RECOFTC Cambodia
သတင်းများ

ពិធី​ចុះ​កិច្ច​ព្រមព្រៀង​ព្រៃ​សហគមន៍​រវាង ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង និង​គណៈកម្មការ​គ្រប់គ្រង​សហគមន៏​ព្រៃឈើ

គណៈអធិបតី​អញ្ជើញចូលរួមក្នុងពិធីចុះកិច្ចព្រមព្រៀងសហគមន៍ព្រៃឈើ

ការបង្កើតសហគមន៍ព្រៃឈើគឺជាយុទ្ធសាស្រ្តនៃការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាពដូចមានចែងនៅក្នុងកម្មវិធីព្រៃឈើជាតិ​ និងស្ថិតក្នុងបរិបទនៃកំណែទម្រង់វិស័យព្រៃឈើរបស់រាជ​រដ្ឋាភិបាលកម្ពុជា សំដៅ ជំរុញ សំរេចគោលដៅក្នុងកិច្ចការពារបរិស្ថាន ​ជីវៈចម្រុះ​ ការកាត់បន្ថយភាពក្រីក្រ និងការពង្រឹងអភិបាលកិច្ចល្អដល់ស្ថាប័ន ដូចមានចែងក្នុងកម្មវិធីនយោបាយ​របស់​​រាជរដ្ឋាភិ បាលកម្ពុជា ស្តីពីវិស័យព្រៃឈើ និងផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម​។ រាជរដ្ឋាភិបាលកម្ពុជា បាន​យកចិត្តទុកដាក់ ចំពោះការអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិដោយ ធានាភាពស្ថិតស្ថេរនៃអេកូឡូស៊ី ​និង សេដ្ឋកិច្ចសង្គមដែលជា​សសរ​​គ្រឹះមួយ ដ៏សំខាន់សម្រាប់សុខមាលភាពសាធារណៈ និងជាវិភាគទានដោយ​ផ្ទាល់​ចំពោះកិច្ចការពារ​បរិ​ស្ថានសកល ។​
 បច្ចុប្បន្ន  ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង រៀបចំសហគមន៍​ព្រៃឈើ​បានចំនួន ២១ កន្លែង​​ នៅ​ទូ​ទាំង​ខេត្ដ ​​មានផ្ទៃ​ដីព្រៃ​សរុប​ចំនួន​ ៣៧,៤១៨ហ.ត ​​សមាជិក​សហគមន៍សរុបចំនួន ១៦,៨៦២នាក់ ក្នុងនោះមានស្រ្តី ៩,១២០នាក់ (៥៤%) ស្មើនឹង ៧,០៦១ គ្រួសារ​ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិចំនួន ៤៤  ឃុំចំនួន ១៥ និង​ ស្រុកចំនួន ០៣ ។
ចំពោះមុខ ខណ្ឌ​រដ្ឋ​បាលព្រៃឈើស្ទឹងត្រែងក្នុងកិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង អង្គការ រីខូហ្វ (RECOFTC) និងអង្គការភូមិខ្ញុំ (MVI) នឹងរៀបចំពិធីចុះកិច្ចព្រម​ព្រៀងព្រៃ​សហគមន៍រវាងនាយខណ្ឌរដ្ឋបាល ព្រៃឈើស្ទឹងត្រែង និងប្រធាន​គណៈកម្មការ​គ្រប់គ្រង​សហគមន៍ព្រៃឈើ​ចំនួន ០៥ កន្លែង។ ​ពិធីចុះកិច្ចព្រមព្រៀងព្រៃសហគមន៍នេះប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ ២០១៧ នៅសាលប្រជុំធំខេត្តស្ទឹងត្រែង​ ។

ពិធីចុះកិច្ចព្រមព្រៀងនេះមានគោលបំណងដូចខាងក្រោម៖

  • ផ្ដល់ភាពស្របច្បាប់ពេញលេញជូនសហគមន៍មូលដ្ឋានក្នុងការអនុវត្ដន៍សហគមន៍ព្រៃឈើ
  • ផ្ដល់សិទ្ឋិស្របច្បាប់ជូនសហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធាន​ព្រៃឈើប្រកប​ដោយចីរភាព
  • បង្កើនភាពជឿជាក់ និងលើកទឹកចិត្ដដល់សហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រងព្រៃសហគមន៍
  • ជាផ្នែកមួយនៃការចុះបញ្ជីការសម្បត្ដិព្រៃឈើអចិន្ដ្រៃយ៍
  • ផ្ដល់ការគាំទ្ររបស់រាជរដ្ឋាភិបាលជូនសហគមន៍មូលដ្ឋាន ក្រោមរូបភាពព្រៃសហគមន៍ពិធីចុះកិច្ចព្រមព្រៀងសហគមន៍ព្រៃឈើក្នុងខេត្តស្ទឹងត្រែង

លោក ហេង ដា អនុប្រធានអង្គការីខូហ្វកម្ពុជា មានប្រសាសន៍ថា នេះគឺជាជោគជ័យមួយក្នុងវិស័យព្រៃឈើ ពិសេសសហគមន៍ព្រៃឈើ ដែលនេះជាលើកទី១ហើយ សម្រាប់សហគមន៍ស្ថិតក្នុងតំបន់ព្រៃសម្បទានសេដ្ឋកិច្ចទទួលបានចុះ​កិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតជាសហគមន៍ព្រៃឈើ។