ទស្សនៈវិស័យ និងបេសសកម្ម
រីខូហ្វ ជឿជាក់ថាទៅអនាគត ប្រជាជន ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនឹងរស់នៅដោយសមតុល្យភាព និងចីរភាពជាមួយនឹងការជួយដល់សុខភាពព្រៃឈើ និងភាពស៊ាំក្នុងតំបន់ទេសភាព
តាំងពីឆ្នាំ១៩៨៧ ទស្សនៈវិស័យនេះបានផ្តល់ជាទិសដៅមួយច្បាស់លាស់ដល់យើងក្នុងការដើរតាម ទោះបីបរិបទនៃពិភពលោកមានការប្រែប្រួល។ មជ្ឈមណ្ឌល មានប្រវត្តិ និងបទពិសោធន៍ជាច្រើនទាក់ទងនឹងសហគមន៍ព្រៃឈើ តាំងពីចុងទសវត្សទី៧០ មានការយល់ឃើញរួមគ្នាថាការគ្រប់គ្រងព្រៃឈើដោយរាជរដ្ឋាភិបាល គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយសារការគ្រប់គ្រងតាមបែបនយោបាយអនានិគមន៍ ដែលផ្តោតតែលើការដកហូតធនធានគឺបានបំផ្លាញធនធានព្រៃឈើយ៉ាងលឿនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាបានធ្វើឲ្យជីវភាពប្រជាជនរាប់លាននាក់ដែលពឹងផ្អែកលើធនធានព្រៃឈើថយចុះផងដែរ។ ការទទួលស្គាល់នេះ គឺជាចំណុចចាប់ផ្តើមដើម្បីឈានទៅដល់ទស្សនៈវិស័យដែលយើងបានកំណត់ទុក។ ខណៈដែលសហគមន៍ព្រៃឈើបានឈានទៅមុខ យើងក៏បានមើលឃើញថាភាពខ្វះខាតនៃចំណេះដឹងបច្ចេកទេស ជំនាញ និងប្រសិទ្ធភាពនៃវិធីសាស្រ្ត បានរារាំងដល់ការសម្រេចចិត្តលើគោលនយោបាយ និងការអនុវត្តសហគមន៍ព្រៃឈើ។
ការយល់ឃើញក្នុងតំបន់នេះហើយ ដែលជាកំណើតនៃមជ្ឈមណ្ឌលសហគមន៍ព្រៃឈើសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (រីខូហ្វ) ដោយមានការគាំទ្រពីអង្គការកសិកម្ម និងអាហារ នៃអង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលស្វីស (តាម រយៈធនាគារអភិវឌ្ឍន៍អាស៊ី) និងសាកលវិទ្យាល័យកាសេតសាត ប្រទេសថៃ។ រីខូហ្វដឹកនាំដោយ លោកបណ្ឌិត ស៊ុមសាក់ ស៊ុកវង្ស នៃសាកលវិទ្យាល័យកាសេតសាត បានដើរតួជាអ្នកផ្តល់សេវាកម្មវគ្គបណ្តុះបណ្តាល និងការស្រាវជ្រាវលើផ្នែកសហគមន៍ព្រៃឈើ ។ ១៣ឆ្នាំក្រោយមក រីខូហ្វបានក្លាយជាអង្គការអន្តរជាតិ និង១០ឆ្នាំក្រោយមករីខូហ្វបានពង្រីកខ្លួនទៅប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា ប្រទេសកម្ពុជា ប្រទេសឥណ្ឌូនេស៊ី ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសនេប៉ាល់ ប្រទេសថៃ និងប្រទេសវៀតណាម។
ក្នុងឆ្នាំ ២០១៨ អង្គការបានប្រើប្រាស់ឈ្មោះថ្មីរបស់ខ្លួនថា មជ្ឈមណ្ឌលមនុស្ស និងព្រៃឈើ (រីខូហ្វ)
ឈ្មោះថ្មីនេះ បានឆ្លុះបញ្ចាំងពីការងារដែលមជ្ឈមណ្ឌលបានធ្វើនាពេលកន្លងមក ក៏ដូចជាផ្សាភ្ជាប់ទៅនឹងបេសសកម្មដែលមជ្ឈមណ្ឌលនឹងបន្តគឺ
បង្កើនសមត្ថភាពប្រជាជនមូលដ្ឋានដើម្បីទទួលបានសិទ្ធកាន់តែប្រសើរ បង្កើនអភិបាលកិច្ច និងសុក្រិតភាពនៃផលប្រយោជន៍ នៅតំបន់ទេសភាពព្រៃឈើដោយចីរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ដើម្បីឈានទៅសម្រេចឲ្យបាននៅបេសសកម្មនេះ មជ្ឈមណ្ឌលនៅតែប្រកាន់យកនូវទស្សនៈដែលយើងទទួលបានតាមរយៈការអនុវត្តការងារក្នុងកំឡុងពេល៣០ឆ្នាំមកនេះ ដែលប្រជាជនមូលដ្ឋានគឺអ្នកគ្រប់គ្រងដ៏ល្អលើព្រៃឈើ និងតំបន់ទេសភាពរបស់ពួកគេ។ ដូចនេះ យើងមានគោលការណ៍ចំនួន ៤ ដែលនឹងប្រើសម្រាប់ចង្អុលបង្ហាញយើង ដើម្បីឈានទៅសម្រេចឲ្យបាននូវទស្សនៈវិស័យ និងបេសសកម្មរបស់អង្គការ។
១.ភាពច្បាស់លាស់ និងរឹងមាំនៃសិទ្ធិ គឺជាកត្តាចាំបាច់
២. ការចូលរួមរវាងគ្នានឹងគ្នារបស់សហគមន៍ វិស័យឯកជន និងរាជរដ្ឋាភិបាលគឺជាការចាំបាច់
៣. អភិបាលកិច្ចល្អ គឺជាភាពរឹងមាំ ដើម្បីការអភិវឌ្ឍន៍ និងការអនុវត្តគោលនយោបាយព្រៃឈើជាតិសម្រាប់សហគមន៍ កម្មវិធី និងក្របខណ្ឌច្បាប់
៤. ភាពស្មើភាពនៃការទទួលបាននូវផលប្រយោជន៍របស់សហគមន៍ គឺចាំបាច់ក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងលើកទឹកចិត្តឲ្យមានការចូលរួមក្នុងការគ្រប់គ្រងព្រៃឈើឲ្យមានចីរភាព និងអភិបាលកិច្ចព្រៃឈើ។