RECOFTC កម្ពុជា
សេចក្ដីប្រកាសព័ត៌មាន

សមាជ​ព្រៃឈើ​ពិភព​លោក​បាន​កំណត់​ទស្សនវិស័យ​ព្រៃឈើ​នៅ​ពេល​អនាគត

សហគមន៍មូលដ្ឋានមកពីប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី  បានធ្វើការអំពាវនាវដល់រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនៅក្នុសមាជព្រៃឈើពិភពលោក
ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥​ - ទីក្រុងឌូបាន ប្រទេសអាហ្រិ្វកខាងត្បូង៖  សមាជព្រៃឈើពិភពលោកលើកទី១៤ ក្នុងទីក្រុងឌូបាន ប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានបញ្ចប់ដោយលើកឡើងថា គេត្រូវតែទទួលស្គាល់ថាព្រៃឈើពិភពលោក មានសារៈសំខាន់លើសពីអ្វីដែលយើងមើលឃើញ ​”(http://www.fao.org/about/meetings/world-forestry-congress/en/)
ព្រៃឈើមានសក្តានុពលខ្លាំងក្លា និងដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់របរចិញ្ចឹមជីវិត និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
សមាជ​ព្រៃឈើពិភពលោកនេះគឺជាការប្រមូលផ្តុំដ៍ធំមួយក្នុងវិស័យព្រៃឈើ ដើម្បីកំណត់ទស្សនវិស័ព្រៃឈើនៅក្នុងឆ្នាំ ២០៥០ និងការអនុម័តលើសេចក្តីថ្លែងការទីក្រុងឌូបាន (Durban Declaration) បន្ទាប់ពីកិច្ចពិភាក្សាអស់រយៈពេលច្រើនថ្ងៃរួចមក។ ទស្សនវិស័យនេះបានលើកឡើងថា នៅពេលអនាគតព្រៃឈើគឺជា “ប្រភពចម្បង” សម្រាប់សន្តិសុខស្បៀង និងការលើកកម្ពស់របរចិញ្ចឹមជីវិត។
សេចក្តីថ្លែងការនេះបានលើកឡើងពីការរួមបញ្ចូលព្រៃឈើទៅក្នុងការប្រើប្រាស់ដីធ្លីផ្សេងៗដូចជា កសិកម្មជាដើម ដើម្បីដោះស្រាយបញ្ហានៃការបាត់បង់ព្រៃឈើ និងទំនាស់ដីធ្លីនានា។
ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពគឺជា “ដំណោះស្រាយដ៏សំខាន់” ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ បង្កើនការស្តុកការបោន និងផ្តល់សេវាកម្មបរិស្ថានផ្សេងៗ។
ភាពជាដៃគូ និងការវិនិយោគមានសារៈសំខាន់
សេចក្តីថ្លែងការនេះ គូសបញ្ជាក់នូវសកម្មភាពជាបន្តបន្ទាប់ដើម្បីសម្រេចបានទស្សនវិស័យដែលបានកំណត់ រួមមានទាំង ការវិនិយោគបន្ថែមទៀតទៅលើការអប់រំអំពីព្រៃឈើ ការទំនាក់ទំនង ការស្រាវជ្រាវ និងការបង្កើតឱកាសការងារ ជាពិសេសសម្រាប់យុវជន។ បន្ថែមពីលើនេះទៀត សេចក្តីថ្លែងការនេះ បានសង្កត់ធ្ងន់ទៅលើតម្រូវការភាពជាដៃគូបន្ថែមទៀតនៅក្នុងវិស័យព្រៃឈើ កសិកម្ម ហិរញ្ញប្បទាន ថាមពល ទឹក និងវិស័យផ្សេងទៀត  ទៅនឹងជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។
