កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើជាតិ
១. សេចក្តីផ្តើម
សហគមន៍ព្រៃឈើនៅកម្ពុជាបានរៀបចំបង្កើតតាំងពីឆ្នាំឆ្នាំ១៩៩៤ តាមរយៈគម្រោងសាកល្បងដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អង្គការដៃគូជាតិអន្តរជាតិ និងមានការចូលរួមពីសហគមន៍មូលដ្ឋានដែលរស់នៅពឹងអាស្រ័យលើធនធានព្រៃឈើ។ សហគមន៍ព្រៃឈើមានសត្តានុពលក្នុងការអភិរក្សធនធានព្រៃឈើធ្វើឲ្យប្រសើរឡើងនូវផលិតភាពរបស់ព្រៃនិងដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ព្រមទាំងរក្សាបាននូវលំនឹងប្រព័ន្ធអេកូឡូស៊ី និងចូលរួមកាត់បន្ថយនូវការប្រែប្រួលអាកាសធាតុ។
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំបង្កើតនូវក្របខណ្ឌគោលនយោបាយ និងច្បាប់សម្រាប់គាំទ្រដល់ការគ្រប់គ្រងនិងអភិវឌ្ឍន៍សហគមន៍ព្រៃឈើ ក្នុងនោះរួមមាន គោលនយោបាយវិស័យព្រៃឈើជាតិឆ្នាំ២០០២ ច្បាប់ស្តីពីព្រៃឈើត្រូវបានរដ្ឋសភាអនុម័តនិងបានប្រកាសឲ្យប្រើតាំងពីឆ្នាំ២០០២ អនុក្រឹត្យស្តីពីការគ្រប់គ្រងសហគមន៍ព្រៃឈើឆ្នាំ២០០៣ និងប្រកាសស្តីពីគោលការណ៍ណែនាំអំពីសហគមន៍ព្រៃឈើឆ្នាំ២០០៦ និងកម្មវិធីព្រៃឈើជាតិអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានៅចុងឆ្នាំ២០១០ ដែលក្នុងនោះកម្មវិធីទី៤គឺជាកម្មវិធីសហគមន៍ព្រៃឈើ។
អនុវត្តតាមគោលនយោបាយនិងលិខិតបទដ្ឋានច្បាប់ ព្រមទាំងមានការចូលរួមគាំទ្រភាគីពាក់ព័ន្ធ គិតត្រឹមខែមករា ឆ្នាំ២០១៨ នៅប្រទេសកម្ពុជាបានបង្កើតសហគមន៍ព្រៃឈើសរុបចំនួន ៦១០កន្លែង គ្របដណ្តប់លើផ្ទៃដីទំហំ ៥០៦ ៣០៣ហិកតា ស្ថិតនៅក្នុង ២១ខេត្ត និងមានការចួលរួមពីប្រជាជននៅមូលដ្ឋានចំនួន ១៥១ ៦២២គ្រួសារ ក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញប្រកាសស្តីពីការបង្កើតនិងការគ្រប់គ្រងតំបន់ព្រៃសហគមន៍សរុបចំនួន ៤៦៧សហគមន៍ គ្របដណ្តប់លើផ្ទៃដីទំហំ ៤១៨ ៧២៧ហិកតា ក្នុងនោះសហគមន៍ព្រៃឈើសរុបចំនួន ៤១៤សហគមន៍ គ្របដណ្តប់លើផ្ទៃដីទំហំ ៣៣៧ ០៨៥ហិកតា បានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍រវាងខណ្ឌរដ្ឋបាលព្រៃឈើសាមី និងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងផែនការគ្រប់គ្រងព្រៃសហគមន៍សរុបចំនួន ៨១សហគមន៍ គ្របដណ្តប់លើផ្ទៃដី ៥៣ ០៩២ហិកតា បានទទួលស្គាល់ដោយខណ្ឌរដ្ឋបាលព្រៃឈើ។
កម្មវិធីព្រៃឈើជាតិឆ្នាំ២០១០មានចំនួន៦កម្មវិធី ហើយកម្មវិធីសហគមន៍ព្រៃឈើគឺជាកម្មវិធីទី៤ដែលបានកំណត់នូវសកម្មភាពចំបងចំនួន៣គឺ ការបង្កើតសហគមន៍ព្រៃឈើ ការពង្រឹងស្ថាប័ន និងការផ្តល់សេវាកម្ម ក្នុងនោះការពង្រឹងគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ជាតិ (គសកស.ជ) គឺជាផែ្នកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលព្រៃឈើនិងអ្នកពាក់ព័ន្ធ។ គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ជាតិបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ដែលជាយន្តការមួយជួយចែករំលែកនូវព័ត៌មាន សម្របសម្រួល និងគាំទ្រដល់ដៃគូអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ព្រមទាំងគាំទ្រល់ការរៀបចំនូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តដើម្បីអភិវឌ្ឍន៍សហគមន៍ព្រៃឈើនៅកម្ពុជាស្វែងឲ្យមានប្រសិទ្ធភាព មិនតែប៉ុណ្ណោះ គសកស.ជ បានសម្របសម្រួលបង្កើតនូវគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្ត (គសកស.ខ) ដើម្បីបង្កើនកិច្ចសហការជាមួយអង្គការជាដៃគូនៅថ្នាក់ក្រោមជាតិ ជាពិសេសផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងអភិបាលកិច្ច ដោះស្រាយនូវបញ្ហាដែលកើតមាននៅក្នុងសហគមន៍ព្រៃឈើ។
២. គោលបំណង
កិច្ចប្រជុំលើកទី៥ របស់ គសកស.ជ មានគោលបំណងដើម្បីរៀបចំនូវផែនការយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍសហគមន៍ព្រៃឈើនៅកម្ពុជា៖
- ពង្រឹងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ
- កំណត់ទិសដៅ និងយុទ្ធសាស្រ្តបន្ត
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅសណ្ឋាគារអង្គរ សៀមរាប នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨
៣.អ្នកចូលរួម
កិច្ចប្រជុំ នឹងមានអ្នកចូលរួមមកពីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ខណ្ឌរដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូរអភិវឌ្ឍន៍ និងបណ្តាញសហគមន៍ព្រៃឈើ សរុបប្រមាណ ៨៥នាក់ រួមមាន ៖
- រដ្ឋបាលព្រៃឈើកណ្តាល ០៥ នាក់
- រដ្ឋបាលព្រៃឈើមូលដ្ឋាន ២០ នាក់
- អាជ្ញាធរស្រុក និងឃុំ ១៥ នាក់
- បណ្តាញសហគមន៍ព្រៃឈើ ១៥ នាក់
- អង្គការដៃគូ ៣០ នាក់