វគ្គបណ្តុះបណ្តាលស្តីពីដំណើរការ ការសរសេរផែនការគ្រប់គ្រងព្រៃសហគមន៍ និងសេចក្តីផ្តើមពីវិធីសាស្រ្តរុក្ខវប្បកម្ម
សេចក្តីផ្តើម
កម្មវិធីភាពដៃគូលើវិស័យព្រៃឈើ និងជលផលនៅកម្ពុជា ឬកម្មវិធីដៃគូដើម្បីគាំទ្រសហគមន៍ព្រៃឈើ និងសហគមន៍នេសាទ (PaFF) អនុវត្តនៅខេត្តក្រចេះនិងស្ទឹងត្រែងដែលមានរយៈពេលជាង០៨ឆ្នាំពោលគឺចាប់ឆ្នាំ២០១៤ ដល់ឆ្នាំ២០២២។ កម្មវិធីនៃគម្រោងនេះមានការចូលរូមសហការអនុវត្តពីអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តក្រចេះនិងខេត្តស្ទឹងត្រែង រួមទាំងមន្រ្តីរដ្ឋបាលព្រៃឈើ និងជលផលមូលដ្ឋាន និងថ្នាក់ជាតិផងដែរ។ កម្មវិធី ដៃគូនេះក៏បានប្រកាសជាផ្លូវការនៅក្នុងសិក្ខាសាលាថ្នាក់ជាតិកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះដែលសហការរៀបចំ និងអនុវត្តកម្មវិធីពីសំណាក់អង្គការចំនួន០៤គឺអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ(NTFP-EP) មជ្ឈមណ្ឌលសម្រាប់មនុស្សនិងព្រៃឈើ(RECOFTC)អង្គការWWF និងអង្គការសមាគមថែរក្សាវប្បធម៌ និងបរិស្ថាន(CEPA)។ ជាពិសេសកមានការចូលរួម និងគាំទ្រពី រដ្ឋបាលព្រៃឈើ រដ្ខបាលជលផល អាជ្ញាធរខេត្តក្រចេះ និងខេត្តស្ទឹងត្រែង និងភ្នាក់ងារស្វីសដើម្បីអភិវឌ្ឍន៍ និងសហប្រតិបត្តិការនៅកម្ពុជាផងដែរ ។
នៅក្នុងដំណាក់កាលដំបូង កម្មវិធីនេះបានកំណត់យកសហគមន៍ព្រៃឈើចំនួន ១៥ ជាតំបន់គោលដៅនៃកម្មវិធី ក្នុងនោះ ខេត្តក្រចេះមាន១០សហគមន៍ និងខេត្តស្ទឹងត្រែងមាន៥សហគមន៍ ។ ទាក់ទងលទ្ធផលទី១នៃកម្មវិធី មានវិស័យព្រៃឈើ និងការគាំទ្រសហគមន៍ព្រៃឈើ អង្គការ RECOFTC គឺជាអ្នកសម្របសម្រួល ។ អង្គការ NTFP-EP ជាអ្នកសម្របសម្រួលរួម និងទទួលសម្របសម្រួលលើលទ្ធ ផលទី ២ ទាក់ទងនឹងការបង្កើនជីវភាពសហគមន៍ អង្គការ WWF ជាអ្នកសម្របសម្រួលលទ្ធផលទី ៣ទាក់ទងនឹងការពង្រឹងលក្ខខណ្ឌគោលនយោបាយ និងអង្គការ CEPA ជាអ្នកសម្របសម្រួល លើ សហគមន៍នេសាទ ។
ក្នុងការដំណើររៀបចំ និង និយត័កម្មសហគមន៍ព្រៃឈើបានឈានដល់ដំណើរការរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍។ ផែនការគ្របគ្រងព្រៃសហគមន៍គឺជាបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងព្រៃ សហគមន៍ដែលនឹងត្រូវអនុវត្តដើម្បីសម្រេចបានគោលបំណងដែលបានកំណត់។
