RECOFTC Cambodia
သတင်းများ

អបអរ​សាទរ​ការ​ចូល​កាន់​តំណែង​របស់​នាយក​ប្រតិបត្តិ​ថ្មី​នៃ​RECOFTC

មជ្ឈមណ្ឌល​សម្រាប់​មនុស្ស និង​ព្រៃឈើ (RECOFTC) នឹង​តែងតាំង​លោកបណ្ឌិត David Ganz ជានាយក​ប្រតិបត្តិ​ថ្មី នៅថ្ងៃទី​១៤​ ខែកុម្ភៈ ឆ្នាំ២០១៧
លោកបណ្ឌិត ដេវិដ ហ្គាន

លោកបណ្ឌិត ដេវីដ ហ្គាន (David Ganz)​ នឹងត្រូវបានតែងតាំងឲ្យធ្វើជានាយកប្រតិបត្តិថ្មីរបស់RECOFTC ហើយលោកនឹងចូលកាន់តំណែងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦។ លោកបណ្ឌិត ដេវីដ នឹងចូលមកដឹកនាំ RECOFTC​ ក្នុងដំណាក់កាល​ដ៏សំខាន់មួយ ខណៈដែលកម្មសិទ្ធដីព្រៃរបស់សហគមន៍មូលដ្ឋានកំពុងត្រូវបានគេទទួលស្គាល់ថាជាគន្លឹះនៃសន្តិភាព ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការកាត់បន្ថយ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកបណ្ឌិត ដេវីដនឹងធ្វើការតស៊ូមតិ ដើម្បីសហគមន៍ព្រៃឈើក្នុងតំបន់ និងជាម៉ូឌែលថ្មីដែលវិស័យឯកជននឹងគោរពសិទ្ធប្រជាពលរដ្ឋ ក៏ដូចជាផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដែលបានពីព្រៃសហគមន៍រាប់​លានហិកតាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកបណ្ឌិត ដេវីដ ចូលរួមជាមួយ RECOFTC បន្ទាប់ពីលោកបានបញ្ចប់ភារកិច្ចជាជាប្រធានគម្រោង SERVIR-Mekong, ដែលជាការផ្តួចផ្តើមរបស់ USAID និង NASA តាំងពីឆ្នាំ២០១៤។ ហើយមុនធ្វើជាប្រធានគម្រោងរបស់​ SERVIR-Mekong លោកក៏ជាប្រធានអង្គការ Winrock International សម្រាប់កម្មវិធី Lowering Emissions ក្នុងព្រៃតំបន់អាស៊ី នៃ​(USAID LEAF) ដែលជួយដល់ការពង្រឹងសមត្ថភាពរបស់ប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់អាស៊ី ដើម្បីឲ្យពួកគេទទួលបាននិរន្តរភាពក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីការប្រើប្រាស់ដីព្រៃសម្រាប់វិស័យកសិកម្ម។ លោកក៏មានតួនាទីជាប្រធាន The Nature Conservancy (TNC) និងជាមន្រ្តីបច្ចេកទេសរបស់អង្គការស្បៀង និងកសិកម្មអង្គការសហប្រជាជាតិ FAO។ លោកបណ្ឌិត ដេវីដ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ California និងសាកលវិទ្យាល័យ​ Yale។
លោកស្រី Doris Capistrano,​ ប្រធានក្រុមប្រឹក្សាភិបាលរបស់ RECOFTC បាននិយាយថា ខ្ញុំរីករាយណាស់ដែលយើងទទួលបានលោកបណ្ឌិត ដេវីដ ឲ្យមកធ្វើជានាយកប្រតិបត្តិរបស់ RECOFTC។ ការតាំងចិត្ត និងភាពវ័យឆ្នើមក្នុងការដឹកនាំ បូករួមនឹងបទពិសោធន៍ជាច្រើន ដែលលោកបានធ្វើក្នុងវិស័យគ្រប់គ្រងធនធានធម្មជាតិទាំងក្នុងតំបន់ និងកន្លែងផ្សេងៗទៀត ពិតជាមានតម្លៃណាស់ដើម្បីជួយឲ្យ RECOFTC បន្តទទួលបានជោគជ័យ។ ការចូលរួមរបស់សហគមន៍ និងការចែករំលែកផលប្រយោជន៍ដោយសមធម៌ពីការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព គឺជាចំណុចស្នូលក្នុងការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដូចនេះលោក ដេវីដ នឹងដឹកនាំការងាររបស់ RECOFTC ក្នុងការកសាងសមត្ថភាពរបស់សហគមន៍មូលដ្ឋានដើម្បីសម្រេចឲ្យបាននូវគោលដៅនេះ។ ខ្ញុំសូមស្វាគមន៍លោក ដេវីដ ដែលនឹងត្រូវចូលក្នុងគ្រួសារ ​RECOFTC​ទាំងក្នុងតំបន់ និងក្នុងបណ្តាញអន្តរជាតិនានា។ 
ការត្រៀមខ្លួននឹងក្លាយជានាយកប្រតិបត្តិរបស់ RECOFTC លោកដេវីដបានមានប្រសាសន៍ថា ខ្ញុំមានក្តីសោមន្សសរីករាយណាស់ដែលបានធ្វើជានាយកប្រតិបត្តិរបស់ RECOFTC ហើយខ្ញុំក៏កំពុងទន្ទឹងរង់ចាំដើម្បីធ្វើការរួមគ្នាជាមួយនឹងបុគ្គលិករបស់ RECOFTC ទាំងអស់ដែលមានទាំងបទពិសោធន៍ និងការតាំងចិត្តខ្ពស់ ក៏ដូចជាបណ្តាញដៃគូនានាផងដែរ។ RECOFTC មានបេសកកម្មបន្ទាន់មួយ ក្នុងការពង្រឹងអំណាចរបស់ប្រជាជនក្នុងតំបន់ព្រៃឈើ ឲ្យមានសមត្ថភាព ដើម្បីឲ្យពួកគេទទួលបានសិទ្ធ និងផលប្រយោជន៍កាន់តែប្រសើរជាងមុន ហើយដោយសារតែមានសំពាធយ៉ាងខ្លាំងលើដីព្រៃឈើ RECOFTC ក៏មានតួនាទីផងដែរ ក្នុងការសម្របសម្រួលដើម្បីឲ្យទទួលបានលទ្ធផលរយៈពេលវែងសម្រាប់និរន្តរភាពព្រៃឈើ។ 
លោកដេវីដ នឹងចូលមកជំនួសលោក Tint Lwin Thaung ដែលបានបញ្ចប់ភារកិច្ចតាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។ លោក Tint​ (ទីន) បានធ្វើជានាយកប្រតិបត្តិរបស់ RECOFTC ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ ខណៈពេលដែល RECOFTC បង្កើតកម្មវិធីថ្មីរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងនេប៉ាល់ ហើយក៏បានជួយដល់ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ និងវៀតណាមផងដែរ។ លោកដេវីដ និងទីន បានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងកំឡុងពេលផ្លាស់ប្តូរនេះដើម្បីធានាថាបេសកកម្មរបស់RECOFTC ដែលត្រូវធ្វើលើសហគមន៍ព្រៃឈើនៅអាស៊ីប៉ាស៊ីហ្វិក នៅតែដំណើរការទៅមុខដោយរលូន។ 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
Caroline Liou, ប្រធានទំនាក់ទំនង, RECOFTC
email: caroline.liou@recoftc.org                                                     
Tel: +66 2 940-5700 ext 1236

