ម៉ែន សុគីន គឺជាស្រ្តីកម្រម្នាក់ក្នុងប្រទេសកម្ពុជា មិនមែនដោយសារតែ សុគីន បានដើរល្បាតព្រៃឈើក្នុងភូមិរបស់គាត់ជាមួយនឹងក្រុមបុរសតាំងពីឆ្នាំ ២០០២ មក ហើយក៏មិនមែនដោយសារគាត់ហ៊ានតទល់នឹងអ្នកកាប់ឈើខុសច្បាប់ ដោយការនិយាយស្រទន់នោះទេ។ សុគីនគឺជាស្ត្រីកម្រម្នាក់ ព្រោះគាត់មើលឃើញធនធានជុំវិញខ្លួន និងនៅក្នុងភូមិរបស់គាត់ជាកម្មសិទ្ធិរបស់ស្ត្រីនិងបុរសស្មើគ្នា។
គ្រប់នៅកន្លែងដែលសុគីនរស់នៅ ស្រ្តីមានសិទ្ធិក្នុងការគ្រប់គ្រងសហគមន៍ និងព្រៃឈើសហគមន៍ រួមទាំងអភិរក្សធនធានទាំងនោះ។ ទោះបីជាយ៉ាងណាក៏ដោយ ស្ត្រីមានចំនួនតិចតួចនៅក្នុងស្ថាប័នព្រៃឈើស្របច្បាប់និងអភិបាលកិច្ច។
លោក តុល សុខជា មន្រ្តីអង្គការរីខូហ្វកម្ពុជាលើកឡើងថា“មានតែស្រ្តី២០ ភាគរយប៉ុណ្ណោះនៃ
សមាជិកគណៈកម្មការសហគមន៍ព្រៃឈើ និងថ្នាក់លើនៃរដ្ឋបាលព្រៃឈើ។
សុគីន បច្ចុប្បន្នជាអនុប្រធានសហគមន៍ព្រៃឈើបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ អស់រយៈពេលពីរឆ្នាំ មកនេះ អ្នកស្រីគឺជាផ្នែកមួយនៃការចាប់ផ្តើមដំបូងរបស់រដ្ឋបាលព្រៃឈើកម្ពុជា ដែលរំពឹងថានឹងមានស្ត្រីកាន់តែច្រើនក្នុងតួនាទីជាអ្នកដឹកនាំ។
សុគីន លើកឡើងអំពីយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័ររបស់រដ្ឋបាលព្រៃឈើដែលបានផ្សព្វផ្សារដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២២ ថា "តាមរយៈការគាំទ្រគោលនយោបាយនិងការចែករំលែកចំណេះដឹង ខ្ញុំរំពឹងថានឹងឃើញវត្តមានស្រ្តីច្រើនទ្វេរដងក្នុងសកម្មភាពការងារសហគមន៍ព្រៃឈើ" ។
យុទ្ធសាស្ត្រផ្តល់ទិសដៅដល់ស្ថាប័ន និងអនុញ្ញាតឱ្យស្ត្រីកាន់តែច្រើនចូលរួមក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងព្រៃឈើរបស់ប្រទេស។
តាមរយៈការអនុម័តយុទ្ធសាស្ត្រ រដ្ឋបាលព្រៃឈើក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់សមភាពយេនឌ័រជាមូលដ្ឋានគ្រឹះសម្រាប់គោលនយោបាយ និងកម្មវិធីរបស់ខ្លួន។ យុទ្ធសាស្ត្រនេះត្រូវបានចាត់ទុកថាមានមូលដ្ឋានច្បាស់លាស់ និងប្រាកដនិយម ព្រោះវាជាផលិតផលរយៈពេលពីរឆ្នាំ នៃវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការពិគ្រោះយោបល់ជាច្រើនលើកជាមួយស្ត្រី និងបុរសមកពីសហគមន៍ សង្គមស៊ីវិល និងរដ្ឋាភិបាល។
ផ្នែកមួយដ៏ធំនៃដំណើរការនោះបានពន្យល់ពីមូលហេតុដែលស្ត្រីត្រូវតែចូលរួមនៅក្នុងការធ្វើសេចក្តីសម្រេច ហើយថាតើអំណាចនៅក្នុងស្ថាប័នមានគុណវិបត្តិអ្វីខ្លះដល់ស្រ្តី។ យុទ្ធសាស្រ្តក៏បានផ្តោតលើការរៀបចំយុទ្ធសាស្រ្តដើម្បីសម្រេចបានភាពស្មើរគ្នានៅក្នុងការចូលរួម។ យុទ្ធសាស្រ្តនេះរៀបចំឡើងក្នុងកិច្ចសហការរវាងរដ្ឋបាលព្រៃឈើ ក្រុមការងារយេនឌ័រ និងអង្គការរីខូហ្វ (RECOFTC) ។
