខាន់​ដែរ​ក្នុង​សហគ្រាស​តាម​សហគមន៍​នេះ ប៉ុន្តែ​ការចូលរួម​មិនទាន់​ទូលំទូលាយ​នៅឡើយ​នាពេល​កន្លងមក​។ បញ្ហា​ប្រឈម​មួយចំនួន​បាន​បង្ក​ឧបសគ្គ​សម្រាប់​ស្ត្រី​ក្នុងការ​កិច្ចការ​នេះ​។
Talk of the Forest

ព្រៃឈើ គឺជា​កន្លែង​អាស្រ័យ​ផល​របស់​ប្រជាជន​ដែល​រស់នៅក្នុង​សហគមន៍​ព្រៃឈើ​របស់​កម្ពុជា​។ ការ​បោច​វ​ល្លិ៍ កាប់​ឬ​ស្សី និង​ការ​បេះ​ឃ្មុំ គឺជា​មុខរបរ​ពេញនិយម​។ ប្រជាជន​នៅតាម​សហគមន៍​ខ្លះ​បានរួម​គ្នា​ជា​ក្រុម​តូចៗ​បង្កើតជា​សហគ្រាស​ដើម្បី​ទាញយក​ប្រយោជន៍​ពី​ព្រៃឈើ​នៅក្បែរ​ភូមិឋាន​របស់​ពួកគេ​។ ការ​ចងក្រង​ជា​សហគ្រាស​នេះ មិន​ត្រឹមតែ​ផ្ដល់​ចំណូល​ដល់​ប្រជាជន​ឡើយ តែ​ក៏​ជួយ​ការពារ​ព្រៃឈើ​ជា​ប្រភព​នៃ​ការងារ​ផង​។​

ជាទូទៅ មនុស្ស​នឹងធ្វើ​សកម្មភាព​អ្វី ជាមួយនឹង​ក្ដី​សង្ឃឹមថា នឹង​ទទួលបាន​ប្រយោជន៍​មកវិញ​។ វា​ជា​រឿង​ដូចគ្នា​ដែរ​សម្រាប់​ការងារ​អភិរក្ស​ព្រៃឈើ​ដែរ គឺ​ប្រជាជន​ដែល​រស់​នៅតាម​សហគមន៍​ព្រៃឈើ នឹង​ជួយ​ការពារ​សម្បត្តិ​ធម្មជាតិ​នេះ បើ​ពួកគេ​អាច​ទាញយក​ប្រយោជន៍​ពី​វា​បាន​។ ព្រៃឈើ​តាម​ដែល​សហគមន៍​តាំងនៅ​នោះ គឺជា​ប្រភព​ចំណូល​របស់​ពួកគេ និង​ជាការ​លើកទឹកចិត្ត​ឲ្យ​ពួកគេ​ចូលរួម​សកម្មភាព​អភិរក្ស​ផង​។  

​សហគ្រាស​តាម​សហគមន៍​៖ ទាញ​ប្រយោជន៍​ពី​ព្រៃឈើ ដើម្បី​ការពារ​ព្រៃឈើ​វិញ​

សហគ្រាស​ក្នុង​សហគមន៍​ព្រៃឈើ មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ក្នុងការ​អភិរក្ស​ព្រៃឈើ​។ រដ្ឋាភិបាល​កម្ពុ​ជាមាន​នយោបាយ​លើកទឹកចិត្ត​ប្រជាជន​មិន​ថា​ប្រុស​ឬ​ស្រី​រស់នៅក្នុង និង​នៅក្បែរ​តំបន់​ព្រៃ ចូលរួម​ប្រើប្រាស់ ថែរក្សា​ព្រៃឈើ​តាមរយៈ​ការបង្កើត​សហគមន៍​ព្រៃឈើ​។ លោក ឡុង រត្ត​នៈ​កុមារ អនុប្រធាននាយកដ្ឋាន​ព្រៃឈើ និង​នេសាទ​នៃ​រដ្ឋបាល​ព្រៃឈើ និយាយថា សហគមន៍​ព្រៃឈើ មិន​ត្រឹម​គ្រប់គ្រង​ថែរក្សា​ព្រៃឈើ​តាម​លក្ខណៈ​ប្រពៃណី​ឡើយ តែ​ក៏​អាចដកហូត​ធនធាន​ទៅ​លក់​ទីផ្សារ​ដែរ​។​

