កិច្ចប្រជុំត្រីមាសរបស់គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្ត
១. សេចក្តីផ្តើម
ការគ្រប់គ្រងព្រៃឈើបែបសហគមន៍នេះ បានចាប់ផ្តើមតាំងពីពាក់កណ្តាលទសវត្សឆ្នាំ១៩៩០មកម៉្លេះ តាមរយៈគម្រោងសាកល្បងដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។ សហគមន៍ព្រៃឈើមានសក្តានុពលក្នុងការការពារព្រៃឈើ និងធ្វើឲ្យប្រសើរឡើងនូវផលិតភាពព្រៃឈើ និងសមត្ថភាពដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ព្រមទាំងរក្សាបាននូវលំនឹងប្រព័ន្ធអេកូឡូស៊ី ការពារទីជម្រាល និងចូលរួមកាត់បន្ថយនូវការប្រែប្រួលអាកាសធាតុ។ បច្ចុប្បន្នខេត្តកំពង់ធំ មានសហគមន៍ព្រៃឈើចំនួន៨៧កន្លែង គ្របដណ្តប់លើផ្ទៃដីព្រៃឈើ ៨៣,១៣២ហិកតា ស្ថិតក្នុងភូមិចំនួន ១១៣ភូមិ នៃ២៨ឃុំ និង ៦ស្រុក មានសមាជិកចូលរួមចំនួន ១៣,៧២០គ្រួសារ ស្មើនឹង ៣៩,០៦៣នាក់ (ស្ត្រី១៩៨៤៨នាក់)។ នៅក្នុងដំណើរការធ្វើនិយ័តកម្មសហគមន៍ព្រៃឈើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញប្រកាសទទួលស្គាល់ព្រៃសហគមន៍ចំនួន៦៧កន្លែង គ្របដណ្តប់លើផ្ទៃដីព្រៃឈើចំនួន ៥៤,៦៥៣ហិកតា និងបានចុះកិច្ចព្រមព្រៀងរវាង ប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើជាមួយនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំរួចរាល់អស់ហើយ។ នៅចុងឆ្នាំ២០១៧ ក្រសួងបានចេញប្រកាសទទួលស្គាល់សហគមន៍ព្រៃឈើចំនួន២ទៀត គ្របដណ្តប់លើផ្ទៃដីព្រៃ ៤,៥១២ហិកតា (ស.ពវាលអូរក្តី និងភ្នំរាំង ដែលកំពុងធ្វើនិយ័តកម្ម និងរៀបចំចុះកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះ។ ចំពោះការរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍បច្ចុប្បន្នមានសហគមន៍ចំនួន ៦៦កន្លែងបាន និងកំពុងរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍របស់ខ្លួន គ្របដណ្តប់លើផ្ទៃដី សរុប ៥៧,៧២១ហិកតា ក្នុងនោះមានសហគមន៍ចំនួន២១ ទទួលបានការឯកភាពលើផែនការគ្រប់គ្រងរបស់ខ្លួនដោយរដ្ឋបាលព្រៃឈើ ។
ដើម្បីចួលរួមអនុវត្តកម្មវិធីព្រៃឈើជាតិ និងអនុវត្តការងារសហគមន៍ព្រៃឈើឲ្យមានប្រសិទ្ធិភាព គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើខេត្ត (PCFPCC) ត្រូវបានបង្កើតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ក្រោមកិច្ចសម្របសម្រួល ពីគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ជាតិ (NCFNCC) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្តកំពង់ធំ អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ផ្នែក-សង្កាត់រដ្ឋបាលព្រៃឈើមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងអង្គការដៃគូ។ គណៈកម្មការនេះបានទទួលការគាំទ្រពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ តាមរយៈសេចក្តីសម្រេចលេខ ០០៧/១៦ស.ស.រ។ ចំពោះមុខគណៈកម្មការនឹងរៀបចំកិច្ចប្រជុំប្រចាំត្រីមាសរបស់ខ្លួន ដើម្បីពិគ្រោះយោបល់ស្វែងរកភាពប្រឈម ដំណោះស្រាយ ផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងអភិបាលកិច្ច និង ផ្តល់អនុសាសន៍ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការអនុវត្តន៍ការងារសហគមន៍ព្រៃឈើនៅមូលដ្ឋាន។ កិច្ចប្រជុំនេះបានទទូលការគាំទ្រផ្នែកថវិកាពីគម្រោង “ កម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផលជំហាន២ “ អនុវត្តដោយ WWF, NTFP-EP CEPA និង RECOFTC ក្រោមជំនួយថវិកាបដិភាគពី ទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍប្រទេសស្វីស (SDC)។
២. គោលបំណង
- ពិនិត្យលើរបាយការណ៍ពីបណ្តាញសហគមន៍ព្រៃឈើ និងពិភាក្សារកដោះស្រាយបញ្ហាដែលលើកឡើងដោយបណ្តាញសហគមន៍ព្រៃឈើ
- ពង្រឹងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធនានា អាជ្ញាធរមូលដ្ឋាន និងសហគមន៍ព្រៃឈើ។
- អង្គការដៃគូ និងអាជ្ញាធរពាក់ព័ន្ធចូលរួម រៀបចំផែនការអនុវត្តឆ្នាំ២០១៩
- ពិភាក្សាផែនការចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ (សហគមន៍វាលអូរក្តី និងភ្នំរាំង)
៣. វិធីសាស្រ្ត
- ពិនិត្យទៅលើកំណត់ហេតុ/របាយការណ៍នៃកិច្ចប្រជុំលើកមុន
- បទបង្ហាញបញ្ហាជាអាទិភាពពីបណ្តាញស.ព និងអនុសាសន៍ចូលរួមដោះស្រាយ
- បទបង្ហាញអំពីសកម្មភាពជាអាទិភាព និងសហគមន៍គោលដៅរបស់អង្គការដៃគូ (អង្គការដៃគូ ត្រូវបំពេញទិន្ន័យផែនការទៅក្នុងទម្រង់ផែនការមុនពេលប្រជុំ)
- បទបង្ហាញអំពីសកម្មភាពជាអាទិភាពរបស់ខណ្ឌរដ្ឋបាលព្រៃឈើ
- ចងក្រងផែនការអភិវឌ្ឍសហគមន៍ព្រៃឈើឆ្នាំ២០១៩
៤. ទីកន្លែង
នៅសាលប្រជុំខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ
៥. ពេលវេលា
ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៨:00 ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច
៦. សមាសភាពចូលរួម (៥០នាក់)
- រដ្ឋបាលខេត្ត ០១នាក់
- មន្ទីរកសិកម្ម ០១នាក់
- រដ្ឋបាលព្រៃឈើ ១៥នាក់ (រដ្ឋបាលព្រៃឈើភ្នំពេញ ២ ខណ្ឌ ១ ផ្នែក ៣ សង្កាត់ ៩)
- អាជ្ញាធរស្រុក ០៦នាក់
- អាជ្ញាធរឃុំ ២៨នាក់
- តំណាងបណ្តាញសហគមន៍ព្រៃឈើថ្នាក់ខេត្ត និងគ.គ.ស ៦នាក់
- តំណាងអង្គការ/អ្នកសម្របសម្រួល ០៧នាក់