លោក Tiina Vähänen នាយករងផ្នែកអភិរក្ស គ្រប់គ្រង និងវាយតម្លៃព្រៃឈើ នៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានមានប្រសាសន៍ថា៖ “សេចក្តីថ្លែងការនេះឆ្លុះបញ្ចាំងពីបទពិសោធន៍ និងទស្សនៈសំបូរបែបរបស់អ្នកចូលរួមទាំងអស់នៅក្នុងសមាជនេះ ដែលបានផ្តល់អនុសាសន៍ដើម្បីរកយុទ្ធសាស្រ្តសម្រចឱ្យបាននូវទស្សនវិស័យដែលបានកំណត់ឡើង”។
ប្រតិភូជិត ៤.០០០នាក់មកពី ១២៤ ប្រទេសផ្សេងគ្នា ជុំវិញពិភពលោក បានចូលរួមក្នុងសមាជនេះ រួមមានទាំងតំណាងសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងវិស័យឯកជន ព្រមទាំងរដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តីប្រហែល ៣០រូបផងដែរ។
សារសំខាន់ៗស្តីពីគោលដៅអភិវឌ្ឍដោយចីរភាព
សមាជបានលើកឡើងថា ព្រៃឈើមានសារៈសំខាន់ក្នុងការសម្រេចបាន គោលដៅអភិវឌ្ឍដោយចីរភាពទី១៧។ នេះជាសារដ៍សំខាន់ផ្ញើរទៅកាន់កិច្ចប្រជុំកំពូលស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដែលនឹងធ្វើឡើងនៅចុងខែនេះ នាទីក្រុងញូយ៉ក ដើម្បីដាក់បញ្ចូលនៅក្នុងរបៀបវារៈនៃការអភិវឌ្ឍឆ្នាំ ២០៣០។
គោលដៅអភិវឌ្ឍដោយចីរភាពទី១៥ បានបង្ហាញពីតម្រូវការនៃការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព។ ព្រៃឈើដើរតួនាទីសំខាន់ដើម្បីឈានទៅរកការសម្រេចបានកត្តាផ្សេងៗទៀតជាច្រើនដែលមានចែងនៅក្នុងគោលដៅទាំង​១៦ ដោយរួមមានទាំងការលប់បំបាត់ភាពអត់ឃ្លាន ការសម្រេចបាននូវសន្តិសុខស្បៀង ការលើកកម្ពស់កសិកម្ម និងការធានានិរន្តរភាពថាមពលប្រើប្រាស់សម្រាប់មនុស្សរាល់គ្នា។
សារស្តីពីការប្រែប្រួលអាកាសធាតុ
សមាជបានរៀបចំសារសំខាន់ៗសម្រាប់កិច្ចប្រជុំ COP21 នៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ប្រារព្ធឡើងនៅខែធ្នូ ឆ្នាំ២០១៥ ដែលនឹងសម្រេចឱ្យបានកិច្ចព្រមព្រៀងថ្មីមួយជាសកលស្តីពីការប្រែប្រួលអាកាសធាតុ។
ការប្រែប្រួលអាកាសធាតុ គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ភពផែនដី ព្រៃឈើ និងអ្នកអាស្រ័យផលពីព្រៃឈើ។ ជាមួយគ្នានេះដែរ​ ការឆ្លើយតបរបស់ប្រទេសនីមួយៗទៅនឹងការប្រែប្រួលអាកាសធាតុបានបង្កើតឱ្យមានឱកាសថ្មីៗក្នុងវិស័យព្រៃឈើ ដូចជា​ប្រភពបន្ថែមនៃហិរញ្ញប្បទាន និងការគាំទ្រនយោបាយចំពោះអភិបាលកិច្ចព្រៃឈើ។
