លទ្ធផលនៃការអនុវត្តគម្រោង «គ្រប់គ្រងព្រៃឈើដោយនិរន្ដភាព និងការលើកកំពស់របរចិញ្ចឹមជីវិតនៅជនបទ»សហភាពអឺរ៉ុប
ភ្នំពេញ៖ រីខូហ្វ (RECOFTC) និងអង្គការអុកស្វាមចក្រភពអង់គ្លស (Oxfam GB) បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលនៃការអនុវត្ត “គម្រោងគ្រប់គ្រងព្រៃឈើដោយនិរន្ដភាព និងការលើកកំពស់របរចិញ្ចឹមជីវិតនៅជនបទ តាមរយៈសហគមន៍ព្រៃឈើ និងគំនិតផ្ដួចផ្ដើមអំពីការកាត់បន្ថយការបញ្ចេញឧស្ម័នដែលបណ្ដាលមកពីការបាត់បង់ និងរេចរឹលព្រៃឈើ(REDD)នៅកម្ពុជា” នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៥ នៅសណ្ឋាគារ សាន់វ៉េ ទីក្រុងភ្នំពេញ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធប្រមាណ៨០នាក់ ដែលមកពីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ រដ្ឋបាលព្រៃឈើមូលដ្ឋាន អង្គការដៃគូរអភិវឌ្ឍ អ្នកផ្តល់ជំនួយ និងតំណាងសហគមន៍ព្រៃឈើ។ សិក្ខាសាលានេះធ្វើឡើងដើម្បីចែករំលែកនូវលទ្ធផលសម្រេចបានរបស់គម្រោង បទពិសោធន៍ មេរៀន និងលើកឡើងនូវអនុសាសន៍នានាសម្រាប់បន្តការអភិវឌ្ឍសហគមន៍ព្រៃឈើ។
លោកស្រី ហ្វីអូណា រ៉ាមស៊ី ទីប្រឹក្សា-ប្រធានផ្នែកសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖“សហភាពអឺរ៉ុបជាម្ចាស់ជំនួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលទទួលស្គាល់ថា សហគមន៍ព្រៃឈើគឺជាដំណោះស្រាយដ៏សើរចំពោះឧបសគ្គជាច្រើនដែលសហគមន៍ និងសង្គមកម្ពុជាទាំងមូលកំពុងជួបប្រទះដូចជាអសុវត្ថិភាពសិទ្ធកាន់កាប់ ការប្រែប្រួលអាកាសធាតុ និងការអនុវត្តច្បាប់ដែលនៅទន់ខ្សោយ។ យើងជឿជាក់យ៉ាងមុតមាំទៅលើតួនាទីរបស់ប្រជាជនមូលដ្ឋានក្នុងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព។ យើងរីករាយចំពោះគម្រោងដែលគាំទ្រដោយសហភាពអឺរ៉ុបក្នុងចំនួនទឹកប្រាក់ ១,៦លានអឺរូ បានជួយលើកកម្ពស់របរចិញ្ចឹមជីវិតតាមរយៈការពង្រឹងជំនាញក្នុងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព”។
គម្រោងមានរយៈពេល ៥៧ខែ ដោយបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ៣០ ខែ ធ្នូឆ្នាំ ២០១០ ដល់ខែកញ្ញា ឆ្នាំ២០១៥ ដោយអនុវត្ត ក្នុងខេត្តគោលដៅចំនួន ៩ រួមមានខេត្ត កំពត កែប តាកែវ ពោធិ៍សាត់ កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងរតនគិរី ។ គម្រោងសម្រេចបាននូវលទ្ធផលសំខាន់ៗមានដូចជា៖
តំបន់សក្ដានុពលសហគមន៍ព្រៃឈើចំនួន ៩៩ សហគមន៍ត្រូវបានដាក់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីស្នើសុំការគាំទ្រ ដែលក្នុងនោះមានសហគមន៍ ៥១បានទទួលការយល់ព្រមពីក្រសួង
ចុះកិច្ចព្រមព្រៀងសហគមន៍ព្រៃឈើចំនួន ១៦១ ដែលគ្របដណ្តប់ទៅផ្ទៃដីព្រៃចំនួន ១៣៦.៦៦៦
ហិតតា និងមានសមាជិកសរុបចំនួន ៤២.៥៦៦គ្រួសារ ក្នុង ២៥៣ភូមិ
គាំទ្រការរៀបចំផែនការគ្រប់គ្រងសហគមន៍ព្រៃឈើចំនួន ២០៣ សហគមន៍ ដែលក្នុងនោះមានផែនការចំនួន ១៦បានទទួលការអនុម័តពីរដ្ឋាបាលព្រៃឈើ និងបង្កើតបណ្តាញសហគមន៍ព្រៃឈើនៅក្នុងខេត្តចំនួន ៧។