អ្នកស្រី វង្ស សុបញ្ញា ជាមន្រ្តីផ្នែកព្រៃឈើតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មានប្រសាសន៍ថា “ប្រសិនបើអ្នករាយសកម្មភាពសម្រាប់ការគ្រប់គ្រងព្រៃឈើ មានសកម្មភាពច្រើនណាស់ដែលស្ត្រីអាចធ្វើបាន”។ បច្ចុប្បន្នលោកស្រីជាអគ្គនាយករងរដ្ឋបាលព្រៃឈើកម្ពុជា និងជាប្រធានក្រុមការងារយេនឌ័រនិងកុមារ។ លោកស្រី សុបញ្ញា មានប្រសាសន៍ថា “ការគ្រប់គ្រងព្រៃឈើមិនមែនគ្រាន់តែជាការការពារ ឬបង្ក្រាបការកាប់ឈើខុសច្បាប់នោះទេ។ «ប៉ុន្តែវារួមបញ្ចូលសកម្មភាពគ្រប់គ្រងផ្សេងទៀត ដូចជាការស្ដារឡើងវិញ និងការប្រមូលផលអនុផលព្រៃឈើប្រកបដោយនិរន្តរភាព»។
នៅឆ្នាំ ២០១៩ សុបញ្ញាបានក្លាយជាអ្នកដឹកនាំយេនឌ័រម្នាក់ក្នុងចំណោម ៣០ នាក់ក្នុងវិស័យព្រៃឈើក្នុងចំណោមប្រទេសចំនួន ០៧ នៅក្នុងគំនិតផ្តួចផ្តើមថ្មីរបស់អង្គការរីខូហ្វ (RECOFTC) ក្រោមគម្រោងការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រ (WAVES) ។ គម្រោងការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រ បានរៀបចំឡើងដើម្បីពង្រឹងទឹកចិត្តរបស់អ្នកដឹកនាំយេនឌ័រតាមរយៈដំណើរហ្វឹកហាត់ និងការណែនាំរយៈពេលបីឆ្នាំ។
សុបញ្ញា បានបង្ហាញទស្សនៈរបស់ខ្លួនលើការបង្កើតយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រសម្រាប់រដ្ឋបាលព្រៃឈើ។ ឥឡូវនេះគាត់ឃើញពន្លឺនៃចុងបញ្ចប់នៃបញ្ហា។ នៅដំណាក់កាលពាក់កណ្តាលនៃការរៀបចំផែនការយុទ្ធសាស្រ្ត គាត់បានប្រាប់រីខូហ្វ (RECOFTC) ថា "ខ្ញុំមានទំនុកចិត្ត និងអាចមើលឃើញផ្លូវកាន់តែច្បាស់ជាមួយនឹងយុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំសម្រាប់ ២០២១-២០២៥ "។
យុទ្ធសាស្ត្រនេះគូសបញ្ជាក់ពីតម្រូវការសម្រាប់រួមបញ្ចូល និងលើកកម្ពស់ស្ត្រីនៅក្នុងគណៈកម្មការសហគមន៍ព្រៃឈើ និងរដ្ឋបាលព្រៃឈើ។ វាក៏ផ្តល់ទិសដៅសម្រាប់ជំនះឧបសគ្គសំខាន់ៗចំនួនពីរចំពោះការរួមបញ្ចូលស្ត្រី៖ គម្លាតយេនឌ័រទាក់ទងលើទំនុកចិត្តយេនឌ័រ និងការសន្មត់របស់បុរស ដែលថាព្រៃឈើគឺជាការងាររបស់បុរសទាំងស្រុង។
ដំណើរការដើម្បីឈានទៅដល់យុទ្ធសាស្ត្រនេះ បានចាប់ផ្តើមដោយការបញ្ចុះបញ្ចូលសមាជិកនៃក្រុមការងារយេនឌ័រនៃរដ្ឋបាលព្រៃឈើថា ការបញ្ជ្រាបយេនឌ័រគឺជាអាទិភាពមួយដ៏សំខាន់ដូចជាការដាំដើមឈើឡើងវិញ និងការកាប់ឈើខុសច្បាប់។ បន្ទាប់មកការបណ្តុះបណ្តាល និងសិក្ខាសាលាបានជួយពង្រឹងការយល់ដឹងរបស់បុគ្គលនីមួយៗនៅក្នុងអង្គភាពគោលនយោបាយរបស់រដ្ឋបាល ដែលភាគច្រើនជាបុរស។ ពួកគេបានយល់ដឹងពីសមភាពយេនឌ័រទាក់ទងទៅនឹងកិច្ចការពារព្រៃឈើដែលជាការងារស្នូលរបស់ពួកគេ និងជួយជំរុញដល់គោលដៅនៃកម្មវិធីរបស់ពួកគេ។