អ្នកចូលរួមក្នុងសមាជទាំងអស់ បានផ្តល់អនុសាសន៍ដើម្បីធ្វើសកម្មភាពដូចជា ការលើកកម្ពស់ការយល់ដឹងក្នុងចំណោមរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនានា រួមទាំងឱកាស និងបញ្ហាប្រឈមស្តីពីការប្រែប្រួលអាកាធាតុ។
ផែនការសកម្មភាពព្រៃឈើ និងការប្រើប្រាស់ទឹក
នៅក្នុងសមាជនេះ ក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការសកម្មភាពព្រៃឈើ និងការប្រើប្រាស់ទឹក ដែលទទួលស្គាល់ពីសារៈសំខាន់នៃតួនាទីរបស់ព្រៃឈើនៅក្នុងការរក្សាវដ្តទឹក និងធានាបានការគ្រប់គ្រងសមស្របនៃប្រភពទឹកសាបដ៏ធំជាងគេនៅក្នុងពិភពលោក។​
សមាជព្រៃឈើពិភពលោកធ្វើឡើងក្នុងរយៈពេល ៦ឆ្នាំម្តង។ ប្រធានបទនៃសមាជលើកនេះគឺ ព្រៃឈើ និងមនុស្ស៖ ការវិនិយោគទៅអនាគតប្រកបដោយនិរន្តរភាព ។ សមាជនេះប្រារព្ធឡើងនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង គាំទ្របច្ចេកទេសដោយអង្គការ FAO  និងជាលើកដំបូងដែលធ្វើឡើងនៅក្នុងទ្វីបអាហ្រិ្វកចាប់តាំងពីឆ្នាំ១៩២៦មក។
សហគមន៍មូលដ្ឋានមកពីទ្វីបអាស៊ីដែលចូលរួមក្នុងសមាជនេះ
សមាជិសហគមន៍មូលដ្ឋានចំនួន ៦រូប រួមនឹងបុគ្គលិក និងប្រតិភូអង្គការរីខូហ្វ បានចូលរួមក្នុងសមាជពិភពលោកនេះ។
         
          សហគមន៍មូលដ្ឋានរួមមាន៖
លោកស្រី Theya Chaw ជនជាតិដើមភាគតិចណាហ្គា មកពីក្រុង Layshee តំបន់ Sagaing ប្រទេសមីយ៉ាន់ម៉ា។ លោកស្រីគឺជាគ្រូបង្គោលរេដបូកនៅថ្នាក់ក្រោមជាតិ។​
លោក Krik Meemugkit អ្នកជំនួញខ្នាតតូច និងជាប្រធានសាខានៃធនាគារឈើ (Tree Bank) មកពីខេត្ត Krakaew  ប្រទេសថៃ។
លោកស្រី​ Hoang Thi Chuyen ជនជាតិដើមភាគតិច Tay និងជាសមាជិកសហជីពស្រ្តីក្នុងភូមិ Ba Khe ឃុំ Cat Thinh ប្រទេសវៀតណាម។
លោក ឯម សុភាន់ អនុប្រធានគណៈកម្មាធិការគ្រប់គ្រងសហគមន៍ព្រៃឈើជ្រោះស្វាយ មកពីប្រទេសកម្ពុជា។
លោក Khun Zaw តំណាងយុវជន មកពីប្រទេសមីយ៉ាន់ម៉ា។​
លោក Kriengkrai Cheechaung សមាជិកជនជាតិដើមភាគតិច មកពីប្រទេសថៃ។
ពួកគេគ្រប់រូបបានធ្វើបទបង្ហាញនៅក្នុងកម្មវិធីជាង ៣០ក្នុងសមាជព្រៃឈើពិភពលោកនេះ ដោយរួមមានទាំងកិច្ចពិភាក្សា និងសកម្មភាពផ្សេងៗទៀតក្នុងរយៈពេល ៥ថ្ងៃនេះ។
