RECOFTC Cambodia
ဆောင်းပါးများ

គ្រូបង្គោល

17 May 2015
ឆេង ចាន់នី
Stories of Change
The Center for People and Forests

លោក ជា ប៊ុនលី រវល់ស្ទើររកពេលទំនេរអង្គុយក្នុងការរិយាល័យ​របស់គាត់។ លោកតែងតែចូលរួមក្នុងកិច្ចប្រជុំនានា និងភាគ​ច្រើនបំពេញការងារជាមួយប្រជាជនក្នុងសហគមន៍មូលដ្ឋាន ដែលការងារនេះហើយនាំឲ្យលោកទទួលបានងារពីមិត្តរួមការងារក្នុងខណ្ឌរដ្ឋបាលព្រៃឈើ  និង​ពីសំណាក់ប្រជាជនសហគមន៍ថា “លោកគ្រូ” ។ លោកបាន​មានប្រសាសន៍​ក្នុងទឹកមុខញញឹមថា៖ “ខ្ញុំមិនដែលគិតថាខ្ញុំអាចសម្រេច​បាននូវការងារ​ដូចសព្វថ្ងៃនេះឡើយ “។  
លោក ជា ប៊ុនលី បានចាប់ផ្តើមការងារជាមន្រ្តីរដ្ឋបាលព្រៃឈើចាប់តាំងឆ្នាំ ១៩៩៣មក ក្នុងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ពេលលោកមានអាយុ ២៥ឆ្នាំ។ “ខ្ញុំនៅវ័យក្មេង ហើយខ្ញុំត្រូវដោះស្រាយការងារជា​​    ច្រើន។  កាលពីមុនមានបទល្មើសព្រៃឈើជាច្រើនបង្ករដោយប្រជាជនក្នុង​មូលដ្ឋានខ្លួនឯង ដើម្បីទ្រទ្រង់ជីវភាពនៅរបស់ពួកគេ។    សម័យនោះនៅ មានខ្មែរក្រហមនៅឡើយ ហើយតំបន់ដែលខ្ញុំគ្រប់គ្រងក៏មានសម្បទានដីសេដ្ឋកិច្ច  ព្រមទាំងធ្លាប់មានការតវ៉ាពីប្រជាជនមូលដ្ឋានជាមួយក្រុម​ហ៊ុន​ផងដែរ”។ 
លោកក៏បានលើកឡើងដែរថា៖ “ពេលខ្ញុំធ្វើការងារជា​មួយ​សហគមន៍ ពួកគាត់ជារើយៗតែងតែមករកខ្ញុំដើម្បីសំយោបល់ ក្នុងការ​បង្កើតសហគមន៍ព្រៃឈើ។  ចំពោះខ្លួនខ្ញុំផ្ទាល់ ក្នុងនាមជាមន្រ្តីរដ្ឋបាល
ព្រៃឈើម្នាក់ ខ្ញុំមានទស្សនវិស័យផ្ទាល់ខ្លួនគឺធ្វើយ៉ាងណាថែរក្សាព្រៃឈើអោយគង់វង្ស ធ្វើការអប់រំ និងបញ្ចុះបញ្ចូលប្រជាជនឲ្យចូលរួមការពារ​ព្រៃឈើផងដែរ”។ ​ ទស្សនវិស័យរបស់លោកនៅពេលនោះពុំទាន់មានការគាំទ្រផ្លូវច្បាប់ និងពីសំណាក់ប្រជាជាជនមូលដ្ឋាននៅទីនោះនៅឡើយ។ 
ក្រោយពីអង្គការរីខូហ្វ បានចុះអនុស្សារណយោគយល់គ្នា(MOU) ជាមួយរដ្ឋបាលព្រៃឈើរួចមក ការបង្កើតសហគមន៍ព្រៃឈើ នៅក្នុង
