ផែនការគ្រប់គ្រងសហគមន៍ព្រៃឈើលើកដំបូងត្រូវបានអនុម័ត ដែលជាសញ្ញាគាំទ្រទាំងផ្នែកផ្លូវច្បាប់ និងបច្ចេកទេសដល់សហគមន៍ក្នុងការគ្រប់គ្រងព្រៃឈើរបស់ពួកគេប្រកបដោយនិរន្តរភាព
ប្រទេសកម្ពុជាសម្រេចបានជោគជ័យ ក្នុងការអភិវឌ្ឍសហគមន៍ព្រៃឈើនៅពេលដែលរដ្ឋបាលព្រៃឈើបានអនុម័តជាផ្លូវការនូវផែនការគ្រប់គ្រងសហគមន៍ព្រៃឈើដំបូងគេបង្អស់ ក្រោយពីការប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការមកនូវលិខិតបទដ្ឋានសហគមន៍ព្រៃឈើ (ប្រកាស) ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០០៦។ សហគមន៍ព្រៃឈើត្រពាំងរូង ក្នុងខេត្តកំពង់ធំ ដែលរួមមានបីភូមិ និងគ្រួសារសរុបចំនួន ៥០២ បានបង្កើតប្រវត្តិសាស្រ្តរបស់ខ្លួន នៅពេលនាយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានប្រកាសនៅក្នុងដំណើរទស្សកិច្ចរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Jean-François Cautain កាលពីថ្ងៃទី0៨ ខែតុលា ឆ្នាំ២០១២។
អង្គការរីខូហ្វ សហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការដៃគូមួយចំនួនទៀត បានបំពេញការងាររបស់ខ្លួនក្នុងសហគមន៍នេះចាប់តាំងពីឆ្នាំ២០០៨មកម្លេះ នៅពេលសហគមន៍នេះត្រូវបានបង្កើតឡើង និងការធ្វើនិយ័តកម្មជាបន្តបន្ទាប់តាមរយៈកិច្ចព្រមព្រៀងសហគមន៍ព្រៃឈើ ដែលបានចុះហត្ថលេខារវាងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងនាយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំក្នុងឆ្នាំ ២០០៩។ នៅក្នុងឆ្នាំ ២០១១ សហគមន៍ព្រៃឈើត្រពាំងរូង បានចាប់ផ្តើមរៀបចំផែនការគ្រប់គ្រងរបស់ពួកខ្លួន ដោយមានការគាំទ្រពីអង្គការ AECID និងសហភាពអឺរ៉ុប ហើយផែនការនេះត្រូវបានអនុម័តនៅខែតុលា ឆ្នាំ២០១២ ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តសហគមន៍ព្រៃឈើប្រទេសកម្ពុជា។
លោក អេដវីន បាយ័ន អ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសរបស់អង្គការរីខូហ្វ ក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖” កិច្ចព្រមព្រៀងសហគមន៍ព្រៃឈើដែលមានរយៈពេល ១៥ឆ្នាំ ដែលចុះហត្ថលេខាដោយគណៈកម្មការសហគមន៍ព្រៃឈើ និងនាយខ័ណ្ឌរដ្ឋបាលព្រៃឈើនៅក្នុងឆ្នំា ២០០៩ បានផ្តល់សិទ្ធកាន់កាប់ស្របច្បាប់ទៅដល់សហគមន៍”។