កំណត់ត្រាពីអ្នកនិពន្ធ

ជីវប្រវត្តិរបស់លោក David Ganz

លោក David Ganz មានបទពិសោធន៍ជាង ២០ឆ្នាំទាក់ទងនឹងការគ្រប់គ្រងធនធានធម្មជាតិដូចជា ចូលរួមក្នុងការងារទាក់ទងនឹងគម្រោងគ្រប់គ្រងធនធានធម្មជាតិខ្នាតធំក្នុងតំបន់អាស៊ី និងគម្រោងថាមពលជីវម៉ាស។ មុនពេលចូលរួមជាមួយ RECOFTC លោកដេវីដ គឺជាប្រធាន SERVIR-Mekong, ដែលជាការផ្តួចផ្តើមរួមគ្នារបស់ USAID និង NASA ក្នុងគោលបំណងបង្កើតទិន្នន័យភូមិសាស្រ្ត ដើម្បីឆ្លើយតបនឹងតំរូវការបរិស្ថាន និងគ្រោះធម្មជាតិក្នុងតំបន់ ហើយមុនពេលលោក ដេវីដធ្វើការជាមួយ SERVIR-Mekong លោកក៏ជាប្រធានកម្មវិធីនៃ USAID's Lowering Emissions ក្នុងព្រៃតំបន់អាស៊ី (USAID LEAF)។ ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ២០០២  លោកដេវីដ ក៏ធ្លាប់ធ្វើការជាមន្រ្តីជំនួយការគម្រោងនៅការិយាល័យកណ្តាលរបស់RECOFTC ហើយគាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យល្បីពីរខាងផ្នែកសហគមន៍ព្រៃឈើ គឺសាកលវិទ្យាល័យ កាលីហ្វរញ៉ា នៅBerkeley និងសាកលវិទ្យាល័យ យ៉េល ដោយលើកកម្ពស់ការសម្រេចចិត្តពីអ្នកពាក់ព័ន្ធនានា តាមរយៈការបង្កើនទំនាក់ទំនង និងការធ្វើការជាក្រុម ហើយលោកបានប្រើប្រាស់នូវជំនាញនេះ ក្នុងការគ្រប់គ្រងគម្រោងនៅស្ថាប័នអង្គការអន្តរជាតិមួយចំនួនដូចជាTNC, FAO, IUCN និង WWFក្នុងប្រទេសចិន និងអាស៊ីអាគ្នេយ៍។   

អំពី RECOFTC

RECOFTC គឺជាអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើលើការពង្រឹងសមត្ថភាពរបស់ប្រជាជនមូលដ្ឋាន ដើម្បីឲ្យពួកគេទទួលបានសិទ្ធ អភិបាលកិច្ច និងផលប្រយោជន៍កាន់តែប្រសើរពីការគ្រប់គ្រងដីព្រៃឈើប្រកបដោយ​និរន្តរភាពក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។​​ RECOFTC លើកកម្ពស់សហគមន៍ព្រៃឈើ ថាជាមធ្យោបាយក្នុងការបង្កើនជីវភាពប្រជាជនមូលដ្ឋាន កាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងពង្រឹងអភិបាលកិច្ចល្អ។ យើងអាចរួមគ្នាលើក​កម្ពស់សហគមន៍ព្រៃឈើ តាមរយៈការបង្កើនដីព្រៃឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍ ពង្រឹងការត្រួតពិនិត្យរបស់សហគមន៍លើដីព្រៃរបស់ខ្លួន និងធានាឲ្យបានថាស្ថាប័ននានាអាចអនុវត្តច្បាប់សហគមន៍ឲ្យមានប្រសិទ្ធភាពក្នុងប្រទេសរបស់ខ្លួន។ សម្រាប់ព័ត៌មានបន្ថែម សូមមើលក្នុង www.recoftc.org។