យុទ្ធសាស្ត្រនេះអំពាវនាវឱ្យមានការបណ្តុះបណ្តាលបន្ថែម ដើម្បីពង្រឹងទំនុកចិត្តរបស់ស្ត្រីក្នុងការរួមចំណែកដល់ជម្រើសនៃការគ្រប់គ្រងជាច្រើនដូចជា គម្រោងឥណទានសហគមន៍ព្រៃឈើ ការត្រួតពិនិត្យដោយប្រយោលនៃការកាប់ឈើខុសច្បាប់ និងការបង្កើតគោលនយោបាយ។ វាទាមទារឱ្យមានការពង្រឹងសមត្ថភាពបានកាន់តែទូលំទូលាយសម្រាប់បុគ្គលិករដ្ឋបាលព្រៃឈើ ក្នុងការកសាងជំនាញ ដើម្បីរួមបញ្ចូលយេនឌ័រក្នុងការពង្រីកវិសាលភាព និងការត្រួតពិនិត្យ។ យុទ្ធសាស្រ្តនេះទាមទារឱ្យមានកំណែរទម្រង់លើភាពលំអៀងនៃយេនឌ័រ និងរចនាសម្ព័ន្ធអភិបាលកិច្ច។
សមាជិកសង្គមស៊ីវិលនៅកម្ពុជាក៏មានទំនុកចិត្តផងដែរថា យុទ្ធសាស្ត្រថ្មីនេះនឹងធ្វើឲ្យមានភាពខុស
ប្លែក។ “យុទ្ធសាស្រ្តមានចក្ខុវិស័យ បេសកកម្មនិងគោលបំណងច្បាស់លាស់។ យុទ្ធសាស្រ្តមានរាយសកម្មភាពដើម្បីឆ្លើយតបទៅនឹងគម្លាតយេនឌ័រក្នុងវិស័យព្រៃឈើដើម្បីគិតគូពីការប្រែប្រួលអាកាសធាតុ» លោក សោម សុភ័ក្រ នាយកអង្គការ សកម្មភាពដើម្បីអភិវឌ្ឍន៍
«ដំណើរការដែលយុទ្ធសាស្ត្រត្រូវបានបង្កើតឡើងគឺពិតជាល្អ ព្រោះមានតំណាងស្ត្រីមកពីសហគមន៍ អង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាលដែលមានបទពិសោធន៍ធ្វើការក្នុងវិស័យព្រៃឈើ និងសមភាពយេនឌ័រ»។
យុទ្ធសាស្ត្រនេះត្រូវបានដាក់បញ្ចូលក្នុងសូចនាករត្រួតពិនិត្យរួមរបស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា ដែលធានាបាននូវការជម្រុញអនុវត្ត និងគណនេយ្យភាពកាន់តែប្រសើរ។
សុគីន ក៏មើលឃើញផ្លូវងាយស្រួលសម្រាប់ស្ត្រីផងដែរ។
សុគីនមានប្រសាស័នថា«ខ្ញុំសង្ឃឹមថាយើងនឹងមានមនុស្សច្រើនទៀតគាំទ្រស្ត្រីនិងការបណ្តុះបណ្តាលបន្ថែមទៀតអំពីយេនឌ័រ។ មនុស្សនៅជុំវិញយើង ដូចជាអាជ្ញាធរមូលដ្ឋាន និងបុរសក្នុងគ្រួសារ ត្រូវតែយល់ពីសារៈសំខាន់នៃសមភាពយេនឌ័រ»។
###
គំនិតផ្តួចផ្តើមនៃគម្រោងការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រ WAVES
(២០១៩-២០២២) បានពង្រឹងជំនាញភាពជាអ្នកដឹកនាំ និងគាំទ្រសមត្ថភាពអ្នកដឹកនាំក្នុងការតស៊ូមតិដើម្បីសមភាពយេនឌ័រ។ អង្គការរីខូហ្វ (RECOFTC) បានអនុវត្តគម្រោងការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រ(WAVES)ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត(Sida)។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រ WAVES ។