លោកបានបន្ថែមទៀតថា៖”សហគមន៍នៅតែមានភាពខ្វះចន្លោះក្នុងការគ្រប់គ្រងព្រៃឈើរបស់ពួកគេ ដូច្នេះហើយការអនុម័តផែនការគ្រប់គ្រងថ្មីនេះនឹងផ្តល់ការត្រួសត្រាយផ្នែកបច្ចេកទេស និង ការពង្រឹងស្ថាប័នទៅដល់សហគមន៍ក្នុងការគ្រប់គ្រងសហគមន៍របស់ពួកគេប្រកបដោយនិរន្តរភាព ដែលនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ការចឹញ្ចឹមជីវិត តាមរយៈសកម្មភាពដែលមានផែនការច្បាស់លាស់ និងក្រោមការសម្របសម្រួល បន្ថែមការចុះល្បាត និង ការការពារព្រៃឈើ”។
សហគមន៍ជឿជាក់ថា ផែនការនេះនិងជួយឲ្យពួកគេធានាបាននូវផលប្រយោជន៍ពីការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព តាមរយៈការដកហូតអនុផលប្រកបដោយនិរន្តរភាព និងការប្រមូលអនុផលព្រៃឈើ។
ផែនការដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍ផ្សេងៗទៀត
សហគមន៍ដែលអាស្រ័យផលពីព្រៃឈើ មានការប្រឈមយ៉ាងខ្លាំង នៅក្នុងបរិបទដែលទំនាស់នៃការប្រើប្រាស់ដីធ្លីមានការកើនឡើង ជាមួយនឹងសម្បទានដីសេដ្ឋកិច្ច ដូច្នេះការផ្អាកសម្បទានព្រៃឈើ ការកាប់ឈើខុសច្បាប់ ការអនុម័តផែនការគ្រប់គ្រងសហគមន៍ព្រៃឈើលើកទីមួយតនេះត្រូវបានសហគមន៍យល់ឃើញថាជាជំហានមួយដ៏សំខាន់ ក្នុងការបង្កើតសិទ្ធគ្រប់គ្រងសហគមន៍ព្រៃឈើរបស់ពួកគេ និង ឈានទៅរកការចែករំលែកផលប្រយោជន៍។
ក្រោមជំនួយឧតបត្ថមពីសហភាពអឺរ៉ុប ក្នុងគម្រោងគ្រប់គ្រងព្រៃឈើដោយនិរន្ដភាព និងការលើកកម្ពស់របរចិញ្ចឹមជីវិតនៅជនបទ តាមរយៈសហគមន៍ព្រៃឈើ និង គំនិតផ្ដួចផ្ដើមអំពីការកាត់បន្ថយ ការបញ្ចេញឧស្ម័នដែលបណ្ដាលមកពីការបាត់បង់ និងរេចរឹលព្រៃឈើនៅកម្ពុជា (SFMRLE) ដែលមានទឹកប្រាក់ជាង ១,៦លានអឺរ៉ូ អង្គការរីខូហ្វបានបន្តការងារក្នុងការដោះស្រាយបញ្ហា និងបញ្ហានានាដែលប្រឈមក្នុងការអភិវឌ្ឍរបរចិញ្ចឹមជីវិត និងការរៀបចំផែនការគ្រប់គ្រង។ សមាជិកសហគមន៍ត្រូវបានបណ្តុះបណ្តាលស្តីអំពី ការរក្សាទុកឯកសារ និងការបង្កើតប្រព័ន្ធរក្សាទុកឯកសារសម្រាប់ភូមិ។ សមាជិកសហគមន៍តែងតែចុះល្បាតយ៉ាងទៀងទាត់ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ។
លើសពីនេះទៀត ក្រុមទឹកឃ្មុំ ដែលមានសមាជិកចំនួន ៤០ភូមិ ត្រូវបានបង្កើតឡើងដោយជោគជ័យ រួមជាមួយក្រុមសន្សំប្រាក់ដែលមានសមាជិកចំនួន ១៥នាក់ ក៏កំពុងមានដំណើរការល្អផងដែរ។ ការទំនាក់ទំនងរវាងសហគមន៍ និងក្រុមប្រឹក្សាឃុំ មន្រ្តីរដ្ឋបាលដែនដី មានលក្ខណៈកាន់តែប្រសើរឡើង។
អង្គការរីខូហ្វ កម្ពុជាបានឈានទៅមុខក្នុងការសកម្មភាពកសាងសមត្ថភាព៖ ការគ្រប់គ្រងធនធានសហគមន៍ព្រៃឈើប្រកបដោយនិរន្តរភាព ដើម្បីទ្រទ្រង់ការចិញ្ចឹមជីវិតឲ្យកាន់តែប្រសើរឡើងផ្អែកទៅលើសុវត្ថិភាពសិទ្ធក្នុងការប្រើប្រាស់ធនធាន។