RECOFTC Cambodia
သတင်းများ

កម្ពុជា​ត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​កាន់​សន្និសីទ​លើកទី២១ នៃ​បណ្តា​ភាគី​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី ការ​ប្រែប្រួល​អាកាស​ធាតុ

គណៈអធិបតីថ្លែងសន្ទរកថាបើក

រីខូហ្វ​- មជ្ឈមណ្ឌលសម្រាប់មនុស្ស  និងព្រៃឈើ បានសហការរជាមួយអគ្គលេខាធិការដា្ឋនក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់​ស្តីពី “​ព្រៃឈើ ការប្រែប្រួល​អាកាស​ធាតុ និង​សមធម៌ ដំណើរឆ្ពោះទៅកាន់សន្និសីទលើកទី២១​​ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ​” (UNFCCC COP 21) ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៥ នៅ ខេត្តសៀមរាប។​  សិក្ខាសាលានេះចូលរួមដោយសិក្ខាកាមចំនួន ៤០នាក់ (ស្រ្តី ៨នាក់) មកពី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន  អគ្គនាយកដ្ឋានរដ្ឋបាលជលផល  រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងគ្រឹះស្ថានឧត្តមសិក្សានៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍ

ឯកឧត្តមបណ្ឌិត ទិន ពន្លក អគ្គលេខា​ធិការ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថានបានលើកឡើងថា “ក្នុងនាមជាប្រទេសអភិវឌ្ឍតិចតួច ជាសមាជិកអនុសញ្ញាប្រែប្រួលអាកាសធាតុ កម្ពុជាកំពុងខិតខំរៀបចំបញ្ចប់នូវរបាយការណ៍រួមចំណែក (INDC) របស់ខ្លួន ឱ្យបានចប់សព្វគ្រប់ និងដាក់ជូនទៅលេខាធិការដ្ឋានអនុសញ្ញា នាខែតុលាខាងមុខនេះ។ ក្នុងនោះយើងបានលើកអំពីវិធានការបន្សុំា វិធានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងមធ្យោបាយសម្រាប់អនុវត្ត។ ដោយឡែក សម្រាប់វិធានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងវិស័យការប្រើប្រាស់ដី និងព្រៃឈើ យើងមានបំណងកំណត់គោលដៅកាត់បន្ថយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ តាមរយៈការបង្កើនគម្របព្រៃឈើដល់ ៦០%នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៣០។”

គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះរួមមាន៖  ១) បង្កើនការយល់ដឹង និងពិភាក្សាអំពីបច្ចុប្បន្នភាព នៃការពិភាក្សារបស់បណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ​ ២) បង្ហាញអំពីទិដ្ឋភាពនៃសមធម៌ដែលជាតម្រូវការក្រោមក្របខ័ណ្ឌរេដបូក (REDD+) និងផ្តល់ជាឧទាហរណ៌ជាក់ស្តែងអំពីកិច្ចខិតខំប្រឹងប្រែងនានាដើម្បីឆ្លើយតបទៅនឹងកម្មវិធីរេដបូកកម្ពុជា និង ៣)ផ្តល់ជាវេទិកា​សម្រាប់អ្នកចូលរួម​ដើម្បីពិភាក្សាអំពីបញ្ហា​សមធម៌ជាអាទិភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងREDD+ ក្នុងបរិបទនៃប្រទេសកម្ពុជា ។
សិក្ខាសាលារយៈពេលពីរថ្ងៃនេះគាំទ្រដោយ ទីភ្នាក់ងារន័រវ៉េសសម្រាប់កិច្ចសហប្រតិបត្តការអភិវឌ្ឍ(Norad) សហគមន៍អឺរ៉ុប (EU), USAID LEAF, និង An AFOLU LEDS Working Group event ។