សិក្ខាសាលាបណ្តុះបណ្តាលសម្រាប់ស្រ្តីជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិ
តាមរយៈគម្រោង សម្លេងព្រៃឈើមេគង្គ ដែលទទួលបានជំនួយពីសហភាពអឺរ៉ុប នាថ្ងៃទី ០៥ និង០៦ ខែមីនា ឆ្នាំ ២០២០ ក្រុមស្រ្តីសហគមន៍តំបន់ការពារធម្មជាតិ បានមកជួបប្រជុំជាលើកទី២ បន្ទាប់ពីជួបគ្នាម្តងរួចមកហើយកាលពីខែកញ្ញា ឆ្នាំ២០១៩ ដើម្បីឲ្យពួកគាត់បានចែករំលែកនូវព័ត៌មាន បទពិសោធន៍ និងបញ្ហាដែលកើតមានក្នុងសហគមន៍របស់ខ្លួន ទៅកាន់ស្រ្តីផ្សេងទៀត។ ក្រុមបណ្តាញស្រ្តី បានជួបគ្នា ២ដងហើយ ដោយលើកទី១ ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តកំពង់ធំ ។ ក្នុងនោះរីខូហ្វ ក៏បានសម្របសម្រួលបង្កើតជាក្រុម ក្នុងបណ្តាញសង្គមដើម្បីពួកគាត់ងាយស្រួលក្នុងការទាក់ទងចែករំលែកព័ត៌មានរវាងគ្នានឹងគ្នា ទោះមិនបានមកជួបផ្ទាល់។ តាមរយៈនេះ ក្រុមស្រ្តីបានចែករំលែកនូវសកម្មភាពដែលពួកគាត់បានចូលរួមក្នុងការគ្រប់គ្រងព្រៃឈើ ដោយផ្ញើររូបថត និងព័ត៌មានពីសកម្មភាពនៅក្នុងក្រុមដែលបានបង្កើត។
លោកស្រី ភោគ ហុង គណៈកម្មាការសហគមន៍តំបន់ការពារធម្មជាតិប្រាសាទភ្នំក្រៀល ខេត្តព្រះវិហារ បានមានប្រសាសន៍ថា ខ្ញុំសប្បាយរីករាយណាស់ដែលបានស្គាល់ នឹងឃើញពីសកម្មភាពគ្រប់គ្រងព្រៃរបស់បងប្អូនស្រីៗយើងនៅសហគមន៍ផ្សេងៗទៀត។ តាមរយៈក្រុមក្នុងហ្វេសប៊ុក យើងអាចទាក់ទងគ្នាបានទោះមិនបានជួបគ្នាក៏ដោយ។
លោកស្រីកែវ នី ប្រធានសហគមន៍តំបន់ការពារធម្មជាតិឡៅកា ខេត្តមណ្ឌលគីរី និយាយទាំងរីករាយថា “ខ្ញុំមានកម្លាំងចិត្តចូលរួមបន្តក្នុងការងារសហគមន៍ ព្រោះខ្ញុំឃើញថាស្រ្តីជាច្រើនកំពុងប្រឈមបញ្ហាដូចខ្ញុំដែរ ប៉ុន្តែពួកគេនៅតែជម្នះធ្វើវា” ចំណែកលោកស្រី ផុល សូយ៉ារ៉ា គណៈកម្មាការសហគមន៍តំបន់ការពារធម្មជាតិបឹងយក្សឡោម ខេត្តរតនគីរី មានប្រសាសន៍ថា “ខ្ញុំក៏ចង់ចេះពីរបៀបនៃការសន្សំប្រាក់ឲ្យទទួលបានជោគជ័យដូចសហគមន៍តំបន់ការពារធម្មជាតិនៅខេត្តកោះកុង រួមមានសហគមន៍ពាមក្រសោប សហគមន៍បឹងកាឆាង និងសហគមន៍ជ្រោយស្វាយ” ។
ក្រៅពីការចែករំលែកព័ត៌មានរវាងគ្នា នឹងគ្នា ពួកគាត់នឹងទទួលបានការបង្កើនសមត្ថភាព ក្នុងការចូលរួមគ្រប់គ្រងធនធានក្នុងសហគមន៍ព្រៃឈើដូចជា ការយល់ដឹងពីច្បាប់ លិខិតបទដ្ឋាន និងដំណើរការនៃការគ្រប់គ្រងសហគមន៍ ការបញ្រ្ជាបយេនឌ័រក្នុងការងារគ្រប់គ្រងសហគមន៍ ។ល។
ជាផែនការបន្ត ក្រុមស្រ្តីនឹងចែករំលែកសកម្មភាពលម្អិតរបស់ពួកគាត់រៀងៗខ្លួន ដល់ក្រុមដូចជាការល្បាត ការបង្កើតក្រុមសន្សំ និងគ្រប់គ្រងឲ្យជោគជ័យ កសិកម្មធម្មជាតិសម្រាប់ការផ្គត់ផ្គង់អេកូទេសចរណ៍សហគមន៍ ក្រុមតម្បាញស្រ្តី អេកូទេសចរណ៍ក្រៀល សម្រាប់កិច្ចប្រជុំលើកក្រោយ។
ក្នុងនោះក៏មានបញ្ហាប្រឈមមួយចំនួន ដែលយើងនឹងត្រូវលើកយកមកពិភាក្សារកដំណោះស្រាយជាបន្តបន្ទាប់ ដើម្បីពង្រឹងប្រសិទ្ធិភាពក្រុមស្រ្តីឲ្យកាន់តែប្រសើរ នឹងចែករំលែកសកម្មភាពរបស់ពួកគាត់ទៅកាន់អ្នកពាក់ព័ន្ធឲ្យកាន់តែច្រើនជាងនេះ។
ក្នុងឆ្នាំ២០១៩ សហគមន៍តំបន់ការពារធម្មជាតិ មានចំនួន ១៦៩។ ក្នុងនោះមានតែ ស្រ្តីចំនួន ២នាក់ប៉ុណ្ណោះដែលមានតួនាទីជាប្រធានគណៈកម្មាការសហគមន៍។ ផ្អែកលើយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័ររបស់ក្រសួងបរិស្ថាន ដើម្បីបង្កើនការចូលរួមរបស់ស្រ្តីក្នុងដំណើរការគ្រប់គ្រងសហគមន៍តំបន់ការពារ រីខូហ្វ បានសហការជាមួយក្រសួងបរិស្ថាន ក្នុងការចងក្រងក្រុមស្រ្តីចំនួន២៤នាក់ ពីសហគមន៍តំបន់ការពារធម្មជាតិពី ១៥ ខេត្តក្រុង ក្នុងប្រទេសកម្ពុជា។