អបអរពិធីចុះអនុស្សារណៈយោគយល់រវាងរដ្ឋបាលព្រៃឈើ និងអង្គការរីខូហ្វ
ភ្នំពេញ, រដ្ឋបាលព្រៃឈើ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩៖ រដ្ឋបាលព្រៃឈើ និងអង្គការរីខូហ្វ បានធ្វើការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ លើកិច្ចសហការដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគមន៍ព្រៃឈើនៅកម្ពុជា។ អនុស្សារណៈនេះ មានសុពលភាពរយៈពេល០៣ឆ្នាំ និងចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងលោកបណ្ឌិត ដេវីដ ហ្គាន នាយកប្រតិបត្តិអង្គការរីខូហ្វ។ អនុស្សារណៈនេះមានគោលបំណង បន្តកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលព្រៃឈើ និងអង្គការរីខូហ្វ ក្នុងការអភិវឌ្ឍសមត្ថភាពរបស់អ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រងសហគមន៍ព្រៃឈើ ការអនុវត្ត និងលើកកម្ពស់គោលនយោបាយសហគមន៍ព្រៃឈើក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ការវិភាគការងារសហគមន៍ព្រៃឈើ បទពិសោធន៍ និងការអនុវត្តល្អៗ និងការបង្ហាញរបកគំហើញទាំងនេះដល់អ្នកពាក់ព័ន្ធនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ព្រមទាំងជម្រុញដល់ការបង្កើតបណ្តាញ និងកិច្ចសហការនៅអាស៊ីលើផ្នែកសហគមន៍ព្រៃឈើ។
ក្នុងរយៈពេល ១២ឆ្នាំនៃកិច្ចសហការគ្នា រីខូហ្វបានរួមចំណែកដល់ការកសាងសមត្ថភាពអ្នកពាក់ព័ន្ធនៅកម្រិតផ្សេងៗ ការគាំទ្រដល់ការបង្កើតសហគមន៍ព្រៃឈើ ការអភិវឌ្ឍ និងការអនុវត្តផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ ការសាកល្បង និងចែករំលែកបទពិសោធន៍ល្អៗពីការអនុវត្តនៅទីវាល ទៅចែករំលែកក្នុងវេទិកានានានៅថ្នាក់តំបន់ និងសម្រាប់ការរៀបចំគោលនយោបាយពាក់ព័ន្ធនឹងការងារសហគមន៍ព្រៃឈើ។
តាមប្រសាសន៍របស់លោកបណ្ឌិត ដេវីដ ហ្គាន នាយកប្រតិបត្តិអង្គការរីខូហ្វ បានអោយដឹងថា “បទពិសោធន៍ដែលពួកយើងទទួលបានពីការអភិវឌ្ឍ និងការអនុវត្តសហគមន៍ព្រៃឈើនៅកម្ពុជា បានរួមចំណែកដល់ការអភិវឌ្ឍវិស័យព្រៃឈើផ្នែកសង្គមនៅតំបន់អាស៊ាន ដោយយើងបានចែករំលែកពីមេរៀនល្អៗនៅក្នុងបណ្តាញ ASEAN Social Forestry and Climate Change (ASFCC)”។
ឯកឧត្តមបណ្ឌិតកែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់អង្គការដៃគូ និងម្ចាស់ជំនួយដែលបានរួមចំណែកដល់ភាពជោគជ័យដែលទទួលបានដូចសព្វថ្ងៃ។ ឯកឧត្តមបណ្ឌិត ក៏បានបន្តទៀតថា ដើម្បីជម្រុញឲ្យសហគមន៍ព្រៃឈើអាចគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព យើងត្រូវគិតពីការលើកកម្ពស់ជីវភាពរបស់សមាជិកសហគមន៍។ ក្នុងនោះរដ្ឋបាលព្រៃឈើបាននឹងកំពុងគិតគូ ដល់ការសម្រួលក្នុងការរៀបរៀងផែនការគ្រប់គ្រង ការពង្រួញគោលការណ៍ណែនាំក្នុងការបង្កើតសហគមន៍ព្រៃឈើ ការបង្កើតវេទិការសហគមន៍ព្រៃឈើថ្នាក់ជាតិ និងការសាកល្បងគម្រូនានាដែលជួយដល់ការលើកកម្ពស់ជីវភាពសហគមន៍។ ដើម្បីសម្រេចឲ្យបាននៅផែនការនេះ ឯកឧត្តមបណ្ឌិត សង្ឃឹមថារីខូហ្វ ក៏ដូចជាអង្គការដៃគូនានា និងម្ចាស់ជំនួយ នឹងបន្តការចូលរួមគាំទ្រក្នុងការងារដែលជាអាទិភាពខាងលើនេះ។