លោក ឡុង រត្តនៈកុមារ អនុប្រធាននាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើនៃរដ្ឋបាលព្រៃឈើ

ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក កុមារ លើកឡើងថា ប្រជាជន​រស់នៅ​សហគមន៍​អាចបង្កើត​សហគ្រាស​ខ្នាតតូច មធ្យម ឬ​អាជីវកម្ម​ព្រៃឈើ​ដើម្បី​ទាញយក​ប្រយោជន៍​ព្រៃឈើ​នោះ​។ ប៉ុន្តែ​លោក​ក៏​បញ្ជាក់ដែរថា ក្នុងចំណោម​សហគមន៍​៦១០ ទូទាំងប្រទេស មិនទាន់មាន​អាជីវកម្ម​ធំ​ដូចជា​ឈើ​ហ៊ុ​ប​នៅឡើយ តែមាន​ការប្រមូល​ត្រឹម​អនុផល​ព្រៃឈើ​ដូចជា​ជ័រទឹក ឬ​ទឹកឃ្មុំ​ប៉ុណ្ណោះ​។ សម្រាប់​លោក កុមារ ការដកហូត​ប្រយោជន៍​នេះ ក៏​ជួយ​ដល់​ការការពារ​ព្រៃឈើ​វិញ​ដែរ​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​លើក​ឧទាហរណ៍​ពី​ការបង្កើត​ក្រុម​សន្សំ​ប្រា​ក់នៅ​សហគមន៍​ព្រៃ​ក្បាល​បី​ក្នុង​ខេត្តកំពង់ធំ​។ បើតាម​មន្ត្រី​រូបនេះ ប្រជាជន​ក្នុង​សហគមន៍​ព្រៃ​ក្បាល​បី​បាន​ចងក្រង​ជា​ក្រុម​ឥណទាន​សន្សំ​ប្រាក់​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សហគមន៍​ផ្ទាល់​។ ថវិកា​សឹង​៥០​ភាគរយ​រួមចំណែក​ក្នុងការ​ការពារ​ព្រៃឈើ​។ ប្រាក់​មួយចំនួន​ក្លាយជា​កម្ចី​របស់​ប្រជាជន​ដើម្បី​ប្រមូល​ផល​ព្រៃឈើ ហើយ​ប្រជាជន​ក៏​បង់ប្រាក់​ខ្លះទៅ​សហគមន៍​ដើម្បី​ការពារ​ព្រៃឈើ​ដែល​ពួកគេ​អាស្រ័យ​ផល​វិញ​។​

លោកស្រី លី សុគន្ធា ប្រធានកម្មវិធីដៃគូសម្រាប់ព្រៃឈើ និងនេសាទរបស់អង្គការ WWF-Cambodia

ដូច​លោក កុមារ ដែរ លោកស្រី លី សុគន្ធា មន្ត្រី​នៃ​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​នៅ​កម្ពុជា​អះអាងថា ឥណទាន​ព្រៃឈើ​ក្នុង​សហគមន៍​បានផ្ដល់​ប្រាក់កម្ចី​ឲ្យ​ប្រជាជន​ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត ឯ​ការប្រាក់​ដែល​បាន​ពី​ការផ្ដល់​កម្ចី​នេះ ត្រូវបាន​គណៈកម្មការ​សហគមន៍​រំលែក​មួយចំណែក​ទៅ​ជួយ​កិច្ចការ​ក្នុង​សហគមន៍​ដូចជា​ចុះ​ល្បាត​ព្រៃឈើ​ដែល​សមាជិក​ធ្វើការ​ដោយ​ស្ម័គ្រ​ចិន​។​

​ជុំវិញ​សហគ្រាស​ក្នុង​សហគមន៍​ព្រៃឈើ​នេះដែរ លោក ជូ ផានិត សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​និយាយថា សហគ្រាស​ក្នុង​សហគមន៍​ដែលមាន​ស្ត្រី​ចូលរួម​នោះ ពិតជា​សំខាន់​សម្រាប់​ព្រៃឈើ​។ លោក​ពន្យល់ថា សហគ្រាស​បែបនេះ ជាប់ទាក់ទង​នឹង​អាជីវកម្ម​ធនធាន​អនុផល​ព្រៃឈើ​ដោយ​និរន្តរភាព និង​ជា​សហគ្រាស​សង្គម ព្រោះ​វា​បានផ្ដល់​ប្រយោជន៍​ដល់​សហគមន៍​ជាច្រើន​យ៉ាង​។​