តំបន់នេះក៏លេចចេញជារូបរាងឡើង។ “បន្ទាប់ពីការចុះ MOU រួចមក ខ្ញុំបានក្លាយជាមនុស្សដំបូងគេបង្អស់នៅក្នុងខេត្តពោធិ៍សាត់ដែលបានទទួលការបណ្តុះបណ្តាលពីអង្គការរីខូហ្វ។ អ្វីដែលពិសេសក្នុងវគ្គ បណ្តុះបណ្តាលនោះគឺវាមានលក្ខណៈស៊ីជម្រៅ ដោយចាប់ផ្តើមពីការស្វែងយល់ពីទស្សនទាននៃសហគមន៍ព្រៃឈើ  ផលប្រយោជន៍របស់វា ហើយបន្ទាប់មកការបណ្តុះបណ្តាលស្តីពីច្បាប់ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹង សហគមន៍​ព្រៃឈើនៅក្នុងប្រទេសកម្ពុជា”។ 
លោកបានយកចំណេះដឹងដែលបានមកពីវគ្គបណ្តុះបណ្តាលទៅអនុវត្តជាក់ស្តែងនៅក្នុងសហគមន៍។ ជាដំបូង លោកបានចាប់ផ្តើមដោយការផ្តល់វគ្គបណ្តុះបណ្តាលបន្តទៅដល់ប្រធានភូមិ ហើយបន្តទៅ មន្រ្តីរដ្ឋាភិបាលថ្នាក់ក្រោមជាតិដែលមាន ក្រុមប្រឹក្សាឃុំ/សង្កាត់ ស្រុក និង អង្គការសង្គមស៊ីវិលនានាដែលកំពុងអនុវត្តការងារក្នុងខេត្តពោធិ៍សាត់ក្នុងតំបន់របស់លោកគ្រប់គ្រង។ “យើងបានយល់ច្បាស់អំពីសហគមន៍ព្រៃឈើ។ សំខាន់ជាងនេះទៀត គឺប្រជាជននៅក្នុងសហគមន៍បានយល់ដឹងពីការបង្កើតសហគមន៍ព្រៃឈើជាលើកដំបូង”។ 
លោកជា ប៊ុនលីបានពន្យល់ថា៖ “មុនពេលវគ្គបណ្តុះបណ្តាល នីមួយៗ ពួកយើងបានធ្វើការងាររួមគ្នាជាមួយអង្គការដៃគូ និងបានសុំការយល់ព្រមពីក្រុមប្រឹក្សាឃុំ ទៅលើឯកសារនានាទាក់ទងទៅនឹងការបង្កើតសហគមន៍ព្រៃឈើស្របច្បាប់នៅក្នុងខេត្តពោធិ៍សាត់ ប៉ុន្តែមិនទទួលបាន ការគាំទ្រឡើយ។ យើងក៏បានផ្ញើរលិខិតទៅកាន់អភិបាលខេត្តដើម្បីស្នើសុំការទទួលស្គាល់សហគមន៍ព្រៃឈើ   ប៉ុន្តែនៅតែមិនទទួលបានជោគ ជ័យ។  បន្ទាប់មកនៅឆ្នាំ ២០១១   កិច្ចព្រមព្រៀងសហគមន៍សហគមន៍    ព្រៃឈើលើកដំបូងនៅក្នុងខេត្តពោធិ៍សាត់  ក៍បានលេចចេញជារូបរាងឡើង​​ដោយមានការឯកភាពពីរដ្ឋបាលព្រៃឈើ។​​    អង្គការជាច្រើនដែលធ្វើការ​ងារ​នៅក្នុងខេត្តពោធិ៍សាត់មានការភ្ញាក់ផ្អើល   និងកោតសរសើរនៅពេលយើងសម្រេចបានកិច្ចព្រមព្រៀងនេះ។ ពេលយើងធ្វើការងាររួមគ្នា  យើង​អាចពង្រឹងការងារកាន់តែរឹងមាំ និងងាយស្រួលក្នុងការសហការជាមួ​យ​សហគមន៍ និងស្ថាប័នរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់” ។ 
