RECOFTC Cambodia
ຂ່າວສານ

ឥណទាន​សហគមន៍​ព្រៃឈើ​ជួយ​លើក​កម្ពស់​របរ​ចឹញ្ចឹមជីវិត​របស់​ហគមន៍ និងគាំទ្រ​ដល់​ការ​អនុវត្ត​ផែនការ​គ្រប់គ្រង

ការដើរល្បាតរបស់សមាជិកសហគមន៍ព្រៃឈើ

ម្រោងឥណទានសហគមន៍ព្រៃឈើ ត្រូវបានដាក់ឱ្យសាកល្បងនៅក្នុងសហគមន៍ចំនួន ៥ នៅក្នុងខេត្តកំពង់ធំ រួមមានសហគមន៍ព្រៃឈើត្រពាំងរូង សហគមន៍ព្រៃឈើត្រពាំងល្ពាក់​ សហគមន៍ព្រៃឈើព្រៃក្បាលបី សហគមន៍ព្រៃឈើព្រៃតាយ៉ង់ និង សហគមន៍ព្រៃឈើព្រៃត្រពាំងសណ្ដាន់។ គម្រោងនេះគាំទ្រ និងសម្រប​​សម្រួលដោយអង្គការ RECOFTC  ដោយបានចាប់ផ្តើមពីខែកក្កដា ឆ្នាំ ២០១៤ ដែលជាផ្នែកមួយក្នុងគម្រោងគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព និងការលើកកំពស់​របរចិញ្ចឹមជីវិតនៅជនបទតាមរយៈសហគមន៍ព្រៃឈើ(SFMRLE) ក្រោមជំនួយសហភាពអឺរ៉ុប (EU)។​ ​
គម្រោងឥណទានសហគមន៍ព្រៃឈើ មានគោលបំណង​​ ​ គាំទ្រការអនុវត្តផែន​ការគ្រប់គ្រង​ព្រៃ​​​សហគមន៍ ដើម្បីពង្រឹង​ស្ថាប័នសហគមន៍​​ព្រៃឈើ និងលើកទឹកចិត្តឲ្យមានការចូលរួមអនុវត្តន៍ផែនការគ្រប់គ្រងព្រៃសហគមន៍ប្រកបដោយនិរន្ដរភាព។
ថវិកាឥណទាននេះត្រូវគ្រប់គ្រងដោយគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើនៅក្រោមលក្ខខន្តិកៈគ្រប់គ្រងសហគមន៍ព្រៃឈើ ។ ចំណែកឯ លក្ខន្តិកៈឥណទាននេះក៍ត្រូវមានការឯកភាពពីគណកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានផងដែរមុននឹងការដាក់អោយអនុវត្ត។​  ការទទួលស្គាល់ និងគាំទ្រពីអាជ្ញាធរមូលដ្ឋាន បានផ្តល់នូវទំនុកចិត្តលើផ្នែកអភិបាលកិច្ច នៃគម្រោង ការស្វែងរកការគាំទ្របន្ថែម និងធានាឲ្យមានយន្តការស្របច្បាប់ ក្នុងការដោះស្រាយ ជួបបញ្ហាជួបប្រទះ ។

សមាជិកសហគមន៍ខ្ចីប្រាក់ដើម្បីបង្កើនជីវភាព

ការបង្កើត­ឥណទាននេះមានសារៈសំខាន់ខ្លាំងណាស់ដល់សមាជិក ដោយពួកគេអាចអាចខ្ចី​ប្រាក់​​ទៅប្រកបការរបរចិញ្ចឹមជីវិត និងដោះស្រាយបញ្ហាបន្ទាន់ បានរហ័ស មិនចំណាយពេលវេលាច្រើន និងមានអត្រាការប្រាក់​សមរម្យ។ ចំណុចពិសេសរបស់គម្រោងឥណ្ឌទាននេះគឺចំណូលដែលទទួលបានពីការប្រាក់ត្រូវបានបែងចែកជា ៤​ ក្នុងនោះមាន​ ៣៥% គាំទ្រសកម្មភាពការអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍ ៣៥% សម្រាប់បង្កើនទុ​នឥណ្ឌទាន ២០% ភាគលាបរបស់គណៈកម្មការឥណទាន និង​ ១០% សម្រាប់ការចំណាយរដ្ឋបាលរបស់ការងារឥណទាន។
គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើបានប្រើប្រាស់ចំណូលពីគម្រោងឥណទានសម្រាប់​​សកម្ម​ភាព គ្រប់​គ្រងសហគមន៍ព្រៃឈើដូចជា ការចុះល្បាតព្រៃ ធ្វើផ្លូវភ្លើង និង ការដាំកូនឈើឡើងវិញជាដើម។ លើសពីនេះទៅទៀតគម្រោងឥណទាននេះបានជំរុញ និងលើកទឹកចិត្តឲ្យសមាជិកចូលរួមគ្រប់គ្រងនិងការពារសហគមន៍ព្រៃឈើកាន់តែសកម្មជាងមុន។
តាមរយៈមេរៀនបទពិសោធន៍ជោគជ័យនៃការសាកល្បងនេះ អាចពង្រីកគម្រោងឥណទាននេះទៅកាន់សហគមន៍ផ្សេងៗទៀត នៅពេលខាងមុខ។