ដើម្បីបង្កើនសមត្ថភាពបន្ថែមដល់អ្នកពាក់ព័ន្ធសំខាន់ៗដូចជាអង្គការដៃគូរ រដ្ឋបាលព្រៃឈើនិងសហគមន៍នៅក្នុងដំណើរការរៀបចំរហូតដល់ការអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍ RECOFTC នឹងរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពីដំណើរការ និងការសរសេរផែនការគ្រប់គ្រងព្រៃសហគមន៍ និងសេចក្តីផ្តើមពីវិធីសាស្រ្តរុក្ខវប្បកម្ម ដែលជាយុទ្ធសាស្រ្ត និងមគ្គុទេសក្នុងការគ្រប់គ្រងព្រៃសហគមន៍សម្រាប់រយៈពេលវែង។
គោលបំណង
នៅចុងបបញ្ចប់នៃវគ្គបណ្តុះបណ្តាលនេះសិក្ខាកាមនឹងអាច៖
- ដឹងថា តើការចូលរួមមានសារៈសំខាន់យ៉ាងណាខ្លះដូចម្ដេចចំពោះការរៀបចំផែនការគ្រប់គ្រងសហគមន៍ ព្រៃឈើ
- យល់ដឹងពីច្បាស់ថាអ្វីទៅផែនការគ្រប់គ្រងសហគមន៍? និងអាចដឹងពីដំណើរការនៃការរៀបចំផែនការគ្រប់គ្រង និងការណែនាំអំពីបញ្ជីផ្ទៀងផ្ទាត់ផែនការគ្រប់គ្រងព្រៃសហគមន៍ តាមលក្ខណៈវិនិ ច្ឆ័យ និងសូចនាករ នៃមាតិការសរសេរផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ
- លក្ខខ័ណ្ឌនានាដែលអាចធ្វើអោយមាននិរន្ដភាពលើការប្រើប្រាស់ទៅតាមមុខងារចំរុះរបស់ធនធានព្រៃឈើនិងផែនការគ្រប់គ្រងរយៈពេលវែងនៃការគ្រប់គ្រងសហគមន៍ព្រៃឈើ
វិធីសាស្ដ្រសម្របសម្រួលវគ្គ
ក្នុងការរៀបចំផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ ចំណុចសំខាន់គឺត្រូវធ្វើអោយប្រាកដថា ផែនការនេះបាន រៀបចំឡើងក្នុងដំណើរការដោយមានការចូលរួមដែលក្នុងនោះ ការចូលរួមរបស់សហគមន៍មានភាពសំខាន់ហើយតំរូវអោយមានការគាំទ្រជាបន្ដសំរាប់ដំណាក់កាលនេះនៃដំណើរការ ។ ដូច្នេះដំណើរការដោយមានការចូលរួម វិធីសាស្ដ្រ និង ឧបករណ៍ដែលនឹងប្រើប្រាស់សំរាប់វគ្គនេះគឺជាការជំរុញអោយមានការចូលរួមពីគ្រប់អ្នករៀនសូត្រទាំងអស់និងដើម្បីអោយសិក្ខាកាមកសាងលើបទពិសោធន៍នៅមូលដ្ឋានបន្ថែមទៀត ។ មេរៀនក្នុងវគ្គនេះនឹងមានភាពទាក់ទងគ្នារវាងការផ្ដល់បទឧទ្ទេសការពិភាក្សា និងការអនុវត្ដនៅមូលដ្ឋាន។ មេរៀននីមួយៗនឹងសំរបសំរួល ដល់ការរៀនសូត្រ និងចែករំលែកនូវព័ត៌មានពីអ្នកបង្រៀនដល់សិក្ខាកាមមានការឆ្លុះបញ្ចាំងជាបន្ដបន្ទាប់ដោយភ្ជាប់ ពីការរៀនសូត្រក្នុងវគ្គទៅនឹងបរិបទដែលជាបទពិសោធន៍របស់សិក្ខាកាមម្នាក់ៗ។ ការចុះទៅមូលដ្ឋាន និងការចែករំលែកបទពិសោធន៍ដែលជាការរៀនសូត្របានឹងជាផ្នែកសំខាន់នៃគ្រប់មេរៀននីមួយៗរបស់វគ្គនេះ ។
- ការបំផុសគំនិត
- ការពិភាក្សារួម
- ការផ្លាស់ប្ដូរបទពិសោធន៍របស់សិក្ខាកាមដែលមាននៅមូលដ្ឋាន
- លំហាត់ជាក្រុម
- បទបង្ហាញ
- ល្បែងថាមពល
- ការរៀបចំផែនការសកម្មភាព
- ការវាយតម្លៃប្រចាំថ្ងៃ
ពេលវេលា និងទីកន្លែង
វគ្គនេះនឹងរៀបចំនៅសណ្ឋាគារហ៊រ ប៊ុន្នីខេត្តក្រចេះដែលមានរយៈពេល០៤ថ្ងៃគឺពីថ្ងៃទី ១៥ ដល់១៨ ខែមីនា ឆ្នាំ២០១៦ ។