លោក ជូ ផានិត សាស្រ្ចាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ដោយ​សំដៅ​ដល់​សហគ្រាស​តាម​សហគមន៍​នានា អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​បរិស្ថាន​រូបនេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា បើ​ប្រជាជន​អាច​រកលុយ​បាន​ពី​ព្រៃឈើ ពួកគេ​នឹងមាន​គំនិត​ចង់​ការពារ​ព្រៃឈើ ប៉ុន្តែ​បើ​មិនអាច​ទទួលបាន​ប្រយោជន៍​អ្វី​ទេនោះ គំនិត​ចុងក្រោយ គឺ​ពួកគេ​នឹង​ងាក​ទៅ​កាប់​ព្រៃឈើ​មិន​ខាន​។ សម្រាប់​សាស្ត្រាចារ្យ​រូបនេះ បើ​ចង់​ការពារ​ព្រៃឈើ ត្រូវ​ចិញ្ចឹម​ប្រជាជន​ឲ្យ​រស់នៅ​ស្រួល​តាមរយៈ​ព្រៃឈើ នោះ​ពួកគេ​នឹង​ការពារ​ព្រៃឈើ​ឯកឯង​។ 

​យ៉ាងណាមិញ លោក ផានិត បានលើកឡើង​ពី​បញ្ហា​ប្រឈម​សម្រាប់​សហគ្រាស​តូច​នៅតាម​សហគមន៍​ទាំងនេះ ជាពិសេស​បច្ចេកទេស និង​ទីផ្សារ​តែម្ដង​។ លោក​សង្កត់ធ្ងន់ថា ប្រជាជន​សហគមន៍​អាច​ទាញយក​អនុផល​ព្រៃឈើ​ជា​ច្រើ​មុខ​ដូចជា​ឃ្មុំ ឬុ​ស្សី ផ្លែឈើព្រៃ ស្លឹក​ព្រេច​ដែល​អាចដកហូត​ប្រយោជន៍​បាន​ដោយ​យូរ​ផង ប៉ុន្តែ​ដោយសារ​នៅ​ឆ្ងាយ​ពី​ទីផ្សារ​ផង គួបផ្សំ​ស្ថានភាព​ផ្លូវ​ខ្លះ​មិនល្អ​ផង ធ្វើ​ឲ្យ​ពួកគេ​ពិបាក​លក់​ផលិតផល​ទាំងនោះ​។​

 

តួនាទី​ស្ត្រី​ក្នុង​ការពារ​ព្រៃឈើ​

​ស្ត្រី​ដែលជា​កម្លាំង​សំខាន់​មួយ​ក្នុង​សហគមន៍ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សហគ្រាស​តូចៗ​នានា​របស់​សហគមន៍​ពួកគេ និង​ការអភិរក្ស​ព្រៃឈើ​ផង​។ អ្នកស្រី លី សុគន្ធា ប្រធាន​កម្មវិធី​ដៃគូ​សម្រាប់​ព្រៃឈើ និង​នេសាទ នៃ​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​នៅ​កម្ពុជា បញ្ជាក់ថា ស្ត្រី​បានរួម​ចំណែក​ជា​វិជ្ជមាន​ក្នុង​កិច្ចការពារ​ព្រៃឈើ​នេះ ទោះជា​ក្នុងពេល​បច្ចុប្បន្ននេះ ការចូលរួម​របស់​ស្ត្រី​នៅ​មិនទាន់មាន​កម្រិត​ច្រើន​ដូច​បុរស​ក្ដី​។ 

​ស្រដៀង​គ្នា​នេះ លោក ផានិត ក៏​បន្ថែមទៀតថា ការចូលរួម​របស់​ស្ត្រី​ក្នុង​កិច្ចការពារ​ព្រៃឈើ ពិតជា​សំខាន់​។ លោក​មើលឃើញថា ស្ត្រី​មាន​ឥទ្ធិពល​លើ​ស្វាមី ហើយ​ស្ត្រី​គិត​វែងឆ្ងាយ​ជាង​ស្វាមី​ខ្លួន តាមរយៈ​ការគិតគូរ​រយៈពេល​វែង​លើ​ការប្រើប្រាស់​ធនធាន​ព្រៃឈើ គឺ​បើ​ប្រើ​ថ្ងៃនេះ ពួកគេ​បានគិត​ដល់​ថ្ងៃក្រោយ​ថា​មាន​សល់​អ្វី​ទៅហើយ​។ 