 “បើទោះបីជាយើងដឹងហើយថាការអភិរក្សព្រៃឈើមានសារៈសំខាន់ក៏ដោយ ក៏សហគមន៍មូលដ្ឋាននៅតែជួបប្រទះនូវឧបសគ្គនៅក្នុងការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកយើង។ ជនជាតិដើមភាគតិចណាហ្គា ចំបាច់ត្រូវរៀបចំសហគ្រាសព្រៃឈើប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ ប្រើសិនបើគម្រោងនេះទទួលបានជោគជ័យ នេះមានន័យថាយើងមិនត្រឹមតែបានលើកកម្ពស់ការចឹញ្ចឹមជិវិតតែប៉ុណ្ណោះទេ  ថែមទាំងអាចថែរក្សាព្រៃឈើ និងសត្វព្រៃបានផងដែរ” នេះជាការលើកឡើងរបស់លោកស្រី Theya Chaw ដែលជាសមាជិកជនជាតិដើមភាគតិចណាហ្គា មកពីប្រទេសមីយ៉ាន់ម៉ា។ “ខ្ញុំបានពាំនាំសម្លេងរបស់សហគមន៍មូលដ្ឋានរបស់ខ្ញុំមកកាន់សមាជនេះ។ ខ្ញុំសប្បាយរីករាយ នឹងនាំយកលទ្ធផលនៃសមាជព្រៃឈើពិភពលោកនេះត្រឡប់ទៅមូលដ្ឋានរបស់ខ្ញុំវិញ”។
លោក Krirk Meemungkit អ្នកជំនួញខ្នាតតូច មកពីប្រទេសថៃបានលើកឡើងថា៖ “ប្រសិនបើយើងដាំដើមឈើនៅក្នុងចំការរបស់យើង យើងអាចប្រមូលផលវា ហើយនឹងជួយសម្រួលក្នុងការដោះស្រាយបំណុល និងកាត់បន្ថយភាពក្រីក្របាន។ បញ្ហាដែលកសិករជាច្រើនបានជួបប្រទះនោះគឺ ឈើដែលដំានៅលើដីកសិកម្មរបស់រដ្ឋាភិបាល គឺជាកម្មសិទ្ធស្របច្បាប់របស់រដ្ឋ ហើយដំណើរការនៃការគ្រប់គ្រងមានលក្ខណៈស្មុគស្ថាញ ដែលនេះមិនបានលើកទឹកចិត្តប្រជាជនឱ្យដំាឈើឡើយ។ លោកបានបន្ថែមទៀតថា៖ “ត្រូវផ្តល់សិទ្ធដល់បណ្តាញប្រជាជនក្នុងការចូលរួមថែរក្សាព្រៃឈើ។ រដ្ឋាភិបាលគួតែផ្តល់ការគាំទ្របន្ថែមទៀត ទៅលើសិទ្ធរបស់​ប្រជាជនមូលដ្ឋាន ដើម្បីទទួលបានផលប្រយោជន៍ជាអតិប្បរិមាពីការដំាដុះឈើនេះ”។
ចំណែកលោក ឯម សុភាន់ អនុប្រធានគណៈកម្មាធិការគ្រប់គ្រងសហគមន៍ព្រៃឈើជ្រោះស្វាយ មកពីប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ “នៅចន្លោះពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ​២០០៩ ខ្ញុំសង្កេតឃើញធនធានព្រៃឈើមានថយចុះជាខ្លាំង ដោយ​​សារការប្រើប្រាស់ហួសកំណត់ និងមិនមានកាចូលរួមគ្រប់គ្រងពីសហគមន៍។​ ដូចនេះដោយមានការគាំទ្រពីអង្គការរីខូហ្វ និងរដ្ឋបាលព្រៃឈើ យើងបានបង្កើតជាសហគមន៍ព្រៃឈើឡើង។ ពេលនោះដែរ ខ្ញុំក៏បានសិក្សាពីការគ្រប់សហគ្រាសជំនួញ និងបានបង្កើតក្រុមជំនួញឬស្សីឡើង ដែលមានសមាជិកចំនួន ១៥០គ្រួសារ។ នៅក្នុងឆ្នាំ ២០១៤ យើងប្រមូលផលឬស្សីបានសរុបជាទឹកប្រាក់ចំនួន ៨.