លោក មាស រឿន សមាជិកសហគមន៍ព្រៃឈើស្នាមព្រះ ក្នុងខេត្តពោធិ៍សាត់បានយល់ស្របទៅនឹងការលើកឡើងរបស់លោក ជា ប៊ុនលី ថា៖ “ខ្ញុំនៅចាំបានវគ្គបណ្តុះបណ្តាលលើកទី១ ជាមួយលោក ជា ប៊ុនលី និងអង្គការរីខូហ្វ ក្នុងឆ្នាំ២០១០។ យើងបានរៀនសូត្រអំពីដំណើរការនៃការបង្កើតសហគមន៍ព្រៃឈើ និងកិច្ចព្រមព្រៀងសហគមន៍ព្រៃឈើតាម​រយៈការធ្វើការងារជាជំហានៗ។   ​បើសិនជាគ្មានការបណ្តុះបណ្តា​ល​នោះទេ យើងនឹងមិនទទួលបានកិច្ចព្រមព្រៀងឡើយ”។  សហគមន៍​​​​   ព្រៃឈើស្នាមព្រះបានបង្កើតឡើងជាផ្លូវការលើផ្ទៃដីទំហំ ៨៨ហិកតា និងទទួលបានសិទ្ធកាន់កាប់ក្នុងរយៈពេល ១៥ឆ្នាំ។ 
លោកបានបន្ថែមទៀតថា៖ “បើសិនជាគ្មានកិច្ចព្រមព្រៀងនោះទេ យើងក៏មិនអាចថែរក្សាព្រៃឈើរបស់យើងឲ្យគង់វង្សបានដែរ។ ឥឡូវនេះយើងមិនត្រឹមតែអាចថែរក្សាព្រៃឈើបានប៉ុណ្ណោះទេ ថែមទាំងអាចពង្រីកវាកាន់តែធំជាងមុនទៀតផង។ ព្រៃឈើល្អប្រសើរជាងមុន និងក្លាយប្រភពស្វែងរកប្រាក់ចំនូលបន្ថែម និងអាហារប្រចាំថ្ងៃ របស់ប្រជាជន​រស់​នៅជុំវិញដូចជា ផ្សិត បន្លែព្រៃ ឃ្មុំ ទំពាំង ឱសថបុរាណ ឬស្សី និង​ផ្លែ​ឈើ​ព្រៃជាដើម” ។
លោក ជា ប៊ុនលីបានវាយតម្លៃខ្ពស់ទៅលើអង្គការរីខូហ្វដោយ​​បានលើកឡើងថា៖ “បើសិនជាគ្មានរីខូហ្វនោះទេ យើងប្រហែលជាមិនមានសហគមន៍ព្រៃឈើដូចពេលនេះឡើយ”។   ចំណេះដឹងដែលលោកទទួលបានពីការបណ្តុះបណ្តាលមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់​សហគមន៍នៅក្នុងខេត្តពោធិ៍សាត់នោះទេ តែថែមទាំងជួយពង្រឹង​ជំនាញ​ការងាររបស់គាត់ផងដែរ។ 
លោ ជា ប៊ុនលី គឺជាគ្រូបង្គោលមួយរូបក្នុងចំណោមគ្រូបង្គោលជាច្រើនទៀតដែលទទួលបានការបណ្តុះបណ្តាលក្រោមគម្រោងគ្រប់​គ្រង​ព្រៃឈើដោយនិរន្ដភាព និង​ការលើកកំពស់របរចិញ្ចឹមជីវិត​នៅ​ជនបទ តាមរយៈសហគមន៍​ព្រៃឈើ និង គំនិតផ្ដួចផ្ដើមអំពីការកាត់បន្ថយការ​បញ្ចេញឧស្ម័នដែល​បណ្ដាល​មកពីការបាត់បង់ និង​ការរេចរឹល​​ព្រៃឈើ (REDD) នៅកម្ពុជា​​ (SFM​R​L​E) ក្រោជំនួយរបស់សហភាពអឺរ៉ុប។