​តាមពិតទៅ ក្នុង​ការងារ​អភិរក្ស​ព្រៃឈើ​នេះ ស្ត្រី​បាន​ចូលរួម​ដោយផ្ទាល់ និង​មិនផ្ទាល់​។ ក្នុងការ​ចូលរួម​ដោយផ្ទាល់ ស្ត្រី​បាន​ចូលរួម​ក្នុងការ​ល្បាត​ព្រៃឈើ​ក្នុង​សហគមន៍​ពួកគេ ហើយ​ថែមទាំង​មាន​ប្រសិទ្ធភាព​ផង​។ ត្រង់ចំណុច​នេះ ទាំង​លោក កុមារ ទាំង​អ្នកស្រី សុគន្ធា លើកឡើង​ដូចគ្នា​ថា ពេល​ស្ត្រី​ចូលរួម​ល្បាត បទល្មើស​ហាក់​ថយចុះ ព្រោះ​ម្យ៉ាង​ជនល្មើស​ស្ដាប់​ស្ត្រី​ជាង​បុរស ហើយ​ម្យ៉ាង​ស្ត្រី​មាន​យុទ្ធសាស្ត្រ​និយាយ​ផង​។​

​នៅ​កម្រិត​សហគមន៍ ឬ​ខ្ពស់ជាង​នេះ​វិញ ស្ត្រី​បាន​ចូលរួម​ក្នុងការ​សម្រេចចិត្ត​ច្រើន​ដែរ​តាមរយៈ​ការ​ឈ​ឈរឈ្មោះ​ក្នុង​គណៈកម្មការ​សហគម​ន៍​ដែល​គ្រប់គ្រង​ព្រៃឈើ​។ ដល់​ត្រឹមនេះ លោក រត្ត​នៈ​កុមារ និយាយថា រដ្ឋបាល​ព្រៃឈើ ជំរុញ​ឲ្យ​ស្ត្រី​ចូលរួម​ក្នុងការ​ជ្រើសរើស​គណៈកម្មកា​រ​សហគមន៍ មាន​គោលការណ៍​ស្ត្រី​ម្នាក់​ជា​អនុប្រធាន​តែម្ដង សំដៅ​ធ្វើយ៉ាងណា​លើកទឹកចិត្ត​ឲ្យ​ស្ត្រី​ចូលរួម​ក្នុង​កិច្ចការពារ​ព្រៃឈើ​ឲ្យ​បាន​គ្រប់​កម្រិត​មិនមែន​នៅត្រឹមតែ​ក្នុង​រង្វង់​គ្រួសារ​ឡើយ​។​

​ទន្ទឹមនឹង​គ្នា​នេះ គេ​ក៏​ឃើញ​មាន​បញ្ហា​ប្រឈម​ខ្លះ​សម្រាប់​ស្ត្រី​ដែរ​។ បញ្ហា​ធំជាងគេ គឺ​កាយសម្បទា​របស់​ស្ត្រី​ដែល​ទន់ខ្សោយ មិន​អំណោយផល​ដល់​ការចូលរួម​ដោយផ្ទាល់​ដូច​ជាការ​ល្បាត​ក្នុងព្រៃ​ឡើយ​។ ដោយឡែក ច្បាប់ទម្លាប់ និង​ការយល់ឃើញ​អវិជ្ជមាន​ចំពោះ​ស្ត្រី​នៅក្នុង​សហគមន៍​ក៏​នៅមាន​នៅឡើយ​ដូចជា ស្ត្រី​គួរ​នៅផ្ទះ​ចិញ្ចឹម​គ្រួសារ និង​មិនគួរ​ចូល​ព្រៃ​ដូច​បុរស​នោះទេ​។ ទោះ​មាន​បញ្ហា​ប្រឈម​បែបនេះ លោក កុមារ បាន​លើកសរសើរ​ស្ត្រី​ថា មាន​ឆន្ទៈ​ខ្ពស់ជាង​បុរស​៕

 

This article was originally published by the Thmey Thmey and can be found at https://thmeythmey.com/?page=detail&id=68463