៧៥៤ដុល្លារអាមេរិក។ ចំណូលនេះយើងបែងចែកទៅក្នុងមូលនិធិអភិវឌ្ឍសហគមន៍ព្រៃឈើ ភាគលាភគណៈកម្មការ និងចំណាយរដ្ឋបាល។ សមាជិកអាចទៅប្រមូលឬស្សីដោយរក​​ចំ​ណូលបាន ៥៦ដុល្លារជាមធ្យមក្នុងមួយឆ្នាំ។ យើងមើលទៅថវិកានេះមិនច្រើនទេ ប៉ុន្តែវាមានសារៈសំខាន់ណាស់សំរាប់គ្រួសារកសិករក្រីក្រ។ យើងសង្ឃឹមថាបើពួកយើងទទួលបានការអភិវឌ្ឍសមត្ថភាពន្ថែមទៀត យើងនឹងអាចពង្រីកសហគ្រាសរបស់យើងនៅពេលអនាគតបាន”។
លោកស្រី​ Hoang Thi Chuyen មកពីប្រទេសវៀតណាមបានមានប្រសាសន៍ថា៖ “នៅក្នុងប្រទេសវៀតណាម បុគ្គលគ្រប់រូបមានសិទ្ធគ្រប់គ្រងដីរបស់ពួកគេ។ នេះគឺជាអ្វីឡើងបានចែងនៅក្នុងសៀវភៅក្រហម (Red Book)។ សិទ្ធនេះបានគាំទ្រខ្ញុំក្នុងការការពារព្រៃឈើរបស់ខ្ញុំ មិនឱ្យអ្នកខាងក្រៅរំលោភបំពានបាន។ វាក៏បានជួយខ្ញុំ និងគ្រួសាររបស់ខ្ញុំឱ្យរួចផុតពីភាពក្រីក្រផងដែរ​។ ឥឡូវនេះព្រៃឈើគ្របដណ្តប់ប្រហែល ៧០% នៃភូមិរបស់យើងទាំងមូល។ សៀវភៅក្រហមដើរតួនាទីសំខាន់ធានាដល់ភាពជាម្ចាស់កម្មសិទ្ធ ប៉ុន្តែនេះជាជំហានទីមួយនៅឡើយដែលលើកឡើងថា និរន្តរភាពទាមទារនូវសមត្ថភាពសមស្រប និងមានផែនការការពារ ផែនការជំនួញ ផែនការដាំឈើ និងផែនការផ្សេងៗទៀត”។ លោកស្រីក៏បានបន្ថែមទៀតថា៖ “មានតែអង្គការរីខូហ្វដែលបានគាំទ្រសហគមន៍មូលដ្ឋានជាច្រើនអោយចូលរួមក្នុងសមាជនេះ។ ខ្ញុំសង្កេតឃើញជាទូទៅថា មានប្រជាជនមូលដ្ឋានតិចតួចតែប៉ុណ្ណោះបានមកចូលរួមក្នុងសមាជព្រៃឈើពិភពលោកនេះ។ ខ្ញុំសង្ឃឹមថានៅពេលអនាគត ប្រជាជនមូលដ្ឋានអាចចូលរួមដោយផ្ទាល់នៅក្នុងសមាជដូចនេះ”។
សារដែលសហគមន៍បានលើកឡើងនៅ​ក្នុង​សមាជ​ព្រៃឈើ​ពិភព​លោក​នេះបានរួមចំណែក​ក្នុងការ​កំណត់អាទិភាព​នៃសិទ្ធ​របស់សហគមន៍មូលដ្ឋាន​នៅក្នុងសេចក្តីថ្លែងការទីក្រុងឌូបានដែលបានលោកឡើងនៅក្នុងកថាខណ្ឌទី១ ថា៖ “ព្រៃឈើមានសារៈសំខាន់លើសពីអ្វីដែលយើងមើលឃើញ និងជាប្រភពចម្បងសម្រាប់សន្តិសុខស្បៀង និងការលើកកម្ពស់ការចិញ្ចឹមជីវិត។ ព្រៃឈើនៅពេលអនាគតនឹងជួយដល់សហគមន៍តាមរយៈការផ្តល់នូវប្រភពអាហារ ថាមពលអុស ​ជម្រក ស្មៅសម្រាប់សត្វ ប្រភពនៃការស្វែងរកចំណូល និងការងារដែលជួយជម្រុញឱ្យសហគមន៍ និងសង្គមមានការរីកចម្រើន”។   
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖
លោកស្រី Caroline Liou  អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង ប្រចាំអង្គការរីខូហ្វ  អ៊ីម៉ែល៖ caroline.liou@recoftc.org  (ភាសាអង់គ្លេស)