លោកស្រី ហ៊ូ កល្យាណ អ្នកសម្របសម្រួលកម្មវិធីនៃអង្គការរីខូហ្វ ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ “គម្រោងនេះបានគាំទ្រដល់ការអនុវត្តកម្មវិធីព្រៃឈើជាតិ (២០១០-២០២៩) របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងស្របតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី៧៖ ធានាចីរភាពបរិស្ថាន និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី១៖លុបបំបាត់ភាពក្រីក្រ និងភាពអត់ឃ្លានធ្ងន់ធ្ងរ។ គម្រោងបានរួមចំណែកក្នុងការលើកកម្ពស់ការចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍តាមរយៈការទាញយកផល និងអនុផលព្រៃឈើពីតំបន់ព្រៃសហគមន៍ដើម្បីបំពេញសេចក្តីត្រូវការប្រចាំថ្ងៃ និងការប្រើប្រាស់សេវាកម្មនានាពីព្រៃឈើ ព្រមទាំងរួមចំណែកកាត់បន្ថយការបាត់បង់ និងរេចរឹលព្រៃឈើ តាមរយៈការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងមានប្រសិទ្ធភាព។ ពិសេស គម្រោងនេះគឺជាគម្រោងមួយ ដែលបានរួមចំណែកក្នុងការអនុវត្តនូវដំណើរការនៃការរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍ ដែលបានផ្តល់ឱកាសឲ្យអ្នកអនុវត្តបានរកឃើញនូវកាលានុវត្ថភាពក្នុងការធ្វើអោយប្រសើរឡើងនូវដំណើរការនៃការរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍ដោយបានអនុវត្តជាក់ស្តែង ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោកស្រី ប៉ុក ពូន មន្រ្តីព័ត៌មាននៃប្រតិភូសហគមន៍អឺរ៉ុបប្រចាំប្រទេសកម្ពុជា តាមរយៈទូរស័ព្ទលេខ ៖ 023-216996 អ៊ីម៉ែល៖ pok.poun@eeas.europa.eu ឬ លោក ឆេង ចន្នី មន្រ្តីទំនាក់ទំនងរីខូហ្វ ទូរស័ព្ទលេខ៖ 092 354 670 អ៊ីម៉ែល៖ chheng.channy@recoftc.org
សាវតា
សហគមន៍ព្រៃឈើគឺជាកម្មវិធីចំបងមួយនៃកម្មវិធីព្រៃឈើជាតិសម្រាប់ឆ្នាំ ២០១០ ដល់ ២០២៩ ដែលទទួលបានទទួលនូវការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជាកាលពីខែតុលា ឆ្នាំ២០១០។ កម្មវិធីនេះបានមានចែងយ៉ាងច្បាស់ក្នុងសេចក្តីថែ្លងការណ៍គោលនយោបាយ ច្បាប់ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដូចជា ច្បាប់ព្រៃឈើ ឆ្នាំ២០០២ អនុក្រឹត្យស្តីពីសហគមន៍ព្រៃឈើឆ្នាំ ២០០៣ យុទ្ធសាស្រ្តចតុកោណ ឆ្នាំ២០០៤-២០០៨ និងសេចក្តីប្រកាសគោលការណ៍ណែនាំស្តីពីសហគមន៍ព្រៃឈើឆ្នាំ ២០០៦។
ការបង្កើតសហគមន៍ព្រៃឈើគឺជាយន្តការដ៏មានប្រសិទ្ធភាពមួយដើម្បីចូលរួមចំណែកទប់ស្កាត់ការបាត់បង់ និងរេចរឹលព្រៃឈើ លើកកម្ពស់ការអភិរក្ស និងការស្ដារព្រៃឈើឡើងវិញ ព្រមទាំងពង្រឹងជីវភាពប្រជាជនមូលដ្ឋានតាមរយៈការទាញយកផលប្រយោជន៍ស្របច្បាប់នូវអនុផលព្រៃឈើដែលបានពីការគ្រប់គ្រងប្រកបដោយនិរន្ដរភាព និងធានាបាននូវការរក្សាសេវាកម្មបរិស្ថាន។
គិតមកដល់ចុង ឆ្នាំ២០១៤ ប្រទេសកម្ពុជាមានសហគមន៍ព្រៃឈើសរុបចំនួន ៤៨៥ កន្លែង គ្របដណ្ដប់លើផ្ទៃដីព្រៃប្រមាណ ៤១០.០២៥ ហិកតា។ ក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសទទួលស្គាល់សហគមន៍ព្រៃឈើចំនួន ៣៦៤ កន្លែង គ្របដណ្ដប់លើផ្ទៃដីព្រៃប្រមាណ ៣២៩.៥៨៧ ហិកតា។ ក្នុងចំណោមនេះមានសហគមន៍ព្រៃឈើចំនួន ៣០៩ កន្លែង ស្មើនឹង ២៧៥.៦៣៣ ហិកតាបានទទួលកិច្ចព្រមព្រៀងព្រៃសហគមន៍ស្របច្បាប់រវាងខណ្ឌរដ្ឋបាលព្រៃឈើសាម៉ី ជាមួយគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ។
សហភាពអឺរ៉ុបបានគាំទ្រដល់ការរៀបចំអភិវឌ្ឍសហគមន៍ព្រៃឈើនេះតាមរយៈអង្គការអុកស្វាមចក្រភពអង់គ្លេស និងអង្គការក្រៅរដ្ឋាភិបាលនានាក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីពាក់កណ្តាលឆ្នាំ ២០០០ មកម្ល៉េះ ។ ក្នុងកំឡុងពេលដូចគ្នានេះដែររីខូហ្វ ក៏បានចូលរួមយ៉ាងសកម្មក្នុងការកសាងសមត្ថភាព និងក្នុងសកម្មភាពរៀបចំបង្កើតសហគមន៍ព្រៃឈើក្នុងខេត្តគោលដៅចំនួន ៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ។